ប្រទេសចិនគ្រោងពង្រីកទីក្រុងមួយនៅលើកោះតូចមួយក្នុងសមុទ្រចិនខាងត្បូង។ ផែនការនេះត្រូវអ្នកសង្កេតការណ៍យល់ឃើញថា ជាផ្នែកមួយនៃការខំប្រឹងប្រែងរបស់ចិនក្នុងការបង្កើនការត្រួតត្រាសមុទ្រ ដែលមានប្រទេស ៥ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ទាមទារកម្មសិទ្ធដែរនោះ។
ទីក្រុងសានសា (Shansa) ដែលជាកោះតំបន់ត្រូពិចដ៏តូចមួយស្ថិតនៅខាងត្បូងចិនដីគោកនឹងទទួលបានការអភិវឌ្ឍថ្មីនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងសមាហរណកម្មរបស់យោធា។ នេះបើយោងតាមលោក Zhang Jun លេខាធិការបក្សកុម្មុយនិស្តនៅក្រុងនោះបាននិយាយ កាលពីថ្ងៃទី ២២ ខែមីនា នៅលើគេហទំព័ររបស់ក្រុង។
នៅពេលសព្វថ្ងៃនេះ ប្រជាពលរដ្ឋប្រហែល ១ពាន់ ៥រយនាក់នៅក្រុងសានសា បាននាំឲ្យក្រុងនោះក្លាយជាក្រុងដ៏ធំបង្អស់នៅក្នុងសមុទ្រចិនខាងត្បូង ហើយបានជួយចិនឲ្យត្រួតត្រាប្រជុំកោះប៉ារ៉ាសេល (Paracel) ទាំងមូល។ កោះតៃវ៉ាន់ និងប្រទេសវៀតណាម ក៏បានទាមទារប្រជុំកោះប៉ារ៉ាសេលនោះដែរ។ រដ្ឋាភិបាលចិន បានឈ្លោះប្រកែកអំពីអធិបតេយ្យភាពនៅផ្នែកនានានៃប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង ជាមួយកោះតៃវ៉ាន់ វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។
លោក Oh បាននិយាយថា៖ «ឧទាហរណ៍ ដើម្បីពង្រឹងករណីរបស់អ្នកនៅក្រោមច្បាប់អន្តរជាតិថា អ្នកការពារអធិបតេយ្យភាពលើដែនដីឬសមុទ្រ លោកអ្នក នឹងត្រូវបង្ហាញថា លោក អ្នក មានរដ្ឋបាលនៅទីនោះ លោក អ្នក នឹងត្រូវបង្ហាញថា លោក អ្នកប្រាកដមានមនុស្សរស់នៅទីនោះ ហើយបន្ទាប់មក ពួកគេប្រកបមុខរបររកស៊ីនៅទីនោះ»។
លេខាបក្សទីក្រុងនោះបាននិយាយនៅលើគេហទំព័ររបស់ក្រុងនោះថា កាលពីឆ្នាំទៅ ជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ការពង្រីកក្រុងសានសា។ លោកមិនបានប្រកាសពីផែនការជាក់លាក់សម្រាប់ឆ្នាំ ២០១៩នេះទេ។
សព្វថ្ងៃនេះ ទីក្រុងនេះបានផ្តោតលើកោះ Woody ដែលមានទំហំ១០គីឡូម៉ែត្រការេ ដែលល្មមគ្រប់គ្រាន់សម្រាប់ស្ថាបនាមន្ទីរពេទ្យ សាខាធនាគារ និងហាងលក់ដូរទំនិញ។ លោក Gregory Poling នាយកនៃការផ្តួចផ្តើមតម្លាភាពផ្លូវនាវាចរណ៍អាស៊ីនៅក្រោមមជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ ដែលជាអង្គការស្រាវជ្រាវមួយមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា «ការអភិវឌ្ឍនៅពេលថ្មីៗនេះនៃការតាំងទីលំនៅនៅក្នុងសមុទ្រ ទីក្រុងសានសា មានតួនាទីទាំងខាងយោធា និងស៊ីវិលនិងមជ្ឈមណ្ឌលភស្តុភា»។
ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងកាន់តែធំឡើងនឹងអនុញ្ញាតឲ្យចិនពង្រីកការសិក្សាស្រាវជ្រាវមហាសមុទ្រនៅក្បែប្រជុំកោះ ពង្រឹងទីតាំងយោធា និងអភិវឌ្ឍទេសចរណ៍។
សេវាកម្មលក់សំបុត្រ បានប្រាប់ឲ្យដឹងថា កប៉ាល់ដឹកអ្នកដំណើរកំសាន្ត ឈ្មោះ Princess Coconut មានគម្រោងធ្វើដំណើរទៅកាន់ទីនោះរយៈពេល ២ថ្ងៃ។
មជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិបានប្រាប់ឲ្យដឹងទៀតថា កោះ Woody មានសារៈសំខាន់យ៉ាងក្រៃលែងដល់អំណាចខាងយោធារបស់ចិននៅក្នុងសមុទ្រ ដែលសម្បូរដោយធនធានេះ។ កោះនោះ ឥឡូវនេះទ្រទ្រង់មូលដ្ឋានទ័ពអាកាស មជ្ឈមណ្ឌលប្រព័ន្ធរ៉ាដាព្រមានពីដំបូងនិងប្រព័ន្ធកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាស។ ប្រទេសទាមទារផ្សេងទៀត ខ្វះកម្លាំងខាងយោធា។
