ភាពយន្តខ្មែរដែលធ្លាប់តែរស់រវើកនិងដឹកនាំដោយព្រះមហាក្សត្រ នរោត្តម សីហនុ ដែលចូលចិត្តវិស័យខ្សែភាពយន្តនេះ បានធ្លាក់ចុះអស់មួយរយៈពេលវែង ប៉ុន្តែឥឡូវនេះ វិស័យនេះកំពុងតែងើបឡើងមកវិញហើយ។
កិច្ចខិតខំប្រឹងប្រែងក្នុងការលើកចិត្តដល់អ្នកផលិតខ្សែភាពយន្តក្នុងស្រុកកំពុងតែចាប់ផ្តើមទទួលផ្លែផ្កាមកវិញ ខណៈពេលដែលអ្នកផលិតខ្សែភាពយន្តក្រៅស្រុកជាច្រើនកំពុងតែងាកមកយកចិត្តទុកដាក់លើរឿងដែលទាក់ទងនឹងកម្ពុជា។
វាក៏បានធ្វើឲ្យអ្នកផលិតខ្សែភាពយន្ត Hollywood មានការកត់សម្គាល់ផងដែរ។ ហើយឆ្នាំនេះ លោកស្រី Angelina Jolie-Pitt បានជួយទាញការចាប់អារម្មណ៍តាមរយៈការផ្តល់កិត្តិយសធ្វើជាគណៈអធិបតី។
លោកស្រី Angelina បានជួយសម្របសម្រួលបើកកម្មវិធីមហោស្រពភាពយន្តនៅសាលមហោស្រពចតុមុខ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកដឹកនាំរឿងខ្មែរដ៏ល្បីបំផុតគឺលោក ប៉ាន់ រិទ្ធី និងជំនួយការរបស់លោក២នាក់ផងដែរ។
លោកស្រី Angelina បានថ្លែងទៅកាន់ទស្សនិកជនថា៖ «ប្រទេសនេះ[កម្ពុជា] បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ»។ លោកស្រី Angelina បានថ្លែងយ៉ាងដូច្នេះ មុនពេលដែលលោកស្រីពិចារណាទៅលើការថតខ្សែភាពយន្តដែលដកស្រង់ចេញពីសៀវភៅបែបជីវប្រវត្តិដែលមានចំណងជើងថា «ដំបូងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» ដែលជាស្នាដៃរបស់លោកស្រី អ៊ុង លឿង ហើយបច្ចុប្បន្ននេះ លោកស្រី Angelina កំពុងតែដឹកនាំខ្សែភាពយន្តនេះ ជាមួយនឹងផលិតករ គឺលោក រិទ្ធី ដែលនឹងបង្ហាញទស្សនិកជននៅទូទាំងពិភពលោកអំពីស្នាដៃផលិតខ្សែភាពយន្តរបស់ខ្មែរ»។
លោកស្រី Angelinaដែលបានសុំកូនខ្មែរម្នាក់ធ្វើជាកូនចិញ្ចឹម និងបានបង្កើតគម្រោងសប្បុរសធម៌នានា ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រគល់សញ្ជាតិកម្ពុជាឲ្យ ហើយលោកស្រីបានចាប់ផ្តើមស្រឡាញ់ប្រទេសកម្ពុជា បន្ទាប់ពីលោកស្រីបានថតខ្សែភាពយន្ត Tomb Raider នៅកម្ពុជាកាលពី១៥ឆ្នាំមុន។
លោក ឆន ប៊ុនហម ដែលជាអ្នកផលិតខ្សែភាពយន្តខ្មែរអូស្រ្តាលី ដែលភាពយន្តឯកសាររបស់លោកដែលមានចំណងជើងថា «ជំរំលេខ៣២» ជាខ្សែភាពយន្តមួយដែលមានភាពលេចធ្លោនៅក្នុងមហោស្រពភាពយន្តនោះដែរ បានមានប្រសាសន៍ថា វត្តមានរបស់លោកស្រី Angelina នៅក្នុងមហោស្រពភាពយន្តជាតិក្នុងនាមជាគណៈអធិបតី គឺជាកិត្តិយសដ៏ធំមួយ។
លោក ឆន ប៊ុនហម បានបន្តថា «ខ្ញុំមកនៅទីនេះមួយរយៈមកហើយ ហើយវិស័យភាពយន្តបានរីកលូតលាស់ពីតូចទៅជាធំយ៉ាងសម្បើម។ ខ្ញុំកត់សម្គាល់ឃើញថា ក្នុងពេលមួយប៉ប្រិចភ្នែក វាគឺជាអ្វីដែលត្រូវបានមហោស្រពភាពយន្តខ្មែរទទួលយកក្នុងពេលនេះ ហើយខ្ញុំក៏កត់សម្គាល់ឃើញថា តាមរយៈវត្តមាននៅទីនេះដែលភាពយន្តរបស់យើងត្រូវបានយកទៅបញ្ចាំងនៅប្រទេសផ្សេងទៀតផង»។
រំលឹករបបខ្មែរក្រហម
លោក ប៊ុនហម ដែលជាអ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ ឡូយ៩ ដែលជាកម្មវិធី «កំសាន្តបែបអប់រំ» និងទទួលបានប្រជាប្រិយយ៉ាងច្រើនពីសំណាក់ពលរដ្ឋកម្ពុជាជាមួយនឹងអត្រាអ្នកមើលលើប្រព័ន្ធអ៊ីនធឺណិតជាង២លានដងក្នុងមួយសប្តាហ៍ ដោយកម្មវិធីនេះមានការគាំទ្រពីទូរទស្សន៍ BBC បានមានឱកាសមើលនិងផ្តល់យោបល់ដល់កម្មវិធីទេពកោសល្យនានានៅក្នុងប្រទេសកម្ពុជា។
ភាពយន្តរបស់លោក ប៊ុនហម ពណ៌នាពីការរត់គេចចេញពីជំរំពលកម្មក្នុងរបបខ្មែរក្រហមដ៏តក់ស្លុតដែលមនុស្សភាគច្រើនបានបំភ្លេចទៅហើយ។ ខ្សែភាពយន្តរបស់លោក ប៊ុនហម បានប៉ះទង្គិចផ្លូវចិត្តរបស់លោកនិងក្រុមគ្រួសាររបស់លោកយ៉ាងខ្លាំងនៅពេលនោះ។ ទោះបីជាដូច្នេះក្តី លោក ប៊ុនហម នៅតែជំរុញទៅមុខ និងលើកទឹកចិត្តដោយសារលោកដឹងថា ប្រសិនបើលោកមិនផលិតខ្សែភាពយន្តនេះទេ ជនដែលប្រព្រឹត្តអំពើអាក្រក់ទាំងនោះនឹងយកជ័យជម្នះលើរូបលោកដោយធ្វើឲ្យលោកនៅស្ងាត់ស្ងៀម។
លោក ប៊ុនហម មានជំនឿថា ការធ្វើជាម្ចាស់លើប្រវត្តិសាស្រ្តនិងវប្បធម៌ដែលអ្នកដទៃបានព្យាយាមបដិសេធមនុស្ស គឺការលើកទឹកចិត្តដ៏ខ្លាំងក្លាដែលនៅពីក្រោយសំឡេងដ៏ច្នៃប្រឌិតកម្ពុជាជាច្រើន ទាំងក្មេងនិងចាស់។
លោក ប៊ុនហម បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាបច្ចុប្បន្ននេះយើងឃើញមានការផ្លាស់ប្ដូរ ព្រោះថា ដូចដែលយើងធ្លាប់ជួបប្រទះពេលវេលាដ៏អាក្រក់នេះក្នុងរបបខ្មែរក្រហម ហើយ៥ឆ្នាំក្រោយមក ខ្ញុំគិតថា ការគិតរបស់ប្រជាជនខ្មែរយើងមានការផ្លាស់ប្ដូរ។ ហើយយើងមិនចង់ឲ្យពិភពលោកស្គាល់យើងតាមរយៈរឿងសាហាវឃោរឃៅទៀតនោះទេ ប៉ុន្តែយើងចង់ឲ្យពិភពលោកស្គាល់យើងតាមរយៈស្នាដៃសិល្បៈរបស់យើងវិញ»។
ការផ្តោតលើសំឡេងរបស់ស្ត្រី
ចំពោះនាង ងឿម ផល្លី ដែលជាអ្នកដឹកនាំថតខ្សែភាពយន្តក្នុងវ័យ២៦ឆ្នាំ ការផលិតខ្សែភាពយន្តផ្តល់ដល់នាងនូវមាគ៌ាក្នុងការដោះស្រាយបញ្ហាគាបសង្កត់មួយទៀតលើសំឡេងរបស់ស្រ្តីនៅក្នុងវប្បធម៌មួយដែលបានដាក់សម្ពាធលើស្រ្តីមិនឲ្យជ្រើសរើសការងារដែលខ្លួនចង់ធ្វើ។
នាងផល្លី ដែលអង្គុយនៅជិតលោកស្រី Angelina នៅក្នុងមហោស្រពភាពយន្តនោះ បានប្រាប់ដល់ទស្សនិកជនថា នាងបានប្រឆាំងនឹងការយល់ឃើញរបស់គ្រួសាររបស់នាងទៅលើការងារដែលសក្តិសមសម្រាប់ស្ត្រី។
នាងបាននិយាយប្រាប់ទស្សនិកជនថា «គេប្រាប់ខ្ញុំថា ការងារជាអ្នកផលិតខ្សែភាពយន្តឯកសារមិនមែនជាការងាររបស់មនុស្សស្រីនោះទេ ហើយខ្ញុំត្រូវធ្វើការងារធ្ងន់ដូចជាមនុស្សប្រុសនិងត្រូវធ្វើដំណើរទៅឆ្ងាយជាញឹកញាប់។ ខ្ញុំនឹងមិនមានពេលវេលានៅផ្ទះ ហើយក្នុងពេលជាមួយគ្នានោះ ខ្ញុំត្រូវការពារកិត្តិយសគ្រួសារទៀតផង»។នាងផល្លី បានដឹកនាំផលិតខ្សែភាពយន្តជិត១០រឿងទៅហើយ ហើយនាងក៏ជាអ្នកចូលរួមសរសេរភាពយន្តឯកសារដ៏ល្អមួយដែលមានចំណងជើងថា «មេខ្យល់» ដែលរឿងនេះត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ បារាំងអាល្លឺម៉ង់ ARTE និងទូរទស្សន៍ PBS របស់សហរដ្ឋអាមេរិកថែមទៀតផង។
ភាពយន្តរបស់នាង ដែលមានចំណងជើងថា «ក្មេងប្រុសជាមគ្គុទ្ទេសក៏» ដែលជាខ្សែភាពយន្តខ្លីឆ្លុះបញ្ចាំងអំពីក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ដែលបម្រើការជាមគ្គុទ្ទេសក៏ទេសចរណ៍ ដើម្បីជួយឪពុករបស់ខ្លួន ក៏ត្រូវបានដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តឆ្នាំនេះផងដែរ។
ការបង្កើតទីតាំងថតភាពយន្តក្នុងស្រុក
ថ្វីដ្បិតតែមានការកើនឡើងនូវចំនួនអ្នកផលិតខ្សែភាពយន្តវ័យក្មេងនៅកម្ពុជាជាច្រើនក៏ដោយ ក៏ខ្សែភាពយន្តដែលដឹកនាំថតនៅក្នុងស្រុកនៅតែមានចំនួនតិចតួចក្នុងចំណោមខ្សែភាពយន្តជាង១៣០ដែលបានដាក់បញ្ចាំងនៅក្នុងឆ្នាំ២០១៥នេះ ទោះបីជាភាពយន្តជាច្រើនផ្តោតលើប្រទេសកម្ពុជាក៏ដោយ។
អ្នកគ្រប់គ្រងមហោស្រពភាពយន្តនេះ លោក Cedric Eloy មានប្រសាសន៍ថា អ្នកផលិតខ្សែភាពយន្តក្នុងស្រុកមានសមត្ថភាពខ្ពស់ជាងមុន ចាប់តាំងពីមហោស្រពភាពយន្តចាប់ផ្តើមក្នុងឆ្នាំ២០១០មក ក៏ប៉ុន្តែជំហានបន្ទាប់គឺត្រូវជួយពួកគេក្នុងការបង្កើតផលិតកម្មដែលមានមហិច្ឆតាខ្ពស់ជាងនេះ។
លោក Eloy បានមានប្រសាសន៍ថា «វាចាំបាច់ក្នុងការដែលធ្វើឲ្យអ្នកផលិតខ្សែភាពយន្តនៅទីនេះយល់ថា ការផលិតខ្សែភាពយន្តគឺដើម្បីឧស្សាហកម្មមួយ ដូច្នេះពួកគេគួរតែទាញយកអត្ថប្រយោជន៍ពីមហោស្រពភាពយន្តនេះដើម្បីមើលភាពយន្តមួយចំនួន ដើម្បីជួបមនុស្សមួយចំនួន និងដើម្បីរៀន ហើយវាជាគោលដៅចម្បងនៃមហោស្រពភាពយន្តនេះ មុនពេលផ្គាប់ចិត្តទស្សនិកជន»។
លោក Eloy បានបន្ថែមថា «ខ្ញុំចង់មានន័យថា ពួកគេទាំងនេះមានបំណងឈានទៅធ្វើគម្រោងដ៏មានមហិច្ឆតាជាងនេះទៀតនៅឆ្នាំក្រោយៗទៀត ហើយអ្នកនឹងមើលឃើញ ភាពយន្តឯកសារដែលពួកគេទាំងនេះនឹងផលិតជាមួយនឹងកម្រិតបទដ្ឋានអន្តរជាតិ ពីព្រោះពួកគេបានរៀនសូត្រអំពីភាពយន្តឯកសារកាលពីឆ្នាំមុន»។
ប្រែសម្រួលដោយ នាង ហុង ចិន្តា