លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានបាននិយាយ កាលពីថ្ងៃពុធថា ការចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយចិន កំពុងបន្តជឿនលឿនទៅមុខ នៅពេលដែលការចរចារវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោក បន្តធ្វើក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍នេះ។
លោក Kudlow បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រទេសទាំង២បានធ្វើឲ្យមានការជឿនលឿនយ៉ាងខ្លាំងនៅក្នុងទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ដោយចិនបានទទួលស្គាល់ពីបញ្ហានានាដូចជា ការលួចកម្មសិទ្ធបញ្ញា ការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា និងការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រ។ ហើយលោកមិនបាននិយាយពីការសម្រេចបានត្រូវធ្វើឡើងពីការយកពន្ធគយលើរថយន្តទេ។
ក្រុមសមាជិកសភាសហរដ្ឋអាមេរិក កំពុងរង់ចាំមើលពីការចរចាយ៉ាងយូរនេះ។ លោក Lindsey Graham សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ ជាសម្ព័ន្ធមិត្តដ៏សំខាន់ម្នាក់របស់ប្រធានាធិបតីដូណាល់ ត្រាំ បានប្រាប់ VOA ផ្សាយជាភាសាកុកងឺថា៖ «ខ្ញុំមានសង្ឃឹម។ ខ្ញុំគិតថា លោកប្រធានាធិបតី មានសិទ្ធិធ្វើការផ្លាស់ប្តូរ។ យើងចង់ឲ្យប្រទេសទាំង២ឈ្នះ។ ហើយ យើងនឹងដឹងនៅក្នុងរយៈពេល ៣ ឬ៤សប្តាហ៍ទៀត»។
លោក Thom Tillis សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋម្នាក់ទៀត បាននិយាយថា៖ «បញ្ហាមួយក្នុងចំណោមបញ្ហានានា ដែលខ្ញុំផ្តោតលើគឺកម្មសិទ្ធបញ្ញា និងការពារកម្មសិទ្ធិបញ្ញា។ ខ្ញុំសង្ឃឹមថា យើងនឹងយល់ស្របគ្នា មិនត្រឹមតែលក្ខខណ្ឌទូទៅនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែក៏ការផ្តោតយកចិត្តទុកដាក់ពិតប្រាកដលើអ្វីដែលខ្ញុំគិតថា ជាការគំរាមកំហែងដ៏ធំបំផុតរយៈពេលយូរ និងការមានប្រទេសចិនចូលរួមប្រកបដោយផលិតភាពកាន់តែច្រើនឡើងក្នុងផលិតកម្មនៃកម្មសិទ្ធិបញ្ញា»៕