ថ្នាំវ៉ាក់សាំងចាក់ការពារមេរោគកូរ៉ូណា ដែលត្រូវបានអភិវឌ្ឍដោយពួកអ្នកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យ Oxford បានបង្ហាញឱ្យឃើញថា បានឆ្លើយតបខ្លាំងក្លានូវប្រព័ន្ធស៊ាំនឹងជំងឺ។ នេះតាមការសាកល្បងក្នុងដំណាក់កាលដំបូង។
លទ្ធផលដែលត្រូវបានបោះពុម្ភផ្សាយកាលពីថ្ងៃចន្ទនៅក្នុងទស្សនាវដ្តីពេទ្យអង់គ្លេស The Lancet បានរកឃើញថា ថ្នាំវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន
ឱសថ AstraZeneca និងសាកលវិទ្យាល័យ Oxford បានបង្កើតទាំងអង្គបដិបក្ខនិងការឆ្លើយតបប្រព័ន្ធកោសិកា T ដែលត្រូវបានគេសង្ឃឹមថា ជាគន្លឹះដ៏សំខាន់មួយដើម្បីបញ្ឈប់ការឆ្លងមេរោគកូរ៉ូណា។
លោក Andrew Pollard ជាអ្នកនិពន្ធនាំមុខនៃការសិក្សារបស់សាកលវិទ្យាល័យ Oxford បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយក្រុមហ៊ុន
ឱសថ AstraXeneca ថា «យើងសង្ឃឹមថា ការណ៍នេះមានន័យថា ប្រព័ន្ធស៊ាំជំងឺ នឹងស្គាល់វីរុសនោះ ដូច្នេះគឺថា វ៉ាក់សាំងរបស់យើង នឹងការពារមនុស្សរយៈពេលយូរ»។
ការសាកល្បងនេះជាផ្នែកមួយនៃការធ្វើតេស្តដំណាក់កាលទី២របស់សាកលវិទ្យាល័យ Oxford មិនបានពិនិត្យមើលថាតើវ៉ាក់សាំងនោះ ប្រាកដការពារប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណាដែរ ឬទេ។ សំណួរដែលនឹងត្រូវឆ្លើយនៅក្នុងដំណាក់កាលសាកល្បងទី៣ដែលបានចាប់ផ្តើមរួចហើយ។
សន្ទុះដ៏ឆាប់រហ័សនៃការខំប្រឹងប្រែងបង្កើតថ្នាំវ៉ាក់សាំងត្រូវបានអបអរសាទរដោយពួកមន្រ្តីនៅជុំវិញពិភពលោក ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកជំនាញព្រមានថា មានបញ្ហាជាច្រើនទៀតនៅមិនទាន់ដឹងអំពីវីរុសនោះ ហើយគេត្រូវការធ្វើតេស្តសាកល្បងជាច្រើនទៀតដើម្បីឱ្យយល់ថាតើការផ្តល់ការការពាររយៈពេលយូរដល់មនុស្សដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ដែលគេស្គាល់ថាជា SARS -CoV-2នោះប៉ុន្មានដែរ។
លោក Pollard បាននិយាយទៀតថា «យើងចាំបាច់ធ្វើការពិសោធន៍បន្ថែមទៀត មុនពេលយើង អាចបញ្ជាក់ថា ថ្នាំវ៉ាក់សាំងនោះ បានការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លង SARS -CoV-2 នោះ ហើយការការពារបានយូរប៉ុន្មានដែរ៕