ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន​ សែន​ និង​តុលាការ​បង្កើន​សម្ពាធ​លើ​ក្រុមប្រឆាំង​ នៅចំពោះមុខ​ការ​គំរាម​ដក​ EBA របស​អឺរ៉ុប


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរមើលកម្មការិនី​ម្នាក់កំពុង​ធ្វើការ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រោងចក្រកាត់ដេរមួយកន្លែង នៅជាយក្រុងភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរមើលកម្មការិនី​ម្នាក់កំពុង​ធ្វើការ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រោងចក្រកាត់ដេរមួយកន្លែង នៅជាយក្រុងភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

រដ្ឋាភិបាល​ខ្មែរ​មិន​ទាន់​បង្ហាញ​ការ​វិវត្តន៍​វិជ្ជមាន​​ ក្នុង​ការ​ស្តា​រលទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ឡើយទេ​ ហើយ​លោក​ហ៊ុន សែន​​ក៏ប្រកាស​ប្តឹង​មន្ត្រីគណបក្ស​ប្រឆាំង​មួយរូប​ចំពោះ​រឿង​ជេរប្រមាថ​អាយុជីវិត​លោក​។​ ចំណែក​​តុលាការ​​ក៏បាន​ចេញ​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ជាបន្ត​បន្ទាប់។

កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ ក្រុម​មេធាវី​ការពារ​ក្តីរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​បញ្ចេញ​ឲ្យដឹង​អំពីពាក្យ​បណ្តឹង​ប្តឹង​លោក​សោ ​ចាន់ដេត អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សម រង្ស៊ី​ ក្រោម​បទ​ចោទ​ថា​ លោក​បាន​ជេរ​ប្រមាទ​លោក​ហ៊ុន សែន​ តាម​បណ្តាញ​សង្គមហ្វេស​ប៊ុក​ (Facebook)។

ស្របពេល​ជាមួយ​គ្នានោះ​ តុលាការ​កម្ពុជាបាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ក្រុម​ថ្នាក់​នាំ​កំពូលៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ​ ចំនួន​៨​រូប​ រួមមាន​លោក​សម រង្ស៊ី ​លោក អេង ឆៃអ៊ាង អ្នកស្រី ​មូរ សុខហួរ​ លោក​ អ៊ូ​ច័ន្ទឫទ្ធិ ​លោក ​ហូ វ៉ាន់ ​លោក​ ឡុង រី ​លោក ​ម៉ែន សុថាវរិន្ទ្រ ​និង​លោក​ តុ​វ៉ាន់ចាន់​ ខណៈដែល​ក្រុម​ថ្នាក់ដឹកនាំ​ទាំងនេះកំពុង​តែ​រស់នៅ​និរទេ​ស​ខ្លួន​ក្រៅ​ប្រទេស។

ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​គី តិច ​ប្រធាន​ក្រុម​មេធាវី​ការ​ពារក្តី​លោក​ហ៊ុន​ សែន​ដែល​រៀប​ចំឡើង​ដើម្បី​ប្តឹង​លោក​សោ ចាន់ដេត​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ លោក​សោ ចាន់ដេត​ បានប្រើប្រាស់​មធ្យោបាយ​ទូរគមនាគមន៍​សោត​ទស្សន៍​ [បណ្តាញ​សង្គម​ Facebook]​ របស់​ខ្លួន​ ធ្វើការ​ផ្សព្វផ្សាយ​ជា​ក្នុង​គោល​បំណង​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​មាន​ចេតនា​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ដែល​អំពើ​នេះ​ស្តែង​ចេញ​ជា​ចំហរ​ លើ​ការ​រំលោភបំពាន​មាត្រា​៣០៧​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍ របស់​អង្គភាព​ព័ត៌មាន​ក្នុងស្រុក​ Fresh News ​ដែល​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល។

សេចក្តី​រាយការណ៍​ដដែល​បាន​ឲ្យដឹង​ថា «លោក​គី តិច​ មាន​ភស្តុតាង​ចំនួន​៣២ទំព័រ​ដែល​បាន​ស្រង់​ចេញ​ពីគណនី ​Facebook​ ឈ្មោះ​ Sor Chandeth ​ដើម្បី​ដាក់​ជូន​តុលាការ​ពិនិត្យ​ និង​សម្រេច​ផងដែរ»។

