រដ្ឋ Victoria ភាគខាងត្បូងប្រទេសអូស្រ្តាលី បានចុះផ្សាយការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧២៣ករណី និងមនុស្សស្លាប់១៣នាក់កាលពីថ្ងៃពុធជាកំណត់ត្រាថ្មីរយៈពេលមួយថ្ងៃសម្រាប់រដ្ឋដែលមានការឆ្លងខ្លាំងបំផុតមកពីជំងឺនេះ។
ចំនួនឆ្លងមេរោគកូរ៉ូណាថ្មីមានលើសពី៥៣២ករណីបានចុះផ្សាយកាលពីថ្ងៃចន្ទ សម្រាប់រដ្ឋដែលមានមនុស្សច្រើនទី២ក្នុងប្រទេសអូស្ត្រាលី។ រដ្ឋ Victoria ឥឡូវនេះបានចុះផ្សាយការឆ្លងជំងឺកូវីដ១៩ថ្មីទាំងអស់ចំនួន៩ពាន់៩រយករណីនិងមនុស្សស្លាប់ ១០៥នាក់ ដោយបានធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសអូស្ត្រាលីមាន១ម៉ឺន៦ពាន់២រយ៩៨ករណីនិងមនុស្សស្លាប់១៨៩នាក់។
ទីក្រុង Melbourne ដែលជារដ្ឋធានីរបស់រដ្ឋ Victoria ជាទីកន្លែងផ្ទុះដ៏ខ្លាំងបំផុតនៃជំងឺកូវីដ១៩នៅពេលបច្ចុប្បន្ននេះ។ លោក David Andrews នាយករដ្ឋមន្ត្រីរដ្ឋ Victoria បានស្តីបន្ទោសការកើនឡើងនូវការឆ្លងនេះលើពួកអ្នកស្រុកដែលបន្តទៅធ្វើការឬស្ថិតនៅក្នុងកន្លែងសាធារណៈថ្វីបើមានរោគសញ្ញានោះក៏ដោយនិងការផ្ទុះឡើងនៅទីកន្លែងសម្រាប់មនុស្សចាស់រស់នៅ។ លោក Andrews បានបញ្ជាឲ្យពួកអ្នកស្រុកទាំងអស់នៅក្នុងរដ្ឋ Victoria ពាក់ម៉ាស់នៅខាងក្រៅដោយចាប់ផ្តើមពីថ្ងៃអាទិត្យទៅ បន្តការរឹតត្បិតដែលចូលជាធរមានស្រាប់សម្រាប់ទីក្រុង Melbourne និងតំបន់ Mitchell Shire។
លោក Andrews ក៏បានចេញបទបញ្ជាហាមឃាត់ពួកអ្នកស្រុកមិនឲ្យនាំភ្ញៀវចូលក្នុងផ្ទះរបស់ខ្លួនដោយចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ។
ទីក្រុង Melbourne កំពុងស្ថិតក្នុងការបិទជិតចំនួន៦សប្តាហ៍ដែលបានរឹតត្បិតពួកអ្នកស្រុកមិនឲ្យចាកចេញពីផ្ទះ លើកលែងតែទៅធ្វើការងារ សាលារៀន ណាត់ជួបគ្រូ ពេទ្យ ឬទៅទិញម្ហូបអាហារ។
ក្នុងខណៈនោះដែរ ពួកអាជ្ញាធរក្នុងរដ្ឋ Queensland បានប្រកាសថា ខ្លួននឹងហាម ឃាត់ពួកអ្នកស្រុកមកពីតំបន់ Greater Sydney ដែលចូលជាធរមាននៅថ្ងៃសៅរ៍ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគកូរ៉ូណា។ ការហាមឃាត់នេះបានត្រូវធ្វើឡើងបន្ទាប់ពីស្ត្រី២នាក់បានធ្វើតេស្តមានជំងឺកូវីដ១៩វិជ្ជមាន បន្ទាប់ពីបានវិលត្រឡប់ទៅកាន់រដ្ឋធានី Brisbane មកពីការធ្វើដំណើរទៅកាន់ទីក្រុង Melbourne កាត់តាមទីក្រុងស៊ីដនីបានធ្វើតេស្តមេរោគកូរ៉ូណាវិជ្ជមានហើយមិនស្ថិតនៅដាច់ពីគេ៕