បណ្តាញទូរគមនាគមន៍ដែលត្រូវបានផ្តល់ហិរញ្ញប្បទាននិងសាងសង់ដោយចិន កំពុងចូលកាន់កាប់លម្ហអ៊ីនធឺណិតនៅអាហ្វ្រិក។ នេះជាទម្រង់នៃការពឹងអាស្រ័យមួយ ដែលក្រុមអ្នកវិភាគលើកឡើងថា ធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងស្ថិតនៅក្នុងគោលជំហរមួយ ដែលអាចដាក់ឥទ្ធិពលមកលើបណ្តាប្រទេសមួយចំនួននៅទ្វីបនេះ។
លោក Bulelani Jili បេក្ខជនថ្នាក់បណ្ឌិតនៅមហាវិទ្យាល័យសិក្សាលើមុខវិជ្ជាអាហ្វ្រិក និងពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានថ្លែងប្រាប់ VOA ភាសាចិនកុកងឺតាមរយៈបទសម្ភាសតាមទូរសព្ទថា៖ «ក្រុមហ៊ុន Huawei កំពុងតែធ្វើការនិងចាប់ដៃគូជាមួយនឹងរដ្ឋាភិបាលមួយចំនួននៅទ្វីបនេះ ហើយរដ្ឋាភិបាលប្រទេសទាំងនោះកំពុងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដើម្បីបន្ទាបតម្លៃលទ្ធិប្រជាធិបតេយ្យ»។
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនលក់បច្ចេកវិទ្យាជំនាន់ទី៥ (5G) និងទូរស័ព្ទដៃទំនើបឈានមុខគេនៅលើពិភពលោក ត្រូវបានសហរដ្ឋអាមរិក និងបណ្តាប្រទេសដទៃទៀត ចាត់ទុកជា«អង្គភាពមួយរបស់រដ្ឋាភិបាលចិន ដែលអាចប្រើក្រុមហ៊ុននេះ» ដើម្បីធ្វើចារកម្ម ហើយនេះជាការចោទប្រកាន់មួយដែលក្រុមហ៊ុន Huawei បានបដិសេធ។ នេះបើយោងតាមក្រុមប្រឹក្សាទំនាក់ទំនងការបរទេស។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (The Center for Strategic and International Studies) ឬ CSIS ដែលជាមជ្ឈមណ្ឌលសិក្សាគោលនយោបាយមួយមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានរាយការណ៍កាលពីខែឧសភាថា នៅទូទាំងពិភពលោក «មួយភាគធំនៃកិច្ចសន្យាអាជីវកម្ម [របស់ក្រុមហ៊ុន Huawei] (៥៧ភាគរយ) គឺស្ថិតនៅតាមបណ្តាប្រទេសមានចំណូលមធ្យម ហើយដែលមានភាពសេរីភាពដោយផ្នែក ឬមិនមានភាពសេរី»។
របាយការណ៍របស់មជ្ឈមណ្ឌល CSIS បានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យ ឬសេវាកម្មរដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក កំពុងតែគ្រប់គ្រងលើទិន្នន័យដែលមានលក្ខណៈរសើប ហើយការផ្គត់ផ្គង់សេវាកម្មនេះ «អាចផ្តល់ឲ្យអាជ្ញាធរចិននូវលទ្ធភាពធ្វើចារកម្ម និងការជំរុញបែបបង្ខិតបង្ខំណាមួយ»។
ភាសាអំពី «លទ្ធភាពចារកម្ម និងការជំរុញបែបបង្ខិតបង្ខំ» នេះ កើតចេញពីច្បាប់ជាតិស្តីពីការស៊ើបការណ៍សម្ងាត់ឆ្នាំ ២០១៧ របស់ចិន ដែលចែងថា រាល់អង្គភាព និងពលរដ្ឋចិន គួរ«គាំទ្រ ជួយជ្រោមជ្រែង និងសហការជាមួយនឹងកិច្ចការស៊ើបការណ៍សម្ងាត់របស់រដ្ឋ»។ ច្បាប់នេះ មិនបានដាក់កំហិតថា សកម្មភាពទាំងនេះ អាចធ្វើបានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ។
