កំណត់និពន្ធ៖ ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី កាន់តែងាយរងគ្រោះ ក្នុងពេលមានវិបត្តិសុខភាពដែលបង្កឡើងដោយជំងឺកូវីដ១៩។ ក្រុមការងារ Stop AAPI Hate បានទទួលសេចក្តីរាយការណ៍ជាង ១៧០០ ករណី ពាក់ព័ន្ធនឹងការប្រមាថ ការដើរគេចចេញ និងការវាយប្រហារលើរាងកាយលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងរយៈតែ ៦ សប្តាហ៍ចាប់ពីចុងខែមីនា ដល់ដើមខែឧសភា។ ករណីទាំងនោះកើតមានឡើង នៅរដ្ឋចំនួន ៤៥ ទូទាំងសហរដ្ឋអាមេរិក និងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើរបាយការណ៍របស់ក្រុមប្រឹក្សាផែនការ និងគោលនយោបាយអាស៊ីប៉ាស៊ីហ្វិក និងសហគមន៍ចិន ដើម្បីចំណាត់ការវិជ្ជមាន។ លោក ភីថឺ កែវ អ្នកស្រាវជ្រាវនិងអ្នកវិភាគកិច្ចការសហរដ្ឋអាមេរិកនិងអាស៊ាន នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ាប្រចាំទីក្រុងឡូសអាន់ជឺឡេស យល់ថា ពលរដ្ឋអាស៊ីត្រូវបានគេប្រើជាលេស ដើម្បីទម្លាក់កំហុសដាក់ ក្នុងគ្រាមានការឆ្លងជំងឺកូវីដ១៩ ហើយនេះគឺជានិន្នាការគួរឱ្យព្រួយបារម្ភ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ភីថឺ កែវ ដូចតទៅ៖
វីអូអេ៖ សូមអរគុណលោកចំពោះការចំណាយពេលមកពិភាក្សាជាមួយនឹង VOA។ នាពេលថ្មីៗនេះ មានរបាយការណ៍ជាច្រើនពាក់ព័ន្ធនឹងការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ដោយសារតែជំងឺកូវីដ១៩។ យើងឃើញថា សហរដ្ឋអាមេរិកជាប្រទេសមួយយើងចាត់ទុកថា ជាប្រទេសមានការសណ្តោសប្រណី ដោយស្វាគមន៍មនុស្សម្នាជុំវិញពិភពលោកមកទីនេះ។ ហើយយើងថែមទាំងហៅសហរដ្ឋអាមេរិកថា ជាកន្លែងដែលមានវប្បធម៌ចម្រុះ ដែលមិនខ្វល់ពីប្រវត្តិរូបរបស់អ្នកទេ។ ឲ្យតែអ្នកមកទីនេះ អ្នកនឹងអាចក្លាយជាពលរដ្ឋអាមេរិកាំង។ ប៉ុន្តែថ្មីៗនេះ ជំងឺកូវីដ១៩ បានកើតឡើង ហើយមានករណីប្រើអំពើហិង្សាដោយកម្លាំង ដោយពាក្យសម្តី ឬការយាយីតាមប្រព័ន្ធអ៊ីនធឺណិតមកលើជនជាតិអាមេរិកាំងដើមកំណើតអាស៊ី។ ដូចនេះ តើលោកអាចប្រាប់ខ្ញុំបានទេ ហេតុអ្វីបានជាយើងឈានមកដល់ចំណុចនេះ?
