មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនលើកឡើងថា គណបក្សមិនកាន់អំណាចចំនួនបួនដែលបានរួមគ្នាបង្កើត«សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ក្នុងគោលដៅប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច នឹងបង្កើតគណបក្សថ្មីមួយរួមគ្នា ប្រសិនបើមានការគាំទ្រពីប្រជាពលរដ្ឋ។
គណបក្សនយោបាយចំនួនបួន រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា កាលពីថ្ងៃទី១១ ខែតុលា បានបង្កើតសម្ព័ន្ធភាពឆ្ពោះទៅអនាគតរួមគ្នា ដោយអះអាងថា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា បន្ទាប់ពីការបង្កើត «សម្ព័ន្ធភាពគ្នាឆ្ពោះទៅអនាគត» គណបក្សទាំងបួនកំពុងគិតគូរពិភាក្សាគ្នាបន្ថែមទៀតជុំវិញដំណើរការបោះឆ្នោតនាពេលខាងមុខ។
លោកថ្លែងថា៖ «ឥឡូវយើងនៅធ្វើការជាគណបក្សផ្សេងៗគ្នានៅឡើយ ពីព្រោះគណបក្សទាំងអស់ហ្នឹងមានគោលដៅដូចគ្នាគឺស្តារលទ្ធិប្រជាធិបតេយ្យ អ៊ីចឹងកិច្ចការស្តារលទ្ធិប្រជាធិបតេយ្យគឺការងាររបស់គណបក្សទាំងអស់។ អ៊ីចឹងអត់ចាំបាច់ដល់ពេលហ្នឹងរួមគ្នា ច្របាច់បញ្ចូលគ្នាបានធ្វើទេ គឺថាធ្វើពីឥឡូវ អ្នកណាជួយធ្វើអីបានធ្វើហ្នឹងទៅ ឱ្យតែមានបម្រើគោលដៅស្តារលទ្ធិប្រជាធិបតេយ្យដូចគ្នា»។
លោកបន្ថែមថា គណបក្សទាំងបួននឹងបង្កើតគណបក្សនយោបាយថ្មីមួយរួមគ្នា ប្រសិនបើមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
លោកបន្តថា៖«ហើយចាំដល់ពេលនោះ ចរន្តអ្នកគាំទ្រគេចង់បានយ៉ាងម៉េចក៏យើងសម្រេចទៅតាមហ្នឹងទៅទៀត ដូចកាលពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រុង្ស៊ី អ៊ីចឹងដំបូងគ្រាន់តែជាសម្ព័ន្ធភាពក្រោយមកដោយសារមានចលនាចង់ឱ្យមានការច្របាច់បញ្ជូលគ្នាក៏វាទៅជាចលនាមួយបែបហ្នឹងទៅ»។
ចំណែកតំណាងគណបក្សឆន្ទៈខ្មែរ ដែលបានចូលរួមចងសម្ព័ន្ធភាពឆ្ពោះទៅអនាគត លោក ផល ស៊ីថុន ប្រាប់វីអូអេថា ភាគីសម្ព័ន្ធភាពនៃគណបក្សទាំងបួនកំពុងពិភាក្សាគ្នាក្នុងការរៀបចំការបង្កើតគណបក្សថ្មីមួយរួមគ្នា។
លោកលើកឡើងថា៖ «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យឆ្ពោះទៅអនាគតកំពុងតែពិចារណាក្នុងរឿងនេះដែរ [ការបង្កើតគណបក្សថ្មីរួមគ្នា] កំពុងធ្វើកិច្ចការនេះបាទ»។
អ្នកតំណាងគណបក្សឆន្ទៈខ្មែររូបនេះ ជំរុញឱ្យអ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យចូលរួមក្នុងការបង្កើតសម្ព័ន្ធភាពប្រជាធិបតេយ្យឱ្យកាន់តែច្រើន ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងទទួលបានចូលរួមក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ។
លំហរសេរីភាពនយោបាយនៅកម្ពុជាបានរួមតូច ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានការគាំទ្រពីប្រជាពលរដ្ឋជាង៤០ភាគរយ កាលពីចុងឆ្នាំ២០១៧។
គណបក្សភ្លើងទៀនបានក្លាយជាគណបក្សដែលមានអ្នកគាំទ្របន្ទាប់ ក្នុងអំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។ ប៉ុន្តែក្នុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សភ្លើងទៀនខកខានមិនបានចូលរួមឈរឈ្មោះបោះឆ្នោត ដោយសារគ្មានឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការបង្កើតសម្ព័ន្ធភាពឆ្ពោះទៅអនាគតរវាងភាគីគណបក្សទាំងបួនរួមគ្នា អាចជួយគ្នាបានច្រើនក្នុងការបង្កើតជាកម្លាំងមួយធំជាងមុន ក្នុងការទទួលបានប្រជាប្រិយភាព។ ប៉ុន្តែលោកថា បើគណបក្សទាំងនោះ ប្រមែប្រមូលគណបក្សដទៃមកចូលរួម និងបង្រួមគ្នាជាបក្សតែមួយនោះ វានឹងអាចមានការប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាច។
លោកបញ្ជាក់ថា៖ «ប្រសិនបើគណបក្សបួននេះ អាចប្រមែប្រមូលគណបក្សបន្ថែម ឬក៏អាចបង្រួមគ្នាដូចបក្សតែមួយ ទើបអាចជាកម្លាំងដែលអាចមានកម្លាំងប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាចបាន។ ប្រសិនបើគ្រាន់តែចងសម្ព័ន្ធភាព វាអាចបានប្រយោជន៍មានកម្រិត វាមិនដល់លក្ខណៈខ្លាំង ឬក៏មានសក្តានុពលពេញលេញនៅក្នុងការប្រែមែប្រមូលការគាំទ្រពីប្រជាពលរដ្ឋទេ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានទេ។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងក្រោយការប្រកាសបង្កើតសម្ព័ន្ធភាពនយោបាយថ្មីនោះ ថ្នាក់ដឹកនាំគណបក្សទាំង៤បានលើកឡើងថា៖ «សម្ព័ន្ធភាពឆ្ពោះទៅអនាគត នឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ជាការជំរុញ និងលើកទឹកចិត្តព្រមទាំងជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេលអនាគត»៕