ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​ស៊ីក្លូន Fani បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ភាព​ងាយរងគ្រោះ​នៃ​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា 


រូបឯកសារ៖ តូបលក់ឥវា៉ន់ត្រូវបានព្យុះស៊ីក្លូន Fani បោកបក់ឲ្យដួលរលំនៅជាយក្រុង Puri រដ្ឋ Odisha ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ តូបលក់ឥវា៉ន់ត្រូវបានព្យុះស៊ីក្លូន Fani បោកបក់ឲ្យដួលរលំនៅជាយក្រុង Puri រដ្ឋ Odisha ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

អ្នក​ជំនាញ​ផ្នែក​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៃ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន UNHCRដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Cox's Bazar ជាប់​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រាប់ VOA ថា ជម្រក​សម្រាប់​ទប់ទល់​នឹង​ព្យុះ​ស៊ីក្លូន​មិនមាន​គ្រប់គ្រាន់​នោះ​ទេ។

ការ​ខូចខាត​បង្ក​ឡើង​ដោយ​ព្យុះ​ស៊ីក្លូន Fani នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា និង​ភាគ​និរតី​ប្រទេស​បង់ក្លាដេស​កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​អ្វី​ដែល​អាច​កើត​មាន​ឡើង​ប្រសិន​បើ​មាន​ព្យុះ​ស្រដៀង​គ្នា​នេះ​កើត​ឡើង​នៅ​ភាគអាគ្នេយ៍​ប្រទេស​បង់ក្លាដេស ដែល​ជា​តំបន់​មាន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​យ៉ាង​ច្រើន​រស់នៅ។

អ្នក​ជំនាញ​ផ្នែក​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៃ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន UNHCR ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Cox's Bazar ជាប់​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រាប់ VOA ថា ជម្រក​សម្រាប់​ទប់ទល់​នឹង​ព្យុះ​ស៊ីក្លូន​មិនមាន​គ្រប់គ្រាន់​នោះ​ទេ។

ព្យុះ​ស៊ីក្លូន Fani បាន​សម្លាប់​មនុស្ស​មួយ​ចំនួន និង​ធ្វើ​ឲ្យ​រាប់​សែន​នាក់​ទៀត​បាត់បង់​ទី​លំនៅ។ យ៉ាងណាក្តី ឥណ្ឌា​នៅ​តែ​ត្រូវ​គេ​សរសើរ ដោយសារ​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​បង្ការ​ការ​ស្លាប់​ច្រើន​ជាង​នេះ​ តាមរយៈ​ការ​ជម្លៀស​មនុស្ស​ជាង​មួយ​លាន​នាក់​ចេញ។

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​តំបន់​ក្រុង​មួយ​ ដែល​មិនមាន​ការ​រៀបចំ​ត្រឹមត្រូវ។
ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​តំបន់​ក្រុង​មួយ​ ដែល​មិនមាន​ការ​រៀបចំ​ត្រឹមត្រូវ។

ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង ៧ សែន​នាក់​បាន​ភៀសខ្លួន​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដេស ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៧ មក ដោយសារ​តែ​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា។ ឥឡូវ​នេះ ជន​ភៀសខ្លួន​ទាំង​នេះ​កំពុង​រស់​នៅ​ក្នុង​ជំរំ​ដ៏​កកកុញ ដែល​ងាយ​រងគ្រោះ​ពី​ព្យុះ ទឹក​ជំនន់ និង​ការ​បាក់ដី។

មុន​ពេល​មាន​លំហូរ​ចូល​នៃ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដេស​កាល​ពី​ពេល​ថ្មីៗ​នេះ គេ​ឃើញ​ថា​នៅ​ទី​នោះ​មាន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ២ សែន​នាក់​រួច​ទៅ​ហើយ​នៅ​ក្នុង​ក្រុង Cox's Bazar ដែល​ក្រុម​គ្រួសារ​ជន​ភៀស​ខ្លួន​ទាំង​នេះ​បាន​ភៀសខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​អំពើ​ហិង្សា។ លើសពី​នេះ​ទៀត មាន​ពលរដ្ឋ​បង់ក្លាដេស​ប្រមាណ​កន្លះលាន​នាក់​ដែល​រស់​នៅ​តាម​តំបន់​ជាយ​ផ្សេងៗ​ជិត​ជំរំ​ទាំង​នេះ​ផង​ដែរ។

