ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីរំលាយ​សព​របស់​អៀង​ សារី​ចូលរួម​ដោយ​អតីត​កម្មាភិបាល​ខ្មែរក្រហម


ពិធីបូជា​សព​អៀង​ សារី​
ពិធីបូជា​សព​អៀង​ សារី​

អតីតជន​ជាប់ចោទ​ដោយ​សាលាក្តី​ខ្មែរក្រហម​រូប​នេះ​បាន​ស្លាប់​ក្នុង​អាយុ​៨៧​ឆ្នាំ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ក្រុង​ភ្នំពេញ។​

ស្រុក​ម៉ា​ឡៃ​ខេត្ត​បន្ទាយ​មានជ័យ
សាកសព​អតីត​ជន​ជាប់ចោទ​អៀង​ សារី​បាន​រលាយ​ទៅ​ជា​ផ្សែង​ខ្មៅខ្មួល​ចេញពី​មេន​មួយ​ដែល​សង់​នៅ​ពីមុខ​ផ្ទះ​មួយ​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ដើមឈើ​ និង​ដីចម្ការ​ដែល​ទើប​នឹង​ភ្ជួរ​រាស់​ថ្មីៗ។​

ពិធី​បូជា​បាន​ចាប់ផ្តើម​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ភូមិ​ដូង​ ឃុំ​ម៉ា​ឡៃ​ ក្នុង​ស្រុក​ម៉ា​ឡៃ​ ខេត្ត​បន្ទាយ​មានជ័យ។
ពិធីបូជា​សព​អៀង​ សារី​ អតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃនេះ​ធ្វើ​ឡើង​ប្រាំពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្លាប់​របស់​គាត់។​

អតីតជន​ជាប់ចោទ​ដោយ​សាលាក្តី​ខ្មែរក្រហម​រូប​នេះ​បាន​ស្លាប់​ក្នុង​អាយុ​៨៧​ឆ្នាំ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ក្រុង​ភ្នំពេញ។​

កូនៗ​របស់​អៀង​ សារី​ រួម​មាន​លោក​អៀង​ វុធ​ អភិបាលរង​ខេត្ត​ប៉ៃលិន​ និង​កូនស្រី​ពីរ​នាក់​ទៀត​របស់​សព​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម​រូប​នេះ ​រួម​ទាំង​សាច់ញាតិ​ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​ធ្លាប់​ធ្វើការ​ក្នុង​ក្រសួង​ការបរទេស​ខ្មែរក្រហម ​និង​អតីត​មេទ័ព​ខ្មែរក្រហម​ បាន​ដង្ហែរ​សព​អៀង​ សារី​ចេញពីផ្ទះ​ចំនួន​បី​ជុំ​មេរុ​មុន​នឹង​លើក​សព​តម្កល់​ដើម្បី​ការ​ផ្តល់​ភ្លើង​បូជា។​ ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​គេ​សែង​លើ​គ្រែស្នែង​ដែល​មាន​គម្ពីរ​មួយ​ដាក់​នៅ​ពីមុខ​នោះ​ដើម្បី​នាំ​មុខ​ក្បួន​ដង្ហែរ។​

កូនស្រី​របស់​អៀង​ សារី​ អ្នក​ស្រី​ហ៊ុន​ វណ្ណ​នី​ថ្លែង​វិយោគកថា​មុន​ការ​បូជា។​

«លោក​ឪពុក​មិន​ស្លាប់​ចោល​កូន​ទេ​ ព្រោះ​ចំហាយ​នៃ​ទឹកចិត្ត​លោក​ឪពុក​បាន​មក​បបោស​អង្អែល​ឲ្យ​កូនៗ​ទាំងអស់​មាន​ភាព​កក់ក្តៅ​គ្រប់​ដង្ហើម​ចេញចូល។​ លោក​ឪពុក​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ចិត្ត​របស់​កូន​ជា​អមតៈ»។​

អៀង​ ធីរិទ្ធ​ជនជាប់ចោទ​ម្នាក់​ក្នុង​សំណុំ​រឿង​០០២​ក្នុង​សាលាក្តី​ខ្មែរក្រហម ​ដែល​ត្រូវ​ជា​ភរិយា​របស់​សព​អៀង​ សារី​ ត្រូវ​គេ​ជូន​មក​កាន់​កន្លែង​បូជាសព​ដែល​ស្ថិត​នៅ​ពីមុខ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ ដែល​សង់​ដោយ​អៀង​ សារី​នៅ​ឆ្នាំ​១៩៩០។​

អៀង​ ធីរិទ្ធបាន​មក​ដល់​ផ្ទះ​បុណ្យសព​នៅ​ម៉ោង​ប្រមាណ​បី​រសៀល​ហើយ​ត្រូវ​សមាជិកគ្រួសារ​បី​ចូល​ក្នុងផ្ទះ​និង​ដាក់​ឲ្យ​អង្គុយ​នៅ​ខាងស្តាំ​ដៃ​នៃ​ក្តារ​មឈូស​ប្តី​របស់​គាត់​ដែល​ជា​អតីតជន​ជាប់ចោទ​ក្នុង​សំណុំរឿង​០០២​ដែរ។​

