ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រុស្ស៊ី​និយាយ​ថា ខ្លួន​រាំងខ្ទប់​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​លើ​តំបន់ Crimea


រូបឯកសារ៖ អភិបាលក្រុង Sevastopol លោក Mikhail Razvozhaev ថ្លែង​ទៅកាន់ លោក​ប្រធានាធិបតី Vladimir Putin ក្នុង​ពេល​កិច្ចប្រជុំ​នៅ​ទីក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ (Mikhail Metzel, Sputnik, Kremlin Pool Photo via AP)
រូបឯកសារ៖ អភិបាលក្រុង Sevastopol លោក Mikhail Razvozhaev ថ្លែង​ទៅកាន់ លោក​ប្រធានាធិបតី Vladimir Putin ក្នុង​ពេល​កិច្ចប្រជុំ​នៅ​ទីក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ (Mikhail Metzel, Sputnik, Kremlin Pool Photo via AP)

មន្ត្រី​រុស្ស៊ី​មួយ​រូបបាន​ឱ្យដឹង​ថា មាន​ការ​វាយប្រហារ​មួយតាម​យន្តហោះដ្រូន​លើកំពង់​ផែ​ Sevastopol ក្នុង​តំបន់​ Crimea នៅព្រឹកថ្ងៃ​ចន្ទ​នេះ។

អភិបាលទីក្រុង Sevastopol លោក ​Mikhail Razvozhaev ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​រុស្ស៊ីបាន​បង្ហោះ​សារ​លើបណ្តាញ​សង្គម​ថា​ កងកម្លាំង​រុស្ស៊ី​បាន​បាញ់​បំផ្លាញ​យន្តហោះដ្រូន​នោះ ហើយ​យន្តហោះដ្រូន​ទី​២​បាន​ផ្ទុះ​ឆេះ។​ ​

អភិបាល​ក្រុង​រូប​នេះនិយាយ​ថា មិន​មាន​របាយការណ៍​ណា​មួយ​ ស្តី​ពី​ការខូច​ខាតដោយ​ការ​វាយប្រហាររបស់​ដ្រូនទាំង​នេះ​ឡើយ។​ ​

គេ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់ភ្លាមៗ​ទេ​ថា​ តើ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះដ្រូន​នោះ ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​កម្លាំង​អ៊ុយក្រែន ​ឬ​យ៉ាង​ណា។​ ការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន​លើ​នាវា​ចម្បាំង​រុស្ស៊ី​កាល​ពី​ខែ​តុលា​កន្លង​ទៅ នៅក្នុង​សមុទ្រ​ខ្មៅ​ ត្រូវ​បាន​រុស្ស៊ី​ថា​ជា​សកម្មភាព​របស់​កងទ័ព​អ៊ុយក្រែន។

រុស៊្សី​បានដាក់​ភ្ជាប់​ឧបទ្វីប​ Crimea ​ធ្វើជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់ដោយ​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។ ​

ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ​ក្រសួង​ការពារជាតិ​ចក្រភព​អង់គ្លេសនិយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​អាជ្ញាធរ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយរុស្ស៊ីនៅ​អ៊ុយក្រែន​ បាន​បង្ខិត​បង្ខំ​ពលរដ្ឋ​ក្នុង​តំបន់​នោះឱ្យ​ប្រើប្រាស់លិខិត​ឆ្លងដែន​រុស្ស៊ី។​

នៅ​ក្នុង​ការ​វាយតម្លៃ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ក្រសួង​ការពារជាតិ​អង់គ្លេសលើក​ឡើង​ថា​ ពលរដ្ឋ​ក្នុងតំបន់​ Kherson ដែលជា​តំបន់​មួយ​ទៀត​ ដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ទៅក្នុង​ទឹកដី​របស់​ខ្លួន​នោះ​ ត្រូវ​បាន​អាជ្ញាធរគំរាមកំហែង​ថា​នឹង​បណ្តេញ​ចេញ ​ឬរឹបអូសយក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ប្រសិន​បើ​គេ​មិន​យល់​ព្រម​ទទួលយក​លិខិត​ឆ្លងដែនរុស្ស៊ី​នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែ​មិថុនា​ ខាង​មុខ​នេះ​ទេ។​

ក្រសួង​ការពារ​ជាតិ​អង់គ្លេសបាននិយាយ​ទៀត​ថា​ «​រុស្ស៊ី​ទំនង​ដូច​ជា​កំពុង​ពន្លឿនការធ្វើ​សមាហរណកម្មនៃ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​នៅ​អ៊ុយក្រែន​ ទៅ​ក្នុងសហព័ន្ធរុស្ស៊ី​ ដើម្បី​លាបពណ៍​បង្ហាញ​ពី​ជ័យជម្នះ​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​ ជា​ពិសេសនៅពេល​មុន​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​ ក្នុង​ឆ្នាំ​២០២៤ ​ខាង​មុខ​នេះ៕​ ​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP, AFP និង​ Reuters។

XS
SM
MD
LG