ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការឆ្លង​ជំងឺ​កូវីដ​១៩ កើន​ឡើង​​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្រោយ​ដក​បម្រាម​ធ្វើ​ដំណើរ


រូបឯកសារ៖ ប្រជាពលរដ្ឋ​​​ពាក់ម៉ាស​រាល់ពេលធ្វើដំណើរតាម​ផ្លូវ​​​ដើម្បី​ការពារ​ខ្លួន​ពីការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​អំឡុង​ផ្ទុះ​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ​តាំងពី​ព្រឹត្តិការណ៍២០កុម្ភៈ​មក រាជធានី​ភ្នំពេញ​ ​ថ្ងៃទី​១៤ ខែ​មីនា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ ប្រជាពលរដ្ឋ​​​ពាក់ម៉ាស​រាល់ពេលធ្វើដំណើរតាម​ផ្លូវ​​​ដើម្បី​ការពារ​ខ្លួន​ពីការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​អំឡុង​ផ្ទុះ​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ​តាំងពី​ព្រឹត្តិការណ៍២០កុម្ភៈ​មក រាជធានី​ភ្នំពេញ​ ​ថ្ងៃទី​១៤ ខែ​មីនា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

អាជ្ញាធរ​សុខាភិបាល​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​រាយ​ការណ៍​ជា​បន្ត​បន្ទាប់​អំ​ពីករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​អំពី​ការ​ឆ្លង​ធ្ងន់​ធ្ងរ​តាម​បណ្តា​ខេត្ត បន្ទាប់​ពី​បញ្ចប់​ការ​រាំង​ខ្ទប់​រាជធានី​ភ្នំពេញ និង​ការ​បើក​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​សុខាភិបាល​តាម​ខេត្ត​មួយ​ចំនួន ក្នុង​នោះ​មាន​ខេត្ត​តាកែវ​ កំពង់​ចាម​ និង​ខេត្ត​ព្រះ​សីហនុ​ ដែល​បាន​ផ្សព្វផ្សាយ​តាម​អង្គភាព​ព័ត៌មាន Fresh News ​អ្នក​ដែល​ត្រូវ​រក​ឃើញ​មាន​ជំងឺ​កូវីដ​នោះ​ គឺ​រួម​មាន​កុមារ​ សិស្ស​សាលា និង​មនុស្ស​ពេញ​វ័យ​ដែល​ជា​អាជីវករ​ កម្មករ​រោង​ចក្រ កម្មករ​សំណង់​ មេផ្ទះ​ និង​ប្រជា​ពលរដ្ឋ​ទូទៅ។

រដ្ឋបាល​ខេត្ត​តាកែវ​ បាន​រាយការណ៍​និង​បង្ហាញ​អត្ត​សញ្ញាណ​របស់អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​៣៩​នាក់។ ចំណែក​អាជ្ញាធរខេត្ត​កំពង់​ចាម​ បាន​រាយ​ការណ៍​និង​បង្ហាញ​អត្ត​សញ្ញាណរបស់​អ្នក​ឆ្លង​ចំនួន​២១​នាក់។ រដ្ឋបាល​ខេត្តព្រះសីហនុ​ បាន​រាយ​ការណ៍និង​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​ឆ្លង​ចំនួន​២៧​នាក់។

ចំណែក​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ក៏​បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩ ក្នុង​ចំណោម​ពលករ​មក​ពី​ប្រទេស​ថៃ​និង​អ្នក​មក​ពី​រាជធានី​ភ្នំពេញ ដែល​មាន​សរុប​២៨​នាក់ កំពុងសម្រាក​ព្យាបាល​ជំងឺ​នេះ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ​ លោក​វេជ្ជ​បណ្ឌិត នុត​ ស៊ីណាត​ ប្រាប់វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ខេត្ត មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​សហ​គមន៍​២០​កុម្ភៈ ពោល​គឺ​មុន​ពេល​មាន​ការ​បើក​ឲ្យ​ចរាចរណ៍​ឡើង​វិញនៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្តមួយ​ទៅ​ខេត្ត​មួយ​ទៀត។

