ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ការ​ស្វែងរក​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​មាន​ជា​ថ្មី​ឡើង​វិញ


ឱសថការី​ម្នាក់​បើក​កញ្ចប់​វ៉ាក់សាំង​ដែល​មាន​សក្តានុពល​សម្រាប់​ជំងឺ​កូវីដ១៩ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព Kaiser Permanente Washington នៅ​ក្នុង​ក្រុង Seattle រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
ឱសថការី​ម្នាក់​បើក​កញ្ចប់​វ៉ាក់សាំង​ដែល​មាន​សក្តានុពល​សម្រាប់​ជំងឺ​កូវីដ១៩ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព Kaiser Permanente Washington នៅ​ក្នុង​ក្រុង Seattle រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

កាល​ពី​សប្តាហ៍​ទី​១ នៃ​ខែមេសា​កន្លង​ទៅ​នេះ មាន​ការបញ្ជាក់​ថា ពិភពលោក​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ លើស​ពី​ចំនួន ១ លាន​ករណី​ហើយ។ ដោយ​អាច​មាន​មនុស្ស​រាប់​លាន​នាក់​ទៀត​នឹង​ឆ្លង​ជំងឺ​នេះ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ អ្នកវិទ្យាសាស្ត្រ​ប្តេជ្ញា​ផលិត​វ៉ាក់សាំង។

មាន​អ្វីៗ​ជាច្រើន​ដែល​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩។ ពួកគេ​មិន​ដឹង​ទាំង​ស្រុង​ថា តើ​ការរីករាលដាល​កើត​ឡើង​យ៉ាង​ដូចម្តេច​ទេ។ ដោយ​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា មាន​ការព្យាបាល ឬវ៉ាក់សាំង​នោះ អនាម័យ​ល្អ និង​ការ​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា គឺ​ជា​វិធីសាស្ត្រ​បង្ការ​ដែល​ត្រូវបាន​ទទួល​ស្គាល់​ថា អាច​ការពារ​មនុស្ស​មិន​ឲ្យ​ឆ្លង​ជំងឺ​នេះ​បាន។

លោក​វេជ្ជបណ្ឌិត Peter Hotez នៃ​មហា​វិទ្យាល័យ​ឱសថសាស្ត្រ Baylor College បាន​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​ក្នុង​ឆ្នាំ ២០០៣ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ SARS ក៏​ប៉ុន្តែ​ក្រោយ​មក មូលនិធិ​សម្រាប់​ការស្រាវជ្រាវ​នោះ ក៏​លែង​មាន។ លោក Hotez រំពឹង​ថា វីរុស​កូរ៉ូណា​នឹង​វិវត្ត ហើយ​រីករាលដាល​ទៀត។ វីរុស​កូរ៉ូណា​ថ្មី​ទាំងនោះ​ខ្លះ អាច​នឹង​មិន​សាហាវ ដូច​វីរុស​កូវីដ១៩ តែ​ខ្លះ​ទៀត​អាច​នឹង​សាហាវ​ជាង​វីរុស​កូវីដ១៩ ទៅ​ទៀត។

លោក​វេជ្ជបណ្ឌិត Peter Hotez បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ទាំង​នេះ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ថ្មី​មួយ ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​ករណី​ជំងឺ SARS កាល​ពី​ឆ្នាំ ២០០៣ ជំងឺ MERS កាល​ពី​ឆ្នាំ ២០១២ ហើយ​ឥឡូវនេះ ជំងឺ​កូវីដ​១៩ នេះ​ជា​ដើម។ ដូច្នេះ​យើង​អាច​រំពឹង​ថា នឹង​មាន​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ធ្ងន់ធ្ងរ​ថ្មី នៅ​រៀងរាល់​១០ ឆ្នាំ​ម្ដង»។

ដោយសារតែ​ហេតុផល​ដូច​ដែល​លោក​វេជ្ជបណ្ឌិត Peter Hotez បាន​រៀបរាប់​ខាងលើ​នេះ វា​រឹតតែ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​វ៉ាក់សាំង សូម្បីតែ​ក្រោយពី​ជំងឺ​កូវីដ១៩ នេះ​បាន​ថយចុះ ហើយ​ជីវភាព​ប្រចាំថ្ងៃ បាន​វិល​ទៅ​រក​ភាពធម្មតា​វិញ​ក៏​ដោយ។ លោក​វេជ្ជបណ្ឌិត Peter Hotez បាន​ថ្លែង​ក្នុង​សម្តី​ដើម​ទៀត​ថា៖

«យើង​កំពុង​បង្កើត​វ៉ាក់សាំង​ក្នុង​គោលបំណង​ដើម្បី​សុខភាព​របស់​ពលរដ្ឋ​នៅ​ទូទាំង​សកលលោក។ យើង​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ណាស់​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​វីរុស​នេះ​ឆ្លង​ទៅ​ដល់​តំបន់​ក្រីក្រ​តោក​យ៉ាក​នៅ​ទីក្រុង Mumbai និង Kolkata ដែល​មាន​មនុស្ស​យ៉ាង​កកកុញ ហើយ​បន្ទាប់មក​ឆ្លង​ដល់​ទីក្រុង​ញូវដេលី តើ​ពួកគេ នឹង​អនុវត្ត​ការរក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​បាន​ដោយ​របៀប​ណា? ពួកគេ​មិន​អាច​ធ្វើ​បាន​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​វ៉ាក់សាំង​នឹង​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​ប្រទេស​នានា ដូចជា​ប្រទេស​ឥណ្ឌា​ជា​ដើម ហើយ​នោះ​បាន​ក្លាយជា​អាទិភាព​ចម្បង​របស់​យើង​ក្នុង​ពេល​ឥឡូវ​នេះ»។

លោក Peter Hotez គឺជា​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ក្នុង​ចំណោម​អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន ដែល​ធ្វើការ​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដោយ​ផ្តោត​ទៅលើ​ការ​ព្យាបាល​អ្នកជំងឺ និង​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​បុគ្គលិក​ពេទ្យ។ លោក​ដឹង​ថា ទឹកស្អាត មិន​មាន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​នេះ​ទេ ហើយ​លោក​ដឹង​ថា វា​អាច​ទៅ​រួច​ដែល​ថា​ជំងឺ​កូវីដ​១៩ អាច​នឹង​ត្រឡប់​មក​វិញ​ជា​ថ្មី​ម្តង​ទៀត ហើយ​ពិភពលោក​ទំនងជា​នឹង​មាន​វីរុស​កូរ៉ូណា​ថ្មី​កើត​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ​បន្ត​ទៀត៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG