ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ថ្មី​ព្រមាន​ថាវិបត្តិ​កូវីដ១៩​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​មនុស្ស​ជាតិ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​ពេល​៣០​ឆ្នាំ​ចុងក្រោយ


រូបឯកសារ៖ សិស្សជនជាតិបារាំងកំពុងរៀនក្នុងថ្នាក់រៀនមួយ នៅតំបន់ Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០។
រូបឯកសារ៖ សិស្សជនជាតិបារាំងកំពុងរៀនក្នុងថ្នាក់រៀនមួយ នៅតំបន់ Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០។

របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (United Nations Development Programme)​ ឬ​ហៅកាត់​ថា ​UNDP​ បាន​បង្ហាញ​ថា ការ​អភិវឌ្ឍ​មនុស្ស​ជា​សកល ​អាច​នឹង​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ២០២០ ​នេះ ដែល​ជា​ការ​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ ៣០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។​

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «Covid-19 and Human Development: Assessing the Crisis, Envisioning the Recovery»​ ចេញ​ផ្សាយ​ កាល​ពី​យប់​ថ្ងៃ​ពុធ ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០២០ បាន​រក​ឃើញ​ថា ​ជំងឺ​កូវីដ១៩ បាន​វាយ​ប្រហារ​យ៉ាង​ដំណំ​ទៅ​លើ​សុខភាព​ ការ​អប់រំ​ និង​ប្រាក់​ចំណូល​របស់​មនុស្ស​នៅ​ទូទាំង​សកលលោក។​

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទំនោរ​នៃ​ការ​អភិវឌ្ឍ​មនុស្ស​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ ​មក។​

រហូត​មក​ដល់​ពេល​នេះ ជំងឺកូវីដ១៩ ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណាបាន​ឆ្លង​ទៅ​មនុស្ស​ជាង​ ៥ ​លាន​នាក់​និង​បាន​សម្លាប់​មនុស្ស​អស់​ជាង​ ៣ ​សែននាក់ ក្នុង​ប្រទេស​និង​ដែន​ដី​ប្រមាណ​ ២០០ ​ទូទាំង​សកល​លោក។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​នៃ​មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា ​នៃ​សកល​វិទ្យាល័យ​Johns Hopkins​ ក្នុង​សហរដ្ឋ​អាមេរិក។

របាយ​ការណ៍​ UNDP ​បញ្ជាក់​ថា ដោយ​សារ​សាលា​បិទ​ទ្វារ​ ៦០ ​ភាគ​រយ​នៃ​កុមារ​ដែល​សិក្សា​នៅ​បឋម​សិក្សាមិន​បាន​ទទួល​ការ​អប់រំ ហើយចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ៗ​នៅ​ទូទាំង​សកល​លោក​នៅ​ឆ្នាំ​ ២០២០ ​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ធ្លាក់​ចុះ​ ៤ ​ភាគរយ៕

XS
SM
MD
LG