លោក ភីថឺ កែវ៖ ជាដំបូង សូមអរគុណចំពោះការអញ្ជើញខ្ញុំមកនេះ។
អ្វីដែលកំពុងកើតឡើងអំឡុងពេលមានជំងឺកូវីដ១៩នេះ គឺមិនធ្លាប់មានពីមុនមកទេ នៅក្នុងបរិបទមួយដែលយើងមិនធ្លាប់ដែលបានឃើញផលប៉ះពាល់យ៉ាងខ្លាំងដូចនេះមកលើវិស័យសុខាភិបាល។ ខ្ញុំគិតថា វារឿងគួរឲ្យព្រួយបារម្ភខ្លាំងណាស់នៅគ្រប់កម្រិត។ ប៉ុន្តែក្រៅពីបញ្ហានេះ ប្រសិនបើអ្នកជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ីនៅសហរដ្ឋអាមេរិកនាពេលនេះ គឺនៅមានបញ្ហាផ្សេងមួយទៀត ដែលអ្នកត្រូវប្រឈមមុខ។ បញ្ហានោះគឺ «ការរើសអើងពូជសាសន៍» និង «ការខ្លាចជនបរទេស»។ ជាអកុសល ដោយសារតែជំងឺកូវីដ១៩ យើងចាប់ផ្តើមឃើញមានការកើនឡើងនូវករណីវាយប្រហារលើរាងកាយ ឬដោយពាក្យសម្តី ដែលក្នុងនោះរួមមានការយាយីតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ ទៅលើសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ហើយខ្ញុំសូមជម្រាបផងដែរថា បញ្ហានេះមិនមែនត្រឹមតែជាបញ្ហាសម្រាប់សហរដ្ឋអាមេរិកនោះទេ។ ការរាតត្បាតនៃជំងឺកូវីដ១៩ ជាសកល។ ហើយការរើសអើងជាតិសាសន៍អាស៊ី គឺជាលទ្ធផលនៃការរាតត្បាតជំងឺនេះ។
ប៉ុន្តែ ចូរយើងក្រឡេកមើលសហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក យើងកំពុងឃើញមានចំនួនពលរដ្ឋអាស៊ី ឬអ្នកដែលជាប់សែស្រឡាយអាស៊ីដែលត្រូវប្រឈមនឹងការវាយប្រហារលើរាងកាយ ឬពាក្យសម្តី។ ហើយទាំងនេះជារបាយការណ៍ដែលចេញពី Stop AAPI Hate ដែលជាវេបសាយមួយដែលកំពុងតាមដានបញ្ហានេះ និងចេញពីប្រភពព័ត៌មានដែលបានរាយការណ៍ពីបញ្ហាផ្សេងៗពាក់ព័ន្ធពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី។ ហើយអ្វីដែលពួកគេបានលើកឡើងគឺថា ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់មានករណីថ្មីចំនួន ១០០ ករណី ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា ឬវាយប្រហារដោយពាក្យសម្តីមកលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ជាពិសេសលើស្ត្រី។ ហើយយើងក៏ចាប់ផ្តើមឃើញមានការកើនឡើងនៃករណីយាយីតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានកើនឡើងប្រមាណ ៩០០ ភាគរយផងដែរ។
ឥឡូវនេះ អ្វីដែលសំខាន់គឺថា អ្វីៗទាំងអស់នេះគឺជា លទ្ធផលនៃជំងឺកូវីដ១៩ នៅពេលដែលទិន្នន័យត្រូវបានប្រមូលឡើងកាលពីពាក់កណ្តាលខែមីនាកន្លងទៅនេះ។ ពេលនេះនៅសហរដ្ឋអាមេរិក វាជាអ្វីដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយសារតែ ទីមួយ រឿងសំខាន់សម្រាប់ឲ្យអ្នកស្តាប់ដឹងនោះ គឺថា អ្វីដែលកំពុងកើតឡើងចំពោះពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី គឺមិនមែនជាអ្វីមួយដែលថ្មីនោះទេ។ ហើយនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក យើងបានឃើញករណីដូចនេះធ្លាប់បានកើតឡើង ជាពិសេសអំឡុងពេលមានវិបត្តិផ្នែកសុខាភិបាល ដូចជា អ្វីដែលបានកើតឡើងមកលើជនចំណាកស្រុកចិន នៅអំឡុងឆ្នាំ១៩០០ និងនៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ការចាប់ជនជាតិជប៉ុនដាក់ឃុំក្នុងជំរំអំឡុងពេលសង្រ្គាមលោកលើកទីពីរ ហើយចុងក្រោយបង្អស់នេះ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅឆ្នាំ២០២០។
ទំនាក់ទំនងរវាងពូជសាសន៍ និងការរើសអើងពូជសាសន៍ មិនមែនត្រឹមតែជាបញ្ហានៅសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាន ដែលថាជាលក្ខណៈជាក់លាក់របស់សហរដ្ឋអាមេរិកនោះ គឺថា យើងគឺជាប្រទេសមួយដែលចម្រុះពូជអំបូរ និងជាតិសាសន៍។ ហើយនៅពេលដែលអ្នកដាក់បញ្ចូលសេរីភាព នៅក្នុងការបញ្ចេញមតិទៅក្នុងនោះ នោះ យើងនឹងឃើញមានភាពច្របូកច្របល់ ដែលយើងជួបប្រទះនាពេលបច្ចុប្បន្ន។ នេះគឺជាវិបត្តិមួយ ដែលយើងកំពុងព្យាយាមដោះស្រាយ។ និយាយឲ្យត្រង់ទៅ ខ្ញុំមិនច្បាស់ថា យើងនឹងត្រូវធ្វើដំណើរទៅទិសណាមួយឲ្យច្បាស់នោះទេ។ ប៉ុន្តែដូចខ្ញុំនិយាយអីចឹងថា នេះមិនមានជាបញ្ហាសម្រាប់តែសហរដ្ឋអាមេរិកនោះទេ។ យើងក៏អាចឃើញបញ្ហានេះនៅប្រទេសចិន និងនៅអូស្រ្តាលីផងដែរ។ គ្រាន់តែថា នៅសហរដ្ឋអាមេរិក យើងបានចងក្រងជាឯកសារកំណត់ត្រាលើអ្វីដែលកំពុងកើតឡើង។ ដូច្នេះ វាជាបញ្ហាធ្ងន់ធ្ងរ។
វីអូអេ៖ ដូច្នេះ តាមការសង្កេតរបស់លោក តើមានវិធានការខ្លះហើយដើម្បីដោះស្រាយបញ្ហានេះ? តើយើងគួរតែធ្វើអ្វីទៀតដែរដើម្បីឲ្យប្រសើរជាងនេះ?
លោក ភីថឺ កែវ៖ យើងឃើញមានស្ថាប័ន និងអង្គការតូចៗផ្សេងៗ កំពុងតែធ្វើការលើបញ្ហានេះ។ ដូចដែលខ្ញុំបានលើកឡើងពីវេបសាយ Stop AAPI Hateដែលត្រូវបានបង្កើតឡើងដោយលោកសាស្រ្តាចារ្យ Russel Jeung ពីសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ និងមិត្តរួមការងារមួយចំនួនរបស់លោក។ ហើយយើងក៏ឃើញមានភ្នាក់ងារព័ត៌មានផ្សេងៗ កំពុងតែរាយកាណ៍ពីបញ្ហានេះផងដែរ។ បញ្ហាធំជាងគេបង្អស់មួយក្នុងចំណោមនោះ គឺយើងឃើញមិនមានសារបង្ហាញពីភាពសាមគ្គីជារួមនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងភាពធ្ងន់ធ្ងរនៃបញ្ហានេះ។ ហើយទីពីរ គឺមិនត្រូវមានការវាយប្រហារលើពលរដ្ឋ ដែលមានជាប់សែស្រឡាយអាស៊ីទេ។
របាយកាណ៍ផ្សេងៗកំពុងតែលេចឡើងចេញមកពីរដ្ឋផ្សេងៗដូចជា រដ្ឋ California ដែលមានករណីរាយការណ៍ចំនួន ៤២ ភាគរយ និងនៅក្រុងញូវយ៉ក ដែលមានករណីរាយការណ៍ចំនួន ២០ ភាគរយ នៃចំនួនករណីរាយការណ៍សរុបទូទាំងប្រទេស។ យើងមានថ្នាក់ដឹកនាំ ដូចជា អភិបាលក្រុង និងសមាជិកក្រុមការងាររបស់គាត់ ផ្សព្វផ្សាយនូវសារថា ការរើសអើងប្រឆាំងនឹងជាតិសាសន៍អាស៊ី មិនត្រឹមតែជាកំហុសមួយនោះទេ វាគឺជាបទឧក្រិដ្ឋ ហើយចំណាត់ការធ្ងន់ធ្ងរនឹងត្រូវធ្វើឡើង។ ប៉ុន្តែអ្វីដែលខ្ញុំរង្គៀសចិត្តចំពោះបញ្ហានេះ គឺថា សាររបៀបនេះគឺមានតែម្តងម្កាលប៉ុណ្ណោះ។ យើងអាចនិយាយថា គឺមកតែមួយពេលក៏ថាបាន ខណៈដែលយើងត្រូវការសារដែលមានមកជាបន្តបន្ទាប់ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ដោយសារតែការវាយប្រហារនៅតែកំពុងកើតមានឡើង។ ដូច្នេះ យើងត្រូវការមានភាពជាប់លាប់ជាមួយនឹងសាររបស់យើង។ ប៉ុន្តែ ក្រៅពីនេះយើងមិនឃើញមានដំណោះស្រាយជាដុំកំភួនណាមួយ ដែលមានពីថ្នាក់ដឹកនាំនោះទេ។
វីអូអេ៖ ពលរដ្ឋមួយចំនួនមកពីសហគមន៍ខ្មែរ ដែលខ្ញុំបាននិយាយជាមួយ ហាក់ដូចជា មានគំនិតមួយដែលថា នៅពេលដែលមាននរណាម្នាក់ចង់រករឿងអ្នក អ្នកគ្រាន់តែនិយាយថា «ទេ ខ្ញុំជាជនជាតិនេះទេ។ ខ្ញុំមិនមែនជនជាតិចិននោះទេ។ តើនេះជាដំណោះស្រាយមួយដែលល្អឬទេ»?
លោក ភីថឺ កែវ៖ ទេ នេះមិនមែនដំណោះស្រាយល្អមួយនោះទេ។
ទីមួយ គឺវាទម្លាក់កំហុសពីហេតុការណ៍ដែលបានកើតឡើងទៅលើអ្នកដទៃ។ ហើយនេះមិនមែនជាដំណោះស្រាយដ៏ល្អមួយទេ។ ត្រូវទេ? វាជាកាតព្វកិច្ចជាប្រជាពលរដ្ឋរបស់យើង។ វាជាការទទួលខុសត្រូវរបស់យើងជាពលរដ្ឋអាមេរិកាំងល្អម្នាក់ ក្នុងការមើលថែគ្នាទៅវិញទៅមក។ ការណ៍នេះហើយដែលធ្វើឲ្យប្រទេសយើងជាប្រទេសមានអំណាច និងស្រស់បំព្រងមួយ ទោះបីជាមានបញ្ហាដែលយើងកំពុងជួបប្រទះជាពេលបច្ចុប្បន្នក៏ដោយ។ យើងត្រូវមើលថែគ្នាទៅវិញទៅមក។ វាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងអាចធ្វើវាបានក្នុងកម្រិតមួយ។ ដូចនេះ ទីមួយ គឺបញ្ហាដែលថា យើងមិនជួយមើលថែជនរួមជាតិរបស់យើង។ នេះជាបញ្ហាទីមួយ។ បញ្ហាទីពីរ គឺថា មានគំនិតមួយដែលយើងហៅថា ការទម្លាក់កំហុសលើអ្នកដទៃ ដើម្បីយករួចខ្លួន ដោយនិយាយថា នេះជាបញ្ហារបស់អ្នកដទៃ ហើយការណ៍នេះនឹងទាញកំហុសចេញពីពួកយើង ទៅដាក់បុគ្គលផ្សេងទៀត។ បញ្ហានេះគឺអ្វីដែលកំពុងតែកើតមានអំឡុងពេលមានវិបត្តិពាក់ព័ន្ធនឹងជាតិសាសន៍នៅសហរដ្ឋអាមេរិក។
ប្រសិនបើអ្នកក្រឡេកមើលហេតុការណ៍ភេរវកម្មនៅ ថ្ងៃ១១ កញ្ញាវិញ និងការប្រព្រឹត្តដាក់មនុស្សដែលមកពីតំបន់មជ្ឈិមបូព៌ា ឬសូម្បីតែពីតំបន់អាស៊ីខាងត្បូង ដូចជា ជនជាតិឥណ្ឌា មកពីរដ្ឋ Punjab ដែលតែងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ជនជាតិអាមេរិកាំងដែលមិនបានដឹង ឬមិនទទួលបានការអប់រំអំពីមនុស្សទាំងនោះនឹងធ្វើការសន្មត់ខុសឆ្គងមកលើពួកគេ។ ហើយអ្នកអាចគួបផ្សំបញ្ហានេះជាមួយនឹងការណ៍ដែលថា មានភាពតានតឹងផ្លូវចិត្ត ដែលកើតចេញពីជំងឺកូវីដ១៩ ដោយសារតែការគិតថា ពីព្រោះតែមនុស្សទាំងនោះ ទើបមានអ្នកកើតជំងឺនេះ មានអ្នកស្លាប់ និងអ្នកបាត់បង់ការងារក្នុងអត្រាដ៏ខ្ពស់មួយ។ អ្នកអាចគួបផ្សំបញ្ហានេះជាមួយគ្នា។ ហើយវាជាស្ថានភាពដ៏អាក្រក់មួយ។ ដូច្នេះ សរុបមក ទីមួយ អ្នកត្រូវចេះមើលថែគ្នាទៅវិញទៅមក ពីព្រោះថា នេះជាអ្វីដែលយើងធ្វើជាទូទៅ។ ហើយទីពីរ វាមិនមែនជារឿងត្រឹមត្រូវនៅក្នុងការទម្លាក់កំហុសទៅលើអ្នកដទៃ ជាពិសេសនៅពេលមានកង្វះខាតការអប់រំទៅលើពូជសាសន៍ និងជាតិអំបូរផ្សេងៗនៅក្នុងប្រទេសនេះ។
វីអូអេ៖ សូមវិលត្រឡប់វិញទៅចំណុចដែលលោកបាននិយាយពីសារសាមគ្គីជារួម។ តើមេដឹកនាំអាចមានឥទ្ធិពលយ៉ាងណាទៅលើបញ្ហានេះ? តើពួកគេធ្វើឲ្យបញ្ហាលំបាកជាងមុន ឬបានដោះស្រាយបញ្ហានេះហើយ? ពីព្រោះថា ខ្ញុំបានឮលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក បានចេញមកប្រកាសគាំទ្រពលរដ្ឋអាមេរិកាំងកាត់អាស៊ី និងបានលើកឡើងថា ពួកគេមិនមែនជាបញ្ហា ដូចដែលមនុស្សមួយចំនួនបានលើកឡើងនោះទេ។ តើការណ៍នេះមានសារៈសំខាន់យ៉ាងដូចម្តេចដែរ?
លោក ភីថឺ កែវ៖ ពិតណាស់ សារពីថ្នាក់ដឹកនាំតែងតែមានសារៈសំខាន់សំខាន់មួយ ជាពិសេសអំឡុងពេលមានវិបត្តិក្នុងការគ្រប់គ្រងដូចដែលយើងកំពុងជួបប្រទះនាពេលនេះ។
នៅពេលដែលមានវិបត្តិពាក់ព័ន្ធនឹងការគ្រប់គ្រង ពលរដ្ឋតែងតែមានការព្រួយបារម្ភ និងភ័យខ្លាច។ មានការចោទទម្លាក់កំហុសនានា ដែលយើងបានឃើញ។ ហើយហេតុផលនៅពីក្រោយការវាយប្រហារជាច្រើនមកលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី គឺពីព្រោះថា មានការទម្លាក់កំហុសនៃការឆ្លងវីរុសនេះទៅលើពួកគេ។ ដូច្នេះហើយ ទើបការផ្សព្វផ្សាយអប់រំ គឺមានសារៈសំខាន់។ ការណ៍ដែលលោកប្រធានាធិបតី ត្រាំ បានហៅវីរុសកូរ៉ូណាថា ជាវីរុសចិននោះ គឺជារឿងមួយបង្កជាបញ្ហាណាស់ ទោះបីគាត់មិនគិតដូច្នេះក៏ដោយ ពីព្រោះថា នៅពេលដែលគាត់បាននិយាយដូចនេះភ្លាម យើងឃើញមានការកើនឡើងនូវការវាយប្រហារយ៉ាងច្រើន។
ប៉ុន្តែអ្វីដែលល្អ គឺថា គាត់បានត្រឡប់មកនិយាយវិញថា យើងត្រូវជួយមើលពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ជនរួមជាតិទាំងអស់ និងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនៅតំបន់កោះប៉ាស៊ីហ្វិក។ សម្រាប់ខ្ញុំ នេះគឺជាជំហានល្អមួយ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ ជាពិសេសនៅពេលដែលមានការផ្សព្វផ្សាយសារអប់រំមិនស្រុះគ្នានៅក្នុងប្រទេស។ ហើយអភិបាលរដ្ឋមួយចំនួនក៏បានរិះគន់ពីកង្វះសារអប់រំពាក់ព័ន្ធនឹងវិបត្តិសុខភាពនេះផងដែរ។
ដូច្នេះយើងក៏បានឃើញថា នេះជាសញ្ញាដំបូងដែលនាំទៅរកវិបត្តិជាតិសាសន៍នៅក្នុងប្រទេសនេះ។ ហើយអ្វីដែលខ្ញុំអាចបន្ថែមបានគឺថា នៅស្របពេលនេះការសំខាន់ គឺត្រូវមានសារសាមគ្គីជារួមមួយនៅអំឡុងពេលមានវិបត្តិនេះ។ ហើយមិនមែនមានតែម្តងហើយឈប់នោះទេ។ វាគួរតែមានជាបន្តបន្ទាប់។ ខ្ញុំគិតថា ការណ៍នេះនឹងជួយផ្សព្វផ្សាយសារយ៉ាងច្បាស់ទៅកាន់ពលរដ្ឋនៅក្នុងប្រទេស និងថា ការវាយប្រហាមកលើសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី គឺមិនមែនជារឿងទទួលយកបានទេ ហើយវាខុសច្បាប់។
វីអូអេ៖ ឥឡូវនេះ យើងកំពុងអនុវត្តវិធានការឲ្យពលរដ្ឋស្នាក់នៅផ្ទះ ហើយសាលារៀនក៏បានបិទ។ ប៉ុន្តែនៅពេលដែលសាលារៀនបើកទ្វារឡើងវិញនៅពេលខាងមុខ តើសហគមន៍គួរធ្វើយ៉ាងដូចម្តេចដែរ ក្នុងការដោះស្រាយបញ្ហានេះ ដើម្បីកុំឲ្យកើតមាននៅតាមសាលារៀន និងស្ថាប័នអប់រំនានា កន្លែងដែលមានគ្រូបង្រៀន និងសិស្សអាមេរិកាំងដើមកំណើតអាស៊ី?
