មហាក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei បានអះអាងជាប្រចាំថា ខ្លួនមិនបានធ្វើជាដៃគូជាមួយរដ្ឋាភិបាលចិននៅក្នុងការប្រមូលការស៊ើបការណ៍សម្ងាត់លើបុគ្គលនៅក្នុងប្រទេសចិនទេ ក៏ប៉ុន្តែរបាយការណ៍មួយដែលត្រូវបានរាយការណ៍ដោយកាសែត Washington Post នៅសប្តាហ៍នេះ បានបង្ហាញថា ក្រុមហ៊ុននេះ ទំនងជាបានផ្សព្វផ្សាយលក់បច្ចេកវិទ្យាស៊ើបការណ៍ឲ្យអតិថិជនជារដ្ឋាភិបាល ដែលនេះធ្វើឲ្យគេមានមន្ទិលចំពោះការអះអាងរបស់ក្រុមហ៊ុននោះកន្លងមក។
របាយការណ៍នោះ ត្រូវបានធ្វើឡើងនៅពេលដែលផ្នែកសំខាន់ៗនៃប្រតិបត្តិការរបស់ក្រុមហ៊ុនដ៏ធំនោះ នៅតែត្រូវបានរឹតត្បិតបន្តដោយការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី Donald Trump ហើយនៅក្នុងករណីខ្លះ ត្រូវបានរឹតបន្តឹងដោយលោកប្រធានាធិបតី Joe Biden។
កាសែត Washington Post បានទទួលបទបង្ហាញ PowerPoint ជាង១០០ ដែលត្រូវបានចុះផ្សាយជាសាធារណៈរយៈពេលខ្លីនៅលើវេបសាយរបស់ក្រុមហ៊ុននោះ។ ឯកសារយ៉ាងច្រើននេះ បង្ហាញថា ក្រុមហ៊ុននោះ បានផ្សព្វផ្សាយលក់សេវានានាដែលទាក់ទិននឹងការស៊ើបយកការណ៍ រួមមានបច្ចេកវិទ្យាចំណាំសំឡេង និងការតាមដានទីកន្លែង។
បទបង្ហាញនោះ បានបង្ហាញទៀតថា ក្រុមហ៊ុននោះ ក៏បានផ្សព្វផ្សាយលក់ប្រព័ន្ធឃ្លាំមើលអ្នកទោស ដូចជាអ្នកទោសជនជាតិភាគតិច អ៊ុយហ្គ័រ (Uyghurs) ដែលចិនបានឃុំឃាំងដោយមិនបានដឹងចំនួននៅក្នុងតំបន់ Xinjiang ភាគខាងលិច។ ប្រព័ន្ធនោះ តាមដានផលិតភាពពលកម្មរបស់ពួកអ្នកទោស និងពេលវេលារបស់ពួកគេដែលបានចំណាយនៅថ្នាក់រៀនអប់រំកែប្រែខ្លួន និងទិន្នន័យដែលអាចចង្អុលបង្ហាញពីប្រសិទ្ធភាពនៃថ្នាក់រៀនរបស់អ្នកទោសទាំងនោះ។
បន្ថែមពីនេះទៀត ឯកសារទាំងនោះ ទំនងផ្សព្វផ្សាយលក់ឧបករណ៍ស៊ើបយកការណ៍កន្លែងធ្វើការងារ មានន័យថា ឃ្លាំមើលការបំពេញការងាររបស់និយោជិក និងតាមមើលពួកអ្នកធ្វើការដែលបានលួចយកពេលធ្វើការទៅឈប់សម្រាក៕