បណ្តាញសង្គមកំពុងដើរតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានច្រើនដល់អ្នកប្រើប្រាស់ហើយអ្នកឯកទេសមើលឃើញថាវាជាគន្លឹះមួយដែរក្នុងការចូលរួមចំណែកដល់ការជំរុញឱ្យមានអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា។
លោក ឱក សេរីសុភ័ក្រ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថានិន្នាការនៃការនិយមប្រើហ្វេសប៊ុកនឹងរីករាលដាលដល់មូលដ្ឋានដែលមានបញ្ហាច្រើនហើយចង់ឱ្យរដ្ឋាភិបាលដោះស្រាយដោយសារតែប្រជាប្រិយភាពនិងសារៈសំខាន់ដល់សង្គម។
លោកបានបន្ថែមថា៖ «អ្នកប្រើប្រាស់ហ្វេសប៊ុកបានផ្តល់ព័ត៌មានជាច្រើនដែលទាក់ទងទៅនឹងតម្លាភាព ការដឹកនាំរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិគ្រប់វិស័យហើយមានរឿងជាច្រើនដែលយើងរវល់ធ្វើការផ្សេងៗយើងមិនបានដឹងហើយដែលយើងអាចដឹងដោយគ្រាន់តែប្រើពេលវេលាបន្តិចបន្តួចតាមរយៈហ្វេសប៊ុកតែប៉ុណ្ណោះ។ ដូច្នេះនេះជាការសំខាន់ណាស់នៅក្នុងការចែកចាយព័ត៌មានដែលជាគន្លឹះនៅក្នុងផ្នែកអភិបាលកិច្ច»។
លោកសង្ឃឹមថានៅឆ្នាំ២០១៥នៅពេលដែលប្រទេសកម្ពុជាចូលក្នុងសហគមន៍អាស៊ាននោះការបើកឱ្យមានតម្លាភាពនិងការផ្សព្វផ្សាយតាមប្រព័ន្ធសង្គមនឹងកាន់តែរីកចម្រើនទៀត។
ការស្រាវជ្រាវនានាបានរកឃើញថាមានពលរដ្ឋកម្ពុជាជាងមួយលាននាក់បានចុះឈ្មោះប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដោយពួកគេបានចែករំលែកព័ត៌មាននយោបាយ សេដ្ឋកិច្ច ឧក្រិដ្ឋកម្ម វេទិការពិភាក្សានិងការកម្សាន្តជាដើម។
លោកបញ្ជាក់ថា អ្នកគ្មានហ្វេសប៊ុកគួរសិក្សាពីការប្រើប្រាស់ហើយក្នុងពេលបច្ចុប្បន្នបើមិនទាន់មានលទ្ធភាពហើយមានព័ត៌មានគួរបញ្ជូនតមកអ្នកដែលស្គាល់គាត់នៅភ្នំពេញហើយចែកចាយបន្ត។
មានស្ថាប័នរដ្ឋមួយចំនួនបានផ្សព្វផ្សាយការងាររបស់ពួកគេតាមប្រព័ន្ធអ៊ីនធឺណិតនិងបណ្តាញសង្គមដូចជាក្រសួងបរិស្ថាន ក្រសួងអប់រំ ក្រសួងយុត្តិធម៌និងអគ្គស្នងការនគរបាលជាតិជាដើម។
វាគឺជាការចំណេញសម្រាប់ស្ថាប័នរដ្ឋដែលផ្សាយការងាររបស់ពួកគេតាមបណ្តាញ អ៊ីនធឺណិត។ នេះបើតាមការបញ្ជាក់របស់លោក ឱក សេរីសុភ័ក្រ។
លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទទួលស្គាល់ពីប្រសិទ្ធភាពនៃបណ្តាញសង្គមដែលជួយផ្សព្វផ្សាយពីបញ្ហាសង្គមនិងមានឥទ្ធិពលដល់ការកែប្រែគោលនយោបាយរបស់រដ្ឋាភិបាលមួយចំនួន។
