ក្រុមអ្នកវិភាគ បញ្ញាវ័ន្ត និងអ្នកនយោបាយខ្មែរ បានផ្តល់ការយល់ឃើញខុសគ្នាៗ ជុំវិញអវត្តមានរបស់លោក ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសកាលពីពេលថ្មីៗនេះថា ចលាចលនយោបាយអាចនឹងកើតមានឡើង ប្រសិនបើលោកមិនអាចនៅដឹកនាំគណៈរដ្ឋមន្ត្រីបាននោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីជួបជុំកម្មករមួយកាលពីថ្ងៃទី១៣ ខែមីនាថា អវត្តមានលោកក្នុងការដឹកនាំគណៈរដ្ឋមន្ត្រី នឹងមិនអាចកើតឡើងបានទេ ព្រោះរដ្ឋធម្មនុញ្ញមិនបានចែងច្បាស់ថា នរណាអាចនឹងជំនួសលោកបាននោះឡើយ ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី នៅពេលតំណែងលោកនៅទំនេរជាស្ថាពរ។
«កុំភាន់ច្រឡំ រដ្ឋធម្មនុញ្ញកម្ពុជា ខ្ញុំកំពុងតែថា គិតគូរកែ ឬមិនកែ? រដ្ឋធម្មនុញ្ញរបស់កម្ពុជា គេប្រើពាក្យអ៊ីចេះ នៅពេលដែលតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ មានន័យថាម៉េច? មានន័យថា បើនាយករដ្ឋមន្ត្រីស្លាប់ គឺរដ្ឋាភិបាលរលាយហ្មង។ រលាយ អត់មាននរណា ធ្វើនាយករដ្ឋមន្ត្រីស្តីទីបានទេ អត់មានទេ អាហ្នឹងត្រូវឲ្យច្បាស់នៅកន្លែងហ្នឹង ត្រូវឲ្យច្បាស់!»។
លោក ហ៊ុន សែន ដែលបានកាន់អំណាចជានាយករដ្ឋមន្ត្រីជាង ៣០ឆ្នាំមកនោះ បានព្រមានថា ប្រទេសនឹងស្ថិតក្នុងស្ថានភាពដែលពិបាកគ្រប់គ្រង ប្រសិនបើគ្មានលោកចាត់ចែងក្បាលម៉ាស៊ីនចម្បងរបស់រដ្ឋាភិបាល។
«ពូជាប្រធានបក្សផង ជានាយករដ្ឋមន្ត្រីផង អ៊ីចឹងអ្នកណា នឹងស្នើអ្នកណា បេក្ខភាពនាយករដ្ឋមន្ត្រីជាអ្នកណា? ហើយត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខាហើយ បានយកមករៀបចំបោះឆ្នោត ផ្គូផ្គង ហើយសុំការទុកចិត្តពីសភា រឿងមិនមែនលេងសើចទេណ៎ា! មិនមែនលេងសើចទេ ដល់អត់ពីហ៊ុន សែនត្រួតត្រាមិនបានរត់ជាន់ជើងគ្នា»។
មាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា៖
«បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ យល់ថា បំណងរបស់លោកនាយករដ្ឋក្នុងការកែរដ្ឋធម្មនុញ្ញ គឺអាចត្រូវយកមកពិចារណា តែថាគណៈកម្មការមជ្ឈមបក្សរបស់គណបក្សកាន់អំណាច អាចនឹងប្រើយន្តការប្រជាធិបតេយ្យ ដើម្បីសម្រេចថា នឹងចាត់តាំងឥស្សរជនរូបណា ដើម្បីជំនួសលោកហ៊ុន សែន ប្រសិនបើនាយករដ្ឋមន្ត្រីវ័យចំណាស់រូបនេះ មិនអាចបំពេញការងារបានដោយសារបញ្ហាចាស់ជរា ឬក៏ប្រការណាមួយនោះ។
«នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យការបោះឆ្នោត គឺត្រូវការ ការគាំទ្រនូវសំឡេងភាគច្រើន ហើយនៅក្នុងនេះឯងខ្ញុំ យើង យើងឃើញថា នៅក្នុងគណបក្សកាន់អំណាចជួរ គេហៅថា ជួររដ្ឋាភិបាល ជួរគណបក្សកាន់អំណាចហឹ្នង យើងអាចឃើញអំពីគេហៅថាសមាសភាពរបស់កូនចៅលោកនាយករដ្ឋមន្ត្រីហ្នឹង មានការ គេហៅថាលេចធ្លោជាងគេ ក៏ប៉ុន្តែបើធៀបជាមួយនឹង គេហៅថាមន្ត្រីនៅក្នុងជួរគណបក្សប្រជាជនចាស់ៗហ្នឹង គេនៅមានសក្តានុពលជាង។ អ៊ីចឹងហើយជាបញ្ហាប្រឈមនៅក្នុងបក្សមួយ ដែលធំហើយវាអាច ឥទ្ធិពលទៅដល់ស្ថិរភាពនយោបាយរបស់ប្រទេសកម្ពុជាដែរបាទ»។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា និយាយថា មេដឹកនាំកម្ពុជាបច្ចុប្បន្ន ត្រូវរកផ្លូវដើម្បីអនុញ្ញាតឲ្យមានការបន្តវេនពីរូបលោក ឬក៏អនុញ្ញាតឲ្យមានការបោះឆ្នោតមួយដែលមានការចូលរួមពីគ្រប់ភាគីនយោបាយ។
លោកបន្ថែមថា សារព្រមានរបស់លោកហ៊ុន សែន ដែលថា បើលោកស្លាប់ នោះភាពវឹកវរខាងនយោបាយនឹងកើតឡើងនោះ បានបញ្ជាក់ពីការគំរាមកំហែងខាងនយោបាយមួយ។
និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញច្បាប់សិទ្ធិមនុស្សអន្តរជាតិរូបនេះ មើលឃើញពីតួនាទីដ៏សំខាន់របស់រដ្ឋសភា ក្នុងការបំពេញកន្លែងទំនេរសម្រាប់តំណែងនាយករដ្ឋមន្ត្រី បើអស់ពីលោក ហ៊ុន សែន ទៅនោះ។
«ជាពិសេសសភាជាតិរបស់ប្រទេសកម្ពុជាហ្នឹងអាចបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តទៅលើឥស្សរជននយោបាយណាមួយ តាមការចាត់តាំងនៅក្នុងបក្ស គណបក្សប្រជាជន ជាពិសេស សមាជិកសភាដែលឈ្នះឆ្នោតហ្នឹងដើម្បីជំនួសតំណែង ធ្វើជានាយករដ្ឋមន្ត្រី ហើយខ្ញុំគិតថា នៅពេលដែលគាត់លើកឡើងបែបរឿងហ្នឹងថា នៅពេលដែលគាត់ បាទ ចុះចេញពីតំណែង ឬក៏គាត់ទទួលមរណភាពណាមួយ ធ្វើឲ្យប្រទេស ជួបចលាចល ខ្ញុំគិតថា វាហាក់ដូចជាសារគំរាមទៅវិញទេ ហាក់ដូចជាសារគំរាម ហើយមានលក្ខណៈ ហាក់ដូចជាមានលក្ខណៈថា ប្រទេសកម្ពុជាហ្នឹង មានតែគាត់ម្នាក់ ទើបអាចដឹកនាំបាន ហើយខ្ញុំ ខ្ញុំអត់យល់ ដូចនោះទេ»។
យ៉ាងណាក្តី លោក ហ៊ុន សែន ដែលជាអតីតទាហានក្រុមកុម្មុយនីស្តជ្រុលនិយមខ្មែរក្រហម អះអាងថា រដ្ឋាភិបាលខ្មែរនឹងត្រូវរលាយភ្លាមៗក្នុងកាលៈទេសៈដែលលោកស្លាប់។ លោកថា លោកមានសិទ្ធិត្រឹមតែផ្ទេរ ការគ្រប់គ្រងបណ្តោះអាសន្នដល់ ឧបនាយករដ្ឋមន្ត្រីណាមួយក្នុងពេលខ្លីប៉ុណ្ណោះ បើតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។