លោក ភីថឺ កែវ៖ បាទ នេះពិតជាសំណួរសំខាន់មួយ។ ហើយវាជាសំណួរដែលខ្ញុំតែងចោទសួរម្តងហើយម្តងទៀត។
ការវាយប្រហារមកលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនៅក្នុងទំហំនេះ គឺមានចរិតលក្ខណៈប្រកបដោយបញ្ហាមួយសម្រាប់ខ្ញុំ។ ហើយនៅពេលគិតពិចារណាពីសុខមាលភាព និងសុវត្ថិភាពរបស់កុមារ សម្រាប់ខ្ញុំ វាកាន់តែជាបញ្ហាធ្ងន់ធ្ងរថែមទៀត។ ការព្រួយបារម្ភធំបង្អស់របស់ខ្ញុំគឺថា ដោយសារតែសាលារៀនមិនដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតជាបរិស្ថានមួយប្រកបដោយសុវត្ថិភាព និងសុខមាលភាពមួយ សម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី។
វាជាបញ្ហាស្មុគស្មាញ ដែលខ្ញុំមិនចង់និយាយច្រើនទេនៅពេលនេះទេ។ ប៉ុន្តែសាលារៀនមិនដែលត្រូវបានរៀបចំឡើងដើម្បីជួយទំនុកបម្រុងសិស្សអាមេរិកាំងដើមកំណើតអាស៊ីនោះទេ។ សិស្សដើមកំណើតអាស៊ីត្រូវគេមើលរំលង មុនពេលមានការកើតជំងឺកូវីដ១៩ និងនៅពេលកើតជំងឺកូវីដ១៩។ ការព្រួយបារម្ភធំបំផុត គឺថា ទាំងសិស្ស និងគ្រូបង្រៀនអាមេរិកាំងដើមកំណើតអាស៊ី នឹងវិលត្រឡប់ចូលក្នុងប្រព័ន្ធមួយដែលមានការរើសអើងជនអំបូរអាស៊ី។
យើងមិនច្បាស់ថា អ្នកដែលរ៉ាប់រងលើរឿងនេះ នឹងធ្វើការយ៉ាងជិតដិតប៉ុណ្ណានោះទេ។ យើងមិនច្បាស់ថា តើជនអាមេរិកាំងកាត់អាស៊ីទាំងនោះនឹងវិលត្រឡប់ចូលក្នុងប្រព័ន្ធសិក្សាមួយ ដែលនឹងអនុញ្ញាតឲ្យពួកគេមានសុវត្ថិភាព និងសុខមាលភាពនោះទេ។ ហើយចំពោះអ្វីដែលយើងត្រូវធ្វើគឺវាដូចគ្នានឹងអ្វីដែលខ្ញុំបាននិយាយពាក់ព័ន្ធនឹងការដឹកនាំថ្នាក់សហព័ន្ធ ថ្នាក់រដ្ឋ និងថ្នាក់ជាតិ។ ហើយយើងត្រូវការសារច្បាស់លាស់ និងជារួមមួយពីអភិបាលរដ្ឋ ដែលនៅក្នុងរដ្ឋមួយចំនួនបានចាត់តាំងមន្ត្រីគ្រប់គ្រងតាមសង្កាត់ផ្សេង។ ហើយសង្កាត់ផ្សេងៗនឹងគ្រប់គ្រងលើថ្នាក់ដឹកនាំតាមសាលារៀនបន្ត។
យើងត្រូវការសារជារួមមួយ ដើម្បីបង្ហាញថា ការប្រព្រឹត្តដូចនេះទៅលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី គឺមិនអាចទទួលយកបាន។ ទីពីរ ប្រសិនបើមានហេតុការណ៍ដូចនេះកើតឡើង យើងនឹងចាត់វិធានការតឹងរ៉ឹង។ សម្រាប់ខ្ញុំ នេះនឹងជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ ហើយបន្ទាប់មក មានកត្តាផ្សេងទៀត ដែលពលរដ្ឋអាចធ្វើបាននៅតាមសាលារៀន ដើម្បីដោះស្រាយបញ្ហានេះ ពាក់ព័ន្ធនឹងការអប់រំអំពីការលម្អៀងផ្នែកជាតិសាសន៍ និងការផ្តល់ឲ្យថ្នាក់ដឹកនាំនិងគ្រូបង្រៀន នូវធនធានផ្សេងៗដែលពួកគេត្រូវការដើម្បីដោះស្រាយបញ្ហានេះ ប្រសិនវាកើតមាននៅតាមសាលារៀន។ នេះជាអ្វីដែលពលរដ្ឋអាចធ្វើបាន ប៉ុន្តែការផ្សព្វផ្សាយសារអប់រំ គឺពិតជាសំខាន់ណាស់៕