អង្គភាព​ព័ត៌មាន​ដដែល​បាន​ស្រង់​យក​សារ​មួយ​ដែល​បង្ហោះ​ដោយ​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ សោ ចាត់ដេត​ ដែល​បាន​សរសេរ​ថា​ «ឆ្នាំនេះ​ លោក​ហ៊ុន សែន​ ជួប​គ្រោះ​កំបុត​ក»។

ការ​បង្ហោះ​សារ​អធិប្បាយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន​ ខឹង​សម្បារ និង​ប្រកាស​ទារ​ជំងឺ​ចិត្ត​ចំនួន​២លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួយ​ដល់​អង្គការ​កុមារ​កំព្រា។

ក្រុម​អ្នក​វិភាគ​នយោបាយថ្លែង​ថា​ ការ​ប្តឹង​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ដើម្បី​ចាប់​ខ្លួន​ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ នឹង​មិន​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ចង់​បាន​នោះ​ទេ។

លោក​ឯម សុវណ្ណារ៉ា​ អ្នកវិភាគ​នយោបាយ​ឯករាជ្យមាន​ប្រសាសន៍​ប្រាប់​ VOA ​នៅថ្ងៃ​អង្គារ​នេះ​ថា​ ដំណោះ​ស្រាយ​ដែល​អាច​រក​បាន​ដើម្បី​រក្សា​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​របស់​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ​ មិន​ស្ថិត​លើ​ដៃ​របស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​រងការ​គាប​សង្កត់​បន្ថែម​នោះ​ទេ។

លោក​បញ្ជាក់​ទៀតថា បាល់​នៅ​ពេល​នេះ​ គឺស្ថិត​ក្នុង​ដៃ​របស់​គណបក្ស​កាន់​អំណាច​ដែល​ត្រូវ​រក​ច្រក​បំពេញ​ការ​ចង់​បាន​នានា​របស់​សហគមន៍​អឺរ៉ុប​ ហើយថា​ ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទាញ​ឲ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ជាប់​បម្រាម​ធ្វើ​នយោបាយ​ប្រាំឆ្នាំ​មក​សុំ​សិទ្ធិធ្វើ​នយោ​បាយ​ឡើង​វិញ​នោះ​ ហាក់​ដូច​ជា​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​ គ្រា​ដែល​ចំនួន​អ្នក​ដែល​មក​សុំសិទ្ធិ​គឺ​នៅ​ទាប​ជាទី​បំផុត​ ពោល​គឺមិន​ដល់​១០​ភាគរយ​ផង​នោះ។

«បក្ស​ប្រឆាំង​មិនមែន​ជា​កត្តា​គន្លឹះ​នៅ​ក្នុង​ការ​ដោះស្រាយ​ទេ​ បញ្ហា​ប្រឈម​បច្ចុប្បន្ន​រឿង​របស់​សហគមន៍​អឺរ៉ុប​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ វា​មិន​មែន​រឿង​អ្នក​នយោបាយ​ និង​អ្នក​នយោបាយ​ វា​រឿង​ប្រព័ន្ធ​បោះឆ្នោត​ វា​រឿង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ អ៊ីចឹង​វា​ត្រូវ​ដោះស្រាយ​តាម​បែប​កញ្ចប់​ តាម​បែប​រដ្ឋាភិបាល​ជាមួយ​នឹងសហគមន៍​អឺរ៉ុប​ ​ហើយ​ដែល​សហគមន៍​អឺរ៉ុប​គេ​បាន​លើក​ឡើង​នូវ​គោល​ការណ៍​ប្រាំ​ចំណុច​ដែល​គេ​លើក​ឡើង​ហើយ​ អ៊ីចឹង​បើ​សិន​កម្ពុជា​ធ្វើ​អត់​បាន​ទេ​ ខ្ញុំថា​ អានេះ​ជា​យន្តការ​យើង​ប្រឈម​ហានិភ័យ​ទាំង​អស់​គ្នា»។

កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ គណៈកម្មការ​សហភាព​អឺរ៉ុប​ ប្រកាស​ចាប់ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​ដែល​អាច​ឈាន​ទៅ​ដក​ហូត​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរ​សិទ្ធិ​មនុស្ស​និង​ការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ។