«គេកំណត់ទៀត បើសិនជាតំណែងនាយករដ្ឋមន្ត្រីនៅទំនេរ នៅទំនេរម្តងម្កាល អាចចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីអ្នកណាជាអ្នកតែងតាំងនាយករដ្ឋមន្ត្រីស្តីទី គឺមុនពេលដែលខ្ញុំ ពូចេញទៅក្រៅប្រទេស ពូតែងតាំងឧបនាយករដ្ឋមន្ត្រីណាមួយឲ្យធ្វើជានាយករដ្ឋមន្ត្រីស្តីទី ប៉ុន្តែបើសិនជាពូងាប់ វាអត់មានអ្នកណាតែងតាំងនាយករដ្ឋមន្ត្រីស្តីទីកើតទេ អ៊ីចឹងរដ្ឋាភិបាលហ្នឹងអាលាយបណ្តោយ អ៊ីចឹងកុំបន់ឲ្យហ៊ុន សែនងាប់អី កុំបន់ឲ្យហ៊ុន សែនងាប់អី»។
លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គមកម្ពុជា ផ្តល់ការកត់សម្គាល់ថា បញ្ហាកែប្រែរដ្ឋធម្មនុញ្ញ សម្រាប់ប្រគល់សិទ្ធិអន្តរកាលដល់ឥស្សរជនណាមួយ ឲ្យគ្រប់គ្រងគណៈរដ្ឋមន្ត្រី ពេលគ្មានវត្តមាននាយករដ្ឋមន្ត្រីជាស្ថាពរនោះ គឺជាចំណុចរសើបមួយ ដែលនឹងមិនមានអ្នកនយោបាយរូបណា ហ៊ានលើកមកនិយាយ ក្រៅតែពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
អ្នកវិភាគរូបនេះ ផ្តល់ការយល់ឃើញថា យន្តការថែរក្សាលំនឹងស្ថាប័នរដ្ឋត្រូវតែបង្កើតឡើង ដើម្បីធានាដល់ស្ថិរភាពសង្គម ប្រសិនបើកម្ពុជាបាត់បង់អ្នកដឹកនាំ។ ក៏ប៉ុន្តែសម្រាប់កាលៈទេសៈបច្ចុប្បន្ននេះ យន្តការទប់លំនឹងស្ថាប័នរដ្ឋនេះ គឺមិនអាចទៅរួចទេ ដោយហេតុថា ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជានៅមានភាពផុយស្រួយខ្លាំងនៅឡើយ។
«បើសម្រាប់ប្រទេសគេ ដែលគេមាន ជាប្រទេសដែលប្រជាធិបតេយ្យពិតប្រាកដនោះ គឺគេនឹងមិនឲ្យស្ថាប័នរដ្ឋហ្នឹង បណ្តោយឲ្យមានភាពចលាចល នៅក្នុងសង្គមក្រោយពីបាត់បង់ ក្រោយពីអវត្តមានរបស់មេដឹកនាំ របស់គេណាមួយទៅ គឺគេតែងតែមានការត្រៀមលក្ខណៈ។ ប៉ុន្តែនៅស្រុកយើង បើសិនជាការដឹកនាំនៅរបៀបបែបសព្វថ្ងៃ ខ្ញុំគិតថា បើសិនជាអត់ពីមេដឹកនាំមួយនេះទៅ គឺការណ៍កើតកលិយុគរវាងគ្នាឯង វាអាចនឹងមាន នឹងអាចនឹងមានបាទ បើយើងមើលនៅសព្វថ្ងៃនេះ»។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការខ្មែររំលាយចោលកាលពីឆ្នាំ២០១៧ យល់ថា ការកែប្រែរដ្ឋធម្មនុញ្ញ គឺមិនចាំបាច់នោះឡើយ តែអ្វីដែលសំខាន់នោះ គឺលោកហ៊ុន សែន ត្រូវទទួលស្គាល់ថា លោកមិនអាចជាអ្នកនយោបាយ ដែលត្រូវរ៉ាប់រងតំណែងនាយករដ្ឋមន្ត្រីអស់មួយជីវិតទេ។