ក្រុមមន្រ្តីចិន និយាយយោងឯកសារប្រវត្តិសាស្រ្តដើម្បីគាំទ្រការទាមទាររបស់ពួកគេដល់ផ្ទៃសមុទ្រប្រហែល ៩០ភាគរយដែលលាតសន្ធឹងពីកោះហុងកុងដល់កោះ Borneo។ ចិននិងរដ្ឋាភិបាល ៥ផ្សេងទៀតបានទាមទារអធិបតេយ្យភាពលើសមុទ្រ ដែលជាកន្លែងនេសាទ ផ្លូវនាវាចរណ៍ និងថាមពលនៅក្រោមបាតសមុទ្រ។
លោក Stephen Nagy ជាសាស្រ្តាចារ្យខាងការសិក្សានយោបាយ និងអន្តរជាតិនៅឯសាកលវិទ្យាល័យ International Christian ក្នុងទីក្រុងតូក្យូនិយាយថា ការរីកលូតលាស់ទីក្រុងនោះ នឹងផ្តល់ឲ្យប្រទេសចិននូវ «ការកត់ត្រាកាលពីអតីតកាល»អំពីរដ្ឋបាលបាលលើប្រជុំកោះទាំងនោះ។
លោក Nagy បាននិយាយថា៖ «អ្វីដែលយើងកំពុងឃើញគឺថា ចិនដែលព្យាយាមធ្វើឲ្យករណីនោះស៊ីគ្នាទៅនឹងបរិបទច្បាប់អន្តរជាតិ និងបំផ្លាញការទាមទាររបស់ប្រទេសទាមទារផ្សេងទៀតនៅក្នុងតំបន់។ចិនមានសមត្ថភាពដែលផ្អែកលើការប៉ិនប្រសព្វរបស់ខ្លួន ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងរបៀបដែលវៀតណាម និងហ្វីលីពីន និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់មិនអាចធ្វើបាន»។
ចិនបានចាញ់នៅតុលាការសម្របសម្រួលពិភពលោក ដែលបានសម្រេចឲ្យហ្វីលីពីនឈ្នះលើសមុទ្រចិនមានជម្លោះនៅឆ្នាំ ២០១៦ ពីព្រោះតែតុលាការនោះ មិនយល់ស្របពីមូលដ្ឋានខាងផ្លូវច្បាប់សម្រាប់ការទាមទារដែនសមុទ្ររបស់ចិន។
លោក Shinji Yamaguchi អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានជាតិសម្រាប់ការការពារប្រទេសដែលមានទីតាំងក្នុងទីក្រុងតូក្យូ បាននិយាយដោយសរសេរឯកសារស្រាវជ្រាវនៅឆ្នាំ ២០១៧ ថា ប្រទេសម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាមនិងហ្វីលីពីន បានបញ្ជូនជនស៊ីវិលទៅកាន់ប្រជុំកោះ Spratly។ សកម្មភាពខាងស៊ីវិលរបស់ប្រទេសផ្សេងទៀត មិនមានទ្រង់ទ្រាយធំដូចប្រទេសចិន។
លោក Yamaguchi បានសរសេរទៀតថា៖ «ទោះបី ចិនមិនមែនតែម្នាក់ឯងនៅក្នុងការប្រើប្រាស់វិធានការមិនមែនខាងយោធា ដើម្បីបង្កើនការទាមទាររបស់ខ្លួនក៏ដោយ ការខំប្រឹងប្រែងរបស់ចិន មានទំហំធំជាងប្រទេសជិតខាងរបស់ខ្លួន ទាំងខាងទំហំនិងឥទ្ធិពល»។
លោក Oh នៃវិទ្យាស្ថាននៅប្រទេសសិង្ហបូរី បាននិយាយថា ប្រទេសផ្សេងៗទៀត ប្រហែលនឹងនិយាយបន្តិចបន្តួចអំពីបញ្ហានេះ។ វៀតណាម «ប្រហែលធ្វើឲ្យឮសំឡេងតែប៉ុណ្ណោះ»។
លោក ទ្រុង ងៀន ព្រឹទ្ធបុរសនៅសាលាទំនាក់ទំនងអន្តរជាតិនៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងមនុស្សសាស្រ្តក្នុងទីក្រុងហូជីមិញ បាននិយាយថា វៀតណាម ប្រហែលគ្រាន់តែពោលអះអាងម្តងហើយម្តងទៀតនូវការទាមទាររបស់ខ្លួនចំពោះសមុទ្រចិនខាងត្បូងតែប៉ុណ្ណោះ។ លោកនិយាយទៀតថា ប្រសិនបើវៀតណាមគិតថា ខ្លួនចង់ជំរុញឲ្យបញ្ហានោះខ្លាំង រដ្ឋាភិបាលវៀតណាម ប្រហែលងាកទៅមហាអំណាចបរទេសរួមមានប្រទេសនៅទ្វីបអឺរ៉ុបខាងលិចឲ្យជួយ។
លោក ងៀង បាននិយាយទៀតថា៖ «វៀតណាម កំពុងរង់ចាំឥរិយាបទប្រកបដោយឆន្ទៈល្អមកពីចិន។ ខ្ញុំគិតថា ប្រសិនបើចិនបន្តពង្រីកទឹកដីរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ពួកមេដឹកនាំវៀតណាម ជាពិសេស អ្នកដែលជាមិត្តភក្តិចិននឹងដឹងថា ពួកគេនឹងត្រូវស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីទប់ទល់នឹងចិន»។
ចាប់តាំងពីការសម្រេចរបស់តុលាការសម្របសម្រួលឆ្នាំ២០១៦មក ចិន បានរក្សាចំណងទាក់ទងដោយសន្តិវិធីជាមួយប្រទេសទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ដោយផ្តល់ការគាំទ្រខាងសេដ្ឋកិច្ចដល់ពួកគេ៕
ប្រែសម្រួលដោយជឹង ប៉ូជីន