ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលិតករ​ខ្សែ​ភាព​យន្ត​ម្នាក់​មានការ​ជំរុញ​ទឹក​ចិត្ត​ដោយ​សារ​យុវជន​ខ្មែរ


ពី​ឆ្វេង ទៅ​ស្តាំ៖ លោក​ នៅ​ ជានិច្ច លោក ឆឹម ម៉ាដេហ្សា កញ្ញា នួន សុបុណ្យ កញ្ញា ទិត កនិ្នដ្ឋា និង​លោក ជូ ដាវី ឈរ​ថត​រូប​នៅ​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម​​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ Cannes ​នៅ​ថ្ងៃ​​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​ជា​ផ្លូវ​ការ ថ្ងៃ​សុក្រ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។ (រូបភាព​ផ្តល់​ឲ្យ​ដោយ៖ Barbara Lombeek)
ពី​ឆ្វេង ទៅ​ស្តាំ៖ លោក​ នៅ​ ជានិច្ច លោក ឆឹម ម៉ាដេហ្សា កញ្ញា នួន សុបុណ្យ កញ្ញា ទិត កនិ្នដ្ឋា និង​លោក ជូ ដាវី ឈរ​ថត​រូប​នៅ​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម​​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ Cannes ​នៅ​ថ្ងៃ​​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​ជា​ផ្លូវ​ការ ថ្ងៃ​សុក្រ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។ (រូបភាព​ផ្តល់​ឲ្យ​ដោយ៖ Barbara Lombeek)

ដោយ​ពេញ​ចិត្តនឹង​ការ​អភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា លោក​ ដាវី បាន​ផ្ដើម​គំនិត​ផលិត​ខ្សែ​ភាពយន្ត​មួយ​និយាយ​អំពី​ជីវិត​ក្នុង​សម័យ​ទំនើប​របស់​​យុវជន​ខ្មែរ ដែល​ខ្សែ​ភាព​យន្តនេះ ត្រូវ​បាន​ដាក់​បញ្ចាំង​ក្នុង​​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ប្រទេស​បារាំង​ និង​បាន​ទទួល​ពានរង្វាន់​ The French Screenwriter and Author Society នៃ​ពាន​រង្វាន់​ Semain de la Critique ក្នុង​ខែ​ឧសភា​កន្លង​ទៅ​នេះ។

លោក​ ជូ​ ដាវី ជា​ផលិតករ​ខ្សែភាពយន្ត​បារាំង​មាន​ដើម​កំណើត​ខ្មែរ​អាយុ៣២ឆ្នាំ លោក​បាន​ត្រឡប់​ទៅ​រស់​នៅ​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០០៩។ ដោយ​ពេញ​ចិត្តនឹង​ការ​អភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា លោក​ ដាវី បាន​ផ្ដើម​គំនិត​ផលិត​ខ្សែ​ភាពយន្ត​មួយ​និយាយ​អំពី​ជីវិត​ក្នុង​សម័យ​ទំនើប​របស់យុវជន​ខ្មែរ។ ជា​លទ្ធ​ផល​ ខ្សែ​ភាព​យន្ត​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ "កោះ​ពេជ្រ" ត្រូវ​បាន​ដាក់​បញ្ចាំង​ក្នុងមហោស្រព​ភាពយន្ត​ទីក្រុង​កាន​ប្រទេស​បារាំង​ ក្នុង​ខែ​ឧសភា​កន្លង​ទៅ​នេះ។ ខ្សែភាពយន្ត​នេះ​បាន​ទទួល​ពានរង្វាន់​ The French Screenwriter and Author Society នៃ​ពាន​រង្វាន់​ Semain de la Critique។ នាង​ ហឿន​ សុភ័ក្ត្រ​ នៃ​វីអូអេ​ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ជូ​ ដែល​ស្នាក់​នៅ​ប្រទេស​បារាំង។ កិច្ច​សន្ទនា​នេះ​រៀបរាប់​ចាប់​ពី​ដើម​កំណើត និង​ការ​ជំរុញ​ទឹកចិត្ត​ក្នុង​ការផលិត​ខ្សែភាពយន្ត​នេះ រហូត​ដល់​ស្ថានភាព​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា។ កិច្ច​សម្ភាស​រយៈ​ពេល​វែង​នេះ​មាន​សេចក្ដី​លម្អិត​ដូច​ខាង​ក្រោម។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

តើ​លោក​អាច​ណែ​នាំរូប​លោក​ទៅកាន់​ប្រិយមិត្ត​អ្នក​ស្តាប់​វីអូអេ​បាន​ទេ?

ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៨៣​ នៅ​ប្រទេស​បារាំង។ ឪពុក​ម្ដាយ​ខ្ញុំ​ជា​ជន​ជាតិខ្មែរ​ ពួកគាត់​មក​រស់​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៧៣។ ពួកគាត់​សំណាង​ណាស់​បាន​គេច​ផុត​ពី​របប​ខ្មែរក្រហម​មក​រស់​នៅ​ប្រទេស​បារាំង​បាន​២ឆ្នាំមុន​របប​នេះ​កើត​ឡើង។ ខ្ញុំ​បាន​ធំ​ដឹង​ក្ដី​នៅ​ប្រទេស​បារាំង។ តាម​ពិត​ទៅ​ ជីតា​ខ្ញុំ​ជា​ផលិតករ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​សម័យ​នោះ។ គាត់​ឈ្មោះ​ វ៉ាន់​ ចាន់​។ ខ្ញុំ​មិន​បាន​ដឹង​រឿង​គាត់​ច្រើន​ទេ​ ព្រោះ​គាត់​បាន​ស្លាប់​មុន​ជំនាន់​ខ្មែរក្រហម​ទៅទៀត​។ ចំពោះ​ រូបខ្ញុំ​ ​ទោះ​បី​ជា​គ្រួសារ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​រឿង​កុនក៏​ដោយ ក៏​ខ្ញុំ​ចេះ​តែ​ចង់​ថត​កុន ហើយ​ក៏​ចាប់​ផ្ដើម​ផលិត​កុន​តាំង​ពី​ខ្ញុំ​នៅ​ក្មេង។ ក្នុង​អំឡុង​ឆ្នាំ​២០១០​-​២០១១​ ខ្ញុំ​ចាប់​ផ្តើម​ថតកុន​ឯកសារ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះថា​ “ដំណេក​មាស​” ដែល​រឿង​នេះ​និយាយ​អំពី​ការ​បាត់បង់​នូវ​អនុស្សាវរីយ៍​នៃ​វិស័យ​ភាពយន្ត​ខ្មែរ​មុន​របប​ខ្មែរ​ក្រហម។ ចាប់តាំង​ពី​ខ្ញុំ​មក​រស់​នៅប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩ ខ្ញុំ​បាន​ចេញចូល​រវាង​ប្រទេស​បារាំង និង​ប្រទេស​កម្ពុជា​ញឹកញាប់ ហើយ​ខ្ញុំ​បាន​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​បែប​ប្រឌិតទី​១​របស់ខ្ញុំ​ដែល​មាន​ឈ្មោះ​ថា​ “កោះ​ពេជ្រ​” ដែល​ខ្សែ​ភាព​យន្ត​នេះ​និយាយ​អំពី​ជីវិត​យុវជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ក្នុង​សម័យ​ទំនើប​ ហើយ​ក៏​ជា​ខ្សែ​ភាពយន្ត​ដែល​ខ្ញុំ​បាន​យក​ទៅ​ដាក់​បញ្ចាំង​លើក​ទី​១​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ដែរ។

តើ​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​ផលិត​ខ្សែ​ភាពយន្ត​នេះ?

បន្ទាប់ពី​ខ្សែ​ភាព​យន្ត​ឯកសារ​មុនៗ​ដែល​ខ្ញុំ​ផលិត​មក​ ខ្ញុំ​មាន​ឆន្ទៈ​ចង់​ធ្វើ​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​កម្ពុជា​សម័យ​ទំនើប​ ហើយ​ជាពិសេស​អំពី​យុវជន។ ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មានការ​ប្រែប្រួល​ច្រើន​ណាស់​ គឺ​ងើប​ពី​សម័យ​ខ្មៅ​ងងឹត​ ដែល​ប្រទេស​នេះ​បាន​រង​ការ​ឈឺចាប់​អស់​រយៈ​ពេល​ជា​យូរ​ រហូត​បាន​មក​ដល់​សម័យថ្មី​មួយ​ដែល​ប្រទេស​នេះ​កំពុង​បោះ​ជំហាន​យ៉ាង​លឿន​ឆ្ពោះ​ទៅ​រក​ភាព​ទំនើប​ទាន់​សម័យ​ ហើយ​មើល​ទៅ​ប្រជាជន​ជាច្រើន​ហាក់​បី​ដូចជារីករាយ​នឹង​ការ​រីក​ចម្រើន​ទាំង​អស់នេះ ជាពិសេស​គឺ​យុវជន​រំភើប​នឹង​ការ​រីក​ចម្រើន​នេះ​យ៉ាង​ខ្លាំង។ ប្រជាជន​កំពុង​តែ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​រូបភាព​នៃ​ការរីកចម្រើន​ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានាពី​មុខ​មាត់​ថ្មី និង​ភាព​ទំនើប​របស់​កម្ពុជា​។ អីចឹង​ហើយ​ ខ្ញុំ​មាន​ក្តី​រំភើប​ក្នុង​ការ​ផ្តិត​យក​ស្ថានភាព​បែប​នេះ​ណាស់។

រាល់ពេល​ខ្ញុំ​ទៅ​កោះ​ពេជ្រ​ ខ្ញុំ​ឃើញ​មាន​យុវជន​ជា​ច្រើន​បាន​ជិះ​ម៉ូតូ​ដើរ​លេង​មើល​អគារ​ដែល​កំពុង​សាង​សង់ ពីព្រោះ​សំណង់​នៅ​លើ​កោះ​នេះ​មិន​ទាន់​សាង​សង់​រួចរាល់​នៅឡើយ​ទេ។ ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ទិដ្ឋភាព​បែបនេះ​ជា​ខ្លាំង។​ ខ្ញុំ​ចង់​និយាយ​អំពី​ ទំនាក់ទំនងដ៏​រឹង​មាំ​រវាង​យុវជន​ខ្មែរ​ ទាំង​យុវជន​ដែល​ជិះ​ម៉ូតូ​ទៅលេង​កោះ​ពេជ្រ​ ទាំង​យុវជន​ដែល​ជា​កម្មករសាងសង់​អគារ​នៅ​កោះ​ពេជ្រ​ និង​ពាណិជ្ជកម្ម​នៃ​កម្ពុជាក្នុង​សម័យ​ទំនើប​នេះ។​ ហេតុដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ភ្លាមៗ​ថា ខ្ញុំ​នឹង​យក​កោះ​ពេជ្រ​ជា​កន្លែងថត​រឿង​នេះ។

ក្នុង​រឿង​នេះ អ្នក​សំដែង​សុទ្ធ​តែ​ជា​មនុស្ស​សាមញ្ញ​ ហេតុអ្វី​បានជា​លោក​សម្រេច​ចិត្ត​ជ្រើស​រើស​អ្នក​សំដែង​ក្នុង​លក្ខណៈ​បែបនេះ?

គ្រាន់​តែ​ចាប់​ផ្តើម​គម្រោង​ថត​កុន​នេះ​ភ្លាម ​ខ្ញុំ​ចង់​ឲ្យ​ការ​សំដែង​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ។ ខ្ញុំ​មាន​អារម្មណ៍​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ កន្លែងណា​ក៏​យើង​ឃើញ​មានខ្សែភាពយន្ត​ដែល​មាន​ការ​សំដែង​បែប​ពន្លើស​ជ្រុល មិន​សូវ​ចូល​តួ ​ដូច​ការ​សម្ដែង​ក្នុង​រឿង​ល្ខោន​ក៏​ថា​បាន​ដែរ​។ ចំណែកខ្ញុំ ខ្ញុំ​ចង់​ថត​អ្វី​ដែល​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ ដូច​ថា​នៅ​ពេល​ដែល​យើង​អង្គុយ​មើល​រឿង​ហ្នឹង​ហើយ ​គឺ​យើងឃើញ​សាច់​រឿង​ដែល​ធ្វើ​ឲ្យ​យើង​លាន់​មាត់​ថា “អ៊ូ! មើល​ទៅ​ដូច​ស្ថានភាព​ស្រុក​ខ្មែរ​ពេល​បច្ចុប្បន្ន​អីចឹង!​” ខ្ញុំ​ជឿ​ជាក់​ថា​ ប្រសិន​បើ​ខ្ញុំ​រក​បាន​តួសំដែង​ដែល​មាន​ប្រវត្តិ​ដូច​នឹង​តួ​ក្នុង​សាច់រឿង​ និងដែល​ស្គាល់ស្ថានភាព​ផ្ទាល់​របស់​តួ​ក្នុង​សាច់​រឿងដោយ​សារ​ពួក​គេធ្លាប់​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដូច​ក្នុង​សាច់​រឿង​ មាន​គ្រួសារ​ និង​អ្វីៗ​ដែល​ទាក់ទង​នឹង​តួសំដែង​ក្នុង​សាច់​រឿង​នោះ​ ខ្ញុំ​អាច​នឹង​បណ្ដុះ​បណ្ដាល​ពួកគេ​បន្ថែម​ ហើយ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា ឲ្យ​ពួក​គេ​ចូល​តួ​បាន។

នោះ​គឺ​អ្វី​ដែល​ខ្ញុំ​គិត ហើយ​ពេល​នោះ ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា​តើ​ពួក​យើង​អាច​ជោគ​ជ័យ​ ឬ​ក៏​អត់ ពីព្រោះ​ការងារ​នោះ​លំបាក​ណាស់​សម្រាប់​ក្រុម​ខ្ញុំដែល​ត្រូវ​ចំណាយ​ពេល​៤​ ទៅ៥​ ខែ​ក្នុងរាជធានី​ភ្នំពេញ ដើរ​រក​តួសំដែង​ ជួប​យុវជន​ យុវនារី​ច្រើន​ ប្រហែល​ជា​ដល់​រាប់​រយ​នាក់ ហើយ​ពួក​យើង​ផ្ញើ​សារ​ទៅ​ពួក​គេ​ផង​ បញ្ចុះ​បញ្ចូល​ពួកគេ​ផង ដើម្បី​ឲ្យ​មក​សាក​ល្បង​សម្ដែង​ជ្រើសរើស​តួ។ អ្នក​ខ្លះមិនមក ពីព្រោះ​ថា​ពួក​គេ​មិនដែល​ស្រមៃ​ចង់​ក្លាយ​ជា​តារាសំដែង​ អីចឹង​ហើយ​ពួកគេ​មិន​យល់​ថា​ ហេតុអ្វី​បាន​ជា​ខ្ញុំ​ចង់សម្ភាស​ពួកគេ។ និយាយ​ទៅ​ ពួកគេ​មិន​មាន​សម្រស់ ឬ​រូបរាងបែប​តារា​ ដូច​ដែល​យើង​អាចចាត់ទុកថា​តួ​សំដែង​ខ្មែរ​ឡើយ​ ដូច្នេះ​ហើយ​ពួកគេ​ក៏​សម្ដែង​ការ​ភ្ញាក់ផ្អើល។ ពេលខ្លះ​ ពួកគេ​សឹង​តែ​មិន​ជឿ​ខ្ញុំ​ទៀត​ក៏​មាន។

ដូច្នេះ​ ក្រុម​ខ្ញុំ​បាន​ប្រើ​វិធី​ចិត្ត​សាស្ត្រ​គ្រប់​យ៉ាង​ដើម្បី​ព្យាយាម​ពន្យល់​ពួកគេ​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ គឺ​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​មក​ជួប​ខ្ញុំ។ បន្ទាប់​មក ក្រុម​ខ្ញុំ​បាន​ជួប​យុវជន យុវនារី​រាប់​រយ​នាក់​ដើម្បី​ជ្រើស​រើស​តួ​សំដែង។ ពួក​គេ​ភាគ​ច្រើន​មិន​ហ៊ាន​សំដែង​ទេ ព្រោះ​ពួក​គេ​អៀន​ពេក ហើយ​ម្យ៉ាង​ទៀត​ ការ​សំដែង​សាច់រឿង វា​ពិបាក​ណាស់។

តែ​ក្រោយ​មក​ ខ្ញុំ​ក៏រក​បាន​យុវជន យុវនារី​មួយ​ក្រុម​ ដែល​មាន​ទេពកោសល្យ​ពី​កំណើត​ក្នុង​ការ​សំដែង​ ហើយ​នេះ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ។ ហើយ​បន្ទាប់​មក ​ក្រុម​ខ្ញុំ​ក៏​បង្ហាត់សំដែង​ពួកគេ​អស់​រយៈពេល៣​ខែមុន​ពេល​ថត​ គឺ​ហាត់​សម​ខ្លីៗ​ បន្តិច​ម្ដង​ៗ​រាល់​សប្ដាហ៍​ រហូត​ដល់​ពួកគេ​ដាក់​មនោ​សញ្ចេតនា​ក្នុង​សាច់​រឿង​បាន។ ខ្ញុំ​មាន​អារម្មណ៍​ថា ពេល​ខ្ញុំ​ជួប​ពួកគេ​នៅ​ថ្ងៃ​ថត​ដំបូង​ គឺ​ពួកគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។ ពេល​ខ្ញុំ​ឃើញ​ការ​ផ្លាស់​ប្តូរ​របស់​ពួកគេ​ក្នុងរយៈ​ពេល​ត្រឹម​តែ៣ខែ​ប៉ុណ្ណេះ វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ។

តើ​មាន​ការ​លំបាក​អ្វីខ្លះ​ទាក់ទង​នឹង​ការ​ផលិត​ ការ​ជ្រើស​រើសតួ​សំដែង​ ទាំង​ខាង​វប្ប​ធម៌ និង​ខាង​ហិរញ្ញវត្ថុ?

ពិត​ណាស់ ការផលិត​ និង​ការ​ដឹក​នាំ​ការផលិត​ភាពយន្ត​ គឺ​មាន​បញ្ហា​ប្រឈម​ជា​រៀង​រាល់​ថ្ងៃ។ ដល់​អីចឹង​យើង​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​ និង​ពុះពារ​ផលិត​ឲ្យ​បាន។ ខ្ញុំ​ចំណាយ​ពេល​និពន្ធ​សាច់​រឿង​មួយ​នេះ​អស់​រយៈពេល​៤ឆ្នាំ។ ខ្ញុំ​បាន​និពន្ធ​ច្រើន​លើក​ច្រើន​សារ​ណាស់។ ហើយ​ដើម្បី​អាច​រក​ថវិកា​មក​ថត​រឿង​នេះ​បាន​ ចាំបាច់​យើង​ត្រូវ​និពន្ធ​សាច់រឿង​ឲ្យ​ចប់​សិន​ បន្ទាប់មក​យើង​ត្រូវ​ផ្ញើ​ទៅ​ម្ចាស់​មូលនិធិ​ផ្សេង​ៗ។ យើង​អាច​ផ្ញើ​ទៅ​ស្ថាប័នផ្តល់​មូលនិធិ​ផ្សេងៗ​ដូចជា​នៅ​ទ្វីប​អឺរ៉ុប​ និង​អាស៊ី​ជាដើម​ ដែលក្រុម​ខ្ញុំ​បាន​ទទួល​ថវិកា​សម្រាប់​ថត​រឿង​នេះ។ ម្យ៉ាងទៀត​ យើង​ក៏​អាច​រក​មូលនិធិ​ពី​ស្ថានីយ៍​ទូរទស្សន៍​នានា​ ដូចជា​ទូរទស្សន៍​បារាំង​ ឬ​អាល្លឺម៉ង់​ ឬ​ថវិកា​ឯកជនពី​ស្ថាប័ន​ចែក​ចាយ​ភាពយន្ត ប៉ុន្តែ​ដាច់ខាត​យើង​ត្រូវ​តែ​ចេះ​បញ្ចុះ​បញ្ចូល​ពួកគេ​។ ខ្លឹមសារ​សាច់​រឿង​ដំបូង ខ្ញុំ​មើល​ទៅ​មិន​ពេញចិត្ត​ទាល់តែ​សោះ ហើយ​ក្រុម​យើង​ក៏​មិនបាន​ទទួល​ថវិកា​អ្វី​ឡើយ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​សរសេរ​សាច់​រឿងជាច្រើន​លើក​ច្រើន​សារ​ទៀត ហើយ​ទី​បំផុតក្រុម​យើង​ក៏​ទទួល​បាន​ថវិកា​សម្រាប់​ថត។ ដូច្នេះ​ ការងារ​នេះ​ចំណាយ​ពេល​ប្រហែល​ជា១ឆ្នាំ​ពេញ​សម្រាប់​សរសេរ​សាច់​រឿង​ ហើយ​១ឆ្នាំ​ពេញ​ទៀត​សម្រាប់​រៀប​ចំ​ការ​ថត។

វា​ជា​បទពិសោធន៍ដែល​យើង​ត្រូវ​រៀន​សូត្រ ប៉ុន្តែ​យើង​ត្រូវ​តែ​ពុះពារ​រាល់ថ្ងៃ។ ខ្ញុំ​អាច​និយាយ​បាន​ថា​ ពេល​លំបាក​បំផុត​នោះ​មិនមែន​ការ​ត្រៀម​រៀបចំ​ទេ គឺ​ពេល​ថត​តែ​ម្តង។ ក្រុម​យើង​បាន​ចំណាយ​ពេល៧​សប្ដាហ៍​ថត​នៅ​ប្រទេស​កម្ពុជា​ កន្លែង​ដែល​ថត​ច្រើន​ជាង​គេ​គឺ ​នៅ​កោះ​ពេជ្រ ហើយ​យើង​ក៏​ទៅ​ថត​នៅ​ជនបទ​ខ្លះ​ដែរ គឺ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ ក្រុមការងារ​ថត​យើង​ខ្ញុំ គឺ​ចម្រុះ​ មាន​ក្រុមខ្មែរ និង​ក្រុម​បារាំង ដូច្នេះ​នេះ​គឺ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​អាច​ឲ្យ​ពួក​គេ​ស្គាល់​ពី​ភាព​ខុស​ប្លែក​គ្នា​រវាងវប្បធម៌​ទាំងពីរ តាំង​ពី​របៀប​របប​ធ្វើការ​ និង​បច្ចេកទេស​ថតក៏​ខុសគ្នា។ វា​ជា​រឿង​មួយ​ដែល​ពួក​យើង​ទាំងអស់​គ្នា​អាច​ដកស្រង់​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា។ នេះ​ជា​រឿង​មួយ​គួរ​ឲ្យរំភើប​រីករាយ​ខ្លាំង​ណាស់។ការណ៍​ដែលយើង​ជួប​ការ​លំបាក​ និង​ឧបសគ្គ​នានា​ទាំង​អស់​នេះ យើង​ក៏​មាន​ភាព​រំភើប​រីក​រាយ​ផង​ដែរ។ យើង​ថត​ខ្សែភាពយន្ត​ផង​ សប្បាយ​ផង។

តើ​លោក​គិត​ថា​រឿង​នេះ​នឹង​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​យុវជន​ខ្មែរ​បន្ទាប់​ពី​បាន​ទស្សនា​រឿង​នេះ​រួច​?

ខ្ញុំ​មិនទាន់គិត​ដល់រឿង​ហ្នឹង​សោះ ពីព្រោះ​មានតែ​យុវជន​ខ្មែរ​៣រូបទេ​ដែល​បាន​មើល​រឿង​នេះ គឺ​តួ​សំដែង​សំខាន់​ទាំង​៣​នាក់​ដែល​បាន​មក​ពី​កម្ពុជា​ដើម្បីចូលរួម​មហោស្រព​នៅ​ទីក្រុង​កាន​ជាមួយ​ខ្ញុំ​ និង​អ្នក​និពន្ធ​នាយក​ខាង​សិល្បៈ​ និង​មិត្ត​ភក្តិ​មួយ​ចំនួន​ដែល​ចូល​រួម​ផលិត​ខ្សែ​ភាពយន្ត​នេះ ដែល​ខ្ញុំ​បាន​ផ្ញើ​ឲ្យ​ពួក​គាត់​ជួយ​មើល​។ ដូច្នេះ មែន​ទែន​ទៅ ខ្ញុំ​ក៏​ចង់​ដឹង​ណាស់​ដែរ។ មាន​គេ​ធ្លាប់​សួរ​ខ្ញុំ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ថា​ «ខ្ញុំ​ចង់​ផ្តាំ​ផ្ញើ​អ្វី​ខ្លះ​ដល់​យុវជន​ខ្មែរ​ជំនាន់​ថ្មី?» ឬថា​ «ខ្ញុំ​រំពឹង​អ្វី​ត្រឡប់​មក​វិញ?» ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទាំងអស់​។ ខ្ញុំ​មិន​រំពឹង​ចង់​បាន​អ្វី​ទាំង​អស់។ ខ្ញុំ​ផលិត​ខ្សែ​ភាព​យន្ត​នេះ​ ពីព្រោះ​ខ្ញុំ​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ផលិត​ជា​ខ្សែ​ភាពយន្ត​ និង​ចែក​រំលែក​ជា​មួយ​ទស្សនិកជន​ ទាំង​ក្នុង​ស្រុក ទាំងអន្តរ​ជាតិ។

ប៉ុន្តែ​ឥឡូវ​នេះ​ ខ្សែ​ភាព​យន្ត​នេះ​ មិនមែន​ជា​របស់​ខ្ញុំ​ទៀត​ឡើយ។ ដូច្នេះ​ ខ្ញុំ​ខ្លួន​ឯង​ក៏​ចង់​ឃើញ​ការ​យល់​ឃើញ​ពី​មនុស្ស​ដទៃ​ដែរ ជា​ពិសេស ខ្ញុំ​ចង់​ដឹង​ពី​ការ​យល់ឃើញ​ពី​ក្មេង​ៗ​ក្នុង​ប្រទេស​កម្ពុជា។ ពិត​ណាស់​ហើយ​ ខ្ញុំ​ចង់​ដឹង​ថា​តើ​ពួកគេ​មើលឃើញ​សាច់​រឿង​របស់​ពួក​គេ​ក្នុង​ខ្សែ​ភាព​យន្ដ​នេះដែរ ឬ​ទេ? និង​ថា​តើ​ពួកគេ​ឃើញ​ទិដ្ឋភាព​ដែល​ខ្ញុំ​ថត​ហ្នឹង ត្រូវ​នឹង​ស្ថានភាព​ពិត​ជាក់​ស្តែង​ដែរ ​ឬអត់? ប៉ុន្តែ​រឿង​នេះ​ មិន​មែន​ជា​របស់​ខ្ញុំ​ទៀត​ទេ។ ឥឡូវ​នេះ ខ្ញុំ​ត្រឡប់​មក​ប្រទេស​បារាំង​វិញ​ហើយ។ ខ្ញុំ​ចង់​សម្រាក​មួយ​គ្រា​សិន និង​ធ្វើ​ការងារ​ផ្សេងៗ​ដើម្បី​រៀបចំ​គម្រោង​បញ្ចាំង​រឿង​នេះ​នៅ​ប្រទេស​បារាំង​ ហើយ​ខ្ញុំ​ចង់​រៀបចំ​ឲ្យបាន​ឆាប់ៗក្នុង​ការ​ដាក់​បញ្ចាំង​ និង​ចែកចាយ​រឿង​នេះ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ដល់​ពេល​នោះ​ខ្ញុំ​នឹង​ដឹង​ហើយ។

តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ស្ថាន​ភាព​ឧស្សាហកម្ម​ភាព​យន្ត​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន?

ខ្ញុំ​អាច​និយាយ​បាន​ថា​ ខ្ញុំ​ជា​អ្នក​ប្រឡូក​ជើង​ថ្មី​ក្នុង​វិស័យ​នេះ​នៅ​ឡើយ។ ដូច្នេះ​ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន គឺ​តាមរយៈ​បទពិសោធន៍​លើកដំបូង​របស់ខ្ញុំ​រស់នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​ ហើយ​ក្នុង​ឆ្នាំ​២០០៩​ ពេលនោះ​មានការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែង​រក​ផលិតករ​ភាពយន្ត​ក្នុង​ទី​ក្រុង​ ជា​ពិសេស​លំបាករកផលិតករ​វ័យ​ក្មេង​ដែល​ផលិតភាព​យន្ត​ផ្ទាល់​ខ្លួន។ ចូល​ដល់​ឆ្នាំ​២០១៦នេះ​ វា​ជា​រឿងអស្ចារ្យ​ណាស់ នៅ​ពេល​យើង​ទៅ​លើក​នេះ​ យើង​ឃើញ​យុវជន​វ័យក្មេង​ជំនាន់​ថ្មី​ផលិតភាព​យន្ត​ខ្នាត​ខ្លី​ដោយខ្លួន​ពួកគេ​ផ្ទាល់​ ខំ​ហាត់​រៀន​ដោយខ្លួនឯងតាមរយៈ​ស្ថាប័ន​នានា​ ដូចជាក្រុម​គណៈកម្មាធិការ​ភាពយន្ត​ខ្មែរ ឬ​ អង្គការBBC ឬ​ ក្រុមហ៊ុន​ឯកជន​នា​នា​ តួយ៉ាង​ ដូចជា​ក្រុមហ៊ុន​៨០២​ AD ដែល​បង្កើត​ឡើង​ដោយ​ផលិតករ​ភាពយន្ត​ លោក សុខ​ វិសា​ល។ ស្ថាប័ន​ទាំងអស់​នេះ​ហើយ​ រួមទាំង​ សមាជិក​នៃ​ក្រុម​កុន​ខ្មែរ​កូនខ្មែរ​ និង​ក្រុម​ផ្សេងៗ​ទៀត បាន​និង​កំពុង​លើក​ស្ទួយ​ឲ្យ​មានការ​សរសេរ​ ការ​ផលិត និង​ការ​ចាក់បញ្ចាំង​ភាពយន្ត​នានា។ ខ្ញុំ​មាន​អារម្មណ៍​ប្រាកដ​ថា ក្នុងរយៈ​ពេល៣​ ឬ៤ឆ្នាំ​កន្លងមក​នេះ វិស័យ​ភាពយន្ត​មានការ​ប្រែប្រួល​ទាំង​ផ្នែក​បញ្ញា​ស្មារតី និង​ឆន្ទៈ។

ជាក់​ស្ដែង​ លោក​ រិទ្ធី​ ប៉ាន់​ គឺ​ជា​គំរូ​ដ៏​រឹង​មាំ​បំផុតសម្រាប់​យុវជន យុវតី​យើង​ ហើយ​ខ្ញុំ​គិត​ថា​ការ​ទទួល​ស្គាល់​ដែល​គាត់​ទទួល​បាន​តាម​រយៈ​ខ្សែភាពយន្តរបស់​លោក​ដែល​មាន​ចំណងជើង​ថា “​កង្វះរូបភាព​”​ នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​អូស្កា​ ហើយ​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ចាប់​ផ្ដើម​មើល​ឃើញ​ថា “អូ​! ប្រទេស​កម្ពុជា​អាច​មានមុខ​មាត់​ចូលរួមក្នុង​កម្ម​វិធី​អូស្កាបាន”។ ហើយ​វា​ជា​ពេល​ដែល​ក្តី​ស្រមៃបាន​ក្លាយ​ជា​ការ​ពិត​សម្រាប់​មនុស្ស​ម្នា​ជាច្រើន។ ដល់​អីចឹង ទាំង​អស់​នេះ​ហើយ​ បូកបន្ថែម​និង​ការ​ងើប​ឡើង​នៃ​រោង​ភាពយន្ត​ផង​នោះ​ ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន។ និយាយ​ឲ្យ​ត្រង់​ទៅ នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​ឡើយ​ទេ​។ ថ្មីៗនេះ​យើង​ឃើញ​មាន​ផលិតករ​ភាពយន្ត​ ដូចជា​អ្នកស្រី​ សុទ្ធោ គូលីកា លោក​ ឆាយ​ បូរ៉ា​ និងលោក​ នាង កាវិច ក៏​ធ្លាប់​បាន​បង្ហាញ​ភាពយន្ត​របស់​គេ​នៅ​បរទេស​ដែរ​ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ដំណាក់កាល​ដំបូង​នៅ​ឡើយ។ យ៉ាងណា​ក៏ដោយ​ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ យើង​ក៏​នៅ​មាន​សុទិដ្ឋិនិយម​ដែរ។ ខ្ញុំ​គិត​ថា​ក្នុង​រយៈពេល​២ឬ៣ឆ្នាំខាង​មុខ យើង​នឹង​មាន​ផលិតករ​ភាពយន្ត​ខ្មែរ​ក្នុងស្រុក​កាន់​តែ​ច្រើន​ឡើង​ៗ ដែល​ផលិត​ និង​ដាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាព​យន្ត​អន្តជាតិ។ ខ្ញុំ​ហ៊ាន​ភ្នាល់។

តើ​លោក​អាច​ផ្ញើ​សារ​ជំរុញ​លើក​ទឹក​ចិត្ត​ផលិតករ​ភាពយន្ត​ខ្មែរ​ថ្មីៗ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដែរ ឬទេ?

បាទ​ បាន​! ខ្ញុំ​នឹង​ព្យាយាម​ បើ​ទោះ​ជា​ខ្ញុំ​មិន​សូវ​ជា​ចូល​ចិត្ត​ផ្តល់​ដំបូន្មាន​ប៉ុន្មាន​ទេ​ ដោយ​សារ​តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ។ ក៏ប៉ុន្តែ​នៅ​ពេល​ដើរលេង​ជាមួយ​ផលិតករ​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ ខ្ញុំ​មាន​អារម្មណ៍​ថា ពេលខ្លះ​អ្វី​ដែល​សំខាន់​បំផុត​គឺ​មិនមែន​ជា​រឿង​បច្ចេក​ទេស​ មិនមែន​រឿង​របៀប​របប​ប្រើ​ប្រាស់​ម៉ាស៊ីន​ថត​ និង​ឧបករណ៍​នានា​ទេ​ ពីព្រោះ​ជា​ធម្មតា​យើង​អាច​ចំណាយ​ពេល​ត្រឹម​២​សប្តាហ៍​អី យើង​អាច​រៀន​ចេះ​ប្រើម៉ាស៊ីន​ថត​បាន​ហើយ តែ​អ្វី​ដែល​ទាម​ទារ​ឲ្យ​យើង​ចំណាយ​ពេល​សឹង​តែ​១​ជីវិត​ដើម្បី​រៀន​ឲ្យ​ចេះ​នោះ ការ​យល់​ឲ្យច្បាស់​ពី​ភាសា​នៃការ​ថត​ភាពយន្ត​ ភាសា​នៃ​វិស័យ​ភាពយន្ត។ ដំបូន្មាន​របស់ខ្ញុំ​ គឺ​សាមញ្ញ​ណាស់ ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា​ភាព​សាមញ្ញ​បំផុត​ពេល​ខ្លះគឺ​ជា​រឿង​សំខាន់​ណាស់ ហើយ​ដំបូន្មាន​នោះ​គឺ ត្រូវមើល​ភាពយន្ត​ មើល​ហើយ​មើល​ទៀតៗ មើល​ទាល់​តែ​យល់​ ឲ្យ​ដឹង​ច្បាស់​ពី​ខ្សែ​ភាព​យន្ត​សំខាន់ៗ​ មិន​ត្រឹម​តែ​ខ្សែភាពយន្ត​អាមេរិក​ទេ សូម្បី​តែភាពយន្ត​ឥណ្ឌា អឺរ៉ុប​ និង​ភាព​យន្ដ​ផ្សេងៗ​ទៀត យើង​ត្រូវ​មើល​ និង​ព្យាយាម​ស្វែងយល់​ និង​អាន​ឲ្យ​ដឹងអំពី​ខ្សែ​ភាព​យន្ត​ទាំង​នោះ។ យើង​អាច​ស្វែង​រក​ព័ត៌មាន​បាន​ច្រើន​ណាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​ ដូច្នេះ​យើង​អាច​អាន​ព័ត៌មាន ដឹង​ច្រើន​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​មួយ​ៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែភាពយន្ត​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យភាពយន្ត​ និង​ព្យាយាម​ស្វែងយល់​ និង​មើល​វា​ម្តង​ហើយ​ម្តង​ទៀត​ និង​វិភាគ​ខ្សែ​ភាពយន្ត​មួយ​ប្លង់​ម្តងៗ ដូច​យើង​អាន​វិភាគ​សៀវភៅ​ល្អៗ​អីចឹង​ដែរ។ មិន​យូរ​មិន​ឆាប់​ ទាំងអស់​ហើយ ជា​ដំណើរ​ការ​ដែល​យើង​អាច​សិក្សា​រៀន​សូត្រឲ្យ​ក្លាយ​ទៅ​ជា​ផលិតករ​ភាពយន្ត។

