ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ដេច​សង្ឃ Dalai Lama ថា ចិន​មិន​អាច​កំណត់​ថា​អ្នក​ណា​ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​ព្រះ​អង្គ​នោះ​ទេ


សម្តេច​សង្ឃ Dalai Lama ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ឧទ្យាន Buddha Park នៅ​ក្នុង​តំបន់ Bomdila ក្នុង​រដ្ឋ Arunachal Pradesh ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។
សម្តេច​សង្ឃ Dalai Lama ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ឧទ្យាន Buddha Park នៅ​ក្នុង​តំបន់ Bomdila ក្នុង​រដ្ឋ Arunachal Pradesh ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។

សម្ដេច​សង្ឃ Dalai Lama មេដឹកនាំ​សាសនា​នៃ​តំបន់​ទីបេ បាន​មាន​សង្ឃ​ដីកា​ថា ការ​សម្រេច​អំពី​ថា​តើ​ស្ថាប័ន Dalai Lama គួរ​តែ​បន្ត​ទៅ​មុខ ឬ​ក៏​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ប្រជាជន​ទីបេ​ជា​អ្នក​កំណត់ ហើយ​ប្រទេស​ចិន​មិន​អាច​សម្រេច​ថា​តើ​អ្នក​ណា​ជា​អ្នក​បន្ត​ដំណែង​ពី​ព្រះ​អង្គ​នោះ​ទេ។

ព្រះ​អង្គ​បាន​បន្ថែម​ថា ព្រះ​អង្គ​នឹង​រៀបចំ​សន្និសីទ​មួយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សម្ដេច​សង្ឃ Dalai Lama បន្ទាប់ នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។

ការ​លើក​ឡើង​របស់​ព្រះអង្គ​ដូច​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​អំឡុង​ពេល​ព្រះអង្គ​និមន្ត​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង Tawang រដ្ឋ Arunachal Pradesh ភាគ​ឦសាន​ប្រទេស​ឥណ្ឌា ជាប់​នឹង​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ចិន។ ដំណើរ​និមន្ត​ទស្សនកិច្ច​របស់​ព្រះអង្គ​ពេញ​មួយ​សប្ដាហ៍​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​មាន​ការ​ខឹង​សម្បារ ដោយសារ​តែ​ចិន​ទាមទារ​កាន់កាប់​រដ្ឋ Arunachal Pradesh នេះ​មួយ​ផ្នែក។

ចម្ងល់​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ត្រូវ​ស្នង​ដំណែង​ពី​សម្ដេច​សង្ឃ Dalai Lama ដែល​មាន​ព្រះ​ជន្ម ៨១ វស្សា បច្ចុប្បន្ន​នេះ មាន​ការ​កើន​ឡើង ដោយសារតែ​រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា ក្រុម​មេដឹកនាំ​កុម្មុយនិស្ត​របស់​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ថា​តើ​អ្នក​ណា​ដែល​នឹង​ត្រូវ​ក្លាយជា​សម្ដេច​សង្ឃ Dalai Lama បន្ទាប់ ដោយសារ​តែ​នេះ​ជា​មរតក​ដែល​បន្ត​ធ្វើ​តាំង​ពី​ជំនាន់​អធិរាជ​របស់​ខ្លួន​មក​ម្ល៉េះ។

ប៉ុន្តែ សម្ដេច​សង្ឃ Dalai Lama បាន​មាន​សង្ឃ​ដីកា​ថា មន្ត្រី​រដ្ឋាភិបាល​ចិន​គ្មាន​តួនាទី​ក្នុង​ការ​សម្រេច​ជ្រើសរើស​អ្នក​ស្នង​តំណែង​បន្ត​ពី​ព្រះអង្គ​នោះ​ទេ ដោយ​ហេតុ​ថា ពួកគេ​ជា​អ្នក​មិន​ជឿ​លើ​ព្រះ​អាទិទេព និង​មិន​ជឿ​លើ​ទ្រឹស្ដី​សាសនា។

ព្រះអង្គ​បាន​បន្ថែម​ថា មិន​មាន​នរណា​ម្នាក់​ដឹង​ថា សម្ដេច​សង្ឃ Dalai Lama បន្ទាប់ មាន​កំណើត ឬ​ប្រភព​មក​ពី​ណា​នោះ​ទេ៕

XS
SM
MD
LG