ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អភិបាល​ក្រុង​ញូវយ៉ក លោក Bloomberg ប្រកាស​ឈរ​ឈ្មោះ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក


រូប​ឯកសារ៖ លោក Michael Bloomberg អតីត​អភិបាល​ក្រុង​ញូវយ៉ក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែទ​មួយ​ស្តី​ពី​ព្រឹត្តិការណ៍​តស៊ូ​មតិ​សម្រាប់​ការ​គ្រប់គ្រង​កាំភ្លើង នៅ​ក្នុង​ក្រុង Las Vegas កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Michael Bloomberg អតីត​អភិបាល​ក្រុង​ញូវយ៉ក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែទ​មួយ​ស្តី​ពី​ព្រឹត្តិការណ៍​តស៊ូ​មតិ​សម្រាប់​ការ​គ្រប់គ្រង​កាំភ្លើង នៅ​ក្នុង​ក្រុង Las Vegas កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

អតីត​អភិបាល​ក្រុង​ញូវយ៉ក លោក Michael Bloomberg បាន​ប្រកាស​ជា​ផ្លូវការកាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ដើម្បី​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

លោក Bloomberg បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម Twitter ថា «ខ្ញុំ​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដើម្បី​យក​ជ័យ​ជម្នះ​លើ​លោក ដូណាល់ ត្រាំ និង​កសាង​សហរដ្ឋអាមេរិក​ឡើង​វិញ។ ខ្ញុំ​ជឿ​ថា បទពិសោធន៍​ដ៏​ពិសេស​របស់​ខ្ញុំ​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​និង​ការ​ស្នេហាជាតិ​នឹង​ជួយ​ឲ្យ​ខ្ញុំ​ទទួល​បាន​ជ័យជន្នះ ​ដើម្បី​អាច​ដឹក​នាំ​ប្រទេស​នេះ​បាន‍»។

លោក Bloomberg គឺ​ជា​អតីត​សមាជិក​គណបក្ស​សាធារណរដ្ឋ ហើយ​ក្រោយ​មក​ក្លាយ​ទៅ​ជា​អ្នកឯករាជ្យ ដែល​បាន​គាំទ្រ​អ្នកស្រី Hillary Clinton​ បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦។ ឥឡូវ​នេះ​លោក Bloomberg កំពុង​តែ​ចូលរួម​ជាមួយ​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដ៏​ច្រើន​ដទៃទៀត ដើម្បី​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​បាន​ចំណាយ​ប្រាក់ជាង​៣០​លាន​ដុល្លារ​សម្រាប់​ធ្វើ​ការ​ផ្សព្វផ្សាយ​ដែល​នឹង​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​ទូទាំង​ប្រទេស​ចាប់​ផ្ដើម​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ទៅ។ ​

លោក Bloomberg គឺ​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០១៣ ហើយ​លោក​ក៏​ធ្លាប់​ស្គាល់​លោក ត្រាំ ដែល​ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដូចគ្នា​ដែរ។ លោក Bloomberg បាន​ហៅ​លោក ត្រាំ ​ថា​ជា​មេដឹកនាំ​នយោបាយ​ដ៏​មាន​គ្រោះថ្នាក់​ និង​តែងតែ​កេង​បន្លំ​ខាង​ជំនួញ​ដើម្បី​ទទួល​បាន​ជោគជ័យ៕

XS
SM
MD
LG