ខ្ញុំ​មិន​សូវ​ជា​មាន​ជំនឿ​លើ​ការ​រៀន​ថតកុននៅ​តាម​សាលា​ប៉ុន្មាន​ទេ​ ពីព្រោះ​ខ្លួនខ្ញុំផ្ទាល់​មិនបាន​ចូល​រៀន​នៅ​សាលា​បង្រៀន​ថត​ភាពយន្ត​ផង។ ពិត​ណាស់​ ដែល​ថា​សាលា​រៀន​គឺ​សំខាន់​ ប៉ុន្តែ​បើ​យើង​មិន​ទាន់​ទាំង​មាន​សាលា​បង្រៀន​ថត​ភាព​យន្ត​ផង ជាក់​ស្តែង​ដូចនៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង​ លើក​លែង​តែ​សាលារៀន​អង្គការ​ PSE ដែល​ជា​សាលា​បង្រៀន​ថត​ភាពយន្ត ឬ​អង្គការ​នា​នា​ដែល​មាន​បើក​ការ​បណ្ដុះ​បណ្ដាល​មួយ​ចំនួន។ ពេល​យើងគ្មាន​សាលា​បង្រៀន​ថត​ភាព​យន្ត​អីចឹង យើង​ត្រូវ​តែ​ពឹង​លើ​ខ្លួន​យើង​ផ្ទាល់​ ស្អីៗ​លើ​ខ្លួន​យើង។

តើ​លោក​មាន​អ្វី​បន្ថែម​ទៀត​ទេ?

ខ្ញុំ​សប្បាយ​រីករាយ​ណាស់​នូវ​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ទីក្រុង​កាន​កាល​ពី​សប្តាហ៍​មុន​នេះ ពីព្រោះ​វា​បង្ហាញ​ពី​មុខ​មាត់​ថ្មី​នៃ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ទំនើប​ទៅ​ឲ្យ​បរទេស​ឃើញ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ពិសេស​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​ ពីព្រោះ​ពេលខ្លះ​មនុស្សម្នា​មិនបាន​ដឹង​ពី​អ្វី​ដែល​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ទាល់​តែ​សោះ។ ពួកគេ​មើល​ភាព​យន្ត និង​អ្វីៗ​ផ្សេងៗ​ទៀត​ ហើយ​ភាព​យន្ត​ដែល​និយាយ​អំពី​ប្រទេស​កម្ពុជា​មក​ដាក់​ផ្សាយ​នៅ​បទេស​ក៏​មិន​មាន​ច្រើន​ដែរ​ អីចឹង​ហើយ​នៅ​ពេល​ដែល​ពួក​គេ​បាន​មើល​ខ្សែ​ភាព​យន្ត​នេះ​ មាន​ទស្សនិក​ជន​មួយ​ចំនួន បាន​មក​ជួប​ខ្ញុំ​ និង​និយាយ​ដោយ​ភ្ញាក់​ផ្អើល​ថា “អូ​ wow! វា​មិន​ដូច​ជា​ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​ធ្លាប់​គិត​សោះ”។ សម្រាប់​ខ្ញុំ មែន​ទែន​ទៅ​ នេះ​មិនមែន​ជា​ហេតុផល​ដែល​ខ្ញុំ​ផលិត​ខ្សែ​ភាពយន្ត​នេះ​ទេ​ ប៉ុន្តែមតិយោបល់​របស់​ទស្សនិក​ជន​បែប​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពីព្រោះ​ជាក់​ស្តែង​ រឿង​នេះ​គឺជា​មុខមាត់​ និង​រូបភាព​ពិត​នៃ​ប្រទេស​កម្ពុជា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ ខ្ញុំ​មិន​បាន​ប្រឌិត​ទេ។

ដូច្នេះ​ហើយ វា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ក្នុង​ការ​ចូល​រួម​ផ្លាស់​ប្តូរ​មុខមាត់​ប្រទេស​កម្ពុជា​នៅ​បរទេស​ ដូចជា​ក្នុង​ពិធី​មហោស្រព​ភាព​យន្ត​ទី​ក្រុង​កាន​នេះ​ជាដើម។ វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​ចំពោះ​ខ្ញុំ ហើយ​រឿង​នេះ​អាច​នឹង​ផ្តល់​គំនិត​ខ្លះៗ​ដល់​ផលិតករ​ភាពយន្ត​នានា ផលិតករ​ភាពយន្ត​ក្នុងស្រុក​ឲ្យ​យល់​ឃើញ​ថា ​មាន​សាច់​រឿង​ច្រើន​ណាស់នៅ​ជុំវិញ​ពួកគេដែល​មាន​តម្លៃ​សម្រាប់ធ្វើ​ឲ្យ​ទៅ​ជា​រឿង​ភាព​យន្តដាក់​បញ្ចាំង​ ហើយ​រឿង​ភាពយន្ត​ទាំង​អស់នោះ​មិនមែន​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ឆ្ងាយ​ពីអ្វី​ដែល​នៅ​ជុំវិញ​ពួកគេ​នោះ​ឡើយ ពីព្រោះ​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ផលិត​ខ្សែ​ភាពយន្ត​នេះ​ គឺ​ក្មេងៗ​ដែល​ខ្ញុំ​បាន​ជួប​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​ក្នុង​ប្រទេស​កម្ពុជា។​ សម្រាប់ខ្ញុំ​ ទាំងអស់​នេះ​ហើយ​គឺ​នាំ​ឲ្យ​មាន​ភាព​ជោគជ័យ និង​គួរ​ជាទី​ចាប់អារម្មណ៍​បំផុត៕

ប្រែសម្រួល​ដោយ កោះ សុគន្ធី

XS
SM
MD
LG