នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យស្ថាប័នរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនឹងផលិតកម្មស្រូវនៅក្នុងប្រទេសកម្ពុជា ពិនិត្យឡើងវិញនូវកត្តាអាទិភាពជាច្រើន ដើម្បីបង្កើនសមត្ថភាពនៃការផលិតស្រូវសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញអង្ករទៅក្រៅប្រទេស។
លោក ហ៊ុន សែន បានស្នើយ៉ាងដូច្នេះ នៅឯវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ដែើរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃច័ន្ទនេះ។
លោកថ្លែងថា លោកមានសុទិដ្ឋិនិយមចំពោះតម្រូវការអង្ករ ដែលនឹងបន្តកើនឡើងនៅតាមបណ្ដាប្រទេសក្នុងពិភពលោក។
«សម្រាប់វិស័យស្រូវអង្ករ ខ្ញុំយល់ឃើញថា នៅជាវិស័យដ៏មានសក្ដានុភាព នៅថ្ងៃអនាគត ពីព្រោះតម្រូវការអង្ករដែលជាស្បៀងនេះ នឹងចេះតែកើនឡើងជាមួយនឹងកំណើនចំនួនប្រជាជនក្នុងពិភពលោក ទោះបីជានៅពេលប្រទេសកាន់តែមានចំណូលខ្ពស់ ហើយការបរិភោគអង្ករកាន់តែតិចក្ដី»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលបានលើកឡើងអំពីចំណុចសំខាន់ជាច្រើនទាក់ទិនការពង្រឹងវិស័យស្រូវអង្ករនេះ។
ចំណុចសំខាន់ទាំងនោះរួមមានការពង្រីកប្រព័ន្ធធារាសាស្ត្រ ការការផលិតពូជស្រូវឲ្យស្របតាមតម្រូវការក្នុងទីផ្សារ ការកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក ហើយនិងការស្ដារ និងអភិវឌ្ឍន៍ផ្លូវដែក ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។
លោកក៏បានស្នើឲ្យមានការវិនិយោគបន្ថែមទៀត ទៅលើការទិញម៉ាស៊ីនសម្ងួតស្រូវ និងការសាងសង់ឃ្លាំងសម្រាប់ស្តុកស្រូវសម្រាប់ការបង្កើនការនាំចេញ ខណៈដែលរដ្ឋាភិបាលកំពុងទាក់ទងប្រទេសចិន ដើម្បីពិភាក្សាអំពីតម្រូវការឥណទានមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ បានទទួលស្គាល់បរាជ័យរបស់រដ្ឋាភិបាលក្នុងការនាំចេញអង្ករឲ្យបាន១លានតោន នៅឆ្នាំ២០១៥ ដោយសារតែការនាំចេញ គឺបានតែ៥០%ប៉ុណ្ណោះនៃផែនការនាំចេញដែលបានកំណត់។
ការទទួលបរាជ័យរបស់លោកធ្វើឡើងកាលពីឆ្នាំ២០១៥ ហើយបរាជ័យនេះគឺបណ្ដាលមកពីកង្វះខាតទុនក្នុងការទិញស្រូវពីប្រជាកសិករខ្មែរ និងរោងចក្រសម្រាប់កែច្នៃ ក៏ដូចជាការប្រកួតប្រជែងពីក្រៅប្រទេស។
លោក ហ៊ុន ឡាក់ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងប្រាប់ VOA ថា កម្ពុជាត្រូវបំពេញការងារច្រើនបន្ថែមទៀត ដើម្បីសម្រេចឲ្យបានការនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំ។
«ខ្ញុំយល់ថា គោលដៅមួយលានតោននៅមានកិច្ចការងារច្រើនណាស់ ដែលត្រូវធ្វើតែចំណុចដែលសំខាន់គឺយើងទាំងអស់គ្នា ទាល់តែរួបរួមគ្នាចេញដំណើរដូចថា យើងជិះទូកជាមួយគ្នា ជួយចែវទាំងអស់គ្នា។ អញ្ចឹងមិនអាចថា អ្នកខ្លះចែវ អ្នកខ្លះឈរមើលបានទេ។ បើអញ្ចឹងបញ្ហាចង់ឲ្យបានមួយលានតោនហ្នឹង មិនមែនវិស័យឯកជនតែឯងអាចធ្វើទៅបានទេ ទាល់តែមានខាងស្ថាប័នចូលរួមជាមួយ។ អាហ្នឹងបានវាអាចរុញអាសន្ទុះហ្នឹងឲ្យវាទៅមុខ អាចវាជោគជ័យបាន»។
លោកថ្លែងបញ្ជាក់ថា ការបញ្ចុះថ្លៃផ្គត់ផ្គង់អគ្គិសនី និងការយល់ដឹងរបស់អ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់បច្ចេកទេសសម្រាប់ការបង្កើនផលិតកម្មស្រូវ និងអង្ករ គឺជាផ្នែកមួយដែលអាចជួយឲ្យកម្ពុជាបន្ថយថ្លៃដើមសម្រាប់ការផលិត និងបើកផ្លូវឲ្យមានការវិវត្តន៍លឿនទៅមុខរបស់វិស័យស្រូវអង្ករនេះ ក៏ដូចជាការនាំចេញ។
ប៉ុន្តែ លោកបន្ថែមថា បម្រែបម្រួលសេដ្ឋកិច្ចពីក្រៅប្រទេសគឺបញ្ហាប្រឈម ដែលអាចធ្វើឲ្យកម្ពុជា មានការពិបាកផងដែរក្នុងការនាំចេញអង្ករឲ្យបានមួយលានតោនក្នុងមួយឆ្នាំនាពេលខាងមុខ។
ប្រទេសកម្ពុជាអាចផលិតស្រូវបាន៥លានតោនជារៀងរាល់ឆ្នាំ។ ប៉ុន្តែទិន្នផលភាគច្រើនត្រូវការសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ឬត្រូវបានឈ្មួញកណ្ដាលទិញ ឬនាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម ហើយត្រូវកែច្នៃ និងលក់នៅក្នុងប្រទេសទាំងនោះ។
លោក ហ៊ាន វណ្ណហន គឺជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកថ្លែងថា រដ្ឋាភិបាលនឹងពិនិត្យសើរើឡើងវិញយុទ្ធសាស្ត្រនៃការនាំចេញអង្ករ ដែលបានកំណត់កាលពីឆ្នាំ២០១០ ថាកម្ពុជានឹងនាំចេញអង្ករឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥។
«ចង់ជម្រាបជូនថា គោលនយោបាយជំរុញការនាំចេញអង្ករនេះ គឺយើងជោគជ័យបានពាក់កណ្ដាល គឺអ្វីដែលយើងឲ្យមានស្រូវសល់ រហូតដល់ជាង៤លានតោន ក្នុងមួយឆ្នាំ ហើយពាក់ព័ន្ធជាមួយនឹងសកម្មភាពយុទ្ធសាស្ត្រទីពីរប្រមូលទិញ និងការកែច្នៃនេះហាក់ដូចជាយ៉ាប់ជាងគេ។ ហើយរោងម៉ាស៊ីនកិនស្រូវ គាត់អត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបយកស្រូវក្នុងរដូវប្រមូលផល សមត្ថភាពពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងធនធាន។ និយាយឲ្យចំ ថវិកាដើម្បីឲ្យគាត់ប្រមូលទិញយកមកសម្ងួត ហើយដើម្បីស្តុកទុក។ នេះគឺជាចំណុចដែលយើងគួរចាប់អារម្មណ៍ពិនិត្យកែសម្រួល»។
គោលនយោបាយនាំអង្ករចេញគឺជាគោលនយោបាយសំខាន់មួយ ក្នុងចំណោមគោលនយោបាយសំខាន់ផ្សេងទៀតរបស់រដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងនៅថ្ងៃច័ន្ទនេះផងដែរថា ប្រទេសចិនគឺជាប្រទេសស្ថិតក្នុងលំដាប់ទីមួយ ដែលបាននាំចូលអង្ករពីកម្ពុជា ហើយប្រទេសបារាំងស្ថិតក្នុងលំដាប់ទីពីរ។ កម្ពុជាក៏បាននាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបផងដែរ៕