នៅក្នុងពិធីផ្សព្វផ្សាយផលិតផលថ្មីកាលពីថ្ងៃទី ២៣ ខែមីនាក្នុងទីក្រុងសៀងហៃ ប្រទេសចិន ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិនបានបញ្ចេញទូរសព្ទស្មាតហ្វូនស៊េរី P60 របស់ខ្លួនដែលមានបំពាក់កាមេរ៉ាទំនើប និងទូរសព្ទស្មាតហ្វូនស៊េរី Mate X3 ដែលអាចបត់អេក្រង់បាន។
នៅក្នុងពិធីនោះ គេឃើញមានការបង្ហាញនិងការថ្លែងសុន្ទរកថា ប៉ុន្តែចំណុចមួយដែលក្រុមហ៊ុន Huawei មិនបានផ្ដល់ជូនគឺបច្ចេកវិទ្យា 5G ដែលភ្ជាប់ជាមួយនឹងទូរសព្ទស្មាតហ្វូនទាំងនោះ។ បច្ចេកវិទ្យា 5G នេះអាចផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿន ដែលអតិថិជនជាច្រើននៅទ្វីបអាមេរិកខាងជើង អឺរ៉ុប និងអាស៊ីចង់បាន។
ទូរសព្ទស្មាតហ្វូនដែលទើបចេញថ្មីនេះក៏មិនមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ផងដែរ ហើយកម្មវិធីនានាដែលពេញនិយមនៅបស្ចិមប្រទេសក៏មិនមានដែរ ដូចជាកម្មវិធីបង្ហាញផ្លូវ Google Maps ជាដើម។
ពិធីផ្សព្វផ្សាយផលិតផលថ្មីនេះបានលាងជម្រះ «ពាក្យចចាមអារ៉ាមដែលថាក្រុមហ៊ុននេះកំពុងពិចារណាលក់ជំនួញទូរសព្ទរបស់ខ្លួន ហើយផ្ទុយទៅវិញបង្ហាញពីភាពធន់របស់ក្រុមហ៊ុននេះចំពោះទណ្ឌកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន China Daily ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលចិន។
លោក Yu Chengdong នាយកប្រតិបត្តិផ្នែកអាជីវកម្មឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុន Huawei បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយផលិតផលថ្មីនោះថា៖ «យើងបានឆ្លងកាត់រដូវរងា ៤ ឆ្នាំមកហើយក្រោមទណ្ឌកម្មនេះ។ ឥឡូវនេះ រដូវស្លឹកឈើលាស់បានមកដល់ហើយ ហើយយើងរំភើបចំពោះអនាគតដែលនឹងមកដល់»។
កាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Huawei បាននាំមុខក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung មួយរយៈពេលខ្លីក្លាយជាក្រុមហ៊ុនលក់ទូរសព្ទស្មាតហ្វូនធំជាងគេបង្អស់នៅលើពិភពលោក នៅពេលដែលចំណែកទីផ្សាររបស់ក្រុមហ៊ុននេះឡើងដល់ចំនួន ១៨% ដែលជាចំនួនខ្ពស់បំផុត។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនតាមដានទីផ្សារភាគហ៊ុន Canalys។
ក្រោយមក រដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ការត្រួតពិនិត្យលើការនាំចេញផលិតផលរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់។
នៅត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុន Huawei មានចំណែកតែ ២% ប៉ុណ្ណោះនៃទីផ្សារទូរសព្ទស្មាតហ្វូននៅលើពិភពលោក ដោយការលក់ភាគច្រើនរបស់ខ្លួនគឺនៅក្នុងប្រទេសចិន។
អាជីវកម្មទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅពេលសព្វថ្ងៃនេះបានបង្ហាញថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង Shenzhen មួយនេះ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយនូវឧបករណ៍ដែលប្រើនៅក្នុងបណ្ដាញទូរគមនាគមន៍ 5G នៅតែពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិកសម្រាប់ធាតុសំខាន់ៗមួយចំនួន។
យោងតាមរបាយការណ៍មួយរបស់ក្រុមហ៊ុន Counterpoint ដែលជាក្រុមហ៊ុនវិភាគមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុន Huawei បានប្រើអស់បន្ទះឈីបទំនើបសម្រាប់ទូរសព្ទស្មាតហ្វូនដែលផលិតដោយខ្លួនឯងក្នុងស្រុក ដែលធ្វើឱ្យក្រុមហ៊ុននេះមានចំណែកទីផ្សារសូន្យសម្រាប់បីត្រីមាសចុងក្រោយនៃឆ្នាំ ២០២២។
ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី ២៤ ខែកុម្ភៈថា ក្រុមហ៊ុន Huawei បានរស់រានផុតពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកតាមរយៈការប្រើប្រាស់ធាតុផ្សំជំនួសផ្សេងៗដែលផលិតនៅក្នុងស្រុក។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងពិចារណារឹតបន្តឹងលើវិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុន Huawei និងហាមឃាត់ទាំងស្រុងនូវរាល់ការធ្វើជំនួញទាំងអស់ជាមួយនឹងក្រុមហ៊ុននេះ ដែលក្នុងនោះរួមមានទាំងការហាមឃាត់ការនាំចេញទៅឱ្យបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei និងឈ្មួញកណ្ដាលផងដែរ។
សម្រាប់ពេលឥឡូវនេះ ក្រុមហ៊ុនដែលលក់បច្ចេកវិទ្យាដែលគេមិនសូវចង់បានដូចជាទូរសព្ទស្មាតហ្វូន 4G ជាដើម នៅតែអាចដាក់ស្នើសុំអាជ្ញាបណ្ណអាជីវកម្មពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកដើម្បីធ្វើជំនួញជាមួយនឹងក្រុមហ៊ុន Huawei៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា