ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាតា​ធម្មជាតិ​ត្រៀម​ប្តឹង​នៅ​សឹង្ហបុរី​ និង​បង្កើន​យុទ្ធនាការ​ប្រឆាំង​ការ​បូម​ខ្សាច់


រូបភាព​នៃ​កប៉ាល់​បូម​ខ្សាច់​មួយ​នៅ​ខេត្ត​កោះកុង។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​មាតាធម្មជាតិ)
រូបភាព​នៃ​កប៉ាល់​បូម​ខ្សាច់​មួយ​នៅ​ខេត្ត​កោះកុង។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​មាតាធម្មជាតិ)

ក្រុមហ៊ុន​ច្បាប់​របស់​សឹង្ហបុរី​ដែល​មាន​ឈ្មោះ​ថា​ Eugene Thuraisingam ​បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​ក្រុមហ៊ុន​ពិតជា​ទទួល​បាន​ការ​ពឹង​ពាក់​ពី​អង្គការ​មាតា​ធម្មជាតិ​ឱ្យ​ផ្តល់​ប្រឹក្សា​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា​ មាន​សកម្មភាព​បូមខ្សាច់​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា។

ឃ្លីប​វីដេអូ​រយៈពេល​ជាង​ពីរនាទី​បង្ហាញ​ពី​សកម្មជន​ម្នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​ចោទ​ជា​សំណួរ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ពី​ភាព​មិន​ប្រក្រតី​ថ្មី​ក្នុង​ការ​នាំ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា។

«ខ្ញុំ​សូម​មាន​សំណួរ​ថ្មី​មួយ​ទៀត​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដូច​តទៅ៖ ហេតុអ្វី​បាន​ជា​តួលេខ​ដែល​មាតា​ធម្មជាតិ​ទទួល​បាន​មកពី​គយ​ និង​ពន្ធដា​នៃ​ប្រទេស​ឥណ្ឌា​ដែល​បង្ហាញ​ថា​ការ​នាំ​ចេញ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន​១០៨.៦៥៨​តោន ដែល​មាន​តម្លៃ​ជាង​ ២​លាន​៨​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ចាប់​តាំងពី​ឆ្នាំ​២០១៣​ដល់​២០១៥​ តែ​ឯកសារ​នៃ​នាយកដ្ឋាន​គយ​ និង​ពន្ធដា​នៃ​ប្រទេស​កម្ពុជា​មិន​បាន​បង្ហាញ​ពី​តួលេខ​ ដែល​នាំ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា​ទាល់​តែ​សោះ‍»។

នេះ​គឺ​ជា​សំណួរ​ដែល​សួរ​ដោយ​លោក​ថុន រដ្ឋា​ សកម្មជន​បរិស្ថាន​វ័យក្មេង​ម្នាក់​ ដែល​បាន​លើក​សំណួរ​នេះ​ឡើង​ដោយ​កប់​ខ្លួន​ក្នុង​ខ្សាច់​រហូត​ត្រឹម​ក​នៅ​ក្បែរ​ព្រែក​ជាប់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង។

ការ​បង្ហាញ​ថ្មី​នេះ​កើត​មាន​ឡើង​ បន្ទាប់ពី​ក្រសួង​រ៉ែ​ និង​ឋាមពល​មិន​បាន​ផ្តល់​ចម្លើយ​ច្បាស់​លាស់​ទៅ​រដ្ឋ​សភា​ជាតិ​ ពាក់ព័ន្ធ​នឹង​ភាព​ខុសគ្នា​រវាង​តួលេខ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​សឹង្ហបុរី​ដែល​អង្គការ​មាតា​ធម្មជាតិ​បាន​រកឃើញ​ថា​ មាន​ចំនួន​ជាង​៧០​លាន​តោន​ ក្នុង​ខណៈ​ពេល​ដែល​ទិន្នន័យ​របស់​កម្ពុជា​បង្ហាញ​ថា​ មានតែ​ជិត​៣​លាន​តោន​តែប៉ុណ្ណោះ។

លោក ឌិត ទីណា ​អ្នកនាំ​ពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល ​ថ្លែង​ក្នុង​សន្និសីទ​ស្តី​ពី​ការ​បំភ្លឺ​ជូន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋ​សភា​ជាតិ​កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ​ថា ​ក្រសួង​រ៉ែ ​និង​ថាមពល ​មិនមែន​ជា​ស្ថាប័ន​ផ្តាច់មុខ​តែ​មួយ​គត់​ ដែល​ទទួល​បន្ទុក​ការ​នាំ​ចេញ​ខ្សាច់​នោះ​ទេ។

