នៅឯផ្ទះរបស់ក្រុមគ្រួសារលោក Damon Huang នៅភូមិ Shakou ដែលជាភូមិដ៏តូចមួយនៅភាគខាងត្បូងប្រទេសចិន វាជារឿងធម្មតាដែលគេឭគ្រួសារនេះនិយាយភាសាចិន ៣ ប្រភេទផ្សេងគ្នាជារៀងរាល់ថ្ងៃ។
ក្នុងនោះគឺមានភាសាចិនហុកគៀន ដែលជាភាសារបស់ជីដូនជីតារបស់លោក ភាសាចិនកន្តាំង ដែលជាភាសាចម្បងប្រើនៅក្នុងតំបន់នៃខេត្ត Guangdong នេះ និងភាសាចិនកុកងឺ ដែលជាភាសាផ្លូវការរបស់ប្រទេសចិន និងជាភាសាដែលអ្នកទេសចរភាគច្រើនស្គាល់ថាជា «ភាសាចិន»។
ភាសានីមួយៗគឺមានគោលបំណងជាក់លាក់នៅក្នុងជីវិតរបស់លោក Huang មិនថានិយាយនៅផ្ទះ នៅសាលារៀន ឬក៏នៅកន្លែងធ្វើការនោះទេ។
លោក Huang បានបញ្ជាក់នៅពេលចុងសប្ដាហ៍ឈប់សម្រាកដ៏វែងមួយនៅឯផ្ទះរបស់លោកនៅក្នុងភូមិ Shakou យ៉ាងដូច្នេះថា៖ «ខ្ញុំប្រើភាសាចិនកុកងឺនៅក្នុងឱកាសផ្លូវការនានា។ ខ្ញុំប្រើភាសាចិនកន្តាំងនៅពេលដែលខ្ញុំនិយាយជាមួយនឹងមិត្តភ័ក្ដិរបស់ខ្ញុំ។ ហើយខ្ញុំប្រើភាសាចិនហុកគៀននៅពេលខ្ញុំនិយាយជាមួយនឹងសមាជិកគ្រួសារខ្ញុំមួយចំនួន»។
លោក Huang ដែលមានអាយុ ២១ ឆ្នាំរូបនេះ បានចាកចេញពីភូមិកំណើតរបស់លោកនៅពេលលោកកំពុងរៀនថ្នាក់មធ្យមសិក្សា ដើម្បីទៅសិក្សានៅទីរួមស្រុក ហើយឥឡូវនេះ លោកគឺជានិស្សិតសាកលវិទ្យាល័យនៅក្នុងទីក្រុង Guangzhou ដែលជាទីក្រុងដ៏ធំមួយនៅភាគខាងត្បូងប្រទេសចិន។
ទោះបីជាមិនសូវមានការអប់រំក៏ដោយ ក៏ឪពុកម្ដាយរបស់លោកបាននាំប្អូនប្រុសអាយុ ៣ ឆ្នាំរបស់លោក ផ្លាស់ទីលំនៅទៅកាន់ទីក្រុង Foshan ដែលជាទីក្រុងឧស្សាហកម្មនៅក្បែរភូមិកំណើតរបស់លោក ដើម្បីស្វែងរកឱកាសប្រសើរជាងមុន គឺដូចនឹងក្រុមគ្រួសាររាប់លានផ្សេងទៀតដែលមកពីតំបន់ជនបទអញ្ចឹងដែរ។
ការប្រើភាសាចិនហុកគៀនគឺជាសកម្មភាពជាប្រចាំដែលនៅតែភ្ជាប់ក្រុមគ្រួសាររបស់លោក Huang ជាមួយនឹងជីដូនជីតារបស់លោកនៅក្នុងភូមិ Shakou និងឪពុកម្ដាយរបស់លោកនៅក្នុងទីក្រុង Foshan ប៉ុន្តែ ស្ថានការណ៍នេះកំពុងតែប្រែប្រួល។ នៅពេលដែលប្អូនប្រុសតូចរបស់លោកហៅសមាជិកណាម្នាក់នៃគ្រួសារលោក សមាជិកនីមួយៗមិនប្រើភាសាចិនហុកគៀនទេ ប៉ុន្តែគឺប្រើភាសាចិនកុងងឺ។