«អា​រឿង​ដំណើរ​ទង​ឆ្លង​ហ្នឹង​ វា​មាន​ការ​ពាក់​ព័ន្ធ​គ្នា​មក​ទល់​ពេល​នេះ​ និយាយ​ទៅ​ វា​ព្រឹត្តិការណ៍​ថ្ងៃ​២០​[កុម្ភៈ] និយាយ​ឲ្យ​អស់​ទៅ​ វា​ព្រឹត្តិការណ៍​ថ្ងៃ​២០​ បាទ​២០​កុម្ភៈ យើង​ហ្នឹង។ ហើយ​វា​ពាក់ព័ន្ធ​គ្នា​រយីង​រយោង​ រយីងរយោង​ទៅ​វា​ឆ្លង​ វា​ឆ្លង​មក​ដល់​ខេត្ត​តាកែវ​មក​បាទ»។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​តាកែវ​ ​ ពលរដ្ឋ​ដែល​ត្រូវ​រក​ឃើញ​មាន​ជំងឺ​កូវីដ​១៩​ មាន​មុខ​របរ​ជា​អាជីវករ​ កម្មករ​សំណង់​ កម្មករ​រោងចក្រ​ កុមារ សិស្ស​ និង​មាន​អាសយដ្ឋាន​ក្នុង​ស្រុក​បាទី ស្រុក​សំរោង ព្រៃ​កប្បាស ត្រាំកក់ ទ្រាំង និង​គិរីវង់។

លោក នុត​ ស៊ីណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ​ មាន​ប្រសាសន៍ថា​ អាជ្ញាធរកំពុង​ស្វែង​រក​អ្នក​ពាក់ព័ន្ធ ដើម្បី​យក​សំណាក​មក​ពិនិត្យ។ យ៉ាង​ណា​ក៏​ដោយ លោក​ឲ្យ​ដឹង​ថា ​ស្ថានភាព​របស់​អ្នក​ជំងឺប្រមាណ៩០​% ស្ថិត​ក្នុង​កម្រិត​ស្រាល។

អាជ្ញាធរ​មូលដ្ឋានខេត្ត​តាកែវ​ ក៏​បាន​សម្រេច​បិទ​ខ្ទប់​ភូមិ និង​ផ្សារ​មួយ​ចំនួន​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​ឧសភា ករណីឆ្លង​ ដែល​មាន​ទំនាក់​ទំនង​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ មាន​ប្រមាណ​២​ម៉ឺន​នាក់ និង​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤៧០​នាក់ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃអង្គារ​នេះ។

លោក គឹម សួរភិរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ចាម​បាន​ដាក់​ការ​ស្តី​បន្ទោស​ដល់​ការ​មិន​ប្រកាន់​ខ្ជាប់​វិធាន​ការ​អនាម័យ នៅ​ពេល​វិធាន​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ភ្នំពេញ និង​ខេត្ត​កណ្តាល​ត្រូវ​បាន​បន្ធូរ។

លោក​ប្រាប់​វីអូអេ​ថា​៖ «មក​ពី​មាន​អ្នក​ផ្ទុក​មេរោគ​ហ្នឹង​ គាត់​មក​ផ្ទះ​ គាត់​ទៅ​ គាត់​មិន​បាន​អនុវត្ត​វិធាន​ការ​ត្រឹមត្រូវ​ទៅ​ វា​ឆ្លង​ទៅ​ក្នុង​ក្រុម​គ្រួសារ​គាត់​ហ្នឹង»។

ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​និយាយ​ថា ​បន្ទាប់​ពី​មាន​ការ​បង្ហាញ​អត្ត​សញ្ញាណ​របស់​អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ស្រុក​ចំនួន​៣​ គឺ​ស្រុក​បាធាយ កង​មាស និង​ចំការ​លើ មនុស្ស​ដែល​ពាក់ព័ន្ធមួយ​ចំនួន​ បាន​មក​ទទួល​ការ​ពិនិត្យ​រោគ​សញ្ញា។ លោក​បញ្ជាក់​ថា ​បើ​មាន​ការ​គេច​វេះ នោះ​អាជ្ញាធរ​នឹង​ប្រើ​វិធាន​ការ​ច្បាប់​ជា​ធរមាន។