អ្នកស្រីឆ្លើយតាមសារអេឡិចត្រូនិកថា៖
«ប្រទេសណាក៏ដោយនឹងត្រូវជួបបញ្ហា [ច្របូកច្របល់ខាងនយោបាយ] ពីព្រោះប្រមុខរដ្ឋាភិបាលអាចត្រូវបានគេដកចេញពីអំណាចនៅថ្ងៃណាមួយ។ ដូច្នេះ ការត្រៀមឲ្យមានការជំនួស ត្រូវតែរៀបចំឲ្យបានរួចរាល់ ហើយបន្ទាប់មករដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង»។
នេះមិនមែនជាលើកទីមួយទេ ដែលលោកហ៊ុន សែន បានព្រមានអំពីការរលត់រលាយរដ្ឋាភិបាល បើមានបញ្ហាសុខភាព ឬក៏ជួបរឿងអកុសលណាមួយនោះ។ គេធ្លាប់ឮលោកហ៊ុន សែន ព្រមានយ៉ាងដូច្នេះ ជាញឹកញាប់ដែរ ហើយលោកតែងតែអះអាងថា បើប្រជាពលរដ្ឋបោះឆ្នោតឲ្យលោកនោះ លោកនឹងបន្តដឹកនាំប្រទេសកម្ពុជាទៀត។
លោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់លើកឡើងថា លោកអាចលាលែងចេញពីតំណែងពេលណាក៏បានដែរ តែលោកថាពិបាកនឹងទស្សន៍ទាយចំពោះផលវិបាកនានា ដែលនឹងផ្ទុះឡើង ប្រសិនបើលោកលែងជាមេដឹកនាំកម្ពុជាតទៅទៀតនោះ។ លោកក៏បានព្រមានដែរថា បើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោតនោះ នោះសង្គ្រាមនឹងវិលមកកម្ពុជាជាថ្មី។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ និងបញ្ញវ័ន្តអះអាងថា ការគិតគូរអំពីអ្នកបន្តវេនពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជារឿងចាំបាច់មួយ ដែលអាចធ្វើឡើងតាមការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យត្រឹមត្រូវមួយ។
ចំពោះអវត្តមានរបស់លោក ហ៊ុន សែន នៅក្នុងដឹកនាំគណរដ្ឋមន្ត្រីនោះ ពួកគេថា មានតែមន្ត្រីក្នុងជួរគណបក្សកាន់អំណាចប៉ុណ្ណោះ ដែលអាចរកច្រកដោះស្រាយចន្លោះប្រហោងនេះបាន បើមើលស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ដែលមិនមានគណបក្សប្រឆាំងនៅក្នុងសភា។
ពួកគេថា ទាំងកូនៗលោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗគណបក្សកាន់អំណាចមួយចំនួនសុទ្ធតែមានសក្តានុពល ដើម្បីទទួលការកាន់តំណែងបន្តពីលោក ហ៊ុន សែន តែការបញ្ជាក់ថា ពួកគេអាចកាន់តំណែងនេះបានដោយស្របច្បាប់ពេញទីនោះ គឺមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ ដែលបើកឱកាសឲ្យគ្រប់គណបក្សនយោបាយទាំងអស់ចូលរួម៕