សហគមន៍​អឺរ៉ុប​ បាន​ផ្តល់​ហេតុផល​នៃ​ការ​ផ្តើម​ដំណើរ​ការ​នេះ​ត្រួសៗ​ថា ដោយសារ​កម្ពុជា​មិនទាន់​អាច​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ ក្នុង​នោះ​មាន​ការ​ច្រាន​ចោល​សិទ្ធិ​នយោបាយ​ សកម្មភាព​រឹតបន្តឹង​នានា​ទៅលើ​សង្គម​ស៊ីវិល​ សហជីព​ ការ​ផ្តល់​សេរីភាពសារព័ត៌មាន​ និង​ការ​ដោះស្រាយ​បញ្ហា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ផ្តោត​ជា​ពិសេស​លើដី​ដែល​ប្រើ​ប្រាស់​សម្រាប់​បម្រើ​ដល់​ការ​ផលិត​ស្ករស។

លោក​សោ ចាន់ដេត​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​អាច​នឹង​រង​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​តាម​បណ្តឹង​របស់​លោក​ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​រឿង​ជេរ​ប្រមាថ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ បាន​ប្រាប់​ VOA ​តាម​សារ​ឆ្លើយឆ្លង​អេឡិច​ត្រូនិក​មួយ​ថា​ លោក​ហ៊ុន​ សែន​ ប្រធាន​គណបក្ស​កាន់​អំណាច​កំពុង​ទាល់​ច្រក​ ក្នុង​ការ​ទម្លុះទម្លាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ ដោយ​ការ​ផ្តើម​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខបុក​ម្នេញ​ លើ​ក្រុម​អ្នក​នយោបាយ​ជំទាស់។

«គាត់​ទាល់​ច្រកហើយ​ ព្រោះ​គាត់​ដឹងច្បាស់​ហើយ ដឹង​ច្បាស់​ថា ​នៅ​ពេល​ដែល​ សហគមន៍​អឺរ៉ុប​គេ​នឹង​សម្រេច​ចិត្ត​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​ហ្នឹង​ គឺ​យើង​ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ យើង​មិន​នៅ​ស្ងៀម​ទេ។ យើង​មិន​អាច​ឲ្យ​លោក​ហ៊ុន សែន​ ម្នាក់​ឯង​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​ផល​ប្រយោជន៍​ទេ។ យើង​នឹង​ត្រៀម​ខ្លួន​ចុះ​ត្រឡប់​ទៅ​ស្រុក​យើង​វិញ​ដើម្បី​សង្គ្រោះ​ប្រទេស​យើង​ បាត់បង់​ ​អាការណ៍​ផ្តាច់​ប្រព័ន្ធ​ EBA ​ហ្នឹង»។

លោក​សោ ចាន់ដេត ​ដែល​ជាមន្ត្រី​គណបក្ស​ប្រឆាំង​ជាប់​បម្រាម​ម្នាក់​អះអាង​ទៀតថា​ លោក​គឺជា​បុគ្គល​ទី​ប្រាំបួន​ ដែល​ត្រូវ​បាន​លោក​ហ៊ុន សែន​ ប្តឹង​ ខណៈ​ដែល​លោក​កំពុង​ត្រៀម​រៀបចំ​កៀងគរ​កម្លាំង​អ្នកគាំទ្រ​គណបក្ស​ជំទាស់​ដើម្បី​អម​ដំណើរ​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ឲ្យវិលត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ។

លោក​ថា​ លោក​សម រង្ស៊ី ​និង​ក្រុម​ថ្នាក់​ដឹកនាំ ​ក៏ដូច​ជា​មន្ត្រី​គណបក្ស​ប្រឆាំង​នឹង​ធ្វើដំណើរ​មក​កាន់​កម្ពុជា​ ក្នុង​ករណី​ដែល​សហគមន៍​អឺរ៉ុប​សម្រេច​ព្យួរ​កម្ពុជា​ ជា​បណ្តោះ​អាសន្ន​ពី​កម្មវិធី​ពាណិជ្ជកម្ម​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​អាវុធ»​ ឬហៅថា​ EBA។

ដោយ​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​កម្ពុជា​នោះ​ អ្នកស្រី​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ភាព​អាប់អួ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​ នៅ​ក្នុង​នយោបាយ​កម្ពុជា​ គ្រា​ដែល​មេដឹកនាំប្រទេស​នេះ​ បាន​បង្ហាញ​ចេតនា​ផ្តាច់​ផ្តិល​ក្រុម​អ្នក​ជំទាស់​ ជា​ជាង​ការ​បោះជំហានកែលម្អ​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ។