លោក Huang បាននិយាយដូច្នេះថា៖ «ទោះបីជាពួកយើងរស់នៅក្នុងទីក្រុង Foshan ក៏ដោយ ក៏ពួកយើងព្យាយាមបង្រៀនភាសាចិនហុកគៀនដល់ប្អូនប្រុសតូចរបស់ខ្ញុំផងដែរ។ ប៉ុន្តែ ប្អូនប្រុសរបស់ខ្ញុំមិនចាប់យកភាសាចិនហុកគៀនទេ តែបែរជាចាប់យកភាសាចិនកុកងឺទៅវិញ។ ដូច្នេះ ឥឡូវនេះ វាមិនអាចនិយាយភាសាចិនហុកគៀនបានទេ»។
ក្រុមគ្រួសាររបស់លោក Huang គឺគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះដែលបង្ហាញថា ភាសាផ្សេងៗកំពុងតែបាត់បង់បន្តិចម្ដងៗនៅក្នុងប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក Arthur Thompson បេក្ខជនថ្នាក់បណ្ឌិតផ្នែកភាសាវិទ្យានៃសាកលវិទ្យាល័យហុងកុង (University of Hong Kong)។
លោក Thompson សិក្សាស្រាវជ្រាវអំពីក្រុមគ្រួសាររបស់លោក Huang ជាមួយនឹងមិត្តរួមការងាររបស់លោកគឺលោក J. Joseph Perry និងលោក Jonathan Havenhill ដែលអ្នកទាំងពីរគឺជាសាស្ត្រាចារ្យជំនួយការនៃដេប៉ាតឺម៉ង់ភាសាវិទ្យានៃសាកលវិទ្យាល័យហុងកុង។ ការសិក្សាស្រាវជ្រាវនេះគឺជាផ្នែកមួយនៃគម្រោងដែលកំពុងធ្វើជាបន្តអំពីភាសាចិនហុកគៀននៅក្នុងភូមិ Shakou។
មនុស្សចំនួន ៣៤ លាននាក់នៅលើពិភពលោកនិយាយភាសាចិនហុកគៀននេះ ដែលក្នុងនោះមានពលរដ្ឋរស់នៅក្នុងទីក្រុងហុងកុង កោះតៃវ៉ាន់ និងនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ មេដឹកនាំល្បីឈ្មោះសំខាន់ៗដែលមានប្រភពមកពីប្រទេសចិនមួយចំនួនក៏និយាយភាសាចិនហុកគៀននេះផងដែរ ដែលក្នុងនោះមានដូចជាលោក ស៊ុន យ៉ាតសេន ដែលជាបិតានៃប្រទេសចិនសម័យទំនើប និងលោក Hong Xiuquan ដែលជាមេដឹកនាំការបះបោរ Taiping ជាដើម។
ទោះបីជាភាសាចិនហុកគៀននេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក៏ដោយ ក៏នៅក្នុងប្រទេសចិនដីគោក គេនិយមនិយាយភាសាចិនកុកងឺជាង ដែលភាសាចិនកុកងឺនេះជាភាសាដែលមានប្រភពមកពីទីក្រុងប៉េកាំង។
ភាគច្រើននៃការផ្លាស់ប្ដូរនេះគឺដោយសារតែការធ្វើចំណាកស្រុកដ៏គំហុករបស់ប្រជាជនពីតំបន់ជនបទទៅតំបន់ទីក្រុង។ មនុស្សរាប់រយលាននាក់ដូចជាក្រុមគ្រួសាររបស់លោក Huang ជាដើម បានផ្លាស់ទីពីតំបន់ជនបទទៅកាន់ទីក្រុងនានាដូចជាទីក្រុង Foshan និងទីក្រុង Guangzhou ជាដើម នៅក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។ ជនចំណាកស្រុកទាំងនេះនៅទីបំផុតសម្រេចបោះបង់ចោលភាសាដែលពួកគេប្រើនៅស្រុកកំណើត និងងាកមកប្រើភាសាចិនផ្លូវការនៅតាមតំបន់ដែលពួកគេផ្លាស់ទីទៅ។
