ប្រេសិតពិសេសរបស់អង្គការសុខភាពពិភពលោក WHO លោកវេជ្ជបណ្ឌិត David Nabarro បានថ្លែងកាលពីថ្ងៃអង្គារថា វីរុសកូរ៉ូណាដែលបង្កឲ្យកើតជំងឺកូវីដ១៩ នឹងនៅតែជា «ការគំរាមកំហែងឥតឈប់ឈរ» រហូតដល់គេបានរកឃើញវ៉ាក់សាំងការពារឬវីធីព្យាបាលណាមួយដែលមានប្រសិទ្ធភាព។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Sky News របស់អង់គ្លេស លោក Nabarro ថ្លែងថា ពិភពលោកត្រូវរៀនរស់ជាមួយនឹងវីរុសនេះ រហូតដល់គេអាចមានវ៉ាក់សាំងក្នុងរយៈពេល«ពីមួយឆ្នាំកន្លះទៅពីរឆ្នាំកន្លះទៀតយ៉ាងតិច»។
មន្ត្រី WHO រូបនេះបញ្ជាក់ថា នេះមិនមែនមានន័យថា ជីវភាពពលរដ្ឋនិងសកម្មភាពសង្គមត្រូវចប់នោះទេ ប៉ុន្តែថា គេត្រូវគោរពតាមវិធានការរក្សាគម្លាតពីគ្នាក្នុងសង្គមនិងមធ្យោបាយការពារនានាអស់រយៈពេលដ៏យូរទៀត ដែលនឹងត្រូវក្លាយជាទម្លាប់ប្រចាំថ្ងៃ។
លោក Nabarro បានលើកឧទាហរណ៍អំពីប្រទេសសិង្ហបុរី អាល្លឺម៉ង់ និងកូរ៉េខាងត្បូង និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនទៀត ដែលអាជ្ញាធរនៅទីនោះបន្តរក្សាវិធានការការពារសុខភាពសាធារណៈ ខណៈអនុញ្ញាតឲ្យពលរដ្ឋអាចប្រកបជីវភាពធម្មតារបស់ពួកគេឡើងវិញបាន។ លោកថា កន្លងមកវីរុសនិងការគំរាមកំហែងផ្សេងទៀតដូចជាវីរុសហ៊ីវ (HIV) ដែលបង្កជំងឺអេដស៍ (AIDS) ក៏បានបង្ខំឲ្យមនុស្សម្នាផ្លាស់ប្តូរទម្លាប់របស់ពួកគេដែរ៕