នៅ​ខេត្ត​ព្រះសីហនុ​ អាជ្ញាធរ​បាន​ដាក់​ចេញ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាលជំងឺ​កូវីដ​១៩ ដោយ​ការ​បែង​ចែង​តំបន់​ក្រហម​ លឿង​ទុំ​ និង​លឿង​ ដូច​ដែល​បាន​កំពុង​ធ្វើ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ទី​តាំង​ដែល​មាន​កម្រិត​ឆ្លង​ខ្ពស់​ផ្សេង​ទៀត។

លោក ឃាង ភារម្យ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ ខេត្ត​ព្រះ​សីហនុ​ មាន​ប្រសាសន៍​ថា​ចំណាត់ការ​រដ្ឋបាល​នេះ​ គឺ​ជា​ការ​ខិតខំ​ឈាន​ទៅ​បញ្ចប់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហនុ។

លោក​បន្ថែម​ថា៖ «តាំង​ពី​យើង​បិទ​ខ្ទប់ រហូត​ទៅ​ដល់​កំណត់​ចេញ​ជា​តំបន់​ក្រហម​ និង​តំបន់​លឿង​ទុំ​ មក​ទល់​ម៉ោង​នេះ​ គឺ​សម្រាប់​ការ​ចល័ត​ចេញ​ចូល​ បើ​គ្មាន​ភារកិច្ច​ចាំបាច់។ អាហ្នឹង​ គឺ​យើង​មិន​អនុញ្ញាត​នោះ​ទេ​ ដើម្បី​អាជ្ញាធរ​របស់​យើង​ហ្នឹង​មាន​លទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​ជា​ពិសេស​ការ​កាត់​ផ្តាច់​ការ​ចម្លង​នៃ​វីរុស​កូវីដ​១៩»។

បើ​តាម​លោក ឃាង ភារម្យ សង្កាត់​លេខ​៤​ ពី​ភូមិ១​ទៅ​ភូមិ​៥​នៃ​ក្រុង​ព្រះសីហនុ​ ​គឺត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម​ ហើយ​តំបន់​ផ្សេង​ទៀត​នៃ​ក្រុង​ព្រះ​សីហនុ គឺ​ត្រូវ​បាន​កំណត់​ជា​តំបន់​លឿង​ទុំ។ ចំណែក​ឃុំ​បិត​ត្រាង​នៃ​ស្រុក​ព្រៃនប់​ ត្រូវ​បាន​កំណត់​ជា​តំបន់​លឿង។

អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត​ មាស នី មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​នៅ​ពេល​នេះ​ គួរ​ត្រៀម​ទុក​ជា​មុន​នូវ​វិធាន​ការ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ ក្នុង​ករណី​ដែល​អាច​មាន​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​សហគមន៍​ជា​បន្ត​បន្ទាប់​ទៀត​នៅ​តាម​បណ្តា​ខេត្ត។

ប៉ុន្តែ​លោក​ថា ការ​រីកដាល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ក្នុង​សហគមន៍​តាម​បណ្តា​ខេត្ត​នោះ អាច​ទប់​ស្កាត់​បាន ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋានមាន​វិធាន​ការ​សុខាភិបាល​តឹង​រ៉ឹង​ និង​មាន​ការ​ឃ្លាំ​មើល​ដិត​ដល់​បុគ្គល​ដែល​សង្ស័យ​ថា មាន​រោគ​សញ្ញា​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។

អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម​រូប​នេះ​បន្ថែម​ថា ​រដ្ឋាភិបាល​ក៏​គួរ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ដៃ​គូ ក្រុម​ជួយ​សង្គ្រោះ​ផ្សេង​ទៀត​ ប្រសិន​បើ​ការ​ឆ្លង​នៅ​តាម​បណ្តា​ខេត្ត​មាន​សភាព​ធ្ងន់​ធ្ងរ៕

XS
SM
MD
LG