បើតាមការស្ទង់មតិថ្មីមួយថាពលរដ្ឋអូស្ត្រាលីដើមកំណើតចិនម្នាក់ក្នុងបណ្តាប្រាំនាក់និយាយថាពួកគេត្រូវបានគំរាមកំហែងឬត្រូវវាយប្រហារខាងរាងកាយកាលពីឆ្នាំទៅមិញ ដោយសារដើមកំណើតរបស់ពួកគេ។ ពួកអ្នកឆ្លើយតបនឹងការស្ទង់មតិដោយវិទ្យាស្ថាន Lowy មានមូលដ្ឋានក្នុងក្រុង Sydney នេះ បានបន្ទោសការរើសអើងនេះទៅលើវីរុសកូរ៉ូណាដែលត្រូវបានរកឃើញដំបូងក្នុងប្រទេសចិននិងទៅលើជម្លោះខាងនយោបាយដែលកើនឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុង Canberra។
អូស្ត្រាលីជាកន្លែងល្អសម្រាប់រស់នៅហើយភាគច្រើននៃពួកជនទាំងនេះមានអារម្មណ៍ថាអូស្ត្រាលីជាប្រទេសរបស់ខ្លួន។ តែយ៉ាងណាក៏ដោយក៏១៨ភាគរយនៃពួកអ្នកឆ្លើយតបនឹងការស្ទង់មតិនេះបាននិយាយថាពួកគេត្រូវបានបំភិតបំភ័យឬត្រូវវាយប្រហារលើរាងកាយដោយសារការរាតត្បាតនៃជំងឺកូវីដ១៩និងកំណើនភាពតានតឹងខាងការទូត។ ពួកជនទាំងនេះប្រមាណមួយភាគបីបានថ្លែងថាពួកគេត្រូវបានរំលោភដោយពាក្យសម្តីកាលពីឆ្នាំទៅមិញ។
អ្នកស្រី Jennifer Hsu ជាអ្នកស្រាវជ្រាវនៅក្នុងកម្មវិធីមតិសាធារណៈ និងគោលនយោបាយការបរទេសនៅឯវិទ្យាស្ថាន Lowy។
«ពួកជនទាំងនេះបានបញ្ជាក់ថាកូវីដ១៩និងទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនគឺជាកត្តាធំៗពីរ ដែលនាំឱ្យពួកគេរងគ្រោះពីការរើសអើង»។
អ្នកស្រី Jennifer Hsu បាននិយាយប្រាប់បណ្តាញវិទ្យុនិងទូរទស្សន៍អូស្ត្រាលីថាទោះណាជាមានការរំលោភបែបនេះក៏ដោយក៏ពលរដ្ឋអូស្ត្រាលីដើមកំណើតចិនច្រើននាក់មានអារម្មណ៍ថាពួកគេពេញចិត្តនឹងជីវិតពួកគេក្នុងប្រទេសអូស្ត្រាលី។
«ពួកជនទាំងនេះមានអារម្មណ៍ថាអូស្ត្រាលីជាប្រទេសរបស់ពួកគេទោះជាឃើញពីទង្វើរើសអើងក៏ដោយហើយពួកគេដិតអារម្មណ៍ជាមួយប្រទេសអូស្ត្រាលី។ នេះជាអ្វីមួយបង្ហាញអំពីភាពរឹងមាំនៃសង្គមអូស្ត្រាលីនិងពហុវប្បធម៌និយមនៃប្រទេសនេះ»។
កាលពីឆ្នាំទៅមិញ ប្រទេសចិនបានព្រមានអំពីកំណើនការប្រកាន់ពូជសាសន៍នៅក្នុងប្រទេសអូស្ត្រាលីត្រូវបញ្ឆេះដោយការរាតត្បាតនៃវីរុសកូរ៉ូណា។ ការអំពាវនាវរបស់រដ្ឋាភិបាលក្រុង Canberra ឱ្យស៊ើបអង្កេតអំពីប្រភពនៃវីរុសនេះត្រូវបានបកស្រាយនៅក្នុងក្រុងប៉េកាំងថាជាការរិះគន់ដល់ការដោះស្រាយវិបត្តិនេះដោយចិន។
ភាពតានតឹងនេះក៏ត្រូវបានបញ្ឆេះថែមទៀតដោយសារមានការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់ចិនក្នុងនយោបាយនិងបណ្តាញចារកម្មផ្ទៃក្នុងប្រទេសអូស្ត្រាលីតាម ប្រព័ន្ធអ៊ីនធឺណិត។ ការខ្វែងគំនិតគ្នាអំពីកន្លែងមានបញ្ហាខាងភូមិសាស្ត្រនយោបាយក៏ជាប្រភពមួយនៃជម្លោះនេះដែរដោយមានរួមបញ្ចូលការអះអាងទាមទារទឹកដីរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផុយស្រួយក្នុងក្រុងហុងកុង។
ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអូស្ត្រាលី តែនៅពេលដែលទំនាក់ទំនងទ្វេភាគីរអាក់រអួល អាជ្ញាធរក្នុងក្រុងប៉េកាំងបានដាក់កំហិតការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួននិងការរឹតត្បិតលើទំនិញអូស្ត្រាលីមួយចំនួនដោយមានរួមបញ្ចូលធញ្ញជាតិ ធ្យូងថ្មនិងស្រាទំពាំងបាយជូរ។
អន្តោប្រវេសន៍ចិនចូលក្នុងប្រទេសអូស្ត្រាលីបានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៨០០។ នៅពេលនេះមានពលរដ្ឋដើមកំណើតចិនជាង១លាន២សែននាក់រស់នៅក្នុងប្រទេសអូស្ត្រាលី។ ពាក់កណ្តាលនៃចំនួននេះបានធ្វើចំណាកស្រុកពីប្រទេសចិនហើយដប់ភាគរយបានកើតនៅអូស្ត្រាលី៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