«ស្ថានការណ៍​នយោបាយ​នៅ​ពេលនេះ​ គឺជា​ស្ថានការណ៍​ដ៏អាប់អួ​ ​ដែល​នឹង​ច្រាន​ប្រទេស​កម្ពុជា​ចូល​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ វិបត្តិ​សង្គម​ និង​វិបតិ្ត​នយោបាយ​ ពីព្រោះ​នៅ​ពេលនេះ មន្ត្រី​នៃ​សហគមន៍​អឺរ៉ុប​ គេកំពុង​តែ​មក​ពិនិត្យ​មើល​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​តើ​លោក​ហ៊ុន សែន​ ចង់​គ្រប់គ្រង​ប្រទេស​កម្ពុជា​ រហូត​ដល់​ពេលណា​ រហូតដល់​ច្រាន​ប្រទេស​កម្ពុជា​យើង​ចូល​នៅ​រណ្តៅ​នៃ​ប្រទេស​កុម្មុយនិស្ត​ឬ​ទេ? ​នេះ​បង្ហាញ​ឲ្យច្បាស់​ណាស់​ ថា​លោក​ហ៊ុន សែន ​មិន​មើល​យក​ផល​ប្រយោជន៍​ ជាតិ​ជា​ធំ​ទេ​ តែ​សេណារីយោ​របស់​គាត់​ ដែលត្រូវ​តែ​កម្ទេច​អ្នកប្រឆាំង​នៅ​ក្នុង​នោះ​ ​អ្នក​[សារព័ត៌មាន] ​ព្រមទាំង​អ្នក​ដែល​ការពារ​សិទ្ធិ​មនុស្ស​នោះ​ គឺជា​សេណារីយោ​មួយ​សម្រាប់គ្រប់​គ្រង​អំណាច​ ប្រទេស​ជាតិ​ យក​ប្រទេស​ជាតិ​ទៅ​គ្រប់គ្រង​អំណាច​ យក​ប្រទេស​ជាតិ​ទៅ​គ្រប់​គ្រង​តាម​អំណាច​របស់​គាត់»។

កាល​ពីដើម​ខែមីនា ឆ្នាំ​២០១៩​នេះ លោក​ George Edgar ​ដែល​ជិត​បញ្ចប់​អាណត្តិ​របស់​លោក​ជា​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​បាន​ប្រាប់​លោក​ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ជំនួប​មួយ​ថា​ ក្រុម​ការងារ​របស់​គណៈកម្មការ​អឺរ៉ុប ​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​អំឡុង​ខែ​មីនា ​និង​មេសា​ឆ្នាំ​២០១៩​នេះ​ ដើម្បី​ជជែក​លើ​ការ​ព្យួរ​បណ្តោះ​អាសន្ន​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ​ក្រោម​កម្មវិធី​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ»​ ឬ ហៅថា EBA។

ខណៈ​ដែល​មានដំណឹង​នៃការ​មក​ដល់​របស់​ក្រុម​ការងារ​គណៈកម្មការ​អឺរ៉ុប​នៅ​កម្ពុជា​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ EBA​ នេះ អង្គការ​សង្គម​ស៊ីវិល​ ក្រុម​ពលរដ្ឋ​ និង​សហគមន៍​ចំនួន​ ៦៨​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ នៅថ្ងៃ​ទី​១៩ ​ខែមីនា​នេះ​ ដោយ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ ដែល​កម្ពុជា​បាន​ទទួល​ពី​សហគមន៍​អឺរ៉ុប ហើយ​បាន​អំពាវនាវ​ចំៗ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ចាប់​ផ្តើម​កែប្រែ​ជំហរ​ ងាក​មក​ស្តារ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

សេចក្តី​ថ្លែង​ការណ៍​រួមនោះ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ក្នុងនាម​ជា​អ្នក​លើក​ស្ទួយ​ និង​ការ​ពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ និង​សិទ្ធិ​ការងារ​ យើង​យល់​យ៉ាង​ច្បាស់​អំពី​គោល​ជំហរ​ និង​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប។ យើង​មាន​ការ​ព្រួយ​យ៉ាង​ខ្លាំង​លើ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ​ដែល​នឹង​ជះ​ផល​អវិជ្ជមាន​ដោយ​ផ្ទាល់​ និង​ប្រយោល​ដល់​ជីវិភាព​រស់​នៅ​ និង​សុខុមាលភាព​របស់​ពលរដ្ឋ​ និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ទាំងមូល»។​

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ថា៖

«យើង​ជឿជាក់​ថា​ ស្ថានភាព​អាក្រក់​នោះ​នឹង​ចៀស​វាង​បាន​ ប្រសិន​បើ​រាជរដ្ឋា​កម្ពុជា​ប្រឹង​ប្រែង​ ក្នុងការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​ពលរដ្ឋ​ និង​អនុវត្ត​រដ្ឋធម្មនុញ្ញ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ត្រឹមត្រូវ»។