ប៉ុន្តែលោកស្រីបានបន្ថែមថា៖ «ខ្ញុំគិតថាវាសំខាន់បំផុតដែលស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសប្រទេសកម្ពុជាយើងគួរមានគោលការណ៍មួយច្បាស់លាស់ក្នុងការអនុវត្តច្បាប់ឱ្យបានច្បាស់លាស់ទៅតាមគោលការណ៍ច្បាប់ជាជាងយោងទៅតាមប្រជាប្រិយភាព។ ដូចជាលើកលែងតែប្រជាពលរដ្ឋស្រែកបានយើងចាត់ការនោះខ្ញុំមើលឃើញ ថាវាអាចបង្កជាបញ្ហាមួយ»។
លោកស្រីបានលើកឡើងដូចជាករណីលោកស្រី សម មុន្នីកា អតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ដែលប្តឹងទារប្រាក់៤០០០ដុល្លារពីអ្នកបើករថយន្តតាក់ស៊ីនិងករណីធ្វើទារុណកម្មកូនក្មេងក្រៅច្បាប់នៅខេត្តព្រៃវែងដោយសារលួចផ្លែដូង ដែលករណីទាំងពីរនេះអ្នកប្រើប្រាស់បណ្តាញសង្គមដាក់កំហុសខ្លាំងទៅលើលោកស្រីសម មុន្នីកានិងអ្នកធ្វើទារុណកុមារនោះ ដោយមិនបានពិភាក្សាពីការទទួលខុសត្រូវរបស់អ្នកបើករថយន្តតាក់ស៊ីលើសុវត្ថិភាពអ្នកដំណើរនិងក្មេងប្រុសនោះក្នុងការលួចទ្រព្យសម្បត្តិអ្នកដទៃទេ។
យ៉ាងណាក៏ដោយការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យវាយប្រហារលើថ្នាក់ដឹកនាំនយោបាយ និងការផ្សាយរូបភាពអាសអាភាសត្រូវបានស្ថាប័នសភាជាតិមើលឃើញថាអាចនឹងធ្វើឱ្យខូចដល់បរិយាកាសនិងវប្បធម៌ខ្មែរដែលតម្រូវឱ្យត្រូវមានច្បាប់គ្រប់គ្រងការប្រើប្រាស់តាមអ៊ីនធឺណិតនេះ។ ប៉ុន្តែអ្នករិះគន់ខ្លះបានលើកឡើងថានេះគ្រាន់តែជាលេសដើម្បីទប់ស្កាត់ប្រជាប្រិយភាពនៃបណ្តាញនេះដែលហាក់ដូចជាការគំរាមមួយដល់គណបក្សកាន់អំណាច។
លោក ឱក សេរីសុភ័ក្រវិញយល់ថាការប្រើប្រាស់ពាក្យពេចន៍ទាំងនេះជាការធ្លាក់ចុះមួយខាងផ្នែកសីលធម៌សង្គមហើយបើស្ថានភាពដុនដាបរហូតដល់ត្រូវធ្វើច្បាប់គ្រប់គ្រងបណ្តាញសង្គមមែនគឺត្រូវសរសេរឱ្យប្រយ័ត្នប្រយែងកុំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
លោកបានបន្ថែមថា៖«យើងសួរថាតើច្បាប់អាចឃាត់ឃាំងនូវឥរិយាបទសង្គម អាចឃាត់ឃាំងនូវរឿងទាំងអស់នេះបានទេ? ហើយបើសិនជាយើងសរសេរមិនស្រួលការដែលគ្រាន់តែហាមឃាត់ជ្រុងអវិជ្ជមានណាមួយនៅក្នុងហ្វេសប៊ុក វាអាចប៉ះពាល់ទៅដល់សិទ្ធិសេរីភាពហើយដែលផ្តល់នូវអ្វីៗដែលជាលក្ខណៈវិជ្ជមានដល់អ្នកប្រើហ្វេសប៊ុក ឬមួយអ្នកទទួលបានព័ត៌មានពីហ្វេសប៊ុក»។
ក្នុងរយៈពេលខាងមុខរហូតដល់មានការបោះឆ្នោតថ្មីអ្នកប្រើប្រាស់ហ្វេសប៊ុកគួរផ្តោតលើបញ្ហា ដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដូចជាកំណែទម្រង់ផ្នែកសុខាភិបាល ការអប់រំ សេវាកម្មសាធារណៈ និងអំពើពុករលួយ។ នេះបើតាមលោកសុភ័ក្រ។
លោកក៏ស្នើសុំឱ្យពួកគេពិភាក្សាលើបញ្ហាសីលធម៌ដែលលើកកម្ពស់ទិដ្ឋភាពល្អនៃកេរ៍ដំណែលកម្ពុជា និងដោយសារហ្វេសប៊ុកគ្មានដែនកំណត់ដូច្នេះត្រូវបង្ហាញពីជ្រុងវិជ្ជមានដែលពលរដ្ឋកម្ពុជាមាន៕