គោលដៅ និងតម្រូវការ
សហភាពអាហ្វ្រិក បានកំណត់ជាគោលដៅសម្រេចឲ្យបាននូវលទ្ធភាពអាចប្រាស័យទាក់ទងគ្នាតាមប្រព័ន្ធអ៊ីនធឺណិតចំពោះរាល់បុគ្គល អាជីវកម្ម និងរដ្ឋាភិបាលនៅលើទ្វីបនេះនៅត្រឹមឆ្នាំ ២០៣០ ដែលនេះជាការអភិវឌ្ឍមួយ ទទួលបានការគាំទ្រដោយធនាគារពិភពលោក។
ទ្វីបអាហ្វ្រិកត្រូវការរោងចក្រដែលអាចផលិតថាមពលអគ្គិសនីបាន ១.០០០ មេកាវ៉ាត់ ឬមជ្ឈមណ្ឌលរក្សាទិន្នន័យថ្មីចំនួន ៧០០ ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើងនៅក្នុងទ្វីបនេះ។ នេះបើយោងតាមសមាគមមជ្ឈមណ្ឌលទិន្នន័យអ៊ីនធឺណិតអាហ្វ្រិក។
លោក Guy Zibi អ្នកវិភាគជាន់ខ្ពស់នៃក្រុមហ៊ុន Xalam Analytics ដែលបានតាមដានការរីកចម្រើននៃមជ្ឈមណ្ឌលរក្សាទិន្នន័យនៅអាហ្វ្រិក បានថ្លែងប្រាប់វេបសាយ DataCenterKnowledge ថា ទំហំនៃតម្រូវការសម្រាប់មណ្ឌលរក្សាទិន្នន័យដើម្បីបំពេញតម្រូវការស្របតាមកំណើនប្រជាជន «គឺមានសារៈសំខាន់យ៉ាងខ្លាំង»។
កាលពីថ្ងៃទី២២ ខែមិថុនា ប្រទេសសេណាហ្គាល់នៅភាគខាងលិចទ្វីបអាហ្វ្រិក បានសម្ពោធមជ្ឈមណ្ឌលរក្សាទិន្នន័យជាតិនៅជាយរដ្ឋធានីដាកា។ ដោយទទួលបានការគាំទ្រពីធនាគារអាហរន្ត-នីហរន្តចិន មជ្ឈមណ្ឌលនេះ ទទួលបានជំនួយផ្នែកសម្ភារ និងបច្ចេកទេសពីក្រុមហ៊ុន Huawei។ កិត្តិនាមរបស់សេណេហ្គាល់បានធ្លាក់ចុះពីប្រទេសសេរីមកជាប្រទេសសេរីដោយផ្នែកនៅក្នុងរបាយការណ៍សេរីភាពលើពិភពលោកឆ្នាំ ២០២០ របស់អង្គការ Freedom House។
កាលពីខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកាមេរូនបានសាង់សង់បញ្ចប់ជាស្ថាពរនូវមជ្ឈមណ្ឌលរក្សាទិន្នន័យរដ្ឋាភិបាលនៅជាយរដ្ឋធានីយុនដេ។ មជ្ឈមណ្ឌលនេះ ក៏ទទួលបានហិរញ្ញប្បទានពីធនាគារអាហរន្ត-នីហរន្តចិន និងត្រូវបានសាងសង់ដោយក្រុមហ៊ុន China Shenyang International Cooperation ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងត្រូវបានបំពាក់ដោយគ្រឿងសម្ភាររបស់ក្រុមហ៊ុន Huawei។
អង្គការ Freedom House ក៏បានចាត់ចំណាត់ថ្នាក់ប្រទេសកាមេរូនថា មិនសេរីផងដែរ។
កាលពីខែមេសា ឆ្នាំ២០១៩ កេនយ៉ានិងក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់មជ្ឈមណ្ឌលរក្សាទិន្នន័យមួយ ដែលជាផ្នែកមួយនៃគម្រោងទីក្រុងឆ្លាត និងការឃ្លាំមើល។ នេះបើយោងទៅតាមវេបសាយ DateCenterDynamics។ វេបសាយនេះបានរាយការណ៍ថា ក្រុមហ៊ុន Huawei បានធ្វើការជាមួយនឹងរដ្ឋាភិបាលសំប៊ីក្នុងការសាងសង់មជ្ឈមណ្ឌលរក្សាទិន្នន័យ ដែលមានតម្លៃ ៧៥ លានដុល្លារផងដែរ។ អង្គការ Freedom House បានចាត់ចំណាត់ថ្នាក់ប្រទេសកេនយ៉ា ជាប្រទេសសេរីដោយផ្នែកក្នុងឆ្នាំ ២០២០។
សេវាកម្មរដ្ឋាភិបាលអេឡិចត្រូនិកផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei រួមមាន ការបោះឆ្នោត ការធ្វើឌីជីថលនីយកម្មលើឯកសារ ប្រព័ន្ធអត្តសញ្ញាណប័ណ្ណជាតិ និងសេវាកម្មពន្ធដារ។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល CSIS។
ខណៈការធ្វើឌីជីថលនីយកម្មលើឯកសាររបស់រដ្ឋាភិបាលប្រហែលអាចឲ្យមានការតាមដានច្រើនជាងមុន ការណ៍នេះ ក៏អាចនាំឲ្យមានការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាពជាងមុន និងអំពើពុករលួយតិចជាងមុន។ នេះបើយោងតាមសារបង្ហោះមួយកាលពីខែមីនា ឆ្នាំ២០២១ នៅលើវេបសាយរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ Brookings Institution ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
សារបង្ហោះ TechStream នោះ បានសរសេរក្នុងន័យដើមថា៖ «ស្របពេលដែលទ្វីបអាហ្វ្រិកនេះ កំពុងរើបឡើងវិញពីជម្ងឺឆ្លងរាតត្បាតកូវីដ១៩ មេដឹកនាំនានា បានប្រឈមមុខនឹងជម្រើសមួយរវាងការដាក់បញ្ចូលបច្ចេកវិទ្យាដែលកំពុងតែលេចឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពរបស់រដ្ឋាភិបាល ពង្រឹងតម្លាភាព និងជំរុញការរួមបញ្ចូល ឬក៏អាចប្រើប្រាស់ជាឧបករណ៍រឹតត្បិត ខណ្ឌចែក និងបង្កជម្លោះបានផងដែរ»។
ការពង្រីកឥទ្ធិពលរបស់ចិន
ចិនមានប្រវត្តិផ្តល់ហិរញ្ញប្បទាន និងផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រនៅពាសពេញទ្វីបអាហ្វ្រិក។ នេះបើយោងតាមរបាយការណ៍ចុះកាលពីខែមេសា ឆ្នាំ២០២១ របស់មជ្ឈមណ្ឌលសិក្សាពីទ្វីបអាហ្វ្រិករបស់ក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council)។
អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Huawei បានកសាងបណ្តាញអ៊ីនធឺណិតជំនាន់ទី (3G) នៅអាហ្វ្រិកប្រមាណ ៥០ភាគរយ និងបណ្តាញអ៊ីនធឺណិតជំនាន់ទី៤ (4G) ប្រមាណ ៧០ភាគរយ។ នេះបើយោងតាមរបាយការណ៍ដដែល។
ការពង្រីកនេះ បានចាប់ផ្តើមឡើងកាលពីឆ្នាំ ១៩៩៩ នៅពេលចិន បានដាក់ចេញនូវគោលនយោបាយចេញក្រៅ (Go Out policy) របស់ខ្លួន ដែលបានជំរុញឲ្យក្រុមហ៊ុនចិនវិនិយោគនៅក្រៅប្រទេស និងពង្រីកវត្តមានរបស់ចិនក្នុងវិស័យធុរកិច្ចលើសាកលលោក។
នៅត្រឹមឆ្នាំ ២០១៨ ចិន បានពង្រីកខ្លួនទៅកាន់បណ្តាប្រទេសនៅអាហ្វ្រិកយ៉ាងហោចណាស់ចំនួន ៤០។ នេះបើយោងតាមសារព័ត៌មាន Africa Times។
លោក Cobus van Staden អ្នកស្រាវជ្រាវជាន់ខ្ពស់លើប្រធានបទចិន-អាហ្វ្រិកនៅវិទ្យាស្ថានកិច្ចការអន្តរជាតិអាហ្វ្រិកខាងត្បូង (South African Institute of International Affairs) ដែលជាមជ្ឈមណ្ឌលសិក្សាគោលនយោបាយមួយ មានមូលដ្ឋាននៅក្រុង Johannesburg បានលើកឡើងត្រួសៗអំពីហេតុផលដែលក្រុមហ៊ុនចិនទទួលបានជោគជ័យនៅទ្វីបអាហ្វ្រិក។
