ការដកហូតមុខតំណែងលោក អាំង មាលតី ចេញពីប្រធានសាលាដំបូងក្រុងភ្នំពេញយ៉ាងតក់ក្រហល់បានធ្វើឱ្យមានមតិមួយចំនួនសារទរចំពោះវិធានការក្តៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ក៏ប៉ុន្តែទន្ទឹមគ្នានេះក៏មានការរិះគន់ថាស្ថាប័ននីតិប្រតិបត្តិកំពុងលូកដៃយ៉ាងជ្រៅចូលនៅក្នុងអំណាចតុលាការដែលជាស្ថាប័នពីរដាច់ស្រឡះពីគ្នា។
ការចោទប្រកាន់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជ្រៀតចូលក្នុងស្ថាប័នតុលាការនេះបានធ្វើឱ្យក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សខ្លះយល់ឃើញថាមន្ត្រីតុលាការកាន់តែខ្លាចអំណាចលោក ហ៊ុន សែន កាន់តែខ្លាំង ដែលធ្វើឱ្យពួកគេមានពេលខ្លះសម្រេចវិនិច្ឆ័យក្តីមិនស្របទៅតាមច្បាប់ និង រង់ចាំតែស្តាប់បទបញ្ជាពីថ្នាក់លើជាពិសេសរឿងក្តីពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមអាដហុកមានប្រសាសន៍ថារឿងដកហូតមុខតំណែងតុលាការមិនមែនទាក់ទងទៅនឹងរឿងយុត្តិធម៌ទេដោយសារតែលោក ហ៊ុន សែន មិនដែលគិតរឿងយុត្តិធម៌ទេ។
ចំណុចនេះលោកនី ចរិយាបានធ្វើការប្រៀបធៀបរវាងសកម្មជនដីធ្លី និង សកម្មជននយោបាយ ព្រមទាំងព្រះសង្ឃខ្មែរកម្ពុជាក្រោម ត្រូវបានចាប់ដាក់ពន្ធនាគារតែមិនដែលឃើញលោក ហ៊ុន សែនចេញមុខអន្តរាគមទេ។
លោកបានបញ្ជាក់ថាចំណាត់ការថ្មីៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទិននឹងប្រព័ន្ធតុលាការនឹងធ្វើឱ្យមន្ត្រីតុលាការឯទៀតៗកាន់តែខ្លាចអំណាចរបស់លោកហ៊ុន សែនកាន់តែខ្លាំង។
លោកនិយាយថា៖«ដើម្បីបង្ហាញប្រព័ន្ធតុលាការហ្នឹងឱ្យកាន់តែរឹងមាំថែមទៀតគឺមានន័យថាគឺឱ្យតុលាការ ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ហ្នឹងរិតតែរណប សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនថែមទៀតពីព្រោះគឺថាប្រព័ន្ធតុលាការទាំងមូលស្ថិតនៅក្រោមកណ្តាប់ដៃសម្តេចហ៊ុន សែនទាំងអស់»។
កាលពីថ្ងៃពុធលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញត្រូវបានដកហូតចេញពីមុខតំណែង គឺបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ។ ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើដល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានព្រះមហាក្សត្រជាប្រធានធ្វើការស៊ើបអង្កេតជាបន្ទាន់ពាក់ព័ន្ធនឹងការដោះលែងឪពុកម្តាយលោកថោងសារ៉ាត់ទាក់ទិននឹងករណីឃាតកម្មកាលពីឆ្នាំ២០១៤។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានថ្លែងការពារខ្លួនលោកដែរថាលោកមិនបានលូកដៃចូលក្នុងស្ថាប័នតុលាការទេ។ក៏ប៉ុន្តែក្រោយពីការប្រកាសរបស់លោកប៉ុន្មានម៉ោងប៉ុណ្ណោះប្រធានតុលាការក្រុងត្រូវបានដកហូតភ្លាមនិងបានប្រកាសតែងតាំងលោកចៅក្រម តាំង ស៊ុនឡាយ ជាប្រធានតុលាការថ្មីដែលលោកត្រូវបានកត់សម្គាល់ថាជាចៅក្រមមួយរូបដែលបានកាត់ទោសអ្នកស្រីយ៉ោម បុប្ជា សកម្មជនបឹងកក់ឱ្យជាប់ក្នុងពន្ធនាគារ។
លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅតំបន់បឹងកក់មានប្រសាសន៍ថាកន្លងមកមិនដែលឃើញលោកហ៊ុន សែនអន្តរាគមឱ្យដោះលែងសកម្មជននៅក្នុងតំបន់បឹងកក់ទេ មានតែករណីដាក់បន្ទុកបន្ថែម។ លោកបានស្តីបន្ទោសថាចំណាត់ការរបស់លោកហ៊ុន សែន បានបង្កប់ដោយនយោបាយ។
លោកនិយាយថា៖«សង្ឃឹមថាបញ្ហានេះបើសិនជាគាត់មានចេតនាពង្រឹងប្រព័ន្ធតុលាការឱ្យមានភាពឯករាជ្យ សេរី និង យុត្តិធម៌សង្ឃឹមថាសង្គមខ្មែរអាចនឹងមានភាពយុត្តិធម៌ទៅថ្ងៃអនាគត។ប៉ុន្តែប្រសិនបើសម្រែកដើម្បីជានយោបាយទេ អញ្ចឹងប្រជាពលរដ្ឋខ្មែរនៅតែមិនមានយុត្តិធម៌ដដែលទេ»។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានច្រានចោលចំពោះការចោទប្រកាន់ទាំងនេះ។
លោកនិយាយថា៖«ចំណាត់ការនេះមិនមែនពាក់ព័ន្ធនឹងបញ្ហាលូកដៃទៅក្នុងប្រព័ន្ធតុលាការអ្វីទេ។ នេះ អ្វីដែលធ្វើការពិនិត្យនេះគឺយោងតាមការស្នើសុំឱ្យមានការពិនិត្យគឺមិនមាន បានន័យថាលូកដៃចូលទៅក្នុងប្រព័ន្ធតុលាការ គឺស្នើសុំទៅលើការពិនិត្យដែលជាការចាប់អារម្មណ៍មួយដែលថាករណីនេះមានភាពមិនប្រក្រតី»។
យ៉ាងតិចមានសកម្មជនបឹងកក់ សកម្មជន នយោបាយ រួមទាំងអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រមាណ១៩នាក់កំពុងជាប់ឃាំងក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ផ្សេងៗគ្នា។
លោក ចាន់ ពុទ្ធិស័ក បានបញ្ជាក់ថារដ្ឋាភិបាលមិនគួរមានភាពលម្អៀងរឿងក្តីអ្នកភូមិបឹងកក់និងរឿងក្តីឃាតកម្មទៅលើលោក ឧកញ៉ា អ៊ឹង ម៉េងជឺទេ។
រឿងក្តីពាក់ព័ន្ធនឹងករណីឃាតកម្មនេះឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជំហានដំបូងគ្រាន់តែដកហូតមុខតំណែងប្រធានតុលាការក្រុងភ្នំពេញតែប៉ុណ្ណោះ។ក៏ប៉ុន្តែមិនមានចៅក្រម និង ព្រះរាជអាជ្ញាណាម្នាក់ត្រូវចាប់ខ្លួននាំយកមកកាត់ទោសទេពាក់ព័ន្ធនឹងការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត៕