បើទោះមានសកម្មជនគណបក្សប្រឆាំងមួយចំនួនបានសម្រេចចុះចូលជាមួយគណបក្សកាន់អំណាចនៅមុនការបោះឆ្នោតក្តី ក៏គណបក្សប្រឆាំងមួយចំនួន ដូចជាគណបក្សភ្លើងទៀន បានបញ្ជាក់ថា ខ្លួនមិនព្រួយបារម្ភ និងខ្លាចបាត់បង់កម្លាំងអ្វីឡើយ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក សមាជិកគណបក្សភ្លើងទៀនយ៉ាងតិច៦០០នាក់ នៅខេត្តបន្ទាយមានជ័យ បានសម្រេចចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីដើមខែមករា ឆ្នាំ២០២៣នេះ។
ដោយឡែក កាលពីខែកុម្ភៈ សមាជិកគណបក្សភ្លើងទៀនប្រមាណ៥៥នាក់ផ្សេងទៀត នៅខេត្តរតនគិរីក៏បានចុះចូលជាមួយគណបក្សកាន់អំណាចផងដែរ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោកគឹមសួរ ភិរិទ្ធថ្លែងថា គណបក្សមិនមានអ្វីត្រូវព្រួយបារម្ភឡើយចំពោះសកម្មជនដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ទៀតថា នេះជាសិទ្ធិរបស់ពួកគេ ដែលខ្លះចុះចូលដើម្បីផលប្រយោជន៍បុគ្គលខ្លួនឯង។
លោកថ្លែងថា៖ «អត់ទេ អត់មានអីប៉ះពាល់ដល់កម្លាំង និងសន្លឹកឆ្នោតអីទេ។ នរណាដែលគេនៅក៏គេនៅបន្តធ្វើ។ ជាធម្មតា ការចេញពីបក្សមួយទៅបក្សមួយហូរហែរ ជាសិទ្ធិរបស់គេ រកអីរកទៅ។ អានេះរឿងរបស់គេ មិនមានអ្វីគួរឱ្យព្រួយបារម្ភទេ ពង្រឹងតែខ្លួនយើងទៅ! ហើយកម្លាំងស្នូលរបស់យើងទៅ! អ្នកបោះឆ្នោតគេដឹងហើយ ព្រោះអ្នកបោះឆ្នោតមិនមែនចេះតែរត់តាមអ្នករកប្រយោជន៍នោះទេ»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សកម្មភាពយុទ្ធសាស្ត្រដែលគណបក្សភ្លើងទៀនកំពុងធ្វើគឺពង្រឹងកម្លាំងស្នូលផ្ទៃក្នុង ដែលនេះជាវិថីទទួលបានការគាំទ្រនៅមុនថ្ងៃបោះឆ្នោត។
ដោយឡែក លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេថា គណបក្សរបស់លោកមិនមានសមាជិកដែលបានចុះចូលជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនោះទេ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា សកម្មភាពនេះធ្លាប់កើតមានពីមុនដែរ។ លោកបន្ថែមថា គណបក្សក៏មិនព្រួយបារម្ភអំពីបញ្ហានេះដែរ។
ទោះជាយ៉ាងណាក្តី នៅមុនការបោះឆ្នោត លោក សាម អ៊ីនបានបង្ហាញក្តីបារម្ភចំពោះលម្ហនៃសិទ្ធិសេរីភាពនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយដែលកាន់តែរួមតូច ដោយសារតែការបិទស្ថាប័នសារព័ត៌មានវីអូឌី និងការដកសិទ្ធិនយោបាយរបស់អតីតមេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោគឺលោកកឹម សុខា។
លោកថ្លែងថា៖ «គ្រាន់តែថា រឿងដែលយើងសោកស្តាយខ្លាំងហ្នឹង មានការរឹតបន្តឹងទៅលើសេរីភាពសារព័ត៌មាន ដូចជាការបិទវិទ្យុសំឡេងវីអូឌី ការដាក់ទោសដល់លោក កឹម សុខា ហើយបំបិទសិទ្ធិនយោបាយរបស់លោកអី។ វាធ្វើឱ្យដំណើរការកសាងប្រជាធិបតេយ្យនឹងកាន់តែលំបាកជាងមុន»។
បើតាមអ្នកតាមដានបញ្ហានយោបាយកម្ពុជា និន្នាការមួយនេះបានកើតឡើងជាយូរមកហើយនៅក្នុងប្រវត្តិនយោបាយរបស់ប្រទេសកម្ពុជា។ ពួកគេក៏លើកឡើងថា វប្បធម៌នយោបាយមួយនេះមិនចម្រើនដល់ការអភិវឌ្ឍជាតិក្នុងលំនាំលទ្ធិប្រជាធិបតេយ្យឡើយ នៅពេលដែលវាត្រូវបានប្រើប្រាស់ជាអ្វីដែលពួកគេហៅថា «នយោបាយប្រជាភិថុត»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយគឺលោកឯម សុវណ្ណារ៉ាប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា វប្បធម៌នយោបាយនៃការអូសទាញនេះមានតាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ។ វប្បធម៌នេះត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយទុច្ចរិត ដោយមិនយកគោលនយោបាយជាចម្បងនៅក្នុងការប្រកួតប្រជែងដើម្បីសាធារណជនមើលឃើញថា គណបក្សរបស់ខ្លួនល្អ។ លោកបានបញ្ជាក់បន្ថែមថា ការអូសទាញរបស់គណបក្សកាន់អំណាចមានគ្រប់រូបភាព មានទាំងការបង្ខិតបង្ខំ លួងលោម និងទិញទឹកចិត្តផងដែរ។
