ឧត្តរមានជ័យ៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ មជ្ឈមណ្ឌលឯកសារកម្ពុជាបានកសាងស្លាកដែលចារិកពាក្យស្លោកជាច្រើននៅតាមវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា។
ថ្មីៗនេះ ស្លាកមួយក្នុងចំណោមស្លាកប្រឆាំងអំពើប្រល័យពូជសាសន៍ទាំងនោះត្រូវបានសាងសង់ឡើងនៅក្នុងអតីតតំបន់តស៊ូចុងក្រោយគេរបស់ខ្មែរក្រហម ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស។
ស្លាករំឭកដល់ការចងចាំជាមួយពាក្យស្លោកទាំងនេះ ត្រូវបានសម្ពោធឡើងនៅក្នុងស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅនេះ ។
ថ្មីៗនេះ ស្លាកមួយក្នុងចំណោមស្លាកប្រឆាំងអំពើប្រល័យពូជសាសន៍ទាំងនោះត្រូវបានសាងសង់ឡើងនៅក្នុងអតីតតំបន់តស៊ូចុងក្រោយគេរបស់ខ្មែរក្រហម ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស។
ស្លាករំឭកដល់ការចងចាំជាមួយពាក្យស្លោកទាំងនេះ ត្រូវបានសម្ពោធឡើងនៅក្នុងស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅនេះ ។
អ្នករៀបចំកម្មវិធីនេះនិយាយថា ស្លាកនេះត្រូវបានសាងសង់ដំបូងគេហើយនៅក្នុងខេត្តនេះ ដើម្បីជាការរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហមផង និងដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាសម័យនោះផង។
លោក ឌី ខាំបូលីគឺជាប្រធានក្រុមដឹកនាំគម្រោងអប់រំប្រឆាំងអំពើប្រល័យពូជសាសន៍នៃមជ្ឍមណ្ឌលឯកសារកម្ពុជា។
«ក្នុងនាមជាសិស្ស ខ្ញុំបានរៀនយល់ដឹងពីរបបអញ្ចឹង ខ្ញុំមានអារម្មណ៍ថា ចង់យល់ ចង់ដឹង ចង់ស្គាល់ថា វាមានអ្វីកើតឡើងខ្លះកាលពីពេលមុន»។ផាន់ ពិសី
«គោលដៅចុងក្រោយនៃការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហមគឺដើម្បីចូលរួមចំណែកនៅក្នុងការជួយដល់ប្រទេសកម្ពុជាឲ្យស្វែងរកបាននូវការផ្សះផ្សារជាតិមួយជាអចិន្ត្រៃយ៍ ក៏ដូចជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍និងការកសាងសន្តិភាពយូរអង្វែងនៅពេលអនាគត»។
អន្លង់វែងគឺជាអតីតទីតាំងតស៊ូចុងក្រោយបង្អស់របស់ក្រុមខ្មែរក្រហមដែលបានផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីឆ្នាំ១៩៩៩។
បច្ចុប្បន្ន អ្នកស្រុកនៅទីនេះភាគច្រើនលើសលុបគឺសុទ្ធតែជាអតីតកម្មាភិបាលនិងទាហានខ្មែរក្រហមនិងក្រុមគ្រួសារ ឬសាច់ញាតិរបស់ពួកគេ។
លោក ឌី ខាំបូលីមានប្រសាសន៍ថា កន្លងមកមានប្រតិកម្មពីអ្នកស្រុកខ្លះនៅតំបន់នេះដែលមិនចង់ឲ្យមានការបង្រៀន និងរៀនអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមទេ។
«ដូច្នេះហើយបានជាការលើកពាក្យស្លោកនេះ គឺដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ផ្សព្វផ្សាយអំពីការសិក្សានេះគឺនាំទៅដល់ការផ្សះផ្សាជាតិ អត់ឱន អាធ្យាស្រ័យគ្នា មិនមែនជាការឆ្កឹះដំបៅឲ្យឈឺឡើងវិញ ឲ្យដំបៅឡើងវិញ និងមិនមែនជាការសិក្សាដែលនាំឲ្យមានការខឹងសម្បារឬការគុំកួនគ្នានោះទេ»។
លោក អ៊ុំ មេឃគឺជាអ្នកស្រុកម្នាក់ ដែលរស់នៅចំពីមុខវិទ្យាល័យអន្លង់វែង ជាទីតាំងដែលស្លាករំឭកការចងចាំនេះស្ថិតនៅ។
