ប្រទេសម៉ាឡេស៊ីនឹងរឹតត្បិតពលករបរទេសឲ្យធ្វើការតែក្នុងវិស័យ៣ប៉ុណ្ណោះនៅក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើនឱកាសការងារសម្រាប់ពលរដ្ឋម៉ាឡេស៊ីដែលត្រូវប៉ះពាល់ដោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបកាលពីថ្ងៃពុធ។
អនុរដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ីលោក Awang Hashim ថ្លែងប្រាប់សភាថា វិស័យទាំងបីនោះរួមមានវិស័យ សំណង់ កសិកម្ម និងកសិដ្ឋាន ហើយវិស័យដទៃទៀតត្រូវតែរើសអ្នកធ្វើការជាពលរដ្ឋម៉ាឡេស៊ី។
លោកបន្តថា ម៉ាឡេស៊ីនៅពេលនេះមានពលករបរទេសចំនួន២,១លាននាក់។ ប៉ុន្តែតូលេខចុងក្រោយបង្ហាញថាអត្រាអត់ការងារបានកើនដល់៥,៣% ខណៈដែលអាជីវកម្មនានាត្រូវបង្ខំឲ្យបិទទ្វាអស់ជិតបីខែដើម្បីទប់ស្កាត់ការរាតត្បាតនៃកូវីដ១៩។
ក្នុងប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនពលករបរទេសនិងជនភៀសខ្លួនរាប់រយនាក់ ហើយការរឹតត្បិតនានាក៏បានធ្វើឲ្យសាធារណមតិប្រឆាំងនឹងពលករបរទេសផងដែរ។
ម៉ាឡេស៊ីមានសេដ្ឋកិច្ចធំជាងគេទី៣នៅអាស៊ីអាគ្នេយ៍ ប៉ុន្តែបានកើនត្រឹម០,៧%នៅត្រីមាសទី១ឆ្នាំនេះ ដោយសារវិបត្តិកូវីដ១៩ និងការធ្លាក់ថ្ងៃប្រេងកាតនៅជុំវិញពិភពលោក៕