លោក​បន្ថែម​ថា ការ​នាំ​ចេញ​ខ្សាច់​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ដោយ​ឡែក​ និង​ផ្សេង​ពី​គ្នា​ស្រប​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​ និង​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេង​គ្នា។ ចំណែក​ការ​កត់ត្រា​ពី​ការ​នាំ​ចេញ​នាំ​ចូល​ និង​ការ​កំណត់​ប្រភេទ​ទំនិញ​របស់​ប្រទេស​នីមួយៗ​ក៏​មាន​វិធីសាស្រ្ត​ខុស​គ្នា​ ដែល​លោក​ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​នៃ​តួលេខ​ដែល​បាន​បង្ហាញ​ពី​ប្រទេស​នីមួយៗ​មាន​ចំនួន​ខុស​គ្នា។

«ពេល​ដែល​ប្រទេស​នីមួយៗ​ គាត់​មាន​វិធាន​ប្រភព​ដើម​ខុស​គ្នា ​ការ​កត់​ត្រា​របស់​គាត់​ក៏​អាច​ខុសគ្នា មិនមែន​ខ្ញុំ​អ្នក​និយាយ​ទេ​គឺ​ UN COMTRADE ​នៅ​ក្នុង​ DATA Base ​(ទិន្នន័យ) ​គឺ​គាត់​សរសេរ​ខ្លួន​ឯង ហើយ​យើង​ក៏​មិន​ដឹង​ថា​ ប្រព័ន្ធ​កត់​ត្រា​របស់​សាំងហ្កាពួរ​យ៉ាង​ម៉េច​ដែរ ​ដូច្នេះ​ហើយ​បើ​ឲ្យ​ក្រសួង​មក​វិភាគ​ថា ​តើ​អ្នកណា​ខុស​អ្នកណា​ត្រូវ​មាន​សាំងហ្កាពួរ​ខុស​ កម្ពុជា​ខុស​ ឬ​មួយ​ក៏ UN ​ខុស។ យើង​មិន​យក​មក​វិភាគ​បែប​នេះ​ទេ។ សូម​ឲ្យ​ដឹង​ថា​ ម្នាក់ៗ​ហើយ​ប្រព័ន្ធ​នីមួយៗ​គេ​ធ្វើ​ឡើង​សុទ្ធ​តែ​មាន​គោលដៅ​របស់​គេ​ ហើយ​សុទ្ធ​តែ​មាន​គោលការណ៍​ក្នុង​ការ​ប្រើប្រាស់​របស់​គេ​ខុសៗ​គ្នា»។

នេះ​ជា​រូបភាព​នៃ​ផ្នែកតូច​មួយ​ពី​ផ្កាយរណប​អំពី​ការ​បូមខ្សាច់ និង​ការ​នាំ​ចេញ​ខ្សាច់​ខុស​ច្បាប់​ពី​ខេត្ត​កោះកុង​កន្លង​មក។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​មាតាធម្មជាតិ)
នេះ​ជា​រូបភាព​នៃ​ផ្នែកតូច​មួយ​ពី​ផ្កាយរណប​អំពី​ការ​បូមខ្សាច់ និង​ការ​នាំ​ចេញ​ខ្សាច់​ខុស​ច្បាប់​ពី​ខេត្ត​កោះកុង​កន្លង​មក។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​មាតាធម្មជាតិ)

រី​ឯ​ករណី​នាំ​ខ្សាច់​ទៅ​ឥណ្ឌា​នេះ​ត្រូវ​លោក​ ទីណា​ ប្រាប់​សារព័ត៌មាន​ The Phnom Penh Post ​ថា ​វាអាច​ថា​មាន​ការ​នាំ​ខ្សាច់​កម្ពុជា​បន្តពី​សឹង្ហបុរី​ទៅ​ប្រទេស​ដទៃ​ ហើយ​បើ​ដូចនេះ​មែន​ វា​មិន​មែន​ជា​កំហុស​របស់​កម្ពុជា​ទេ។

ប៉ុន្តែ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​គឺ​លោក ​អាឡិចសាន់ដ្រូ ​ហ្កុនហ្សាឡេស​ដាវីតសុន​ បាន​បញ្ជាក់​ប្រាប់​ វីអូអេ​ ថា​ឯកសារ​ថ្មី​ដែល​លោក​ទើប​ទទួល​បាន​បង្ហាញ​ថា ​ខ្សាច់​ដែល​ឥណ្ឌា​នាំចូល​គឺ​មាន​ប្រភព​នាំចេញ​ផ្ទាល់​ពី​ប្រទេស​កម្ពុជា​ ដែល​ផ្ទុយពី​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល។

«ឯកសារ​ដែល​យើង​មាន​នៅ​ក្នុង​ដៃ​ គឺ​បញ្ជាក់​ថា​ខ្សាច់​នេះ​គឺ​ប្រភព​មក​ពី​ប្រទេស​កម្ពុជា។ អីចឹង​អ្វីដែល​យើង​កំពុងតែ​ធ្វើ​ហ្នឹង​គឺ​ក្រៅ​ពី​ទិញ​ឯកសារ​ថ្មី​មួយ​ទៀត​មក​ពី​សឹង្ហបុរី​ដែល​និយាយ​អំពី​ករណី​ដែល​អាច​នឹង​មាន​ គឺសឹង្ហបុរី​នាំ​ខ្សាច់​ចូល​ពី​កម្ពុជា​យើង​លក់​ត​ហ្នឹង​ យើង​បាន​ទិញ ​ហើយ​យើង​ឃើញ​ថា​សម្រាប់​ឆ្នាំ​២០១៤​និង​២០១៥​ គឺ​មិនមាន​ទេ‍»។​

រូបឯកសារ៖ លោក ​អាឡិចសាន់ដ្រូ ​ហ្កុនហ្សាឡេស​ដាវីតសុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​ Alejandro Gonzalez Davidson)
រូបឯកសារ៖ លោក ​អាឡិចសាន់ដ្រូ ​ហ្កុនហ្សាឡេស​ដាវីតសុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​ Alejandro Gonzalez Davidson)

លោក​អាឡិច ​កំពុង​ប្រមូល​ឯកសារ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​គេ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​នាំ​ខ្សាច់​ទាំង​នោះ​មក​ប្រទេស​ឥណ្ឌា។

លោក​អាឡិច​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​បញ្ជាក់​ថា លោក​កំពុង​សិក្សា​ពី​នីតិវិធី​ប្តឹង​នៅ​តុលាការ​សឹង្ហបុរី​ប្រឆាំង​នឹង​ក្រុមហ៊ុន​ ឬ​រដ្ឋាភិបាល​សឹង្ហបុរី​ចំពោះ​ការ​នាំ​ខ្សាច់​ចូល​ដោយ​ខុសច្បាប់​ក្នុង​ពេល​កន្លងមក។

«ផ្លូវ​អាច​មាន​ពីរ។ ផ្លូវទីមួយ​គឺ​ដាក់​ពាក្យ​ប្តឹង​លើ​ក្រុមហ៊ុន​ឯកជន​ ឬ​ក៏​ស្ថាប័ន​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​ ដែល​កម្ពុជា​នាំចេញ​ដោយ​ខុសច្បាប់​ឬក៏​គេ​ហៅថា​រត់ពន្ធ ​ឬ​ក៏​ផ្លូវ​ទីពីរ​ដាក់​ពាក្យ​ប្តឹង​ ដោយ​សារ​ខ្សាច់​នេះ​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​ ជាពិសេស​ខេត្ត​កោះកុង ​ហើយ​ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ជីវភាព​រស់នៅ​ប្រជាជន​មូលដ្ឋាន​ក្នុង​ខេត្ត​កោះកុង‍»។

ក្រុមហ៊ុន​ច្បាប់​របស់​សឹង្ហបុរី​ដែល​មាន​ឈ្មោះ​ថា​ Eugene Thuraisingam ​បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​ក្រុមហ៊ុន​ពិតជា​ទទួល​បាន​ការ​ពឹង​ពាក់​ពី​អង្គការ​មាតា​ធម្មជាតិ​ឱ្យ​ផ្តល់​ប្រឹក្សា​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា​ មាន​សកម្មភាព​បូមខ្សាច់​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា។

មាន​ក្រុមហ៊ុន​ចំនួន​១៤​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ឈ្មោះ​ International Rainbow Co. Ltd. ​និង​ក្រុមហ៊ុន​ Diamond Sun Co. Ltd. ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ខ្សាច់​សមុទ្រ​ចន្លោះ​ពី​ឆ្នាំ​២០០៧​ដល់​២០១៥។ នេះ​បើ​តាម​ការ​កត់ត្រា​របស់​ក្រសួង​រ៉ែនិង​ឋាមពល៕

XS
SM
MD
LG