គាត់​មាន​សក់ស្កូវ​ព្រោង​ និង​មានទឹក​មុខស្មើ​និង​លើកដៃ​សំពះ​ខណៈ​ដែល​សាច់ញាតិ​របស់​គាត់​អង្គុយ​នៅ​អម​សងខាង​នោះ។​

អៀង​ ធីរិទ្ធអ​យុ​៨១​ឆ្នាំ​ត្រូវ​កូនចៅ​របស់​គាត់​នាំ​ចេញពី​បន្ទប់​ផ្ទាល់​ដី​ដែល​គេ​តម្កល់សព​អៀង​ សារី​ ចេញ​មក​ខាងក្រៅ​នៅ​ពេល​ដែល​សាក​ព​ត្រូវ​បាន​តម្កល់​លើ​មេរុ។​

អៀង​ ធីរិទ្ធ​ស្លៀកពាក់​ស​ អង្គុយ​សម្លឹង​ទៅ​រក​មេរុ​នៅ​លើ​កៅអី​មួយ​ចំ​មាត់ទ្វារ​ចូល​ផ្ទះ។​ សាច់ញាតិ​របស់​គាត់​បាន​យក​កន្សែង​ជូន​មុខ​ឲ្យ​គាត់​នៅ​ពេល​ដែល​គាត់​បង្ហូរ​ទឹកភ្នែក​និង​ខ្សឹកខ្សួល​ ប៉ុន្តែ​មិន​យំ​ខ្លាំង​នោះ​ទេ។​

គាត់​ត្រូវ​កូនចៅ​និង​សាច់ញាតិ​គ្រា​មក​ឲ្យ​ចូល​មើល​ក្តារ​មឈូស​ជា​លើក​ចុង​ក្រោយ ​ហើយ​គាត់​បាន​និយាយ​ដោយ​ចាត់​ទុក​ប្តី​របស់​គាត់​ថា​ជា​«ប៉ា»។​ គាត់​ដឹង​ថា​ «ប៉ា​របស់​គាត់​រូប​នេះ​ស្លាប់​ហើយ»។​

លោក​អ៊ី​ ឈាន​ អភិបាលខេត្ត​ប៉ៃលិន​ និង​ជា​អតីត​កង​ការពារ​របស់ប៉ុល​ ពត​ មេ​ស្ថាបនិក​នៃ​របប​ខ្មែរ​ក្រហម​និង​ក្រោយមក​បាន​ក្លាយជា​មេបញ្ជាការ​កង​ទ័ព​ខ្មែរក្រហម​មួយ​រូប។​

លោក​ធ្វើ​ជាអធិបតី​ក្នុង​ការ​ឲ្យ​ភ្លើង​បូជា​នេះ។​ លោក​ថ្លែង​ដោយ​ខ្លី​ថា​ វត្តមាន​របស់​លោក​គឺ​ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​របស់​អៀង​ សារី។​

«នេះ​ជា​ការ​រំលែក​ទុក្ខ​ ព្រោះ​ធម្មតា​ខ្មែរ​យើង​កាលណា​មានកម្ម​វិធី​តែងតែ​មក​ចូលរួម​ក្នុង​កម្មវិធី​អញ្ចឹង»។​

លោក​ព្រំ​ ស៊ូ​ អតីត​មេទ័ព​ខ្មែរក្រហម​មួយ​រូប​និង​ជា​អតីត​ទីប្រឹក្សា​ក្រសួង​ការពារជាតិ។​ គាត់​ដាច់​ដៃ​ម្ខាង​ផ្នែក​ខាងស្តាំ។​

«សង្ខា​របស់​មនុស្ស​លោក​ធម្មតា​ទេ។​ ការ​ចង​ចាំ​រាប់​មិន​អស់​ដោយ​គាត់​ជា​មេដឹកនាំ​ខ្ញុំ»។​

មនុស្ស​ប្រមាណ​ជាង​១០០០​នាក់​បាន​ចូលរួម​ពិធី​បូជា​សព​របស់​អៀង​ សារី។​ ក្នុង​នោះ​ភាគច្រើន​គឺជា​អតីត​សមាជិក​ចលនា​តស៊ូ​ខ្មែរក្រហម។​ ព្រះសង្ឃ​ចំនួន​៨៩​អង្គ​និមន្ត​មក​ពី​វត្ត​ចំនួន​២៥​ ក្នុង​នោះ​មាន​សង្ឃ​មួយ​ចំនួន​មក​ពី​ខេត្ត​ប៉ៃលិន​ មក​ពី​ខេត្តបាត់ដំបង​ និង​ព្រះ​សង្ឃ​មក​ពី​ខេត្ត​ស្រះ​កែវ​របស់​ប្រទេស​ថៃ​ដែល​ជាប់​នឹង​ព្រំដែន​ខេត្ត​បន្ទាយ​មានជ័យ។​

លោក​អាង​ ឧត្តម​ សហ​មេធាវី​កម្ពុជា​មាន​វត្តមាន​ក្នុង​ពិធី​បុណ្យសព​នេះ​ដែរ។​

«ចូលរួម​ឈាបនកិច្ច​របស់​គាត់​តាម​របៀប​ជា​មនុស្សធម៌​ ជា​គ្រួសារ​ ជា​ការ​រាប់អាន​ដូច​ជា​ពុទ្ធ​បរិស័ទ​ដទៃ​ទៀត​ដែរ»។​

លោក​ម៉ា​យ​ឃើ​ល​ ខា​ណា​វ៉ាស​ សហ​មេធាវី​អន្តរ​ជាតិ​របស់​អៀង​ សារី​ អធិប្បាយ​ដោយ​ចោទ​ប្រកាន់​លើ​សាលាក្តី​ខ្មែរក្រហម​ថា​ អៀង​ សារី​មិន​គួរ​ត្រូវ​គេ​នាំ​យក​មក​កាត់​ទោស​នោះ​ទេ​ ដោយសារ​តែ​គាត់​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​កាលពី​ឆ្នាំ​១៩៩៦​រួច​ទៅ​ហើយ​ ជា​ថ្នូរ​ទៅ​នឹង​ការ​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល។​
លោក​ញ៉ែ​ម​ អេ​ន​ អភិបាល​រង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​និង​ជា​អតីត​អ្នក​ថតរូប​ម្នាក់​នៅ​សម័យ​ខ្មែរក្រហម​ បាន​មក​ចូលរួម​ពិធី​បុណ្យសព​លោក​អៀង​ សារី​ ដោយ​លោក​ស្វាមីភក្តិ​លើ​អតីត​មេ​ដឹកនាំ​របស់​ខ្លួន ​ប៉ុន្តែ​លោក​គិត​ថា​ ការ​ស្លាប់​របស់​អៀង​ សារីដោយសារ​ការ​ចាស់ជរា​ច្រើន​ជាង។
​លោក​ញ៉ែ​ម​ អេ​ន​ មាន​ប្រសាសន៍​ដោយ​ថ្លឹងថ្លែង​ពី​អតីត​ភាព​នៃ​ការ​ដឹកនាំ​របស់​អៀង​ សារី។​
«វា​ជា​របប​មួយ​ដែល​យើង​មិន​ពិណ៌នា​បាន។​ ធម្មតា​អ្នក​កាន់​អំណាច​តែង​មានការ​ខុស​និង​ត្រូវ។​ ដូច្នេះ​អ្វី​ដែល​ជា​កាតព្វកិច្ច​មានការ​ខុសឆ្គង​ខ្លះ​ចំពោះ​ជាតិ​ ចំពោះ​ប្រជាជន។​ ប៉ុន្តែ​វា​ជា​អតីត​កាល ​ ខុស​ត្រូវ​ អ្នក​ដឹកនាំ​មិន​ថា​ នៅ​លើ​ពិភព​លោក ​និង​នៅ​កម្ពុជា​ទេ ​ខុស​ត្រូវ​ខ្ញុំ​វាយ​តម្លៃ​ស្មើគ្នា»។​
ព្រះ​តេជគុណ​ឃឹម​ សៀង​ជា​ព្រះសង្ឃ​ដែល​មាន​វ័យ​៧៦​ព្រះ​វស្សា ​និង​បាន​ចូលរួម​ក្នុង​ពិធី​បូជា​សព​អៀង​ សារី​ជាមួយ​នឹង​ព្រះសង្ឃ​ចំនួន​៨៨​អង្គ​ផ្សេង​ទៀត។​
ព្រះ​តេជគុណ​មាន​សង្ឃដីកា​ផ្អែក​លើ​កម្មផល​នៃ​អំពើ​របស់​បុគ្គល​ដែល​បាន​ប្រ​ព្រឹត្ត​កាលពី​នៅ​មាន​ជីវិត។​
«បើកាលណា​ធ្វើបុណ្យ​ច្រើន ​ទៅ​សើយ​សុខ​តិ​ភព​ហើយ។ ​បើ​តាម​ធម៌​ព្រះ​សម្មា​សម្ពុទ្ធ​វា​ធ្លាក់​ទៅ​អបាយ​មុខ​តាម​អំពើ​របស់​បុគ្គល​អ្នក​ប្រព្រឹត្ត»។​
យ៉ាងណា​ក៏​ដោយ​ អតីត​សមាជិក​ចលនា​តស៊ូ​ទ័ពព្រៃ​ខ្មែរក្រហម​មួយ​ចំនួន​ដែល​មាន​វត្ត​មាននៅ​ក្នុង​ពិធី​បុណ្យ​សព​អៀង​ សារី បាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​ នៅ​ពេល​ដែល​ត្រូវ​គេ​ចោទសួរ​ដោយ​ត្រង់​អំពី​អតីត​កាល​ទាក់ទងជាមួយ​អៀង​ សារី​ក្នុង​ចលនា​តស៊ូ​របស់​ខ្មែរក្រហម​ទេ៕​
XS
SM
MD
LG