យ៉ាង​ណា​ក៏ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​ស្នើ​ឲ្យ​មេធាវី​របស់​លោក​ប្តឹង​លោក​សោ ចាត់ដេត​ នោះ​ យល់​ផ្ទុយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ។

ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក​ Norio Yamaguchi ​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ផ្លាស់​ប្តូរមិត្ត​ភាព​អន្តរជាតិ​ជប៉ុន​ កាល​ពី​ថ្ងៃទី​១២ ​ខែ​មីនា​ ឆ្នាំ​២០១៩​ លោក​ហ៊ុន សែន​ បាន​ប្រាប់​លោក​ Norio ​ថា​ «ទោះបី​កម្ពុជា​មាន ​ឬគ្មាន​ EBA ​គឺ​កម្ពុជា​ត្រូវ​តែ​ខិត​ខំ​ពង្រឹង​សេដ្ឋកិច្ច​ តាមរយៈ​បន្តបើក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ឲ្យ​កាន់តែ​ច្រើន»។ ​នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ទោះបី​យើង​នៅ​មាន​ EBA​ ពេល​នេះ​ តែ​ពេល​ក្រោយ​ក៏​គង់​តែ​នឹង​បាត់​ទៅវិញ​ដែរ​ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ចេះរស់​ដោយ​ដង្ហើម​ខ្លួន​ឯង​ឲ្យ​ខាន​តែ​បាន។ កម្ពុជា​មិន​យក​ប្រទេស​សមាជិក​អឺរ៉ុប​ណា​មួយ​ជា​សត្រូវ​ទេ​ ប៉ុន្តែ​នៅ​តែ​ជា​មិត្ត​ល្អ​ មាន​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ល្អ​ និង​ចាត់​ទុក​ជា​ដៃគូ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ល្អ​ជាមួយ​គ្នា។ នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ កម្ពុជា​មាន​មោទនភាព​ ក្នុង​រៀប​ចំ​វេទិកា​ប្រជុំ​កំពូល​ដ៏​ធំមួយ​អាស៊ីអឺរ៉ុប​ The Asia-Europe Meeting (ASEM) ​ដែល​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ទាំងអស់​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ទៀត​ផង»។

លោក​ឯម សុវណ្ណារ៉ា​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ «ប្រហែល»​ ​មាន​លទ្ធភាព​ប៉ះ​ប៉ូវ​ចំពោះ​ការ​បាត់​បង់​បណ្តោះ​អាសន្ន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហ​គមន៍​អឺរ៉ុប​ តែ​លោក​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ប្រថុយ​ទទួល​យក​ការ​ប្រឈម​នានា​ដែល​អាច​កើត​មាន​ឡើង​ច្រើន​ថែមទៀត​ ក្រោយ​ការ​បាត់​បង់​ប្រព័ន្ធឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ នេះ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា​ វិធានការ​ដក​ EBA​ របស់​សហគមន៍​អឺរ៉ុប​ គឺ​គ្រាន់​តែ​ជា​ដំណាក់​កាល​បឋម​មួយតែ​ប៉ុណ្ណោះ​ ព្រោះថា​សហរដ្ឋ​អាមេរិក​ ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេចរបស់​សហគមន៍​អឺរ៉ុប​ នឹង​ចាត់​វិធានការ​បន្ទាប់​ទៀត​ ពាក់​ព័ន្ធនឹង​ការ​សម្រេច​ថា​ តើ​នឹង​ត្រូវ​ផ្តល់​ឲ្យ​កម្ពុជា​នូវប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬហៅថា​ (GSP) នេះ​បន្តទៀត​ដែរ​ ឬយ៉ាង​ណានោះ។

លោក​ថា​ វា​ជា​ហានិភ័យ​មួយ​សម្រាប់​កម្ពុជា​ ប្រសិនបើ​រដ្ឋាភិបាលប្រទេស​នេះ​ ផ្តោតតែ​លើ​យន្តការ​ផ្ទេរ​អំណាច​ទៅ​អ្នក​ជំនាន់​ក្រោយ​ ហើយ​បណ្តោយ​ឲ្យ​កម្ពុជា​បាត់​បង់​ប្រព័ន្ធឋានៈ​អនុគ្រោះពន្ធ EBA ​នោះ៕

XS
SM
MD
LG