របាយការណ៍ប្រចាំឆ្នាំ ដែលចេញដោយអង្គការ Freedom House ដែលមានមូលដ្ឋាននៅអាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០១៤ សេរីភាពនៅលើសកលលោកមានការធ្លាក់ចុះ និងមានស្ថានភាពអាក្រក់។
ក្រុម នេះបាននិយាយនៅក្នុងរបាយការណ៍ដែលចេញនៅក្នុងឆ្នាំ២០១៥នេះថា ក្នុងរយៈពេលប្រាំបួនឆ្នាំជាប់គ្នា សេរីភាពនៅលើពិភពលោកបានធ្លាក់ចុះ។ ប្រទេសកម្ពុជាត្រូវបានក្រុមនេះចាត់ចូលក្នុងចំណោមប្រទេសដែល «មិនមានសេរីភាព»ទាំងនោះដែលជាការកើនឡើងនូវកង្វល់។
អង្គការ Freedom House បាន បង្ហាញនៅក្នុងរបាយការណ៍ថា ជិតពីរដងនៃចំនួនប្រទេសជាច្រើនមានការធ្លាក់ចុះខាងសេរីភាព ហើយចំនួននៃប្រទេសដែលមានការវិវត្តល្អខាងសេរីភាពមានការធ្លាក់ ដល់ចំនួនទាបបំផុត ចាប់តាំងពីសេរីភាពចាប់ផ្តើមធ្លាក់ចុះរយៈពេលប្រាំបួនឆ្នាំបន្ត បន្ទាប់គ្នានេះ។
អៀត សុភ័ក្ត្រចិត្រា ដែលជានិស្សិតសកលវិទ្យាល័យឆ្នាំទីមួយសិក្សាអាជីវកម្ម និងហិរញ្ញវត្ថុ បានប្រាប់វីអូអេខ្មែរក្នុងបទសម្ភាសន៍ថា គាត់កំពុងរស់នៅក្នុងប្រទេសកម្ពុជាដែលជាកន្លែងដែល «សេរីភាពនៃការបញ្ចេញមតិត្រូវបានកំណត់» ហើយ«អំណាចនយោបាយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតែមួយ»។
គាត់បាននិយាយទៀតថា៖ «កម្ពុជាមិនទាន់ជាប្រទេសមានប្រជាធិបតេយ្យនៅឡើយទេ»។
នៅក្នុងការវិនិច្ឆ័យរបស់អង្គការ Freedom House ប្រទេសកម្ពុជានៅតែជាប្រទេស «មិនមានសេរីភាព»ខាងសិទ្ធិនយោបាយ ហើយសេរីភាពរបស់ពលរដ្ឋស្ថិតនៅក្នុងភាពមិនស្ថិតឋេរ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលជំទាស់នឹងការវាយតម្លៃរបស់អង្គការនេះចំពោះប្រទេសកម្ពុជា។
លោកបានថ្លែងថា របាយការណ៍នេះចេញដោយមានការលាក់កំបាំងគោលបំណង និងមិនបានបង្ហាញពី«ការណ៍ពិត និងទិដ្ឋភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាទេ»។
ទោះ យ៉ាងណា លោកអំ សំអាត ដែលជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការការពារ សិទ្ធិមនុស្សលីកាដូ បានថ្លែងថា របាយការណ៍នេះមានភាពត្រឹមត្រូវ។
លោកបាននិយាយថា៖ «ពួកគេមានស្តង់ដារ និងការវាស់ច្បាស់លាស់។ នៅក្នុងប្រទេសកម្ពុជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពការប្រមូលផ្តុំគ្នាបានធ្លាក់ចុះ»។
អង្គការ Freedom House បាន និយាយនៅក្នុងរបាយការណ៍នោះថា កម្ពុជាគឺជាផ្នែកមួយដែលរួមចំណែកដល់និន្នាការធ្លាក់ចុះនៃ សេរីភាព ហើយនិន្នាការនេះកំពុងកើនឡើងនៅទូទាំងពិភពលោកដ៏គួរឱ្យព្រួយបារម្ភ។
លោក Arch Puddington អនុប្រធានរបស់ក្រុមស្រាវជ្រាវរបាយការណ៍«សេរីភាពក្នុងពិភព»នេះ បានសរសេរនៅក្នុងរបាយការណ៍ថា៖ «ការ ទទួលយកលទ្ធិប្រជាធិបតេយ្យ ដែលជាទម្រង់ដ៏សំខាន់របស់រដ្ឋាភិបាលនៅក្នុងពិភពលោក និងប្រព័ន្ធអន្ដរជាតិមួយ ដែលមានប្រជាធិបតេយ្យល្អបំផុត កំពុងនៅក្រោមការគំរាមកំហែងខ្លាំងបំផុត នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ»។
លោកបាននិយាយទៀតថា៖ «បច្ចុប្បន្ន នេះភាគច្រើននៃរបបផ្តាច់ការអះអាងពីការគោរពកិច្ចព្រមព្រៀង អន្ដរជាតិ ហើយរបបផ្តាច់ការទាំងនេះគ្រាន់តែនិយាយប៉ុណ្ណោះអំពីបទដ្ឋាន នៃការប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយសេរី និងការគោរពសិទ្ធិមនុស្ស [តែមិនមានការអនុវត្តជាក់ស្តែងទេ]»។
លោកបានបន្តថា៖ «សព្វថ្ងៃ នេះ ពួកគេគិតតែពីឧត្តមភាពដែលជាផ្នែកមួយនៃការគ្រប់គ្រងរបស់ឯក បក្ស ហើយបោះបង់ចោលឧបសគ្គនៃគោលការណ៍ការទូតជាមូលដ្ឋាន»។
ក្នុងចំណោមបណ្តាប្រទេសអាស៊ី ដែលចូលក្នុងចំណាត់ថ្នាក់ជាមួយប្រទេសកម្ពុជាក្នុងក្រុមប្រទេស«មិនមានសេរីភាពនោះ» មានប្រទេសថៃ។ ប្រទេសនេះត្រូវបានវាយតម្លៃថា ជាប្រទេស «សេរីដោយអន្លើ» នៅក្នុងឆ្នាំ ២០១៣។ ប៉ុន្តែភាពចលាចលផ្នែកនយោបាយថ្មីៗនេះបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងប្រភេទក្រុមប្រទេស «មិនមានសេរីភាព»។ ប្រទេសចិន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាក៏ត្រូវបានអង្គការ Freedom House ចាត់ទុកថា ជាប្រទេស «មិនសេរីភាព»ផងដែរ។
នៅ ក្នុងប្រទេសកម្ពុជា ភាពមិនសេរីមានន័យថា មានការកម្រិតសេរីភាពនៃការបញ្ចេញមតិ ហើយពេលខ្លះតាមរយៈការត្រួតពិនិត្យដែលមិនបានរំពឹងទុក។
អៀត សុភ័ក្ត្រចិត្រាបាននិយាយថា៖ «នៅផ្សារ ប្រសិនបើយើងនិយាយអំពីរឿងនយោបាយ ប្រធានផ្សារនឹងប្រាប់ឲ្យយើងឈប់និយាយ»។
គាត់បានបន្ថែមថា៖ «ពួក គេបានបង្កើតទីលានប្រជាធិបតេយ្យដែលមានតែឈ្មោះ។ ប្រជាពលរដ្ឋធ្វើការតវ៉ានៅទីនោះអត់បាន។ ប្រសិនបើមានការតវ៉ានឹងមានការបង្ក្រាប»។
គាត់បានបង្ហាញពីកង្វល់របស់គាត់ថា៖ «ប្រសិនបើប្រទេសមួយមានអ្នកនយោបាយមិនល្អ ហើយបើអ្នកនយោបាយនោះមិនស្លាប់ទេ ប្រជាជននឹងស្លាប់»។
ជួប ហាប់ ដែលជាអ្នកបើកបររ៉ឺម៉កកង់បីនៅក្នុងរាជធានីភ្នំពេញបាននិយាយថា លោកអាចនិយាយអំពីនយោបាយដោយសេរីជាមួយក្រុមមនុស្សរបស់លោក តែមិនហ៊ាននិយាយជាសាធារណៈទេ។
ជួប ហាប់បាននិយាយថា៖ «អ្នកខ្លះភ័យខ្លាចក្នុងការមិនហ៊ាននិយាយជាមួយអ្នកសារព័ត៌មានទេ ដោយសារតែពួកគេខ្លាចមានបញ្ហា»។
គាត់ និយាយថា គាត់គិតថា ប្រជាជនមិនអាចធ្វើការតវ៉ាដោយសេរីបានទេនៅក្នុងប្រទេសកម្ពុជា។ មនុស្សម្នាក់អាចកាន់បដារសរសេរនិងដើរបង្ហាញការមិនពេញចិត្តតែ ម្នាក់ឯង។ គាត់បាននិយាយថា ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាគឺខុសពីប្រជាធិបតេយ្យនៅក្នុង បណ្តាប្រទេសផ្សេងៗទៀត។
លោកជួប ហាប់បន្ថែមថា ប្រសិនបើអ្នកតវ៉ា៖ «អ្នកនឹងត្រូវបានចោទប្រកាន់ពីបទបង្កឱ្យមានភាពចលាចល»។
មាន ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាខ្លះដែលមិនជឿថា សេរីភាពរបស់ពួកគេត្រូវបានដាក់កម្រិត ដូចជាលោកឈាង ភក្ត្រា ដែលជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនមួយ។
លោកបាននិយាយថា៖ «សម្រាប់ ខ្ញុំគឺវាល្អ។ ជីវភាពរបស់ខ្ញុំល្អ។ ខ្ញុំមិនចង់បង្កឲ្យមានភាពវឹកវរ។ អ្នកក្រខ្លះ គាត់ចង់ឲ្យមានការផ្លាស់ប្តូរ។ ចំពោះខ្ញុំ ខ្ញុំរីករាយជាមួយនឹងជីវិតរបស់ខ្ញុំ។ អ្វីគ្រប់យ៉ាងគឺល្អសម្រាប់ខ្ញុំ»។
អ្នក ដែលសេរីភាពរបស់ខ្លួនមិនទាន់ត្រូវបានរំលោភ ឬអ្នកដែលមិនទាន់បានប្រើសេរីភាពរបស់ខ្លួន ឬការពារសេរីភាពរបស់ខ្លួន យល់ថា ប្រទេសកម្ពុជាមានសេរីភាព៕