អាជ្ញាធរវៀតណាមកំពុងប្រឹងប្រែងគ្រប់គ្រងការផ្ទុះឡើងជាថ្មីយ៉ាងលឿននូវការឆ្លងជំងឺកូវីដ១៩ ក្រោយពីប្រទេសវៀតណាមបានរាយការណ៍អំពីភាពជោគជ័យរបស់ខ្លួននៅក្នុងការគ្រប់គ្រងជំងឺនេះកាលពីដើមឆ្នាំមក។
អាជ្ញាធរវៀតណាមបានបិទទីក្រុងទេសចរណ៍ដាណាងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមនុស្ស ២ នាក់បានធ្វើតេស្តឃើញមានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាម។ ករណីឆ្លងថ្មីនៃជំងឺនេះនៅក្នុង និងជិតទីក្រុងដាណាង បានកើនដល់ ៣០ នាក់គិតត្រឹមព្រឹកថ្ងៃពុធនេះ ដែលភាគច្រើនគឺនៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។
ពលរដ្ឋវៀតណាមដទៃទៀតនៅក្នុងប្រទេសមានការព្រួយបារម្ភថា ការឆ្លងនេះនឹងរីករាលដាលទៅកន្លែងផ្សេង និងជំរុញឲ្យមានការបិទប្រទេសម្ដងទៀត ដូចកាលពីលើកមុនដែលបានបិទរយៈពេលប្រហែលមួយខែរហូតដល់ចុងខែមេសា។
ទីក្រុងដាណាងដែលមានប្រជាជន ១ លាន ១ សែននាក់រស់នៅនេះបានបិទមិនឲ្យមានអ្នកទេសចរចូលរយៈពេល ១៤ ថ្ងៃ រារាំងការជួបជុំជាច្រើន និងបានបិទសេវាកម្មមិនសូវចាំបាច់នានាដូចជាហាងផឹកស្រា និងសួនកម្សាន្តជាដើម។ នេះបើតាមការផ្សាយរបស់វិបសាយព័ត៌មាន VnExpress International។
ចំណែកឯសេវាធ្វើដំណើរចេញចូលទីក្រុងដាណាងដូចជាតាមយន្តហោះ រថយន្តក្រុង តាក់ស៊ី និងរថភ្លើងជាដើមត្រូវបានផ្អាក ហើយភ្ញៀវទេសចររាប់ពាន់នាក់នៅក្នុងទីក្រុងនេះត្រូវតែស្ថិតនៅក្នុងទីក្រុងនេះសម្រាប់រយៈពេលនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Dezan Shira & Associates នៅលើគេហទំព័ររបស់ខ្លួន៕