មហាក្រុមហ៊ុនផលិតឱសថស.រ.អា. Johnson & Johnson បាននិយាយកាលពីថ្ងៃចន្ទទី៣០ខែមីនាថា ខ្លួនបានប្តេជ្ញាផ្តល់ប្រាក់ចំនួន១ពាន់លានដុល្លារដើម្បីផលិតនិងធ្វើតេស្តថ្នាំវ៉ាក់សាំងរួមគ្នាជាមួយក្រសួងសុខាភិបាលនិងសេវាមនុស្សស.រ.អា.។ ក្រុមហ៊ុននេះបាននិយាយថា ប្រសិនបើការសាកល្បងប្រើថ្នាំវ៉ាក់សាំងនេះជាមួយមនុស្សបានជោគជ័យ ក្រុមហ៊ុនប្រុងប្រៀបនឹងផលិតថ្នាំវ៉ាក់សាំងនេះចំនួនជាង១ពាន់លានដូស។
មហាក្រុមហ៊ុនផលិតឱសថស.រ.អា.Johnson & Johnson បាននិយាយថា ខ្លួនរំពឹងថា ថ្នាំវ៉ាក់សាំងនេះដែលផលិតដំបូងៗនឹងមានសម្រាប់ការប្រើប្រាស់គ្រាមានអាសន្នមិនហួសពីដើមឆ្នាំ២០២១ទេ។
លោក Alex Gorsky ប្រធានប្រតិបត្តិនៃក្រុមហ៊ុននេះ បាននិយាយប្រាប់កម្មវិធី«Today»នៃបណ្តាញទូរទស្សន៍ស.រ.អា. NBC ថា ការសង្កេតដំបូងៗនៃការស្រាវជ្រាវបង្ហាញថា ថ្នាំវ៉ាក់សាំងដែលធ្វើពិសោធន៍នេះទំនងជាមានប្រសិទ្ធភាព។
លោក Gorsky បានមានប្រសាសន៍ថា៖
«យើងមានអ្នកត្រូវសាកល្បងម្នាក់ ហើយទំនងណាស់ថា នឹងមានជោគជ័យប្រឆាំងនឹងវីរុសCOVID-19»។
លោកបាននិយាយបន្ថែមថា៖
«យើងមានសមត្ថភាពបង្កើនការផលិតថ្នាំវ៉ាក់សាំងនេះនៅក្នុងរយៈពេលខ្លីដើម្បីប្រើប្រាស់»។
លោក Gorsky បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកគ្រោងនឹងបង្កើនការផលិតថ្នាំវ៉ាក់សាំងនេះក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះដោយមានគោលដៅធ្វើឱ្យមានរាប់រយលានដូសនៅពាក់កណ្តាលឆ្នាំក្រោយនិងធ្វើឱ្យមាន១ពាន់លានដូសមិនហួសពីដំណាច់ឆ្នាំ២០២១ទេ។
មហាក្រុមហ៊ុនផលិតឱសថស.រ.អា. Johnson & Johnson បាននិយាយថា ខ្លួនផលិតថ្នាំវ៉ាក់សាំងនេះមិនមែនដើម្បីរក«ប្រាក់ចំណេញ» ក៏ប៉ុន្តែក្រុមហ៊ុនមិនបានស្ទង់ប្រមាណថា តើអ្នកប្រើថ្នាំនេះនឹងត្រូវចំណាយប៉ុន្មានទេ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានឡើងថ្លៃនៅពេលធ្វើពាណិជ្ជកម្មកាលពីថ្ងៃចន្ទទី៣០ ខែមីនា។
ក្រុមហ៊ុនផលិតឱសថអាមេរិកាំងមួយទៀតគឺក្រុមហ៊ុន Moderna Therapeutics នៃក្រុង Cambridge ដែលធ្វើជាដៃគូជាមួយវិទ្យាស្ថានជាតិសុខាភិបាលស.រ.អា.ក៏បានចាប់ផ្តើមធ្វើការពិសោធន៍ថ្នាំវ៉ាក់សាំងប្រឆាំងនឹងមេរោគកូត៉ូណាជាមួយមនុស្សនៃផងដែរ។
ក្រសួងសុខាភិបាលនិងសេវាមនុស្សស.រ.អា.បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី៣០ ខែមីនាថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna ក្នុងការពន្លឿនការធ្វើថ្នាំវ៉ាក់សាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនេះបាននិយាយថា ខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនទាំងពីរនេះនិងផ្នែករដ្ឋបាលខាងម្ហូបអាហារនិងឱសថស.រ.អា.«ដើម្បីធ្វើឱ្យងាយស្រួលដល់ដំណើរការផលិតនិងធ្វើបទបញ្ញត្តិសម្រាប់វ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់ប្រើប្រាស់ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន»។
ថ្នាំវ៉ាក់សាំងមានសក្តានុពលទាំងអស់ត្រូវតែឆ្លងកាត់ដំណាក់កាលនៃការធ្វើ តេស្តមួយចំនួនដើម្បីបង្ហាញថា វាប្រើការបាន ហើយមានសុវត្ថិភាពផងដែរ។ ពួកអ្នកវិទ្យាសាស្ត្រមានការប្រុងប្រយ័ត្នក្នុងការតាមឃ្លាំមើលមនុស្សដែលត្រូវធ្វើតេស្តទាំងអស់ដើម្បីឱ្យដឹងថា តើថ្នាំវ៉ាក់សាំងពិសោធន៍នេះនាំឱ្យមានប្រតិកម្មតបនឹងមេរោគកូរ៉ូណាឬទេ។ពួកគេក៏ពិនិត្យមើលពួកអ្នកជំងឺដែរអំពីលទ្ធភាពនៃការមានផលវិបាកដោយសារឱសថនេះ។
ពួកអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោក ដោយរួមបញ្ចូលទាំងនៅក្នុងប្រទេសចិនផងដែរ ដែលការរាតត្បាតនៃមេរោគនេះបានចាប់ផ្តើម ក៏កំពុងធ្វើការដើម្បីបង្កើតថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដែរ៕
ប្រែសម្រួលដោយពិន ស៊ីសុណ្ណ