ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ុល ពត​ នៅ​មាន​គេ​គោរព


ផ្នូរ​របស់​ប៉ុលពត​ដែល​ស្ថិត​នៅ​​អន្លង់វែង​។​​
ផ្នូរ​របស់​ប៉ុលពត​ដែល​ស្ថិត​នៅ​​អន្លង់វែង​។​​

ជាង​៣​ទសវត្សរ៍​មក​ហើយ​ចាប់​តាំង​ពី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​បំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា​ សម្លាប់​ប្រជាជន​ប្រហែល​ជា​១​ភាគ​បួន​ក្នុង​ការ​ធ្វើនយោបាយ​កម្មុយនីស្តមហា​លោតផ្លោះ​មហា​អស្ចារ្យ​របស់គេ។ នៅ​ពេល​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​បំផុត​ចំនួន​បួន​រូប​ដែល​នៅ​រស់​រាន​មាន​ជីវិត​ត្រូវ​កាត់​ទោស​នៅ​ទី​ក្រុង​ភ្នំពេញ​នោះ​ អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​គឺ​ប៉ុល​ ពត​នោះ​ មិន​អាច​ស្គាល់​យុត្តិធម៌​ទេ។ ប៉ុល​ ពត​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៨​ បន្ទាប់​ពី​ក្រុម​កម្មុយនីស្តជ្រុល​និយម​បែកបាក់។ ​អន្លង់វែង​មក​ជា​តំបន់​កាន់​កាប់​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​ ដែល​មាន​ប្រជាជន​មួយ​ចំនួន​នៅ​តែ​ចាត់​ទុក​ ប៉ុល​ ពត​ថា​ជា​អ្នក​មាន​អំណាច​គួរ​ឲ្យ​គោរព។

លោក​សេក​ ណាវុធ​ លុត​ជង្គង់​នៅ​មុខ​ផ្នូរ​ធម្មតា​មួយ​ដំបូល​ប្រក់​ស័ង្កសី​ និង​ព័ទ្ធ​ជុំវិញ​ដោយ​អំបែង​ដប​ដែល​ដាំ​ក្បាល​ចូល​ទៅ​ក្នុង​ដី។

បុរស​អាយុ​៣២​ឆ្នាំ​នោះ​បាន​អុជ​ធូប​សែន​ចេក​និង​លើក​ដៃ​សំពះ​បួង​សួង។​ លោក​ សេក​ ណាវុធ​ និយាយ​ថា​ គាត់​មក​បួងសួង​នៅ​ផ្នូរ​នេះ​ពីរ ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​បន់ស្រន់​សុំ​សេចក្តី​ស្ងប់​ក្នុង​ចិត្ត​ និង​រក​ស៊ី​មាន​បាន។​ ការ​គោរព​បុព្វបុរស​ជា​ប្រពៃណី​មួយ​របស់ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន។​ ក៏ប៉ុន្តែ​លោក​ណាវុធ​មិន​ត្រឹម​តែ​គោរព​បុព្វបុរស​ទេ​ តែ​គាត់​កំពុង​គោរព​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ដ៏​ឃោរឃៅ​គឺ​ប៉ុល ពត។

នៅ​ក្នុង​របប​ប៉ុល​ ពត​ ដែល​គាត់ត្រូវ​ស្គាល់​ថា ​«បង​ធំ​ទី​មួយ​» ពួក​កម្មុនីស្ត​ជ្រុល​និយម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជិត​២​លាន​នាក់​ពេល​ដែល​ពួក​គេ​ចង់​បង្កើត​ កសិកម្ម​មហា​លោតផ្លោះ​មហា​អស្ចារ្យ​របស់​គេ។