ក្រុម​ការងារ​សង្រ្គោះ​បន្ទាន់​និយាយ​ថា វា​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ព្យាករណ៍​ទុក​អំពី​ទំហំ​នៃ​ការ​ខូចខាត​ដែល​តំបន់​នោះ​នឹង​ប្រឈម ឬ​ចំនួន​មនុស្ស​ស្លាប់ ប្រសិន​បើ​មាន​ព្យុះ​ស៊ីក្លូន​បោកបក់​ចំ​តំបន់​នេះ​នោះ ប៉ុន្តែ​ការ​ព្រួយបារម្ភ​អំពី​ជីវិត​ជនភៀសខ្លួន​ទាំង​នេះ និង​អំពី​សហគមន៍​នៅ​តំបន់​នោះ​ត្រូវ​បាន​លើកឡើង។

ជនភៀសខ្លួន​កំពុង​លើក​បាវខ្សាច់​ដាក់​តាម​ជំរាល​ភ្នំ​នៅ​តំបន់​ជំរំ​ជនភៀសខ្លួន។
ជនភៀសខ្លួន​កំពុង​លើក​បាវខ្សាច់​ដាក់​តាម​ជំរាល​ភ្នំ​នៅ​តំបន់​ជំរំ​ជនភៀសខ្លួន។

អ្នកស្រី Marina Drazba អ្នក​ជំនាញ​ផ្នែក​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៃ​អង្គការ UNHCR និយាយ​ថា៖

អង្គការ UNHCR មិន​បាន​សាងសង់​ជម្រក​ដើម្បី​ទប់ទល់​នឹង​ព្យុះ​ស៊ីក្លូន​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​នេះ​ទេ។ មាន​ជម្រក​ការពារ​ព្យុះ​ស៊ីក្លូន​សម្រាប់​ពលរដ្ឋ​ប្រហែល​តែ ២០ ភាគរយ ដែល​រស់នៅ​ជិត​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​នេះ​តែ​ប៉ុណ្ណោះ។ យើង​ត្រូវការ​ជម្រក​ទប់ទល់​នឹង​ព្យុះ​បន្ថែម​ទៀត»។

អ្នកស្រី Drazba និយាយ​ថា អង្គការ UNHCR ចង់​សាងសង់​ទីជម្រក​ប្រឆាំង​នឹង​ព្យុះ​ស៊ីក្លួន​នៅ​ជំរំ​ជនភៀសខ្លួន ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន ដោយសារតែ​រដ្ឋាភិបាល​បង់ក្លាដេស​បាន​ដាក់​កំហិត​តឹងរ៉ឹង​ទៅ​លើ​ការ​សាងសង់​ទី​ជម្រក​ទាំង​នោះ ក៏ដូចជា​ការ​សាងសង់​កន្លែង​រស់​នៅ​អចិន្ត្រៃយ៍​នានា​ផង​ដែរ។

អ្នកស្រី​ Marina Drazba អ្នក​ជំនាញ​ផ្នែក​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៃ​អង្គការ​ UNHCR និយាយ​ជាមួយ​បុរសម្នាក់​នៅ​ជំរំ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។
អ្នកស្រី​ Marina Drazba អ្នក​ជំនាញ​ផ្នែក​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៃ​អង្គការ​ UNHCR និយាយ​ជាមួយ​បុរសម្នាក់​នៅ​ជំរំ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។

ប្រទេស​បង់ក្លាដេស​បាន​ប្រឈម​នឹង​លំហូរ​ជនភៀសខ្លួន​ចូល​យ៉ាង​ច្រើន ហើយ​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ចាត់​វិធានការ​ដែល​បង្ហាញ​ថា ជនភៀសខ្លួន​ដែល​បាន​មក​ដល់​នា​ពេល​ថ្មីៗ​នេះ​អាច​ស្នាក់​នៅ​បាន​ក្នុង​រយៈពេល​វែង។

អ្នកស្រី Drazba និយាយ​ថា៖

«ប្រសិន​បើ​ព្យុះ​ស៊ីក្លូន​បោកបក់​មក​លើ​ក្រុង Cox's Bazar ក្នុង​ឋានៈ​ជា​ក្រុម​ជួយសង្រ្គោះ យើង​មាន​ផែនការ​ល្អ​រួច​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​កើតមាន​ក្រោយ​គ្រោះមហន្តរាយ។ ប៉ុន្តែ​ប្រសិន​បើ​និយាយ​អំពី​វិធានការ​ដែល​នឹង​ត្រូវ​អនុវត្ត​ឡើង​មុន​ពេល​កើត​មាន​ព្យុះ​ស៊ីក្លូន គឺ​យើង​ឃើញ​ថា​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG