ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​អប់រំ​ស្នើ​ចាត់​វិធានការ​រួម​គ្នា​ទប់ស្កាត់​ការរើស​អើង​អាស៊ី​អាមេរិកាំង​ដោយ​សារ​កូវីដ​១៩


រូបឯកសារ៖ សមាជិកនៃគណៈកម្មការអាស៊ីអាមេរិកាំងប្រចាំរដ្ឋ Massachusetts ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខការិយាល័យសមាជិករដ្ឋសភាប្រចាំរដ្ឋ អំពីបញ្ហារើសអើងលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងអំឡុងរោគរាតត្បាតកូវីដ១៩ នៅទីក្រុង Boston កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០
រូបឯកសារ៖ សមាជិកនៃគណៈកម្មការអាស៊ីអាមេរិកាំងប្រចាំរដ្ឋ Massachusetts ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខការិយាល័យសមាជិករដ្ឋសភាប្រចាំរដ្ឋ អំពីបញ្ហារើសអើងលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងអំឡុងរោគរាតត្បាតកូវីដ១៩ នៅទីក្រុង Boston កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០

ក្រុមអ្នកជំនាញ​វិស័យ​អប់រំ​សិក្សា​ធិការ​នៃ​សាកលវិទ្យាល័យ​ធំៗ នៅសហរដ្ឋ​អាមេរិក ​បាន​បង្ហាញ​ការព្រួយបារម្ភចំពោះអំពើហិង្សា និង​ការរើសអើង ដែល​បាន​កើត​មាន​ឡើង​លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​កាន់​តែ​ច្រើនឡើង ក្នុងគ្រា​ដែល​វីរុស​កូរ៉ូណាកំពុងតែ​រាលដាល​នៅ​សហរដ្ឋ​អាមេរិក។

នៅក្នុង​ការជួបប្រជុំ​ តាម​បណ្តាញ​អនឡាញ​ កាលពី​ដើម​ខែ​មេសា​ ពួកគេ​បាន​ស្នើ​ឱ្យ​សហគមន៍​នានា​ក្នុង​សហរដ្ឋ​អាមេរិក​ ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ជាពិសេស​ដើម្បី​កុំ​ឱ្យ​វាបន្តរាលដាល​ដល់​គ្រឹះស្ថានសិក្សាក្នុង​ពេល​ខាងមុខ។​

លោក ​ភីថឺ តាន់កែវ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​កែប្រែ​សាលារៀន​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​កាលីហ្វញ៉ា​ ប្រចាំនៅ​ក្រុង ​ឡូសអាន់ជឺឡេស យល់ថា​ ពលរដ្ឋ​អាស៊ីត្រូវបាន​គេ​ប្រើ​ជា​លេស ​ដើម្បី​ទម្លាក់​កំហុស​ដាក់​ ក្នុងគ្រា​មាន​ការឆ្លងជំងឺកូវីដ​១៩​ ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា។

«ជំងឺ​កូវីដ​១៩​ បាន​បង្ក​បញ្ហា​ប្រឈម​ដល់​យើង​ជាច្រើន។ មាន​ការអន្ទះសារ​ និង​ការព្រួយបារម្ភ​សុខភាព។ ជំងឺ​កូវីដ​១៩​ក៏បាន​ប៉ះពាល់​ដល់​សហគមន៍​អាស៊ី​អាមេរិកាំង​ផងដែរ​ ហើយ​ក៏​មាន​សញ្ញា​យ៉ាងច្បាស់​ថា​ ជា​ការប្រកាន់​ពូជសាសន៍​ប្រឆាំង​នឹង​អាស៊ី»។​

ពលរដ្ឋ​អាមេរិកាំងដើមកំណើត​អាស៊ី​ជាច្រើន​ បានរងការវាយប្រហារ​លើ​រាងកាយ​ និង​ពាក្យ​សម្តី​ទាំង​នៅ​ក្នុង​ជីវភាព​ធម្មតា ​និង​តាម​បណ្តាញ​សង្គម ​ហើយ​ក៏​មាន​ការ​ចៀសវាង​ហាង​លក់​ទំនិញ​ និង​ភោជនីយដ្ឋាន​អាស៊ី​ផង​ដែរ។

គេហទំព័រ​ក្រុមប្រឹក្សា​ផែនការ​ និង​គោលនយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក ​(​Asian Pacific Policy and Planning Council)​ ដែល​តាម​ដាន​ហិង្សា​ដែល​បាន​កើត​មាន​ក្នុងអំឡុង​ការឆ្លង​ជំងឺកូវីដ​១៩​ បាន​ចងក្រង​នូវ​ករណី​ចំនួន​ជាង ​១.១០០​ករណី ក្នុងរយៈពេល​ពីរសប្តាហ៍​ កាលពី​ចុងខែ​មីនា រហូតដល់​ដើមខែ​មេសា។

ក្នុង​ចំណោមជនរងគ្រោះ​ទាំងអស់​ គឺ​ស្ត្រី​មានចំនួន​ច្រើន​ជាង​បុរស​ ដល់​ទៅ​ពីរ​ដង។ ពួកគេ​ត្រូវ​រង​ការប្រមាថនៅ​ហាង​លក់​ម្ហូប​អាហារ ​ឱសថស្ថាន និង​សង្កាត់​ដែល​ពួកគេ​រស់នៅ។

អ្នកស្រី​ ណែនស៊ី គូទឺរេស ​(Nancy B. Gutierrez) ជាប្រធាន​និង​នាយក​នៃ​បណ្ឌិត​សភា​ភាព​ជា​អ្នកដឹកនាំ​នៃ​ទីក្រុង​ញ៉ីវយ៉ក ​យល់ថា​ ពលរដ្ឋ​អាស៊ី​អាមេរិកាំង​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់ច្រើនទេ​ នៅ​ពេល​ដែល​និយាយ​ដល់​សមភាព​ និង​ការស្វែងរក​គន្លឹះដោះស្រាយ​បញ្ហា​។ ក្នុងពេល​កន្លង​មក​ ចំណាប់​អារម្មណ៍​ផ្តោត​សំខាន់​លើ​ក្រុមពលរដ្ឋ​ស្បែកខ្មៅ​ និង​អាមេរិកាំងដើមកំណើត​អេស្ប៉ាញ​ជាដើម ​ហើយ​នេះ​ក៏​ជា​ដើមចម​នៃ​ការឈាន​ទៅ​ការរើសអើង​ នៅពេល​មាន​វិបត្តិ​ដូចនេះ។​

អ្នកស្រី ​ណែនស៊ី បាន​បន្ថែម​ថា ​ទន្ទឹម​នឹង​នោះ​គឺ​ពលរដ្ឋ​អាមេរិកាំងមាន​ទម្លាប់​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ​ ពេល​ដែល​មាន​រឿងរ៉ាវ​មិន​ល្អ​កើត​ឡើង។

«លោកអ្នកដឹងហើយថា យើងខ្លាច​ពេក​រហូតដល់មិនហ៊ានកាន់កញ្ចក់​ឆ្លុះមើលខ្លួនឯង​ដល់អីចឹងទៅ​យើង​ចាប់ផ្តើម​ចង្អុលអ្នកដទៃ។ រឿងនេះ​គឺ​ដូច​ជា​ពេល​ដែល​សិស្ស​បឋម​សិក្សា​ ដែល​ចូលរៀន​ថ្នាក់​មធ្យមសិក្សា​ ហើយ​បែរជាមក​បន្ទោស​គ្រូ​ថាអន់។ វា​ជា​និន្នាការ​របស់​យើង​ ដែល​យក​អ្នក​ដទៃ​មករងទោស​ជំនួស​ ហើយ​ក្នុងករណី​នេះ​ គឺ​បន្ទោស​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​យ៉ាងអយុត្តិធម៌»។

ជំងឺកូវីដ១៩បានសម្លាប់ពលរដ្ឋ​អាមេរិកាំង​ជាង ​៣៣.០០០ នាក់​ និង​មាន​អ្នកឆ្លង​សរុប​ជាង ​៦៧ ម៉ឺន​នាក់។​ នេះ​បើ​តាម​ការចងក្រង​របស់​សាកល​វិទ្យាល័យ​សុខាភិបាល​ចនហប់គីន ​(Johns Hopkins University and Medicine) គិតត្រឹម​ថ្ងៃសុក្រ។ ជំងឺ​នេះ​មាន​ប្រភព​មកពី​ទីក្រុងវូហាន​ ប្រទេស​ចិន​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ជះ​កំហឹង ​និង​ស្អប់ខ្ពើម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី។

​លោក​សាស្ត្រាចារ្យ​ ផេដ្រូ ណូហ្គឺ​រ៉ា (Pedro Noguera) នាយក​នៃ​មជ្ឈមណ្ឌល​កែប្រែ​សាលារៀន​នៃ​សាកលវិទ្យាល័យ​រដ្ឋកាលីហ្វញ៉ា ​ប្រចាំនៅ​ក្រុង ​ឡូសអាន់ជឺឡេស យល់​ថា ​អំពើហិង្សានិងការរើស​អើងនេះ ​មិន​មែន​ជារឿង​ចៃដន្យ​ទេ ​គឺ​វាបាន​ចាក់​ឫស​យ៉ាងជ្រៅ​ជាយូរ​មក​ហើយ​ ជាពិសេស​ ការ​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍។

លោក ណូហ្គឺរ៉ា បាន​បន្ថែមថា​ វោហាសាស្រ្ត​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​មាន​ដូច​ជា​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ និ​ងរដ្ឋមន្ត្រី​ការបរទេស​បាន​បន្ថែម​បន្ទុក​ ដោយសារតែ​ការហៅ​វីរុស​កូរ៉ូណា​ថា​ជា​ជាវីរុស​ចិន ​ឬ​វីរុស​វ៉ូហាន។​

លោកសាស្ត្រាចារ្យ​ ណូហ្គឺរ៉ា ​បាន​ផ្តល់​ដំណោះស្រាយ​ថា៖ «ខ្ញុំគិតថា ​វាជារឿង​សំខាន់​ណាស់​ដែល​យើង​ទាំងអស់​គ្នា ​និង​ជាពិសេស​អ្នក​ដែល​មិនមែន​អាស៊ី ​ឱ្យ​ហ៊ាន​និយាយ​ចេញ​ និង​និយាយ​ឱ្យ​ចំបញ្ហា​និង​ទទួល​ស្គាល់​ថា​ការលម្អៀងដូចនេះ​ គឺ​មាន​គ្រោះថ្នាក់​ណាស់ ​និង​អាច​មាន​ផលប៉ះពាល់​ច្រើន។ ប៉ុន្តែ​ រឿងដែល​សំខាន់​នោះ​គឺ​ការបង្វែរ​ចំណាប់​អារម្មណ៍​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​ក្នុងការដោះស្រាយ​បញ្ហា​នេះ។ យើងត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ក្នុង​ពេល​ដែល​យើង​ដោះស្រាយ​ជំងឺរាតត្បាត​នេះ​ គឺ​យើង​កុំ​ងាក​មក​ឈ្លោះ​គ្នា​ ហើយ​យើង​កុំទម្លាក់​កំហុស​លើ​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ»។​

លោក ថូមមី ឆាង ជា​អតីត​អ្នកគ្រប់គ្រង​នៃ​សាលា​សាធារណៈ​ទីក្រុង​ បូស្តុន ​និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​កម្មវិធី​សាលារៀន​សាធារណៈ​ទូទៅ។ លោក​គឺ​ជា​វាគ្មិន​ដែល​មក​ពី​សហគមន៍​អាស៊ី​អាមេរិកាំង។

លោក ថូមមី​ បាន​ខិតខំ​បន្ធូរ​បន្ថយ​ស្ថានការណ៍​ខ្លះ​ពី​វាគ្មិន​ខាងដើម​ ដោយ​លើក​ឡើងថា​មិនត្រឹមតែ​ពលរដ្ឋ​អាស៊ី​ទេ ​គឺ​អ្នក​ស្បែក​ខ្មៅ​និង​អាមេរិកឡាទីន​ ក៏ត្រូវបាន​គេ​ផាត់​ចេញ​ពី​ការពិភាក្សា​ដែរ​ ដោយ​យក​លេស​ថា​ «មិនមែន​អាមេរិកាំង ​ឬ​មិន​ទាន់​ល្អ​គ្រប់គ្រាន់»។​

ប៉ុន្តែ​ លោក ថូមមី​ យល់ស្រប​ថា ​ការហ៊ាន​បង្ហាញ​ពី​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​គឺ​ត្រូវតែ​ធ្វើ។

«ខ្ញុំគិត​ថា​ មាន​និន្នាការ​ដែល​បណ្តាលមកពី​វិធី​ដែល​យើង​ធំធាត់ឡើង និង​អ្វី​ដែលបាន​បណ្តុះ​ក្នុង​ខ្លួន​យើង​ឱ្យ​ងាកចេញ​ពី​ក្មេង​ដទៃ​ និង​មិន​ហ៊ាន​និយាយ​ នៅ​ពេលដែល​មាន​អំពើ​អយុត្តិធម៌​កើត​ឡើង។ យើងត្រូវតែ​ប្រយុទ្ធ​នឹង​និន្នាការនោះ​ ហើយ​ក្នុងនាម​ជា​មេដឹកនាំ​សហគមន៍​អាស៊ី​អាមេរិកាំង ​ខ្ញុំក៏​ទទួល​ខុសត្រូវ​ក្នុង​ការនិយាយ​ និង​ដើរតួ​ជា​សំឡេង​ដ៏​សកម្ម​មួយ»។​

​ក្រុមវាគ្មិន​ក៏​អំពាវនាវ​ឱ្យ​មនុស្សគ្រប់រូប​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ និង​តាម​ឃ្លាំមើល​ការប្រើប្រាស់​ភាសា​ ហើយ​ត្រូវ​ឈរ​លើ​ការពិត​ និងព័ត៌មានដែលត្រឹមត្រូវ និង​អំពាវនាវ​ឱ្យ​មេដឹកនាំ​ខាងផ្នែក​អប់រំ​សិក្សាធិការ​ ត្រូវ​រៀបចំ​ដើម្បី​បង្កា​បញ្ហា​នេះ ​នៅពេល​ដែល​សាលារៀន​បើក​បវេសន​កាល​ឡើងវិញ ​ដោយ​សារតែ​ក្មេងៗ​ខ្លះ​ប្រហែល​ជា​បាន​ឮ​ពី​ឪពុកម្តាយ ​ឬ​បណ្តាញ​ព័ត៌មាន​ដោយ​កុំ​ឱ្យ​វា​រាលដាល​ដល់​គ្រូ​ និង​សិស្ស​ដែល​មាន​ដើម​កំណើត​អាស៊ី ​ពីព្រោះ​បញ្ហា​នេះ​នឹង​មិន​ទៅ​ណា​បាត់​ភ្លាមៗ​ទេ។

លោកប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​ធ្លាប់​បាន​ប្រកាស​ថា​ ការឆ្លង​វីរុស​កូរ៉ូណា​ក្នុង​សហរដ្ឋ​អាមេរិក​ គឺ​មិនមែន​ជា​កំហុស​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ទេ​ ហើយ​ថា​ជា​ការចាំបាច់​ដែល​ត្រូវ​ការពារ​សហគមន៍​អាស៊ី​អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក។​

លោក អែនឌ្រូ យ៉ែង ​អតីត​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្សប្រជាធិបតេយ្យ​ ដែល​មាន​ដើម​កំណើត​អាស៊ី បាន​ចាត់ទុក​ហិង្សា​ទាំងនោះ​ថា​ ជា​បាតុភូត​មួយ​គួរ​ឱ្យ​ខកចិត្ត។

នៅក្នុង​បទសម្ភាស​ជាមួយ​នឹង​បណ្តាញ​ទូរទស្សន៍​ ស៊ីអឹនអឹន​ កាលពី​ដើម​ខែមេសា​នេះ​ លោក​បញ្ជាក់​ថា​ ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិកាំង​ គឺ​គ្រប់​គ្នាមាន​កង្វល់​ពី​អនាគត ​និង​គិត​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​គ្រួសារ​របស់​ពួកគេ​ ដូច​ពលរដ្ឋ​អាមេរិកាំង​គ្រប់ៗ​គ្នា​ដែរ។ ប៉ុន្តែ​បែរ​ជាត្រូវ​បន្ថែម​ការកើន​ឡើង​ភាព​ប្រទុស្តរ៉ាយ ​និង​អរីយភាព​ដែល​មាន​ចំពោះ​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ទៀត៕

XS
SM
MD
LG