លោកមានប្រសាសន៍ថា ការមានស្លាកនេះនឹងមានអត្ថប្រយោជន៍ដល់អ្នកស្រុកនេះ។
«ពាក្យស្លោកហ្នឹងគឺជាជាការអត់ឱន ការអាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។ ការរៀនប្រវត្តិសាស្ត្រខ្មែរក្រហមគឺមិនមែនដើម្បីចងកំហឹងទេគឺរៀនឲ្យដឹងថា សង្គមហ្នឹងវាអញ្ចឹង»។
ប្រជាពលរដ្ឋមួយចំនួននៅទីនេះលើកឡើងថា ការលើកពាក្យស្លោកនេះពិតជាមានសារៈសំខាន់សម្រាប់អប់រំក្មេងជំនាន់ក្រោយឲ្យយល់ពីផលវិបាកនៃអំពើប្រល័យពូជសាសន៍ និងរួមគ្នាការពារកុំឲ្យរបបនេះកើតឡើងជាថ្មីទៀត»។
ផាន់ ពិសីគឺជាសិស្សថា្នក់ទី១០នៃវិទ្យាល័យអន្លង់វែងនេះ។
ផាន់ ពិសីគឺជាសិស្សថា្នក់ទី១០នៃវិទ្យាល័យអន្លង់វែងនេះ។
«ក្នុងនាមជាសិស្ស ខ្ញុំបានរៀនយល់ដឹងពីរបបអញ្ចឹង ខ្ញុំមានអារម្មណ៍ថា ចង់យល់ ចង់ដឹង ចង់ស្គាល់ថា វាមានអ្វីកើតឡើងខ្លះកាលពីពេលមុន»។
របបខ្មែរក្រហមត្រូវបានដឹងនាំដោយប៉ុល ពត ដែលសាកសពរបស់គាត់ត្រូវបានគេបូជានៅទីនេះ។ របបនោះត្រូវបានស្តីបន្ទោសចំពោះការស្លាប់ប្រជាជនប្រមាណ១លាន៧សែននាក់ ដោយសារជម្ងឺ ការធ្វើការហួសកម្លាំង ការបង្អត់អាហារ ការធ្វើទារុណកម្ម និងការកាប់សម្លាប់ចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩។
ក្រុមអ្នកស្រាវជ្រាវអំពីស្រុកអន្លង់វែងនេះនិយាយថា អ្នកស្រុកខ្លះនៅទីនេះនៅតែមិនចាត់ទុករបបខ្មែរក្រហមថា ជារបបប្រល័យពូជសាសន៍ដដែល ប៉ុន្តែអ្នកខ្លះទៀតបានសំដែងអារម្មណ៍ខ្មាស់ខ្លួនឯងចំពោះទង្វើដែលពួកគេបានធ្វើនៅក្រោមរបបនោះ។
លោក យឹម ផាន់ណា បច្ចុប្បន្នគឺជាអភិបាលស្រុកនេះ។ លោកគឺជាអតីតមេបញ្ជាការយោធាម្នាក់របស់ក្រុមខ្មែរក្រហមដែលបានផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា ការលើកស្លាកនេះឡើង គឺដូចជាការរំឭកការចងចាំអំពីរបបអតីតកាលដែលបានបណ្តាលឲ្យមានការបាក់បែក ព្រាត់ប្រាស់និងការបាត់បង់ជីវិតមនុស្សអស់យ៉ាងច្រើន។
«យើងនៅតែមានវិប្បដិសារីក្នុងចិត្តក្នុងគំនិតយើងថា យើងមិនត្រូវឲ្យមាន។ ដូច្នេះ មិនត្រូវឲ្យមានរបបហ្នឹងគឺថា យើងត្រូវទប់ស្កាត់ ធ្វើយ៉ាងម៉ិចឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ គ្រប់មជ្ឈដ្ឋានទាំងអស់ ធ្វើម៉ិចកុំឲ្យអារបបនេះមកយារយីក្នុងសង្គមយើងទៀត»។
បច្ចុប្បន្ន អ្នកស្រុកអន្លង់វែងបានចូលរួមរស់ជាមួយសង្គមវិញស្ទើរទាំងស្រុង ហើយបានរួមចំណែកយ៉ាងសកម្មនៅក្នុងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខ្លួន។
លោកស្រី ទន់ សាអ៊ីមគឺជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។ លោកស្រីមានប្រសាសន៍ថា ការចូលរួមរស់នៅជាមួយគ្នាវិញនេះ គឺជាទង្វើដ៏ប្រពៃរ៍ដែលត្រូវប្រកាន់យក។
«មិនគួរឲ្យមានការគុំកួន ឬចង្អុលគ្នាថា អ្នកនេះក្រហម អ្នកនោះស អ្នកនោះខៀវ កាលនោះទេ។ ឥឡូវយើងមានពណ៌សម្បុរដូចគ្នា។ យើងនាំគ្នាទៅធ្វើការរួមមួយ»។
លោកស្រីមានប្រសាសន៍ថា គ្រប់គ្នាសុទ្ធតែអះអាងថា ជាអ្នកស្នេហាជាតិ ប៉ុន្តែបានប្រើប្រាស់វិធីសាស្ត្រខុសគ្នាដើម្បីសម្រេចគោលដៅដូចគ្នាមួយ។ ហើយដោយសារតែភាពខុសគ្នានោះហើយទើបធ្វើឲ្យកម្ពុជាបានពើបប្រទះនឹងការព្រាត់ប្រាស់និងបាក់បែកគ្នានោះ៕