ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​សង្ឃឹម​នឹង​​​ជួយ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​​នៅ​កម្ពុជា


កញ្ញា មាន សុនីតា តួសម្ដែង និង​ជា​អគ្គរាជទូតសុឆន្ទៈនៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រទី០៨ ខែកក្ដដា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
កញ្ញា មាន សុនីតា តួសម្ដែង និង​ជា​អគ្គរាជទូតសុឆន្ទៈនៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រទី០៨ ខែកក្ដដា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ក្រុម​អ្នក​ស្រឡាញ់​កុន​ និង​មន្ត្រី​​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ធ្វើការ​ប្រកាស​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ការ​ផលិត​កុន​​ខ្លី​ចាប់​ពី​ខែ​កក្កដា​នេះ​រហូត​ដល់​ខែ​វិច្ឆិកា​ ដោយ​ផ្ដោត​សំខាន់​លើ​​ប្រធាន​បទ​ចំណាក​ស្រុក​និង​ការ​ជួញដូរ​មនុស្ស។

ភាពយន្ត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​មធ្យោបាយមួយ​ក្នុង​ការ​ផ្សាយ​សារ​អប់រំ​អំពី​បញ្ហាផ្សេងៗ​ តែ​អ្នក​រៀបចំ​មហោស្រព​ភាពយន្តមួយ​ បាន​លើក​ឡើង​ថា​ ការ​ផលិត​កុន​មិនសូវ​សម្បូរ​ដោយសារ​ខ្វះ​ដើម​ទុននិង​ធនធាន។ ​នៅ​ថ្ងៃ​សុក្រ​ទី៨​ ខែ​កក្កដា​នេះ ក្រុម​ស្ថាបនិក​នៃ​មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បាន​រៀប​ចំឲ្យ​មាន​ការ​ប្រកួតភាពយន្ត​ខ្នាត​ខ្លី​ជា​លើក​ទី​៥​ដើម្បី​លើក​ស្ទួយ​ឲ្យ​មាន​ការ​ផលិតកុន​នៅ​កម្ពុជា​និង​អាស៊ី​អាគ្នេយ៍​ឲ្យ​បាន​ប្រសើរ​ជាង​មុន។​

​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ វិស័យ​កុន​របស់​កម្ពុជា​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​«យុគសម័យ​មាស»​នៅ​ក្នុង​តំបន់ ​តែ​វិស័យ​នេះត្រូវ​បាន​សាបសូន្យនៅ​កំឡុង​សង្គ្រាម​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​រហូត​ដល់​សម័យ​បច្ចុប្បន្ន​ទើប​មាន​ក្រុម​អ្នក​ស្រឡាញ់​ភាពយន្ត ​និង​អ្នក​ផលិត​កុន​មួយចំនួន​បាន​និង​កំពុង​ខ្នះខ្នែង​លើក​ស្ទួយ​ស្នាដៃវិស័យ​ភាពយន្ត​នេះ​ឡើង​វិញ។​

ក្រុម​អ្នក​ស្រឡាញ់​កុន​ និង​មន្ត្រីនាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ធ្វើការ​ប្រកាស​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ការ​ផលិត​កុនខ្លី​ចាប់​ពី​ខែ​កក្កដា​នេះ​រហូត​ដល់​ខែ​វិច្ឆិកា​ ដោយ​ផ្ដោត​សំខាន់​លើប្រធាន​បទ​ចំណាក​ស្រុក​និង​ការ​ជួញដូរ​មនុស្ស។​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៨​ ខែ​កក្កដា​នេះ ​លោក​ហ៊ូ រេមី​ ​ប្រធានមហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០១៦​ ​បាន​ឲ្យ​ដឹង​ថា​ មហោ​ស្រព​ភាពយន្ត​ជា​ឱកាស​ឲ្យផលិតករ​វ័យ​ក្មេង​អាច​បង្ហាញ​ស្នាដៃ​របស់​គេ។​

លោក ហ៊ូ រេមី ប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៦ ថ្លែងអំពីការប្រកួតកុនខ្នាតខ្លីនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រទី០៨ ខែកក្ដដា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោក ហ៊ូ រេមី ប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៦ ថ្លែងអំពីការប្រកួតកុនខ្នាតខ្លីនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រទី០៨ ខែកក្ដដា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​ហ៊ូ រេមី​និយាយ​ថា៖​

«នៅ​ក្នុង​មហោ​ស្រព​ភាពយន្ត​ខ្លី​នេះ ​គោល​បំណង​របស់​ខ្ញុំ​គឺ​ចង់លើក​ស្ទួយ​សិល្បៈ​អ្នក​ថត​ភាពយន្ត ​អ្នក​សម្ដែង ​អ្នក​ចេះ​សរសេរ​ script ​(សាច់រឿង) ​ឲ្យ​គាត់​ដឹង​ថា​ មុខ​របរ​រកស៊ី​កុន​ហ្នឹង​វា​ដើរ​ឡើង​ ហើយ​នេះ​ជា​ឱកាស​មួយ​ដែរ ​ដែល​គាត់​អាច​ចូលរួម​សាកល្បង​ ហើយ​មិន​បាច់​ត្រូវការ​ចំណូល​ច្រើន​ទេ​ ហើយ​ឧបករណ៍​ទាំង​អស់​នេះ​ យើង​មាន​នៅ​ស្រុក​ខ្មែរ​ដែរ។ ​សំខាន់​គឺ​សាច់​រឿង​ហ្នឹង»។​

​លោក​ប្រធាន​មហោ​ស្រព​ភាពយន្ត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​លោក​ជា​ផលិតករ​កុន​ខ្នាត​ខ្លី​មាន​បទ​ពិសោធន៍​មិន​សូវ​ច្រើន លោក​យល់​ថា​ សាច់​រឿងមាន​សារៈសំខាន់ខ្លាំង​ជាងសម្ភារៈ​ដែល​គេ​ប្រើ​ថត​កុន​នោះ។​

លោក​រេមី​បន្ត​ថា៖​

«ពេល​ខ្លះ​យើង​មិន​ចាំ​បាច់​ត្រូវ​ការ​ឧបករណ៍​ខ្លាំង ​ឧបករណ៍​ធំ​អី​ទេ ​តែ​សំខាន់​វា​សាច់​រឿង។​ តែសាច់រឿង​ល្អ​ហើយ​ វា​ទាក់​មនុស្ស។​ ធម្មតា​អ្នក​មក​មើល​កុន​ គាត់​មើល​ថា​ អូហ៍!​ តើ​គាត់​ថត​ហ្នឹង​ កាមេរ៉ា​អី​ដែរ?​ កាមេរ៉ា​រេដ ​កាមេរ៉ា​សូនី ​កាមេរ៉ា​អី​អីចឹង។​ គេ​អត់​ខ្វល់​ទេ​ បើ​កុន​ហ្នឹង​សាច់រឿង​វា​ល្អ ​គេ​ចាប់​អារម្មណ៍​ហើយ​ កូល័រ ពណ៌ ​គេ​ចូល​ចិត្ត​កុន​ហ្នឹង​ហើយ ​វ៉ាវ»។​

លោក​ស៊ិន ចន្ទ​សាយ៉ា ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ប្រាប់ ​VOA ​ថា ​តួលេខ​នៃ​ស្នាដៃ​កុន​ខ្នាត​ខ្លី​នៅ​កម្ពុជា​នៅ​មាន​ចំនួន​តិច​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។​លោក​បន្ថែម​ថា​គុណភាព​កុន​ខ្នាត​ខ្លី​នៅ​ប្រទេស​កម្ពុជា​នៅ​មានកម្រិត ​ដោយសារកត្តា​បច្ចេកទេស​និង​ធនធាន​ថវិកា។​

«មាន​ចំនួន​តិច។​ យុវវ័យ​យើង​មាន​ការ​ចាប់​អារម្មណ៍​លើ​ភាព​យន្ត​ខ្នាត​ខ្លី។​ គាត់​បាន​ឈានជើង​ចូល​ក្នុង​ការ​ផលិត​ភាព​យន្ត​ គាត់​បានសិក្សា​រៀន​សូត្រ​ខ្លះៗ ​វែង​ ខ្លី ​ក្នុង​ស្រុក ​ក្រៅ​ស្រុក ​ហើយ​គាត់​ចង់​ធ្វើ​កុន។​ ប៉ុន្តែ​បញ្ហា​របស់​គាត់​គឺ​បញ្ហា​ដើម​ទុន​ដែល​គាត់​ផលិត​រឿង​ខ្លី។ ​ជួន​កាល​គាត់​មាន​សាច់រឿង​មាន​អី​ហើយ ​តែ​គាត់​ខ្វះ​ថវិកា​សម្រាប់​ផលិត»។

លោកស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ថ្លែងអំពីការប្រកួតកុនខ្នាតខ្លីនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រទី០៨ ខែកក្ដដា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ថ្លែងអំពីការប្រកួតកុនខ្នាតខ្លីនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រទី០៨ ខែកក្ដដា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

​ការ​រៀបចំ​មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខលើក​ទី​៥​នេះ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​ទី​ភ្នាក់ងារ​សហ​រដ្ឋ​អាមេរិកដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា​ ​USAID​ តាម​រយៈ​អង្គការ​ វីនរ៉ុក​អន្តរជាតិ (Winrock International)​ ក្នុង​គោល​បំណង​ឲ្យ​មាន​ការ​ផលិត​កុន​ផ្សព្វផ្សាយ​អំពី​បញ្ហា​ចំណាក​ស្រុក​ និង​ជួញ​ដូរ​មនុស្ស។​

លោក​សៀង ម៉េង ​អនុប្រធាន​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ (CTIP) ​បាន​និយាយ​ថា​ ការ​ផ្សព្វផ្សាយ​អំពី​ការ​ជួញដូរ​មនុស្ស​ និង​ចំណាក​ស្រុក​មាន​សារៈសំខាន់​ដើម្បី​អប់រំ​ប្រជា​ពលរដ្ឋ​ពី​ចំណាក​ស្រុក​ខុសច្បាប់​ទៅ​ក្រៅ​ប្រទេស។លោក​បន្ថែម​ថា​ ការ​ផលិត​កុន​ទាក់ទង​នឹង​រឿង​នេះគឺ​ជា​មធ្យោបាយមួយ​សំខាន់​ក្នុង​ការ​បញ្ជ្រាប​ចំណេះ​ដឹង​ទាក់​ទង​នឹង​បញ្ហា​ខាង​លើ។​

«ដោយសារ​វិស័យ​កុន​វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ​ព្រោះ​អា​ហ្នឹង​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ហ្នឹង​ទស្សនា​ទៅ​ គេ​អាច​ពិចារណា​ គេ​អាច​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ ពី​អ្វី​ដែល​គេ​ជួប​ប្រទះ​ មក​ជា​រឿង​ល្អ​វិញ។ ​ឧទាហរណ៍​ ឆ្នាំ​នេះ​យើង​និយាយ​អំពី​ការ​ជួញដូរ​មនុស្ស​ហ្នឹង​ យើង​ផ្ដោត​ទាំង​អស់​ ទាំង​ការ​ជួញដូរ​មនុស្ស​ហ្នឹង​ ទាំង​ការ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព។ ​យើង​នឹង​មើល​ទៅ​លើ​រឿង​ទាំង​អស់​ហ្នឹង ​ហើយ​យើង​យល់​ថា ​វិស័យ​ភាព​យន្ត​ជា​ឧបករណ៍​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ»។​

លោក សៀង ម៉េង អនុប្រធាន គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នៃអង្គការវីនរ៉ក់អន្តរជាតិ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រទី០៨ ខែកក្ដដា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោក សៀង ម៉េង អនុប្រធាន គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នៃអង្គការវីនរ៉ក់អន្តរជាតិ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រទី០៨ ខែកក្ដដា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

នៅ​ប្រទេស​ប៉ែក​អឺរ៉ុប​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ អ្នក​ផលិត​កុន​អាច​ស្នើ​សុំ​ថវិកា​ពី​ស្ថាប័នមូលនិធិ​ផលិត​កុន​នៃ​រដ្ឋាភិបាល​ខ្លួន ដោយ​ឡែកការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របៀប​នេះ​នៅ​កម្ពុជា​នៅ​មាន​កម្រិតទាបនៅ​ឡើយ។ លោក​ស៊ិន ចន្ទ​សាយា​ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ មាន​ប្រសាសន៍​ថា ​ការ​ជួយ​ពី​សំណាក់​ក្រុមហ៊ុន​ និង​ដៃ​គូ​ពាក់ព័ន្ធ​គឺ​ជា​គន្លឹះ​ជួយ​បង្កើន​ឲ្យ​មាន​ការ​រីក​ចម្រើន​ដូច​គេ​ដែរ។​

«ក្រុម​ហ៊ុន​រក​ស៊ី​គ្រប់​វិស័យទាំង​អស់​ត្រូវតែ​ជួយ​អា​ហ្នឹង ​បណ្ដុះ​អា​ហ្នឹង ​ពីព្រោះ​បណ្ដុះ​អ្នក​ធ្វើ​រឿង​ខ្នាត​ខ្លី​មាន​ប្រយោជន៍​ណាស់។ ​ដូច​ខ្ញុំ​និយាយ​ហើយ​ថា ​វា​ជា​ថ្នាល​ដំបូង​ វា​ជា​ឱកាស​ដំបូង​ដែល​យើង​ជំរុញ​គាត់​ ឲ្យ​គាត់​បញ្ចេញ​ស្នាដៃ​របស់​គាត់ ​បញ្ចេញ​នូវ​ទេពកោសល្យ​របស់​គាត់។​ អ្វី​ដែល​គាត់​ចង់ ​យើង​ឲ្យ​គាត់​បញ្ចេញ។ ​មុន​នឹង​គាត់​ឈាន​ជើង​ចូល​អាជីព​អ្នក​ផលិត​ភាព​យន្ត ​គាត់​ត្រូវ​សាកល្បង​អា​ហ្នឹង។ ​បើ​សិន​ជា​គាត់​ចង់​សាកល្បង​ចោល​ ​អា​ហ្នឹង​វា​ជា​ជម្រើស​របស់​គាត់»។​

នៅ​ក្នុង​ការ​ប្រកួត​នៃ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​កាលពី​ឆ្នាំ​២០១៥ ​ រឿងមាន​ចំណង​ជើង​ថា​«សង្គ្រាម​គ្រាប់​ឃ្លី»​ ឬ​ A Fistful of Pebbles ​ដឹកនាំ​ដោយ​លោក​ចាប សោមច័ន្ទរិទ្ធិ​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​រឿង​ដែល​ល្អ​បំផុត​នៃ​ការ​ប្រកួត។​ ចំណែក​រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ AXS13 ​បាន​ចំណាត់​ថ្នាក់​ខាង​ផ្នែក​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​បាន​ច្រើន​ជាង​គេ។​

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ​ឬ​ហៅជា​ភាសា​អង់គ្លេស​ថា​ Chaktomuk Short Film​ Festival ​ត្រូវ​បាន​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០១២ ដោយ​«ក្រុម​កុន​ខ្មែរ​កូនខ្មែរ»​និង​ដៃ​គូ​សហការ​ផ្សេង​ទៀត​ដែល​ជា​បណ្ដុំ​អ្នក​ស្រឡាញ់​កុន​និង​ក្រុម​អ្នកផលិត​កុន​ ក្នុង​គោល​បំណង​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ថតកុន​គ្រប់​ប្រភេទ ​ទោះ​បី​ជា​មាន​បទ​ពិសោធន៍​តិច​តួច​ក្ដី​ មិន​គួរ​រុញរា​ក្នុង​ការ​ចូលរួម​សិក្សា​និង​បញ្ចេញ​ស្នាដៃ​អំពី​ការ​ផលិត​កុន​ខ្លី​នោះ​ទេ។​

អ្នក​ផលិត​កុន​ ទាំង​ចាស់ ​ទាំង​ថ្មី ​ទាំង​អស់​ ត្រូវផ្ញើ​កុន​ខ្នាត​ខ្លី​របស់​ខ្លួន​ដែល​មាន​រយៈ​ពេល​មិន​លើស​ពី​៣០​នាទី​មក​កម្មវិធី​ប្រកួត​ប្រជែង​នេះ​ចាប់​ពី​ខែ​កក្កដា​រហូត​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ៕

XS
SM
MD
LG