ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​​​លាត​ត្រដាង​​ការ​សម្ងាត់​ម្នាក់​​​ថា ​​មន្ត្រី​​អាមេរិក​មិន​អើពើនឹង​ការ​ព្រមាន​អំពី​ឱសថ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​និង​ឧបករណ៍​ពេទ្យ


ថ្នាំ Hydroxychloroquine ដែល​ត្រូវ​បាន​គេ​តំរៀប​​​ជិត​គ្នា ក្នុង​ទីក្រុង Las Vegas កាល​ពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០។
ថ្នាំ Hydroxychloroquine ដែល​ត្រូវ​បាន​គេ​តំរៀប​​​ជិត​គ្នា ក្នុង​ទីក្រុង Las Vegas កាល​ពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០។

លោក Rick Bright អ្នក​វិទ្យាសាស្ត្រជាន់​ខ្ពស់ម្នាក់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹងផ្តល់​សក្ខីកម្មនៅ​ក្នុងសវនាការរបស់​សភាសហរដ្ឋអាមេរិកនៅ​សប្តាហ៍ទី​ពីរ​នៃ​ខែ​ឧសភា​នេះ នៅក្រោយ​ពេល​លោក​បាន​ដាក់ពាក្យ​តវ៉ា​មួយ​ថា ពួកមន្ត្រី​បានសង​សឹកប្រឆាំង​នឹង​លោក ដោយសារ​លោក​បាន​ទទូចអំពី​សំណើផ្អែក​លើវិទ្យាសាស្ត្រ​និង«ការ​ឆ្លើយ​តបសកម្ម​ជាង​មុន​របស់​ទី​ភ្នាក់ងារ​ចំពោះ​ការ​រាត្បាត​នៃជំងឺ​កូវីដ១៩‍»។

លោក​ស្រី​ Anna Eshoo សមាជិកា​សភា​សហរដ្ឋ​អាមេរិកបាន​និយាយ​ថា ការតវ៉ា​របស់​លោក Rick Bright នាំឱ្យ​មានកង្វល់​អំពី​ការ​ឆ្លើយ​តប​របស់​រដ្ឋបាល​លោក Trump ដល់​ការ​រាតត្បាតជា​សាកល​នៃជំងឺ​កូវីដ១៩។ ​លោក​ស្រីក៏​បានថ្លែង​ដែរ​ថា លោកស្រីក៏ចង់​ស្តាប់​ការផ្តល់​សក្ខីកម្មពី​លោក Alex Azar រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក Robert Kadlec ឧបការី​រដ្ឋមន្ត្រីក្រសួង​សុខា​ភិបាល ​ទទួល​បន្ទុក​ខាង​ការ​ប្រុង​ប្រៀបនិងការ​ឆ្លើយ​តប។​

លោកស្រី Eshoo បាន​មានប្រសាសន៍ថា៖ «ការ​តវ៉ា​នេះ​ចោទប្រកាន់​ថា​ រដ្ឋបាល​លោក Trump បាន​ទុកការ​យោគយល់​បក្ខពួក​និង​ជម្លោះ​ផ្ទៃ​ក្នុង​ថា​ មានសារៈសំខាន់​ជាង​សុខភាព​របស់​ប្រជារាស្ត្រអាមេរិកាំង នៅ​ពេល​មានការ​រាត្បាត​ជា​សាកល​នៃជំងឺនេះ។ ​ការតវ៉ា​របស់​លោក​វេជ្ជបណ្ឌិត​ Bright សក្តិសមលើក​យក​មកពិនិត្យ។»

លោក Rick Bright អតីត​ប្រធាន​អាជ្ញាធរ​ស្រាវជ្រាវ​និង​ផលិតជីវវេជ្ជសាស្ត្រ​ទំនើប​របស់​សហរដ្ឋអាមេរិក។
លោក Rick Bright អតីត​ប្រធាន​អាជ្ញាធរ​ស្រាវជ្រាវ​និង​ផលិតជីវវេជ្ជសាស្ត្រ​ទំនើប​របស់​សហរដ្ឋអាមេរិក។

លោក Bright បាននិយាយ​ថា​ លោក Kadlec បាន​ដាក់​សម្ពាធ​លើអង្គភាពលោក​គឺ​អាជ្ញាធរ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ជីវវេជ្ជសាស្ត្រ​ទំនើប ឱ្យ​បណ្តាក់​ទុន​ទៅ​ក្នុង​ឱសថ​និង​ថ្នាំ​វ៉ាក់សាំង​ដែល​ខ្វះ​គុណភាព​ខាងវិទ្យាសាស្ត្រ ដែល​មានរួមបញ្ចូល​ទាំងថ្នាំ​ hydroxychloroquine ផង​ដែរ។

ការ​តវ៉ា​នេះ​មាន​ខ្លឹមសារ​ថា៖« លោក​វេជ្ជបណ្ឌិត Bright មាន​អារម្មណ៍​ថា ​លោក​គ្មាន​អំណាចក្នុង​ការការពារ​សាធារណជនពី​សារធាតុគីមី​ពុល ​ដែល​ក្រសួងសុខាភិបាល​ហៅ​កាត់​ថា​ HHS ​សរសើរ​តាមការនិយាយ​ទទូច​របស់​លោក​ប្រធានាធិបតី Trump ​ថា​ ជាការព្យាបាល​មាន​សុវត្ថិភាព។ ​ក៏​ប៉ុន្តែ​លោក​មាន​អារម្មណ៍​ថា​ មានសេចក្តី​ត្រូវការជា​បន្ទាន់​និង​ជា​ការ​ចាំ​បាច់មួយ​ដើម្បីជម្រាប​សាធារណជនអាមេរិកាំង​ថា​ ឱសថ​នេះ​ដែល​មាន​ទិន្នន័យ​វិទ្យាសាស្ត្រមិនគ្រប់គ្រាន់ដើម្បី​គាំទ្រការប្រើ​ថ្នាំ​នេះ​សម្រាប់ព្យាបាល​អ្នកជំងឺ​កូវីដ១៩​ ជាមួយការ​មាន​កង្វល់​អំពី​សុវត្ថិភាពនិង​ដោយមិន​មាន​ការ​ត្រួត​ពិនិត្យ​ដោយ​ FDA អំពីគុណភាពថ្នាំ​នេះនៅ​ពេល​នេះ កំពុង​ត្រូវជំរុញ​ឬ«ដាក់​ឱ្យមាន​ពាសពេញ​ប្រទេស​អាមេរិក‍»។

លោក​ស្រី​វេជ្ជបណ្ឌិត​ Leana Wen ជា​វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់​និង​ជាសាស្ត្រាចារ្យខាង​សុខភាព​សាធារណៈ​នៅ​ឯ​សាកលវិទ្យាល័យ George Washington។

លោក​ស្រី​បាន​និយាយ​ប្រាប់​វីអូអេ​ថា ការ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ការឆ្លើយ​តប​នឹងវីរុស​កូរ៉ូណាត្រូវ​ផ្អែក​លើវិទ្យាសាស្ត្រហើយថា​ មាន​ហេតុផលដែល​ថា​ឱសថ​ត្រូវ​តែ​ឆ្លង​កាត់ការសាកល្បង​ប្រើ​ប្រាស់​ក្នុង​មន្ទីពិសោធន៍​ជាមុន​សិន។​

លោកស្រី​វេជ្ជបណ្ឌិត​ Leana Wen បានមានប្រសាសន៍ថា​៖ «​ប្រសិន​បើ​យើង​មិន​អើពើនឹង​វិទ្យាសាស្ត្រ យើង​នឹងត្រូវបង់​ខាត។ ​សេចក្តី​សម្រេចនិង​គោល​នយោបាយគួរធ្វើ​ដោយ​ផ្អែកលើ​ភស្តុតាងនិង​ទិន្នន័យ ហើយវា​ជាកង្វល់​ខ្លាំង​ណាស់ ប្រសិន​បើពួក​អ្នក​វិទ្យាសាស្ត្រនិង​ពួក​វេជ្ជបណ្ឌិត​កំពូលនៅ​ក្នុងរដ្ឋាភិបាលសហព័ន្ធមិន​អាច​បំពេញ​កិច្ច​ការរបស់​ពួកគេ ​និង​មិន​អាច​ផ្តល់​អនុសាសន៍ផ្អែក​លើវិទ្យាសាស្ត្រ​និង​ភស្តុតាង​ល្អបំផុត​ដែល​មាន‍»។

ការ​ត្អូញ​ត្អែរ​របស់អ្នក​លាត​ត្រដាងការ​សម្ងាត់នេះ​ក៏និយាយ​ដែរ​ថា ពួកមេដឹកនាំ​នៅ​ក្នុង​ក្រសួងសុខាភិបាលហៅ​កាត់​ថា​ HHS ​បាន​រិះគន់​លោក Bright ថា​បាន​ជំរុញ​នៅ​ពេល​ដំបូង​នៃ​ការ​រាលដាលវីរុស​កូរ៉ូណាឱ្យមាន​ការវិនិយោគ​ធន​ធាននៅក្នុងការអភិវឌ្ឍន៍​ថ្នាំ​វ៉ាក់​សាំង និង​ធ្វើឱ្យ​ប្រាកដប្រជាថា​មាន​ការផ្គត់​ផ្គង់ម៉ាស់ ប្រដាប់​ជួយ​ដក​ដង្ហើម​ និងតម្បារ​សំឡី​សម្រាប់​ធ្វើ​តេស្ត​ ឱ្យ​បាន​គ្រប់គ្រាន់​។ ការ​តវ៉ា​នេះចែង​ដែរ​ថា ពួក​មន្ត្រី​មិនអើ​ពើ​ចំពោះក្រុម​ហ៊ុន​ផលិត​ម៉ាស់​មួយដែល​ស្នើ​ចាប់​ផ្តើមសង្វាក់​ផលិត​កម្មដែល​គ្មាន​ដំណើរ​ការ​ឱ្យមានដំណើរ​ការ​ឡើង​វិញ​ជា​មួយ​ការគាំទ្រ​ពី​រដ្ឋាភិបាល។​

រដ្ឋបាល​លោក​ Trump បាន​ប្រឈម​នឹងការ​រិះគន់​ពី​ពួក​អភិបាល​រដ្ឋ​ដែល​និយាយ​ថាពួក​គេបានប្រវេស​ប្រវាសនិង​បានប្រជែង​គ្នាដើម្បី​ស្វែង​រក​ឧបករណ៍​វេជ្ជសាស្ត្រដែល​គេ​ត្រូវ​ការនៅក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ព្យបាលពួក​អ្នក​ជំងឺ​និងធ្វើឱ្យ​ពួក​ពេទ្យ​មានសុវត្ថិភាព។​

លោកស្រី​វេជ្ជបណ្ឌិត Wen បាន​មានប្រសាសន៍ថា សហរដ្ឋ​អាមេរិក​បានខាត​បង់​ពេល​វេលា​មាន​តម្លៃក្នុង​ការ​ប្រុង​ប្រៀបសម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ ដែល​អាច​ត្រូវប្រើប្រាស់ដើម្បីពង្រឹង​ប្រព័ន្ធថែទាំសុខភាព។​

លោក​ស្រី​វេជ្ជបណ្ឌិត Wen បាននិយាយថា​៖ «សូម្បី​មក​ដល់​ពេល​នេះ​ហើយ​ យើង​នៅ​តែ​មិន​ទាន់ប្រមូល​ប្រភពធនធាន​ជា​ចាំ​បាច់​ដែល​យើង​ត្រូវការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​រាតត្បាត​នៃ​ជំងឺ​នេះនៅឡើយទេ​ ហើយ​ខ្ញុំខ្វល់​ខ្វាយ​ណាស់​ថាយើង​នៅ​តែ​មិន​ទាន់​មានកិច្ច​ខិតខំប្រឹង​ប្រែងមាន​ការ​សម្របសម្រួល​ជា​ថ្នាក់​ជាតិនៅ​ពេល​នេះ ​ដែល​មាន​ភាព​អាសន្ន​ខាង​សុខភាព​សាធារណៈ‍»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលជំនួបជាមួយនឹងអភិបាលរដ្ឋ Iowa អ្នកស្រី Kim Reynolds នៅសេតវិមាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលជំនួបជាមួយនឹងអភិបាលរដ្ឋ Iowa អ្នកស្រី Kim Reynolds នៅសេតវិមាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​អង្គារ ​ទី៥ ​ខែ​ឧសភា ​លោក​ប្រធានាធិបតី​ Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រោងចក្រផលិតគ្រឿង​បន្លាស់​យន្តហោះ​មួយ​ក្នុង​រដ្ឋ​ Arizona ដែលបានផ្ទេរ​ប្រតិបត្តិការ​ទៅ​ផលិត​ម៉ាស់​វិញ​។ នោះ​គឺ​ជា​ទស្សនកិច្ច​មួយ​ក្នុងបណ្តា​ទស្សនកិច្ច​មួយ​ចំនួន ដែល​បាន​ត្រូវ​គ្រោងឡើងដើម្បី​គូស​បញ្ជាក់ពី​ការ​ខិត​ខំប្រឹង​ប្រែង​ឆ្លើយ​តប​របស់​រដ្ឋបាល។​

លោក Trump បាននិយាយ​ថា៖ «តាម​រយៈ​ទីភ្នាក់ងារ​ទទួល​បន្ទុក​កិច្ច​ការ​សង្គ្រោះ​អាសន្ន ក្រសួង​សុខាភិបាល និង​ពួក​ដៃ​គូ​យើង​ក្នុង​វិស័យ​ឯកជន យើង​មាន​ម៉ាស់ធុន​ N95 ៧០​លាន ម៉ាស់សម្រាប់​ប្រើ​នៅ​ពេល​ធ្វើការ​វះកាត់១២២លាន របាំ​ង​មុខ​៧លាន អាវ​វែងពាក់​ការពារខ្លួន​នៅ​ពេល​ព្យាបាល​អ្នក​ជំងឺ១៨លាន​ និង​ស្រោមដៃជិត​១ពាន់​លាន​សម្រាប់​ពួក​ពេទ្យជួរ​មុ​ខរបស់​យើង‍»។

លោក Bright បាន​ចោទ​ប្រកាន់​ថា ​លោក​បានត្រូវ​ផ្ទេរទៅ​កាន់​តំណែង​មួយ​ទៀត​ជាការ​សង​សឹក​ហើយ​ការតវ៉ា​របស់​លោក​សុំ​ឱ្យមានការបញ្ជូន​លោក​ទៅ​កាន់​តំណែង​ដើម​វិញ​ជាមួយ​ការ​ស៊ើបអង្កេតពេញ​លេញ​ថែម​ទៀត​ផង។​

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ទី៥ឧសភា​បានចែង​ថា​ លោក​ Bright បានត្រូវ​ផ្ទេរ​ទៅ​កាន់​វិទ្យាស្ថាន​ជាតិ​សុខភាព ដើម្បី​ធ្វើការ​ខាងការ​ធ្វើ តេស្ត​ផ្នែក​រោគ​វិនិច្ឆ័យ «​ដែល​មានសារៈសំខាន់ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា‍»។

អ្នក​ស្រី​ Caitlin Oakley អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​សហរដ្ឋអាមេរិក បាននិយាយថា៖ «យើងខក​ចិត្ត​ខ្លាំង​ដែល​លោក Bright មិន​បានទៅ​ធ្វើការដើម្បី​បំរើប្រជារាស្ត្រ​អាមេរិកាំង និង​ដឹក​នាំ​ការ​ខិតខំប្រឹង​ប្រែង​ដ៏សំខាន់នេះ‍»៕

XS
SM
MD
LG