ក្រុមមន្ត្រីសុខាភិបាលអាមេរិកនិយាយថាការសាកល្បងលើមនុស្សដំបូងបានចាប់ផ្តើមធ្វើតេស្ត ពិសោធន៍វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាហើយ ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រប្រជែងគ្នាដើម្បី រកវិធីព្យាបាលផ្សេងៗសម្រាប់ការរាតត្បាតនេះ។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវ Kaiser Permanente ក្នុងរដ្ឋ វ៉ាស៊ីតោន នៅក្នុងទីក្រុង សៀអាថុល (Seattle) រដ្ឋវ៉ាស៊ីនតោន បានចាក់ថ្នាំដំបូងកាលពីថ្ងៃចន្ទដល់មនុស្សមួយក្រុមតូចដែលមានសុខភាពល្អ។ វិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិក (NIH) បាននិយាយថា ការសាកល្បងនេះ បានធ្វើចំពោះមនុស្សពេញវ័យ ហើយនឹងស្ម័គ្រចិត្តចំនួន ៤៥នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៥៥ឆ្នាំ ដែលតម្រូវឲ្យចាក់ វ៉ាក់សាំងពិសោធន៍នេះរយៈពេល៦សប្តាហ៍។ អ្នកទទួលការធ្វើតេស្តម្នាក់គឺនាង Jennifer Haller អាយុ ៤៣ ឆ្នាំ មកពីទីក្រុង សៀអាថុល បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន អេភី ថា៖ «នេះគឺជាឱកាស អស្ចារ្យមួយសម្រាប់ខ្ញុំដែលបានធ្វើតេស្តសាកល្បងនេះ។ នាងនិយាយថា កូនៗរបស់នាងគិតថា វាជាការប្រពៃ ដែលនាងអាចចូលរួមក្នុងការសាកល្បងនេះ»។
វ៉ាក់សាំងនេះត្រូវបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពី វិទ្យាស្ថានសុខាភិបាលជាតិ សហរដ្ឋ អាមេរិក (NIH) និងក្រុមហ៊ុនបច្ចេកវិទ្យាខាងជីវៈសាស្ត្រ ហៅថា Moderna ដែលមានមូលដ្ឋាននៅក្រុង Cambridge រដ្ឋ Massachusetts។
ការសិក្សាស្រាវជ្រាវនេះគឺស្ថិតក្នុងចំណោមការធ្វើពិសោធន៍វ៉ាក់សាំងជាច្រើន ដែលនឹងកើតឡើង ក្នុងពិភពលោក នៅខែខាងមុខដើម្បីរកវិធីការពារមនុស្សប្រឆាំងនឹងវីរុសកូវីដ១៩។ ទោះជារកឃើញវ៉ាក់សាំងមួយ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វាត្រូវការពេលវេលាចាប់ពី១២ ទៅដល់ ១៨ ខែដើម្បីឆ្លងកាត់ការពិសោធន៍សាកល្បងជាច្រើនដំណាក់កាលដើម្បីបញ្ជាក់ថាវាមានប្រសិទ្ធភាពនិង សុវត្ថិភាព៕