លោកបានថ្លែងប្រាប់ VOA តាមរយៈសារអ៊ីម៉ែលថា៖ «ដំបូងគឺថា ទ្វីបនេះមានតម្រូវការខ្ពស់ចំពោះទំនាក់ទំនងតាមប្រព័ន្ធឌីជីថល នៅគ្រប់កម្រិតទាំងអស់ ដែលមានចាប់ពីការកសាងបណ្តាញទំនាក់ទំនង រហូតដល់ការលក់ទូរស័ព្ទដៃដល់អតិថិជនជាដើម»។
ទីពីរ ក្រុមហ៊ុនចិនអាចធ្វើការដាក់ស្នើយ៉ាងស្រួលទៅកាន់ធនាគារធំៗ ដែលស្និទ្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ យោងតាមលោក van Staden នេះ មានន័យថា ក្រុមហ៊ុនចិនមានប្រាក់ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងឆាប់រហ័សនៅក្នុងស្ថានភាពផ្សេងៗ។
លោក Iginio Gagliardone សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Witwatersrand ក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយលើការកើនឡើងវត្តមានចិននៅអាហ្វ្រិក និងជាអ្នកនិពន្ធសៀវភៅក្រោមចំណងជើងថា «ចិន អាហ្វ្រិក និងអនាគតអ៊ីនធឺណិត»។
លោកបានថ្លែងប្រាប់ VOA ភាសាចិនកុកងឺថា ទំនាក់ទំនងដែលក្រុមហ៊ុនចិនមានជាមួយនឹងធនាគារដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន មានន័យថា ក្រុមហ៊ុនទាំងនោះ អាចបន្ទាបថ្លៃ និងរក្សាបាននូវអាទិភាពផ្នែកការប្រកួតប្រជែងពីលើក្រុមហ៊ុនដេញថ្លៃដទៃទៀត។
លោកបានថ្លែងនៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ VOA ភាសាចិនកុកងឺថា៖ «ធនាគារអាហរន្ត-នីហរន្ត (ចិន) អាចផ្តល់ជាកម្ចីទ្រង់ទ្រាយធំ ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលនៅអាហ្វ្រិក ជាមួយនឹងលក្ខខណ្ឌដែលកម្ចីទាំងនេះ នឹងត្រូវប្រើដើម្បីដាក់ពង្រាយបច្ចេកវិទ្យា ដោយប្រើប្រាស់ក្រុមហ៊ុនចិន»។
ធនាគាររដ្ឋចិន បានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនទៅដល់អតិថិជនរបស់ក្រុមហ៊ុន Huawei ដែលធនាគារពាណិជ្ជភាគច្រើន មិនអាចបំពេញលក្ខខណ្ឌដូចគ្នាបាន «ដោយការណ៍នេះ ធ្វើឲ្យគ្រឿងសម្ភាររបស់ក្រុមហ៊ុន Huawei មានតម្លៃទាបជាងមុន ដើម្បីបញ្ជាទិញយកទៅប្រើប្រាស់»។ នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០២០ របស់មជ្ឈមណ្ឌលសម្រាប់វិវឌ្ឍនភាពអាមេរិកាំង (Center for American Progress) ដែលជាមជ្ឈមណ្ឌលសិក្សាគោលនយោបាយមួយ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
យោងតាមលោក van Staden នៅក្រុង Johannesburg កត្តាទីបីគឺថា មានការផ្តោតតិចតួចប៉ុណ្ណោះមកលើទ្វីបអាហ្វ្រិកជាទីផ្សារបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ លោកបានបកស្រាយថា៖ «មិនមានគូប្រជែងគួរឲ្យជឿទុកចិត្តណាមួយទៅនឹងក្រុមហ៊ុនចិននៅទីនោះ នោះទេ»។
