ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះបង់​ចោល​ការប្រកួត​របស់​អ្នកស្រី Harris និង​លោក Bullock ធ្វើ​ឱ្យ​ការ​ប្រជែង​បេក្ខភាព​មក​ពី​​គណបក្សប្រជាធិបតេយ្យ​កាន់​តែ​តិច​ទៅៗ


រូប​ឯកសារ៖ អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​ធ្វើ​យុទ្ធនាការ​របស់​អ្នកស្រី​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​អគារ Frank H. Ogawa Plaza ក្នុង​ក្រុង Oakland រដ្ឋ California កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។
រូប​ឯកសារ៖ អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​ធ្វើ​យុទ្ធនាការ​របស់​អ្នកស្រី​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​អគារ Frank H. Ogawa Plaza ក្នុង​ក្រុង Oakland រដ្ឋ California កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

ចំនួន​បេក្ខជន​ប្រកួត​ដណ្តើម​បេក្ខភាព​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​កាន់​តែ​ជម្រុះ​ចេញ​បន្តិច​ម្តងៗ។ អ្នកស្រី Kamala Harris​ សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ California ដែល​ជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការប្រកួតប្រជែង។

ចំនួន​បេក្ខជន​ប្រកួត​ដណ្តើម​បេក្ខភាព​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​កាន់​តែ​ជម្រុះ​ចេញ​បន្តិច​ម្តងៗ។ កាល​ពី​ថ្ងៃអង្គារទី៣ អ្នកស្រី Kamala Harris​ សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ California គឺ​ជា​បេក្ខជន​ចុងក្រោយ​បង្អស់​ដែល​ដក​ខ្លួន​ចេញ​ពី​ការប្រកួតប្រជែង​ដើម្បី​ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២០​ខាងមុខ។ នៅមុន​ការដក​ខ្លួន​របស់​អ្នកស្រី Harris អភិបាល​រដ្ឋ Montana លោក Steve Bullock ក៏​បាន​បញ្ចប់​យុទ្ធនាការ​របស់​លោក​ផងដែរ។ អតីត​ប្រធានាធិបតី​លោក Joe Biden បាន​នាំមុខ​បេក្ខជន​ទាំង៤រូប​ដែល​ស្ថិត​នៅ​លំដាប់​កំពូល​នៅក្នុង​ការស្ទង់មតិ​ជាតិ​សាធារណៈ​ ក៏ប៉ុន្តែ​នៅ​តែ​មាន​ភាពស្រពិច​ស្រពិល​នៅ​ឡើយ​អំពី​ថា​តើ​ការ​ប្រណាំង​ប្រជែង​ក្នុង​ចំណោម​បេក្ខជន​ខាង​គណបក្សប្រជាធិបតេយ្យ​នឹង​ឈាន​ទៅ​ជា​យ៉ាង​ណា​ ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុង​ចាប់ផ្តើម។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ California ត្រូវ​បាន​ប្រកាស​បញ្ចប់​នៅ​ពេល​ថ្មីៗ​នេះ។ អ្នកស្រី Kamala Harris បាន​ប្រកាស​ថា៖ «នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​សម្រេច។ យុទ្ធនាការ​របស់​ខ្ញុំ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០​គ្មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​បន្ត​ទៀត​ទេ»។

អ្នកស្រី Harris បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​កាល​ពី​យុទ្ធនាការ​ដំបូងៗ​របស់​អ្នកស្រី ហើយ​អ្នកស្រី​តែងតែ​រិះគន់​ប្រធានាធិបតី​លោក Donald Trump នៅពេល​អ្នកស្រី​ចូល​រួម​វេទិកា​ជជែក​ដេញដោល​ជាមួយ​បេក្ខជន​ផ្សេងទៀត​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

អ្នកស្រី Kamala Harris បាន​រិះគន់​ប្រធានាធិបតី​ដោយ​និយាយ​ថា៖ «លោក​បង្ក​ឲ្យ​មាន​ភាព​សម្អប់​ ការ​បំភិតបំភ័យ​ ការ​ព្រួយបារម្ភ​ និង​បាន​និយាយ​កុហក​ជាង​១ម៉ឺន​២ពាន់​ដង​ដើម្បី​បង្វែ​កុំ​ឲ្យ​គេ​ផ្តោត​លើ​គោលនយោបាយ​បរាជ័យ​ និង​ការ​មិន​ធ្វើ​តាម​ការ​សន្យា​របស់​លោក»។

ក៏ប៉ុន្តែ​ការ​ស្ទង់មតិ​នា​ពេលថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ការគាំទ្រ​អ្នកស្រី Harris បាន​ធ្លាក់ ចុះ​យ៉ាង​ខ្លាំង​ ហើយ​បញ្ហា​ខ្វែង​គំនិត​គ្នា​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ឈាន​ដល់​ថ្នាក់​កំពូល​ក្នុង​ចំណោម​បេក្ខជន​ខាង​គណបក្សប្រជាធិបតេយ្យ​ ដែល​ការ​ស្ទង់មតិ​ជាតិ​បង្ហាញ​ថា​អតីត​ប្រធានាធិបតី​លោក Joe Biden ជា​បេក្ខជន​នាំ​មុខ​គេ។ លោក Biden ផ្តោត​ខ្លាំង​លើ លោក Trump នៅក្នុង​យុទ្ធនាការ​របស់​លោក​ផងដែរ។ លោក Joe Biden បេក្ខជន​ខាង គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖ «ពលរដ្ឋ​អាមេរិកាំង​ទើប​តែ​ដឹង​ច្បាស់​អំពី​ប្រធានាធិបតី។ ពួកគេ​ឥឡូវ​នេះ​ដឹង​ពី​អ្វី​ដែល​ពួកគេ​បាន​បាត់បង់​ និង​ដឹង​ពី​អ្វី​ដែល​ពួកគេ​នឹង​បាត់បង់​ថែម​ទៀត។ ហើយ​ខ្ញុំ​ជឿ​ថា​ ការណ៍​នេះ​នឹង​ជះឥទ្ធិពល​ដល់​ប្រទេសជាតិ​ទាំងមូល​ដែល​មិន​ធា្លប់​កើត​ឡើង​ពី​មុន​មក»។

បេក្ខជន​ដែល​ស្ថិត​នៅថ្នាក់​កំពូល​ប្រជែង​ជាមួយ​លោក Biden មាន​លោក Peter Buttigieg អភិបាលក្រុង South Bend រដ្ឋ Indiana អ្នកស្រី Elizabeth Warren សមាជិក ព្រឹទ្ធសភា​មក​ពីរដ្ឋ Massachusetts និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Vermont។

តាមរយៈ​ការ​ស្ទង់មតិ​នា​ពេលថ្មីៗ​នេះ​លោក Buttigieg ទទួល​បាន​ការគាំទ្រ​ច្រើន​នៅ​ក្នុង​ការ​ស្ទង់មតិ​ក្នុងរដ្ឋ Iowa និង​រដ្ឋ Hampshire ដែល​នឹង​ធ្វើ​ការបោះឆ្នោត​បឋម​មុនគេ​ប៉ុន្តែ​លទ្ធផល​បោះឆ្នោត​នៅក្នុង​រដ្ឋ Iowa ដែល​នឹង​ធ្វើ​នៅ​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០​ខាង​មុខនេះ ​នៅ​មិន​ទាន់​អាច​រំពឹង​ទុក​បាន។ លោក Thomas Schwartz អ្នកវិភាគ​មក​ពី​សាកលវិទ្យាល័យ​ Vanderbilt ​បាន​និយាយ​ថា៖ «បេក្ខជន​ណា​ផ្សេង​ទៀត​អាច​លេចធ្លោ​នៅ​ក្នុង​ការបោះឆ្នោត​បឋម​នៅក្នុង​រដ្ឋ Iowa ដូច្នេះ​ខ្ញុំ​គិត​ថា​វា​នៅ​មិនទាន់​ច្បាស់​នៅ​ឡើយ​ទេ។ ការស្ទង់មតិ​ជាតិ​បង្ហាញ​ថាលោក Joe Biden នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ ប៉ុន្តែ​លោក​ក៏​អាច​ចាញ់​ក្នុង​ការ​ប្រកួត​ប្រជែង​មួយ​ចំនួន​ដែរ​ ពីព្រោះ​ថា​លោក​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើសលុប​ដូច​លោកស្រី Hillary Clinton ​កាល​ពី​ពេល​បោះឆ្នោត​ឆ្នាំ​២០១៦​ទេ»។

នាពេល​ឥឡូវ​នេះ​ហាក់​ដូចជា​មាន​ការ​បែងចែក​ក្នុង​ចំណោម​ពួក​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​រវាង​បេក្ខជន​នយោបាយ​កណ្តាល​និយម​ដូចជា​លោក Biden លោក Buttigieg និងអ្នកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​ ហើយ​និង​បេក្ខជន​ចម្រើន​និយម​ មាន​ដូចជា​អ្នកស្រី Warren លោក Sanders និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ New Jersey លោក Cory Booker។

ការ​បែងចែក​នេះ​ទំនង​ជា​នឹង​បង្ហាញ​កាន់​តែ​ច្បាស់​នៅក្នុង​ការបោះឆ្នោត​ដែល​នឹងចាប់ផ្តើម​នៅ​ខែកុម្ភៈ​ឆ្នាំ​ក្រោយ​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកJohn Fortier ​អ្នកវិភាគ​មកពី​មជ្ឈមណ្ឌល​គោលនយោបាយ​នៃ​គណបក្ស​ទាំងពីរ Bipartisan Policy Center៖ «វា​នឹង​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​គណបក្ស​ដែល​ក្រុម​ម្ខាង​ចង់​បាន​បេក្ខជន​ដែល​និយម​កណ្តាល​ ហើយ​ក្រុម​ម្ខាងទៀត​ចង់​បាន​បេក្ខជន​ដូចអ្នកស្រី Elizabeth Warren ដែល​ជា​អ្នក​ឆ្វេងនិយម»។

ទោះ​បី​ជា​អ្នកស្រី Harris បោះបង់​ចោល​ការ​ប្រកួត​ក្តី​ ក៏​មាន​បេក្ខជន​ខាងគណបក្ស​ប្រជាធិបតេយ្យ​ពីរនាក់​ផ្សេងទៀត​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ ​នោះ​គឺ​លោក Deval Patrick អតីត​អភិបាល​រដ្ឋ Massachusetts និង​លោក Michael Bloomberg ដែល​ជា​មហាសេដ្ឋី​ និង​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG