នៅពេលដែលជនជាតិទីបេនៅជុំវិញពិភពលោកប្រារព្ធខួបលើកទី៥៨នៃថ្ងៃងើបបះបោរជាតិរបស់ទីបេ ពួកមន្រ្តីចិននៅក្នុងទីក្រុងប៉េកាំងបានសន្យាធ្វើការប្រឆាំងសកម្មភាពទាមទារបំបែករដ្ឋរបស់របបសម្តេចសង្ឃ ដាឡៃ ឡាម៉ា។
លោក Che Dalha ប្រធានដែលទើបជ្រើសតាំងថ្មីរបស់តំបន់ស្វ័យភាពទីបេ បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងធ្វើការប្រឆាំងការទាមទារបំបែករដ្ឋ ធ្វើការវាយប្រហារដើម្បីធ្វើឲ្យខូចខាតនិងកាត់ផ្តាច់សកម្មភាពរបស់របប ដាឡៃ ឡាម៉ា។
ចិនចាត់ទុកសម្តេចសង្ឃ ដាឡៃ ឡាម៉ា មេដឹកនាំសាសនាដែនដីទីបេជាអ្នកទាមទារប្រកបដោយគ្រោះថ្នាក់មួយ។ ជ័យលាភីណូបែលសន្តិភាពបានបដិសេធការប្រកាន់យកអំពើហិង្សា ហើយបាននិយាយថា ព្រះអង្គចង់បានស្វ័យភាពដ៏ពិតប្រាកដមួយសម្រាប់ទីបេ។
កំណត់សម្គាល់របស់លោក Chen ដែលបានត្រូវរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters បានកើតមានឡើងនៅពេលដែលជនជាតិទីបេនៅក្នុងទីក្រុង Dharamsal នៅក្នុងប្រទេសឥណ្ឌាដែលជាទីកន្លែងស្នាក់នៅរបស់សម្តេច ដាឡៃ ឡាម៉ា ហើយនិងរដ្ឋបាលនិរទេសខ្លួនទីបេ បានធ្វើពិធីប្រចាំឆ្នាំនៃការតវ៉ារបស់ជនជាតិទីបេប្រឆាំងនឹងការគ្រប់គ្រងរបស់ចិននៅតំបន់ទីបេដែលបានកើតមានឡើងនៅក្នុងទីក្រុង ឡាសា នៅឆ្នាំ១៩៥៩។ រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកសកម្មភាពនេះថាជាការរំដោះដោយសន្តិវិធី។
លោកបណ្ឌិត Lobsang Sangay មេដឹកនាំនយោបាយរបស់រដ្ឋបាលនិរទេសខ្លួនទីបេ បាននិយាយថា «ថ្វីបើមានការជិះជាន់សង្កត់សង្កិននិងការបង្ក្រាបក៏ដោយ ជនជាតិទីបេនៅក្នុងដែនដីទីបេបានស្ថិតនៅជួរមុខនៃការតស៊ូដើម្បីសេរីភាពសម្រាប់ទីបេ»។លោកនិយាយបន្តទៀតថា៖ «ទោះបីនៅថ្ងៃនេះ នៅពេលដែលយើងនិយាយនេះ ក៏មានវត្តមានយោធាដ៏ខ្លាំងរបស់ចិននៅក្នុងទីក្រុងឡាសា ដែលការណ៍នេះធ្វើឲ្យនឹកឃើញឡើងវិញដល់តំបន់សង្គ្រាម»៕