ភាគីពាក់ព័ន្ធដែលគេស្គាល់
ដោយសារសហគ្រាសចិន ត្រូវបានស្គាល់ជាភាគីពាក់ព័ន្ធនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទ្វីបអាហ្វ្រិក បណ្តាប្រទេសដែលកំពុងងាកទៅរកការប្រើប្រាស់បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ (5G) នៅតែស្ថិតនៅជាមួយនឹងក្រុមហ៊ុនដែលពួកគេស្គាល់ពីមុនមក។ នេះបើយោងតាមក្រុមអ្នកវិភាគ។
«ទោះបីគោលនយោបាយរបស់រដ្ឋបាលលោកត្រាំ បានដាក់កំហិតដោយជោគជ័យមកលើការពង្រីកឥទ្ធិពលរបស់ចិនមកលើបណ្តាប្រទេសលោកខាងលិចក៏ដោយ ក៏គោលនយោបាយទាំងនោះ មិនបានជះឥទ្ធិពលមកលើកំណើនហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាចិន នៅទ្វីបអាហ្វ្រិកនោះទេ។ នៅទីផ្សារអាហ្វ្រិក កង្វះខាតក្រុមហ៊ុននាំមុខ ការផ្តល់ហិរញ្ញប្បទានផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពសាងសង់មានកម្រិត បានបង្កឲ្យមានការពឹងផ្អែកលើគម្រោងផ្តល់ហិរញ្ញប្បទានដោយចិន»។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សា Atlantic។
លោក van Staden បាននិយាយថា ការពឹងផ្អែកខាងលើនេះ បង្កជាមន្ទិលជុំវិញឥទ្ធិពលដែលអាចមានលើផ្នែកនយោបាយ។
លោកបាននិយាយថា៖ «ការស្រាវជ្រាវបង្ហាញថា ក្រុមហ៊ុនចិន សម្របទៅនឹងនិយ័តកម្ម និងអភិបាលកិច្ចក្នុងស្រុក។ នៅក្នុងទាំងបណ្តាប្រទេសផ្តាច់ការ និងប្រទេសប្រជាធិបតេយ្យ ក្រុមហ៊ុនចិនដែលស៊ីឈ្នួលតាមកិច្ចសន្យាហាក់ដូចជាគោរពច្បាប់ និងផ្តល់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដែលរដ្ឋាភិបាលតាមប្រទេសទាំងនោះត្រូវការ មិនថា ប្រព័ន្ធបច្ចេកវិទ្យាទាំងនោះជាប្រព័ន្ធមានលក្ខណៈបើកចំហ និងរួមបញ្ចូល ឬគ្រប់គ្រងដោយរដ្ឋផ្ទាល់នោះទេ»។
លោកបានបន្តថា៖ «មិនមានភស្តុតាងថា ចិនកំពុង «នាំចេញទៅក្រៅ» នូវប្រព័ន្ធបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួន ហើយដាក់សម្ពាធលើបណ្តាប្រទេសដទៃទៀតឲ្យធ្វើតាមនោះទេ។ បញ្ហាគឺថា ចិនមិនមែនប្រើប្រាស់ប្រព័ន្ធទិន្នន័យដើម្បីជះឥទ្ធិពលមកលើនយោបាយក្នុងស្រុកនៅតាមបណ្តាប្រទេសទាំងនោះទេ តែចិនផ្តោតលើគោលជំហរថា ការដើរតួជាអ្នកផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ គឺជាផ្នែកមួយនៃវត្តមានពាណិជ្ជកម្ម និងការវិនិយោគទូលំទូលាយជាងនេះ។ តួនាទីរបស់ចិនជាដៃគូពាណិជ្ជកម្ម ហិរញ្ញប្បទាន និងអភិវឌ្ឍន៍ដ៏សំខាន់របស់បណ្តាប្រទេសជាច្រើននៅអាហ្វ្រិក តែងតែធ្វើឲ្យបណ្តាប្រទេសទាំងនោះ មិនមានទំនោរនឹងធ្វើឲ្យចិនអាក់អន់ចិត្តនោះឡើយ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា