ពលរដ្ឋអាមេរិកាំងភាគច្រើនមិនយល់ស្របនឹងបាតុកម្មនានា ដែលប្រឆាំងនឹងវិធានការរបស់រដ្ឋជាច្រើនដែលរឹតត្បិតសកម្មភាពសេដកិច្ចនិងសង្គម ព្រមទាំងការតម្រូវឲ្យរក្សាគម្លាតសង្គមពីគ្នា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ទេ។ នេះបើតាមការស្ទង់មតិថ្មីមួយ។ ការស្ទង់មតិថ្មីនេះក៏បានរកឃើញផងដែរថា ការគាំទ្រចំពោះវិធានការរឹតត្បិតទាំងនេះមានការថយចុះ។
ការស្ទង់មតិថ្មីនេះដែលធ្វើឡើងដោយសាកលវិទ្យាល័យ Chicago និងវិទ្យាស្ថានស្រាវជ្រាវកិច្ចការសាធារណៈរបស់បណ្ដាញព័ត៌មាន AP និងមជ្ឈមណ្ឌល NORC បានរកឃើញថា ៥៥%នៃពលរដ្ឋអាមេរិកាំងថា ពួកគេមិនយល់ស្របនឹងបាតុកម្មទាំងនោះទេ ខណៈដែលពលរដ្ឋអាមរិក៣១%ថា ពួកគេយល់ស្រប។
ការស្ទង់មតិក៏បានរកឃើញថា ៧១%នៃពលរដ្ឋអាមេរិកាំងគាំទ្រឲ្យមានការតម្រូវឲ្យពលរដ្ឋនៅផ្ទះមិនត្រូវចេញទៅក្រៅ លើកលែងតែក្នុងពេលចាំបាច់ ដែលជាចំនួនភាគរយធ្លាក់ចុះពីចំនួន៨០%កាលពីពីរសប្តាហ៍មុន។ ស្រដៀងគ្នានេះដែរ ពលរដ្ឋអាមេរិកាំង៦៧%ឥឡូវនេះថា ពួកគេចង់ឲ្យគេបិទភោជនីយដ្ឋាននិងបារ ដែលជាការថយចុះពីចំនួនគាំទ្រ៧៦%ដែលមានពីមុន៕