លោក Thompson បាននិយាយថា៖ «ហេតុដូច្នេះហើយបានជាលោក Huang គិតថា ភាសាចិនហុកគៀនកំពុងតែបាត់បង់ ដោយសារតែលោកយល់ថា ភាសានេះមិនសូវមានប្រយោជន៍ក្រៅតែពីការទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់លោកតែប៉ុណ្ណោះ។ ស្ថានការណ៍នេះនឹងកាន់តែយ៉ាប់យ៉ឺនជាងនេះទៀត ដោយសារតែដូចករណីប្អូនប្រុសតូចរបស់លោកអញ្ចឹង ដែលមិនធ្លាប់រស់នៅធំដឹងក្ដីនៅឯភូមិ Shakou ទាល់តែសោះ ហើយប្រហែលជានឹងមិនចូលរៀននៅឯភូមិ Shakou ថែមទៀតផង»។
លោកបានបន្ថែមថា៖ «ករណីនេះកើតឡើងច្រើនណាស់នៅទូទាំងប្រទេសចិន។ ខ្ញុំគិតថា យើងអាចនិយាយសន្និដ្ឋានជារួមថា ករណីនេះគឺកើតឡើងចំពោះភាសាចិនផ្សេងៗទៀតផងដែរ មិនត្រឹមតែភាសាចិនហុកគៀននេះប៉ុណ្ណោះទេ»។
តំបន់ភាគខាងត្បូងប្រទេសចិនបានរងការប៉ះពាល់ខ្លាំង ដោយសារតែតំបន់ដែលមានភាសាចិនចម្រុះផ្សេងៗច្រើននៅក្នុងប្រទេសចិនមួយនេះ ឥឡូវនេះបានក្លាយជាតំបន់ឧស្សាហកម្ម និងសេដ្ឋកិច្ចដ៏ធំមួយ។
នៅទូទាំងប្រទេសចិន មានភាសារបស់ជនជាតិហានសំខាន់ៗប្រហែល ១០ ប្រភេទផ្សេងគ្នា បន្ថែមទៅនឹងភាសាជនជាតិភាគតិច ៥៥ ផ្សេងទៀត។ នេះបើយោងតាមសៀវភៅដែលមានចំណងជើងថា «ផែនទីភាសាវិទ្យានៃគ្រាមភាសាចិន (Linguistic Atlas of Chinese Dialects)»។ ការប្រើប្រាស់ភាសាស្ទើរតែទាំងអស់ក្នុងចំណោមនោះកំពុងចុះថយ។
កាលពីពេលថ្មីៗនេះ កោះតៃវ៉ាន់បានអនុម័តច្បាប់មួយដើម្បីការពារភាសាភាគតិចនានាដូចជាភាសាចិនហុកគៀនជាដើម។ រីឯប្រទេសចិនវិញមិនបានធ្វើដូច្នេះទេ ប៉ុន្តែគ្រាន់តែមានកម្មវិធីសាធារណៈតាមទូរទស្សន៍មួយចំនួនប៉ុណ្ណោះអំពីរឿងហ្នឹង។
ប្រទេសចិនក៏មិនបានទទួលស្គាល់ភាសាចិនផ្សេងៗជាភាសាផ្លូវការនោះដែរ ទោះបីជាភាសាមួយចំនួនដូចជាភាសាចិនកន្តាំងជាដើម មានមនុស្ស ៩១ លាននាក់និយាយនៅលើពិភពលោកក៏ដោយ។
ភាសាទាំងនោះភាគច្រើនមិនអាចយល់គ្នាបានជាមួយនឹងភាសាចិនកុកងឺដែលជាភាសាផ្លូវការនោះទេ ហើយជារឿយៗមានវាក្យសព្ទ និងការលើកដាក់សំឡេងខុសគ្នាមួយចំនួន។
ដោយសារភាសាចិនហុកគៀនជិតបាត់បង់ តំបន់ភាគខាងត្បូងប្រទេសចិននឹងបាត់បង់ផ្នែកមួយចំនួននៃប្រវត្តិរបស់ខ្លួនបន្តិចម្ដងៗ។
ភាសាចិនហុកគៀនបានរីកសាយភាយតាមរយៈការធ្វើចំណាកស្រុករបស់ប្រជាជនហុកគៀនពីភាគខាងជើងប្រទេសតាំងពីរាប់រយឆ្នាំកន្លងមក និងបានរួចផុតពីការប្រឈមមុខបែបហិង្សាជាមួយនឹងក្រុមជនជាតិភាគតិចផ្សេងទៀត ដើម្បីតាំងទីលំនៅថ្មីនៅភាគខាងត្បូងនៃប្រទេសចិន និងនៅតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងយុគសម័យទំនើប វត្តមានរបស់ភាសាចិនហុកគៀនដែលកំពុងតែបាត់បង់នេះ នឹងមានផលវិបាកផ្នែកនយោបាយដ៏សំខាន់ ដែលគេបានឃើញរួចមកហើយក្នុងករណីប្អូនប្រុសតូចដែលចេះតែនិយាយភាសាចិនកុកងឺរបស់លោក Huang នោះ។
លោក Thompson បញ្ជាក់ដូច្នេះថា៖ «ប្អូនប្រុសតូចរបស់លោក Huang គឺជាប្រភេទក្មេងដែលរដ្ឋាភិបាលចិនចង់បាន។ កុមារនេះធំដឹងក្ដីចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ ដែលចេះនិយាយភាសាចិនកុកងឺស្ទាត់ជំនាញ និងគ្មានទំនាក់ទំនងជាមួយនឹងភាសាអ្វីផ្សេងទៀតទាល់តែសោះ។ ករណីនេះហើយ ដែលកុមារនេះនឹងគ្មានអត្តសញ្ញាណជាប់ជាមួយតំបន់ណាមួយនោះទេ។ កុមារនេះនឹងគ្រាន់តែដឹងខ្លួនឯងថាជាជនជាតិចិនដែលមកពីតំបន់ភាគខាងត្បូងប្រទេសចិនតែប៉ុណ្ណោះ»។
លោកបាននិយាយថា ជនជាតិចិនភាគខាងជើង និងជនជាតិចិនភាគខាងត្បូង ដែលជាភាពផ្ទុយគ្នាទាំងពីរនេះគឺធ្វើឲ្យរដ្ឋាភិបាលចិនមានការងាយស្រួលនៅក្នុងការគ្រប់គ្រងជាងការកំណត់តំបន់គ្រប់គ្រងតាមភូមិ ឬក៏តាមក្រុមអ្នកប្រើគ្រាមភាសាផ្សេងៗ។
ភាពចែកដាច់ពីគ្នានេះទំនងជាស្របជាមួយនឹងយុទ្ធនាការដែលកំពុងបន្តធ្វើយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ដើម្បីសង្កត់ធ្ងន់អំពីអត្តសញ្ញាណរបស់ជនជាតិចិនថាជាអ្នកនិយាយភាសាហានផង និងភាសាចិនកុកងឺផង នៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Xi Jinping ជាពិសេសនៅតាមតំបន់ដែលមានជនជាតិភាគច្រើនច្រើនរស់នៅដូចជាតំបន់ Tibet និងតំបន់ Xinjiang ជាដើម។
លោក Thompson បានបញ្ជាក់ថា ទោះបីជាគេអាចឭអ្នកខ្លះនិយាយភាសាចិនហុកគៀននៅខេត្ត Guangdong ក៏ដោយ ក៏ប្រសិនបើទំនោរបច្ចុប្បន្ននៅបន្តទៅមុខ នោះមិនយូរមិនឆាប់ ក្មេងៗជំនាន់ក្រោយនៅប្រទេសចិននឹងឈប់និយាយភាសារបស់ឪពុកម្ដាយរបស់ពួកគេជាមិនខាន៕
ប្រែសម្រួលដោយ ភី សុភាដា