ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ Georgia សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ


រូបឯកសារ៖ បុគ្គលិកការិយាល័យបោះឆ្នោតម្នាក់កំពុងរៀបចំសន្លឹកឆ្នោត ខណៈការរាប់សន្លឹកឆ្នោតនៅបន្តធ្វើឡើងនៅមជ្ឈមណ្ឌល State Farm Arena ក្នុងទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកការិយាល័យបោះឆ្នោតម្នាក់កំពុងរៀបចំសន្លឹកឆ្នោត ខណៈការរាប់សន្លឹកឆ្នោតនៅបន្តធ្វើឡើងនៅមជ្ឈមណ្ឌល State Farm Arena ក្នុងទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លេខាធិការ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៃ​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​រវាង​លោក​ប្រធានាធិបតី Donald Trump និង​លោក Joe Biden ដែល​គេ​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត។

ដោយ​សន្លឹក​ឆ្នោត​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​រាប់​នៅ​ក្នុង​រដ្ឋ Georgia លោក Biden កំពុង​នាំ​មុខ​លោក Trump ចំនួន ១៤.១១២ សំឡេង នៃ​សន្លឹក​ឆ្នោត​សរុប​ទាំង​អស់​ជិត ៥ លាន​សំឡេង ដែល​បាន​បោះ​នៅ​ក្នុង​រដ្ឋ​នោះ។

លោក Brad Raffensperger លេខាធិការ​រដ្ឋ Georgia បាន​និយាយ​ថា លោក​ចង់​ឲ្យ​លោក Trump ឈ្នះ​ការ​បោះឆ្នោត​នេះ ក៏ប៉ុន្តែ​លោក​បាន​ជំទាស់​ទៅ​នឹង​ការ​អះអាង​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​ថា ការ​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ Georgia មាន​ភាព​មិន​ប្រក្រតី។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ មក បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ដែល​ឈ្នះ​នៅ​ក្នុង​រដ្ឋ Georgia នោះ​ទេ។

លោក Raffensperger បាន​និយាយ​ថា លោក​នឹង​អញ្ជើញ​ទាំង​អ្នក​សង្កេតការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​និង​អ្នក​សង្កេតការណ៍​របស់​គណបក្ស​សាធារណរដ្ឋ ឲ្យ​មក​មើល​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នេះ ដោយសារតែ​មាន «ការ​ប្រជែង​ខ្លាំង»។

សន្លឹក​ឆ្នោត​នឹង​ត្រូវ​ស្កេន​ឡើង​វិញ​នៅ​ក្នុង​កុំព្យូទ័រ​នៅ​ក្នុង​រដ្ឋ​នោះ បន្ថែម​ពី​លើ​ការ​ត្រួត​ពិនិត្យ​ដោយ​មនុស្ស​លើ​សន្លឹក​ឆ្នោត​នីមួយៗ។ នេះ​ជា​ដំណើរការ​មួយ​ដែល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​សង្ឃឹម​ថា ​នឹង​អាច​បញ្ចប់​ នៅ​ត្រឹម​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​ខាង​មុខ។

លោក Raffensperger បាន​បញ្ជាក់​ថា៖ «ដំណើរការ​នេះ​នឹង​ជួយ​កសាង​ទំនុកចិត្ត»៕

XS
SM
MD
LG