សមាជិកព្រឹទ្ធសភាបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណ៣០ភាគរយនៃចំនួនសមាជិកព្រឹទ្ធសភាសរុបជាង៦០រូប នឹងចូលនិវត្តន៍ហើយជំនួសដោយតំណាងបេក្ខជនថ្មី ដែលក្នុងនោះមានអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ផងដែរ។ នេះបើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប។
បេក្ខជនមិនឈរឈ្មោះបន្តទៀត មានដូចជាលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ស៊ឹម កា អនុប្រធានទី១នៃព្រឹទ្ធសភា និងលោក ទេព ងន អនុប្រធានទី២នៃព្រឹទ្ធសភាជាដើម ខណៈបេក្ខជនថ្មីនឹងឈរឈ្មោះរួមមាន លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី លោក ប្រាក់ សុខុន អតីតរដ្ឋមន្រ្តីការបរទេស និងលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស លោក នាង ផាត រដ្ឋលេខាធិការនៃក្រសួងការពារជាតិជាដើម។ នេះបើតាមបញ្ជីបេក្ខជនរបស់គណបក្សកាន់អំណាចដែលដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលវីអូអេទទួលបាន។
ចំណែកបេក្ខជនដែលមានងារជាឧកញ៉ាហើយបច្ចុប្បន្នក៏ជាសមាជិកព្រឹទ្ធសភា រួមមានលោក ម៉ុង ឬទ្ធី លោក លី យ៉ុងផាត់ និងលោក កុក អាន នឹងនៅតែបន្តឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ។ ចំណែកលោក ឡាវ ម៉េងឃីន ដែលជាឧកញ៉ាល្បីឈ្មោះម្នាក់ និងបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាមួយរូប មិនមានឈ្មោះឈរជាបេក្ខជនសមាជិកព្រឹទ្ធសភាសម្រាប់គណបក្សប្រជាជនកម្ពុជានោះទេ។
បើតាមលោក សុខ ឥសាន ការមិនបន្តឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាទៀតរបស់សមាជិកទាំងនោះរួមទាំងរូបលោកផងដែរ ដោយសារតែគោលការណ៍របស់គណបក្សមិនអនុញ្ញាតឱ្យអ្នកមានអាយុលើសពី៧៤ឆ្នាំបន្តឈរឈ្មោះទៀតឡើយ។
លោកបញ្ជាក់ថា៖ «អ្នកដែលអត់ឈរឈ្មោះតាមដឹង គឺឱ្យធ្វើជាទីប្រឹក្សាព្រឹទ្ធសភាឬរដ្ឋសភា។ អ្នកដែលអត់ឈរឈ្មោះឬមិនជាប់ឆ្នោតហ្នឹងគឺឱ្យធ្វើទីប្រឹក្សា»។
នៅពេលសួរថាតើគណបក្សប្រជាជនកម្ពុជារំពឹងយ៉ាងម៉េចដែរចំពោះការបោះឆ្នោតព្រឹទ្ធសភាពេលខាងមុខនេះ លោក សុខ ឥសាន អះអាងថាគណបក្សកាន់អំណាចនឹងនៅតែឈ្នះដដែល។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្លាប់លើកឡើងថាលោកនឹងក្លាយជាប្រធានព្រឹទ្ធសភា ក្រោយការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតអសកលមួយ ហើយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតកាលពីកន្លងទៅ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ថ្លែងថាប្រទេសដែលកាន់របបលទ្ធិប្រជាធិបតេយ្យ គឺមិនមានការតែងតាំងសែស្រឡាយឱ្យកាន់តួនាទី ទាំងអំណាចប្រតិបត្តិ និងអំណាចនីតិប្បញ្ញត្តិនោះទេ ព្រោះវាបង្កឱ្យមានទំនាស់ផលប្រយោជន៍។
លោកប្រាប់វីអូអេថា៖ «ជាទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ វាអត់មានមេដឹកនាំសែស្រឡាយកាន់ស្ថាប័នរដ្ឋ អ៊ីចឹងទេ។ វាមាននៅក្នុងបណ្តាប្រទេសមួយចំនួន ភាគតិចដែលគេហៅថាប្រទេសផ្តាច់ការ។ ហើយរូបភាពហ្នឹង ទោះបីកម្ពុជាចង់បង្ហាញមតិអន្តរជាតិយ៉ាងណា ក៏មតិអន្តរជាតិ គេសន្និដ្ឋានថា ក្នុងទម្រង់រូបភាព បែបរបបសែស្រឡាយនិយម បែបផ្តាច់ការហ្នឹង វាធ្វើឱ្យយើងខូចមុខមាត់ដែរ ករណីហ្នឹង»។
អ្នកវិភាគរូបនេះបន្ថែមថាក្រោយការបោះឆ្នោតព្រឹទ្ធសភា នាឆ្នាំ២០២៤ខាងមុខ គឺចៀសមិនផុតទេ ដែលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នឹងធ្វើជាប្រធានព្រឹទ្ធសភា ខណៈលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី ដោយសារតែគណបក្សប្រជាជនកម្ពុជា មានអង្គបោះឆ្នោតច្រើន។ ប៉ុន្តែលោកថាការតែងតាំងបែបនេះ នឹងធ្វើឱ្យមានការរិះគន់ពីមតិអន្តរជាតិផងដែរ។
គួរបញ្ជាក់ថាសមាជិកព្រឹទ្ធសភាសរុបមានចំនួន៦២រូប ដែល៥៨រូប ជ្រើសតាំងដោយការបោះឆ្នោត ២រូបចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅដើមឆ្នាំក្រោយ គណបក្សជំទាស់ដែលជាសម្ព័ន្ធរបស់គណបក្សភ្លើងទៀន គឺគណបក្សឆន្ទៈខ្មែរនឹងចូលរួមការបោះឆ្នោតនេះ ដោយរំពឹងថានឹងទទួលបានប្រមាណ៩អាសនៈ បើតាមអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាជាប់ឆ្នោតដែលខ្លួនមាន៕