លោក​សេក​ ណាវុធ​និយាយ​ថា​ គាត់​មក​បន់ស្រន់​នៅ​ទី​នេះ ​ពី​ព្រោះ​គាត់​គោរព​ប៉ុល ពត។​ គាត់​និយាយ​ថា​ គាត់​មិន​ដឹង​ថា ​តើ​ ប៉ុល​ ពត​បាន​សម្លាប់​មនុស្ស​ឬ​ក៏​អត់​ទេ។​ គាត់​និយាយ​ថា​ ប៉ុល ពត​គ្រាន់​តែ​ជា​មនុស្ស​ចាស់​ម្នាក់​ ហើយ​ឥឡូវ​ប៉ុល ពត​ជា​បុព្វបុរស​ ដូចនេះ​គាត់​គ្រាន់​តែ​មក​បន់​ស្រន់​សុំ​ឲ្យ​គ្រួសារ​ គាត់​មាន​សេចក្តី​សុខ​ប៉ុណ្ណោះ។

ផ្នូរ​របស់​ប៉ុល​ ពត​ឋិត​នៅ​ក្រោយ​កន្លែង​លក់​ដូរ​តូច​មួយ​របស់​លោក​ណាវុធ​ ហើយ​គាត់​និយាយ​ថា​ គាត់​ប្រទះ​ឃើញ​សាច់​ញាតិ​របស់​ប៉ុល​ ពត ​មក​គោរព​បូជា​នៅ​ទី​នេះ។

លោកណាវុធ​និយាយ​ថា​ ការ​លក់​ដូរ​របស់​គាត់​គឺល្អ​ប្រសើរ​ ហើយ​ទោះ​ជា​គាត់​មិន​ប្រាកដ​ថា​ ដោយ​សារ​ព្រលឹង​របស់​ ប៉ុល​ ពត​ក៏​ដោយ​ ក៏​គាត់​និង​មិត្ត​ភក្តិ​នឹង​បន្ត​បន់​ស្រន់​គ្រែង​លោ​ វា​សក្តិសិទ្ធ។

លោក​ អ៊ុន​ រ៉េត​ ជា​ប្រធាន​ភូមិ​ស្លែង​ពណ៌​ក្នុង​ស្រុក​អន្លង់​វែង​ និង​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម។ គាត់​និយាយ​ថា​ ប៉ុល​ ពត​ គឺ​ជា​មនុស្ស​អស្ចារ្យ​ម្នាក់​សម្រាប់​អ្វី​ដែល​គាត់​បាន​បំពេញ​ ប៉ុន្តែ​ប៉ុល ពត​មិន​បាន​គិត​ពី​ទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ។

គាត់​និយាយ​ថា​ អ្នក​ដែល​ទៅ​គោរព​ផ្នូរ ប៉ុល​ ពត​ គឺ​ជា​សាច់​ញាតិ​ជិត​ស្និទ្ធ​របស់​ប៉ុល​ ពត ឬ​ក៏​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ប៉ុល​ ពត។ គាត់​និយាយ​ថា​ ពួក​គាត់​នៅ​តែ​ជឿជាក់​លើ​នយោបាយ​របស់​ប៉ុល​ ពត។ មាន​អ្នក​ខ្លះ​ចង់​បាន​ធាតុ​របស់​ប៉ុល​ ពត​ដាក់​នៅ​ផ្ទះ​របស់​ពួក​គេ​ផង​ ព្រោះ​គេ​គិត​ថា​ វា​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​សំណាង​ល្អ។

ដូច​គ្នា​នឹង​អតីត​ខ្មែរ​ក្រហម​ភាគ​ច្រើន​ដែរ​ លោក​ អ៊ុន​ រ៉េត បដិសេធ​ថា​ គាត់​មិន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើឃោរឃៅ​ផ្សេងៗ​ទេ។ ប៉ុន្តែ​មិត្ត​ភក្តិ​របស់​គាត់​ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ហើយ​នោះ ​បាន​ប្រាប់​គាត់​ថា​ ពួក​គេបាន​ធ្វើ​ទារុណកម្ម​ឬ​សម្លាប់​មនុស្ស។

ផ្ទះ​របស់​មេទ័ព​ខ្មែរ​ក្រហម​គឺតាម៉ុកឋិត​នៅ​ជិត​បឹង​មួយ​ដែលមាន​ផ្កា​ច្រើន​គួរ​ឲ្យ​គយ​គន់។

