មន្ត្រីសេតវិមានមួយចំនួននឹងចាប់ផ្ដើមធ្វើការពីផ្ទះនិងនៅដាច់ដោយឡែកពីគេ ក្រោយពីបានទាក់ទងជាមួយនឹងអ្នកឆ្លងវីរុសកូរ៉ូណានៅសេតវិមាន។
កាលពីថ្ងៃសៅរ៍ មានសេចក្ដីប្រកាសថា លោក Robert Redfield នាយកមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺ លោក Stephen Hahn ស្នងការនៃទីភ្នាក់ងាររដ្ឋបាលម្ហូបអាហារនិងថ្នាំពេទ្យ និងលោកវេជ្ជបណ្ឌិត Anthony Fauci នាយកនៃវិទ្យាស្ថានជាតិផ្នែកអាឡែកហ្ស៊ី និងជំងឺឆ្លង និងសមាជិកនៃក្រុមការងារពិសេសទទួលបន្ទុកកិច្ចការជំងឺកូវីដ១៩នៅសេតវិមាន នឹងត្រូវអនុវត្តនូវវិធានការចាំបាច់នានា ក្រោយពីបានប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សម្នាក់នៅសេតវិមានដែលឆ្លងវីរុសកូរ៉ូណា ដែលនោះគឺអ្នកស្រី Katie Miller អ្នកនាំពាក្យរបស់លោកអនុប្រធានាធិបតី Mike Pence។
លោក Redfield នឹងត្រូវធ្វើការពីផ្ទះក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន The Washington Post កាលពីថ្ងៃសៅរ៍។ លោក Hahn ដែលកំពុងនៅដាច់ដោយឡែកពីគេ ធ្លាប់បានប្រាស្រ័យទាក់ទងជាមួយនឹងអ្នកស្រី Katie Miller។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយរបស់បណ្ដាញព័ត៌មាន Politico។ ចំណែកឯលោក Fauci វិញ បានថ្លែងប្រាប់បណ្ដញព័ត៌មានCNN កាលពីថ្ងៃសៅរ៍ថា លោកនឹងចាប់ផ្ដើមនៅដាច់ដោយឡែកពីគេ។
កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទូចថា «ការធ្វើតេស្តមិនសំខាន់នោះទេ» ដែលនេះគឺជាការបង្ហាញនូវនិន្នាការរបស់លោកកាន់តែខ្លាំងជាងមុននៅក្នុងការច្រានចោលយោបល់របស់អ្នកជំនាញខាងសុខភាព។
រដ្ឋបាលរបស់លោក ត្រាំ បន្ដការពារការសម្រេចរបស់ខ្លួននៅក្នុងការមិនបង្ហាញផែនការលំអិតអំពីការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញនៅក្នុងសហរដ្ឋអាមេរិក។
សេចក្ដីប្រកាសមួយរបស់សេតវិមានដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ និងបានស្រង់សម្ដីរបស់នាយកមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺ លោក Robert Redfield បានលើកឡើងថា គោលការណ៍ណែនាំនោះនៅជា «សេចក្ដីព្រាង» នៅឡើយ ហើយត្រូវបាន «ចែកចាយមុនការកំណត់»។ សេចក្ដីប្រកាសនេះបានបន្ថែមថា ហេតុដូច្នេះហើយ លោក Redfield នៅមិនទាន់អាចផ្សព្វផ្សាយគោលការណ៍ណែនាំលំអិតបានទេ៕