អាជ្ញាធរខេត្តកំពង់ចាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ប្រមាណជិត១០០នាក់ទៀត បន្ទាប់ពីមានករណីផ្ទុះឆ្លងក្នុងសហគមន៍កម្មកររោងចក្រ ដែលនាំឲ្យមានការព្រួយបារម្ភអំពីការឆ្លងកាន់តែខ្លាំង។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃសុក្រនេះ រដ្ឋបាលខេត្តកំពង់ចាមឲ្យដឹងថាខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៩៣នាក់ ដែលក្នុងនោះមាននៅស្រុកជើងព្រៃចំនួន៣៤នាក់ ស្រុកបាធាយចំនួន៣៤នាក់ ស្រុកព្រៃឈរ៩នាក់ស្រុកកំពង់សៀម៦នាក់ និង១០ករណីទៀតនាំចូលពីខេត្តកំពង់ឆ្នាំងនិងកំពង់ធំ។ រដ្ឋបាលខេត្តបញ្ជាក់ថាអ្នកឆ្លងថ្មីគឺជាអ្នកដែលបានប៉ះពាល់ជាមួយកម្មកររោងចក្រ ដែលរកឃើញឆ្លង៥០នាក់ កាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រីគី លីង អាយុ២៤ឆ្នាំនិងជាកម្មកររោងចក្រជួហួយដែលមានឆ្លងជំងឺកូវីដ១៩ បានបង្ហាញក្តីព្រួយបារម្ភអំពីការឆ្លងរីករាលដាលកាន់តែខ្លាំង ខណៈអ្នកស្រីនៅបន្តធ្វើការដដែល។ ស្របពេលនេះ អ្នកស្រីក៏ព្រួយបារម្ភអំពីការបាត់បង់ចំណូល ប្រសិនបើមានការផ្អាកគ្រប់ផ្នែកទាំងអស់នៅរោងចក្រដែលអ្នកស្រីធ្វើការ។
អ្នកស្រីនិយាយថា៖ «យើងរោងចក្រពិបាកណាស់បងអើយមនុស្សវាច្រើនការញុំាហូបចុកអីវាជិតៗគ្នាអញ្ចឹងណាយើងពិបាកហ្ហាដល់ពេលអញ្ចឹងខ្លាចចេះតែខ្លាចហើយ ប៉ុន្តែមិនដឹងថាធ្វើម៉េចទេរោងចក្របើក ចេះតែនៅធ្វើអញ្ចឹងទៅណាគេផ្អាកតែមួយកន្លែង»។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ បានថ្លែងថាកម្មកររោងចក្រអាចនឹងប្រឈមច្រើន ជាពិសេសការឆ្លងជំងឺកូវីដ១៩បាត់បង់ការងារនិងប្រាក់ចំណូលដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចគ្រួសារ។
ពាក់ព័ន្ធនឹងការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ទៅតាមបណ្តាខេត្ត ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែឧសភា បានចេញសេចក្តីក្រើនរំឭកឲ្យរដ្ឋបាលខេត្តទាំងអស់ត្រូវពង្រឹងបន្ថែមនៃការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩និងការធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសចំនួន៤៦០នាក់ ដែលកើនឡើងច្រើនជាងប៉ុន្មានថ្ងៃមុន។ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ដែលភាគច្រើននៅរាជធានីភ្នំពេញ ក៏មានអ្នកឆ្លង៤០នាក់នៅក្នុងខេត្តតាកែវផងដែរ៕