លោកថ្លែងថា៖ «ខ្ញុំចង់និយាយថា វប្បធម៌នយោបាយបែបប្រជាភិថុតនេះវាមានយូរហើយ ទាំងគ្រប់រូបភាព ដែលគេធ្វើទៅមានទាំងមធ្យោបាយនៃការបង្ខិតបង្ខំ មធ្យោបាយនៃការលួងលោម អូសទាញ ទិញទឹកចិត្តជាដើម។ អ៊ីចឹងគោលនយោបាយនេះ វាមិនប្រសើរទេ។ វាមិនល្អទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគឺលោកសុខ ឥសានលើកឡើងថា ការដូរគណបក្សនយោបាយជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ដែលពួកគេមើលឃើញថា គណបក្សនយោបាយណាដែលអាចមានសមត្ថភាពដឹកនាំប្រទេសនិងនាំប្រយោជន៍ដល់ប្រទេសជាតិ។
ឆ្លើយតបនឹងការលើកឡើងដែលថា ការចុះចូលរបស់សកម្មជនគណបក្សប្រឆាំង គឺដោយសារតែមានការបង្ខិតបង្ខំ និងការដាក់សម្ពាធពីគណបក្សកាន់អំណាចនោះ លោកសុខ ឥសានថា នោះជាការលើកឡើងដែលខុសពីការណ៍ពិត។
លោកថ្លែងថា៖ «និយាយថា វាមិនមែនជាកលល្បិច ឬមួយក៏ជាឧបាយកលនយោបាយរបស់គណបក្សកាន់អំណាចទេ ពីព្រោះយើងមិនបានអូសទាញ។ យើងមិនបានទៅសំឡុត គំរាមកំហែង ឬមួយយើងយកលុយកាក់ទៅទិញទឹកចិត្តបងប្អូនទេ»។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយគឺលោកវណ្ណ ប៊ុនណាកត់សម្គាល់ថា ការចូលរួមជីវភាពនយោបាយរបស់សកម្មជនគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាចមិនមែនជារឿងខុសឆ្គងឡើយ នៅក្នុងសង្គមប្រជាធិបតេយ្យ។
ក៏ប៉ុន្តែលោកបានវាយតម្លៃថា គណបក្សប្រជាជនកម្ពុជានៅមានយុទ្ធសាស្ត្រខ្សោយនៅក្នុងការអនុវត្តគោលនយោបាយដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រឆាំង។ ដូច្នេះការទាក់ទាញឱ្យសកម្មជនរបស់គណបក្សផ្សេងចូលជីវភាពនយោបាយជាមួយខ្លួនបានក្លាយជាជម្រើសមួយរបស់គណបក្សកាន់អំណាច។
លោកថ្លែងថា៖ «ជារួមបញ្ហានេះ ដោយសារតែមានទែនទៅ គណបក្សកាន់អំណាចគាត់ខ្សោយក្នុងការអនុវត្តគោលនយោបាយដើម្បីទាក់ទាញសមានចិត្តម្ចាស់ឆ្នោត។ ដូច្នេះគាត់ព្យាយាមកៀរគរសំឡេងអ្នកបក្សប្រឆាំងឱ្យចូលជាមួយគាត់ តាមរយៈជាការផ្តល់បុណ្យសក្តិ ឬក៏ការគំរាមកំហែង។ ទាំងអស់នេះជាវប្បធម៌មួយដែលជាវប្បធម៌នយោបាយនៅកម្ពុជា ដែលយើងគួរចៀសវាង។ អ៊ីចឹងទេ ខ្ញុំគិតថា ការធ្វើបែបនេះវាផ្តល់ផលអវិជ្ជមានច្រើនដល់សង្គមកម្ពុជា»។
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះដើម្បីជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ដោយគេឃើញថា គណបក្សប្រជាជនកម្ពុជានឹងប្រឈមការប្រកួតប្រជែងយកសំឡេងគាំទ្រពីគណបក្សភ្លើងទៀន ដែលឈ្នះបានសំឡេងបោះឆ្នោតប្រមាណ២១%នៃសំឡេងឆ្នោតសរុបនៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។
បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិបានចាត់ទុកថា បរិយាកាសនយោបាយនិងសិទ្ធិសេរីភាពគឺកាន់តែអាក្រក់ ដែលបង្កជាក្តីបារម្ភថា ការបោះឆ្នោតខាងមុខនេះអាចនឹងមិនធ្វើឡើងដោយសេរី យុត្តិធម៌ និងតម្លាភាពនោះទេ៕