ម្តង​ម្កាល​ មាន​ទូក​អ៊ុំក្នុងបឹងនេះ​ ​ហើយ​គោ​ជា​ច្រើន​កំពុង​ស៊ី​ស្មៅ​នៅ​ជិត​ផ្ទះ​ធ្វើ​អំពី​ស៊ីម៉ង់​និង​ឈើ​ដែល​ក្លាយ​ជា​ទីតាំង​ទេសចរណ៍​មួយ។

ប៉ុល​ ពត​ និង​មេ​ដឹកនាំ​ជាន់​ខ្ពស់​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​កាត់​ទោស​ បាន​ប្រជុំ​ចុង​ក្រោយ​នៅ​ទី​នេះ​ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​១៩៩០​ មុន​ពេល​ខ្មែរ​ក្រហម​បែក​បាក់​ និង​រលំ​រលាយ។

លោក​ សៀង​ សុខេង​ ប្រធាន​ការិយាល័យ​ទេសចរណ៍​និង​ជា​អតីត​ខ្មែរ​ក្រហម​បាន​ពន្យល់​នូវ​អ្វី​ដែល​បាន​កើត​ឡើង។

លោក​និយាយ​ថា​ ក្រុម​ទាំង​ពីរ​ មួយក្រុម​ស្មោះ​ត្រង់នឹងប៉ុល​ ពត​ ហើយ​ មួយ​ក្រុម​ទៀត​ស្មោះត្រង់​នឹង​តាម៉ុក​ បាន​ព្យាយាម​គ្រប់គ្រង​ទាហាន​ខ្មែរ​ក្រហម។ លោក​និយាយ​ថា​ ដំបូង​ប៉ុល​ ពត​មាន​អំណាច​ខ្លាំង​ជាង​គេ​ ក៏​ប៉ុន្តែ​ក្រោយ​មក​ តាម៉ុក​ បាន​អំណាច​គ្រប់គ្រង​ទាហាន​ ​ ដូច​នេះ​គាត់​ក្លាយ​ជា​អ្នក​ដែល​មាន​អំណាច​ធំ​ជាង​គេ​វិញ។

តាម៉ុក​បាន​ចាប់​យក​ប៉ុល​ ពត​មក​ឃុំ​ និង​កាត់​ទោស​ដោយ​គ្រាន់តែ​បង្គ្រប់​កិច្ច។​ ក៏​ប៉ុន្តែ​មេ​ដឹកនាំ​អស់​អំណាចនេះ​បាន​ស្លាប់​ក្នុង​ការ​ឃុំ​ឃាំង​ មុន​ពេល​ប្រឈមមុខ​នឹង​ការ​កាត់​ទោសដ៏​ពិត​ប្រាកដ។

មួយ​ឆ្នាំ​បន្ទាប់​មក​ តាម៉ុក​បាន​ត្រូវ​គេ​ចាប់​ខ្លួន​ ហើយបាន​ស្លាប់​មុន​ពេល​សវនាការ​ចាប់​ផ្តើម​។

មេ​ដឹកនាំ​នយោបាយ​ជាន់​ខ្ពស់​បួន​នាក់​ដែល​នៅ​រស់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០០៧​ និង​ពួក​គេ​កំពុង​ប្រឈម​មុខ​ការចោទ​ប្រកាន់​ពី​បទ​ធ្វើ​ទារុណកម្ម​រហូត​ដល់​អំពើ​ប្រល័យ​ពូជសាសន៍​ នៅ​តុលាការ​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នាទី​ក្រុង​ភ្នំពេញ។

ក៏​ប៉ុន្តែ​ពួក​គេ​មាន​អាយុ​ពី​៧៩​ ដល់​៨៥​ឆ្នាំ​ ហើយ​អ្នក​សង្កេត​ការណ៍ជា​ច្រើនព្រួយ​បារម្ភ​ថា​ ពួក​គេ​ប្រហែល​ជា​មិន​អាច​រស់​នៅ​រហូត​ដល់​ការ​ប្រកាស​សាល​ក្រម​ទាក់ទង​នឹង​តួនាទី​របស់​គេ​ក្នុង​បដិវត្ត​ដ៏​បង្ហូរ​ឈាម​របស់​ប៉ុល​ ពត​នោះ​ទេ៕

ប្រែសម្រួល​ដោយ​ ហ៊ុយ​ សម្ផស្ស

XS
SM
MD
LG