ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ ១៣%​នៃ​សារមន្ទីរ​នៅ​ទូទាំង​ពិភពលោក​ប្រហែល​មិន​បើក​ជា​ថ្មី​ទេ​​ បន្ទាប់ពីវិបត្តិកូវីដ៩​


រូបឯកសារ៖ សារមន្ទីរ Louvre នៅក្រុងប៉ារីសមានសភាពស្ងប់ស្ងាត់អំឡុងពេលមានការបិទប្រទេសដើម្បីទប់ទល់ការរាតត្បាតជំងឺកូវីដ១៩ នៅបារាំង។
រូបឯកសារ៖ សារមន្ទីរ Louvre នៅក្រុងប៉ារីសមានសភាពស្ងប់ស្ងាត់អំឡុងពេលមានការបិទប្រទេសដើម្បីទប់ទល់ការរាតត្បាតជំងឺកូវីដ១៩ នៅបារាំង។

នៅ​ទិវា​សារមន្ទីរ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី១៨ ​ខែ​ឧសភា ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​ពីរ​បង្ហាញ​ថា​ សារមន្ទីរ​ជា​វិស័យ​មួយ​ទៀត​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ចុះ​ខ្សោយ​ជា​ខ្លាំង​ដោយ​សារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​ UNESCO ​និង​ក្រុម​ប្រឹក្សា​អន្តរជាតិ​នៃ​សារមន្ទីរ​ហៅ​កាត់​ថា ​ ICOM ​ បង្ហាញ​ថា​ ចំនួន​៩០%​នៃ​សារមន្ទីរ​នៅ​ទូទាំង​ពិភពលោក​បាន​ត្រូវ​បង្ខំ​បិទទ្វារ​និង​ឈប់​បើក​ឱ្យ​មនុស្ស​ចូល​មើល​វត្ថុ​ដាក់​តាំង​ដោយ​ផ្ទាល់​នៅ​ក្នុង​ពេល​មាន​វិបត្តិនៃ​ជំងឺ​នេះ។​ ក្នុង​បណ្តា​សារមន្ទីរ​ជាង​៨​ម៉ឺន​៥​ពាន់​ដែល​បាន​ត្រូវ​បិទ​នោះមាន​សារមន្ទីរ​ចំនួន​១៣ ភាគរយ​ដែល​នឹង​មិន​បើក​ជា​ថ្មី​ឡើង​វិញ​ទេដោយសារ​មាន​ការ​ខាត​បង់​ខាង​ហិរញ្ញ​វត្ថុ​ធ្ងន់ធ្ងរ​នៅ​ពេល​នេះ។​

ការ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​ពីរ​នេះ​បាន​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩​ទៅ​លើ​សារមន្ទីរ​នៅ​ទូទាំង​ពិភពលោក​និង​ពន្យល់​អំពី​ថា​តើ​ស្ថាប័ន​ទាំង​នេះ​បាន​សម្រប​សម្រួល​បែប​ណា​សម្រាប់​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ។ ​អង្គការ​ UNESCO ​និង​ក្រុម​ប្រឹក្សា​ ICOM ​និយាយ​ថា ​ពួក​គេ​នឹង​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​រក​វិធី​គាំទ្រ​ស្ថាប័ន​ទាំង​នេះ​នៅ​ក្រោយ​ការ​រាតត្បាត​នៃ​វីរុស​នេះ។​

ការ​សិក្សា​ស្រាវជ្រាវ​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ មាន​តែ​ចំនួន​១៥%​ប៉ុណ្ណោះ​នៃ​សារមន្ទីរ​នៅ​ក្នុង​ទ្វីប ​អាហ្វ្រិក​ និង​នៅ​រដ្ឋ​កោះតូចៗ​កំពុង​អភិវឌ្ឍន៍​អាច​ផ្តល់​ការ​ពណ៌នា​តាម​ អ៊ីនធឺណិត​ដល់​ភ្ញៀវ​របស់​ពួក​គេ។​ សារមន្ទីរ​ដែល​មាន​សមត្ថភាព​ខាង​ ឌីជីថល​ក៏​នឹង​ប្រឈម​នឹង​ការ​ចុះថយ​ប្រាក់​ចំណូល​ច្រើន​ក្រាស់​ក្រែល​ដែរប្រសិន​បើ​ពួក​គេ​មិន​អាច​ទទួល​ភ្ញៀវ​ដោយ​ផ្ទាល់។​ ការណ៍​នេះ​នាំ​ឱ្យ​សារមន្ទីរ​គ្មាន​សមត្ថភាព​គាំទ្រ​ពួក​បុគ្គលិក​និង​គ្មាន​សមត្ថភាព​បន្ត​កិច្ច​ប្រតិបត្តិការ​និង​ការ​ពង្រីក​ការ​ទាក់ទង។​

លោក​ស្រី ​Audrey Azoulay ​ជា​នាយិកា​ទូទៅ​នៃ​អង្គការ​ UNESCO។​ លោកស្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ប្រាប់​ពួក​អ្នក​កាសែត​ថា៖​ «សារមន្ទីរ​បំពេញ​មុខ​នាទី​សំខាន់​មួយ​ធ្វើ​ឲ្យ​សង្គម​រឹងមាំ។ ​យើង​ត្រូវ​តែ​ជួយ​សារមន្ទីរ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​និង​ធ្វើ​ឱ្យ​សារមន្ទីរ​មាន​ការ​ទាក់ទង​ជា​មួយ​អ្នក​ចង់​មើល​សារមន្ទីរ​ទាំង​នេះ។ ​ការ​រាត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ក៏​រំឭក​យើង​ថា​ មនុស្ស​ចំនួន​ពាក់​កណ្តាលក្នុង​ពិភព​លោក​គ្មាន​បច្ចេកវិទ្យា​ ឌីជីថល​ទេ។ ​យើង​ត្រូវ​តែ​ធ្វើការ​ដើម្បី​ឧបត្ថម្ភផ្ចុង​ផ្តើម​ឱ្យ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​អំពី​វប្បធ៌ម​ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​អាច​រង​គ្រោះ​ដោយ​ងាយ​និង​ពួក​មនុស្ស​រស់​នៅ​ដាច់​ពី​គេ»។​

សម្ព័ន្ធ​សារមន្ទីរ​អាមេរិកាំង​ឲ្យ​ដឹង​ថា ​គ្រាន់​តែ​នៅ​ក្នុង​ស.រ.អា.​សារមន្ទីរ​បាន​ខាត​បង់​ប្រមាណ​៣៣​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ​ការ​ស្ទង់​មតិ​ដោយ​អង្គការ​ប្រជា​ពលរដ្ឋអាមេរិកាំង​ដើម្បី​សិល្បៈ​ឲ្យ​ដឹង​ថា​ ឧស្សាហ​កម្ម​សិល្បៈ​និង​វប្បធម​៌ស.រ.អា.​បាន​ខាត​បង់​ជាង​៤​ពាន់​៥​រយ​លាន​ដុល្លារ​គិត​ត្រឹម​ដើម​ខែ​មេសា។​

កាល​ពីពាក់​កណ្តាល​ខែ​ឧសភា ​អង្គការ​ UNESCO ​គ្រោង​ចាប់​ផ្តើម​ការ​ពិភាក្សា​គ្នា​រវាង​ពួក​អ្នក​ជំនាញ​មាន​អាជីព​ខាង​វប្បធ៌ម​អន្តរជាតិ​ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ដែល​សារមន្ទីរ​កំពុង​ប្រឈម​ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​ ResiliArt ​របស់​អង្គការ​ UNESCO ​ដែល​បាន​ត្រូវ​បង្កើត​ឡើង​ជា​ដំបូង​ដើម្បី​គាំទ្រ​ពួក​សិល្បករ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩។​ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ UNESCO ​ឲ្យ​ដឹង​ថា​ការ​ពិភាក្សា​បីលើក​ដំបូង​គេ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​និង​ដែន​ដីក្នុង​ទ្វីប​អាមេរិក​ហៅ​ថា​ Ibero-American region ​និង​ពិភាក្សា​គ្នា​អំពី​វិធី​គាំទ្រ​សារមន្ទីរ​និង​ពួក​បុគ្គលិក​នៃ​សារមន្ទីរ​ទាំង​នេះ​ផង​ដែរ។​

លោក​ Suay Aksoy ​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​អន្តរជាតិ​នៃ​សារមន្ទីរ​ហៅ​កាត់​ថា ​ICOM។ ​លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «យើង​ដឹង​ច្បាស់​លាស់​អំពី​ភាព​ស៊ូ​របស់​ពួក​អ្នក​ធ្វើការ​មាន​អាជីព​ក្នុង​សារមន្ទីរ​ហើយ​យើង​មាន​ការ​ទុក​ចិត្ត​ថា​ ពួក​គេ​នឹង​អាច​ពុះពារ​ឧបសគ្គ​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ ​ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វិស័យ​សារមន្ទីរ​មិន​អាច​មាន​ដំណើរការ​ត​ទៅ​ទៀត​បាន​ទេបើ​គ្មាន​ការ​គាំទ្រ​ពី​ផ្នែក​សាធារណៈ​និង​ផ្នែក​ឯកជន​ទេ​នោះ។​ ជា​ការ​ចាំ​បាច់​ត្រូវ​តែ​អង្គាស​ប្រាក់​សម្រាប់​ជួយ​សង្គ្រោះ​សារមន្ទីរ​និង​ធ្វើ​គោល​នយោបាយ​ការពារ​ពួក​អ្នក​ធ្វើការ​មាន​អាជីព​និង​ពួក​អ្នក​ធ្វើការ​ដោយ​ខ្លួន​ឯង​ដែល​មាន​កិច្ច​សន្យា​មិន​ទៀង»។​

ជា​ការ​ឆ្លើយ​តប​នឹង​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​ UNESCO ​ ពួក​មន្ត្រី​បាន​និយាយ​ថា​ ផែនការ​ឆ្លើយ​តប​របស់​ពួក​គេ​មាន​រួម​បញ្ចូល​កិច្ច​ការពារ​ខាង​សង្គម​ដល់​ពួក​បុគ្គលិក​សារមន្ទីរ​និង​ការ​រៀបចំ​បញ្ជី​វត្ថុ​ដាក់​តាំង​ក្នុង​សារមន្ទីរ​តាម​បណ្តាញ​ អ៊ីនធើណិត។ ​អង្គការ ​UNESCO​ បាន​និយាយ​ថា​ ត្រូវ​មាន​ប្រភព​ធនធាន​ច្រើន​ក្រាស់ក្រែល​ដើម្បី​ធ្វើ​ឱ្យ​គោល​ដៅ​ទាំង​នេះ​បាន​សម្រេច៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម​ សុមេធ​

XS
SM
MD
LG