របាយការណ៍មួយរបស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់សារព័ត៌មានឯករាជ្យ ដែលមានចំណងជើងជាភាសាអង់គ្លេសថា «ការប្រឈមមុខសម្រាប់សារព័ត៌មានឯករាជ្យឆ្នាំ២០១៤» បង្ហាញថាឆ្នាំ២០១៤ជាឆ្នាំដែលពោរពេញទៅដោយឧបសគ្គនិងជាឆ្នាំដែលបានសម្លាប់អ្នកកាសែតកម្ពុជាច្រើនជាងគេបើប្រៀបធៀបទៅនឹងបណ្តាឆ្នាំនានាចាប់តាំងពីចលាចលនយោបាយក្នុងឆ្នាំ១៩៩៧។
នៅក្នុងឆ្នាំ២០១៤ សារព័ត៌មានកម្ពុជាត្រូវបានអង្គការ Freedom House ចាត់ទុកថា «មិនសេរី» និងត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែន Reporters Without Borders ដាក់ក្នុង «ស្ថានភាពពិបាក» ដែលជាប់ចំណាត់ថ្នាក់ទី១៤៤ក្នុងចំណោមប្រទេស១៨០នៅទូទាំងពិភពលោក។ នៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់សារព័ត៌មានឯករាជ្យ ៦២.៧%នៃអ្នកកាសែតអាជីពចំនួន៧៨នាក់ដែលផ្តល់បទសម្ភាសន៍ ជឿថា សារព័ត៌មានរបស់កម្ពុជាកំពុងតែដើរលើផ្លូវត្រូវដោយសារតែតួនាទីរបស់អ៊ិនធឺណិតដែលចេះតែល្បីទៅៗនៅក្នុងសារព័ត៌មានកម្ពុជា។
របាយការណ៍រកឃើញថាមានកាសែតបោះពុម្ភជាភាសាបរទេសតែពីរទេដែលមានកាសែត The Cambodia Daily និងកាសែត Phnom Penh Post ដែលត្រូវបានចាត់ទុកថាមានការជឿទុក និងឯករាជ្យ ខណៈពេលដែលទូរទស្សន៍ចំនួន១៥មិនបានគេទុកចិត្តនោះទេ ដោយសារតែគេយល់ឃើញថាវាមានការជាប់ពាក់ព័ន្ធជិតស្និទ ឬមានការគ្រប់គ្រងដោយផ្ទាល់ពីគណបក្សកាន់អំណាច។ សម្រាប់វិទ្យុវិញ វានៅតែជាសារព័ត៌មានដែលមានភាពពេញនិយម និងអាចស្តាប់បាន ដោយសារតែវិទ្យុមានតម្លៃថោក និងងាយស្រួលសម្រាប់អ្នកអត់ចេះអក្សរក្នុងការទទួលព័ត៌មាន។ របាយការណ៍និយាយថា អ្នកយកព័ត៌មានទុកចិត្តកម្មវិធីផ្សាយរបស់បរទេសដូចជា វិទ្យុបារាំងអន្តរជាតិ និងវិទ្យុសម្លេងសហរដ្ឋអាមេរិក។
របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់សារព័ត៌មានឯករាជ្យបង្ហាញពីឧបសគ្គសម្រាប់អ្នកសារព័ត៌មានដែលមានដូចជា ការប្រើអំពើហិង្សានិងការវាយដំលើរាងកាយអ្នកកាសែតនៅពេលពួកគេរាយការណ៍នៅកន្លែងបាតុកម្ម ការគំរាមកំហែងតាមផ្លូវច្បាប់ ភាពភ័យខ្លាចក្នុងចំណោមអ្នកកាសែត ការគ្រប់គ្រងនិងឥទ្ធិពលរបស់រដ្ឋាភិបាល ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត ច្បាប់កំណែទម្រង់ការបោះឆ្នោត កង្វះភាពជាអាជីព និងកង្វះការទទួលបានព័ត៌មាន។ របាយការណ៍នេះក៏បានកត់សម្គាល់ថាឆ្នាំ២០១៤ជាឆ្នាំដែលមានការអ្នកកាសែតស្លាប់ច្រើនជាងគេ ដែលក្នុងនោះមានអ្នកកាសែតនៅតាមខេត្តចំនួនពីរនាក់ត្រូវបានគេធ្វើឃាត និងអ្នកកាសែតអន្តរជាតិម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងស្ថានភាពគួរឲ្យសង្ស័យនៅក្នុងខេត្តសៀមរាប។
របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់សារព័ត៌មានឯករាជ្យ បានធ្វើសំណើរមួយចំនួនជូនទាំងអ្នកកាសែត ទាំងរដ្ឋាភិបាល។ សម្រាប់អ្នកកាសែត សំណើរមានរួមការគោរពក្រមសីលធម៌អ្នកកាសែត និង ឯករាជ្យភាព។ សម្រាប់រដ្ឋាភិបាល របាយការណ៍ស្នើឲ្យមានការធានារ៉ាប់រងនូវសេរីភាពអ្នកកាសែតដូចដែលបានចែងក្នុងច្បាប់ ព្រមទាំងការធានាថាអ្នកកាសែតដែលត្រូវតុលាការចោទប្រកាន់ គឺស្ថិតក្នុងការចោទប្រកាន់ត្រឹមត្រូវ ក្រោមច្បាប់អ្នកកាសែត មិនមែនក្រោមច្បាប់ព្រហ្មទណ្ឌទេ៕