ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្រ្តាលី​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ទៅ​លើ​សត្វ


មនុស្សម្នា​ដើរ​កាត់​ស្លាកសញ្ញា​ដែល​សរសេរ​ថា «ឆ្នេរ​ខ្សាច់​ត្រូវ​បាន​បិទ» នៅ​ឆ្នេរ Bondi នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
មនុស្សម្នា​ដើរ​កាត់​ស្លាកសញ្ញា​ដែល​សរសេរ​ថា «ឆ្នេរ​ខ្សាច់​ត្រូវ​បាន​បិទ» នៅ​ឆ្នេរ Bondi នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ​១៩​ទំាង​ពីរ​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​សាកលវិទ្យាល័យ Oxford នៅ​ចក្រភព​អង់គ្លេស និង​នៅ​សហរដ្ឋ​អាមេរិក​វិញ ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ Inovio Pharmaceuticals។

ក្រុមអ្នកស្រាវជ្រាវ​របស់​រដ្ឋាភិបាល​នៅ​ប្រទេស​អូស្ត្រាលី បាន​ចាប់ផ្តើម​ធ្វើតេស្ត​ទៅ​លើ​សត្វ​នូវ​អ្វី​ដែល​អាច​ក្លាយ​ជាវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ពីរ​ប្រភេទ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមអ្នកជំនាញ​បាន​ព្រមាន​ថា បើទោះបីជា​វ៉ាក់សាំង​សាកល្បង​នេះជោគជ័យ​ក៏ដោយ ក៏​ការផលិត​នឹង​មិន​ទំនង​ជា​បាន​វ៉ាក់សាំង​ច្រើន​ទេ រហូត​ទាល់តែ​ដល់​ឆ្នាំ​ក្រោយ។

វ៉ាក់សាំងការពារ​ជំងឺ​កូវីដ​១៩​ទំាង​ពីរ​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​សាកលវិទ្យាល័យ Oxford នៅ​ចក្រភព​អង់គ្លេស និង​នៅ​សហរដ្ឋ​អាមេរិក​វិញ ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ Inovio Pharmaceuticals។

អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​ថា វ៉ាក់សាំង​ទាំងនោះ អាច​ត្រូវ​បាន​ធ្វើតេស្ត​ទៅ​លើ​សត្វ ដែល​នោះ​ជា​ជំហាន​ចាំបាច់​មួយ​ក្នុង​ការស្វែងរក​វិធី​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩។

ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​របស់​អូស្រ្តាលី កំពុង​វាយតម្លៃ​ថា តើ​ការព្យាបាល​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ ហើយ​ថា តើ​វ៉ាក់សាំង​ទាំងនោះ នឹង​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ដែរ​ឬ​ទេ។

វ៉ាក់សាំង​ដែល​មាន​សក្តានុពល​ទាំងពីរ​ប្រភេទ​នោះ កំពុង​ត្រូវ​បាន​គេ​ធ្វើតេស្ត​ទៅ​លើ​សត្វ​សំពោច​ស្បូវ ដែល​សត្វ​នេះ ឆ្លង​វីរុស​កូរ៉ូណា តាម​របៀប​ដូច​មនុស្ស​ឆ្លង​វីរុស​នេះ​ដែរ។

អ្នកស្រី Jane Halton ដែល​ជា​នាយិកា​នៃ​សម្ព័ន្ធភាព​របស់​ប្រទេស​អូស្ត្រាលី​សម្រាប់​ការ​ច្នៃ​ប្រឌិត​ការ​ត្រៀម​បង្ការ​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត ឬ ហៅ​កាត់​ថា CEPI ថ្លែង​ថា ការពិសោធន៍ គឺ​ជា​របក​គំហើញ​ថ្មី​ដ៏​សំខាន់​មួយ។ អ្នកស្រី​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការ​ពិសោធន៍​ទាំងនោះ មាន​សារៈសំខាន់​ណាស់។ ខ្ញុំ​ចង់​និយាយ​ថា យើង​ប្រើ បច្ចេកវិទ្យា​ឈាន​មុខគេ ក្នុង​ការធ្វើ​តេស្ត​នេះ ហើយ​នេះ​ជា​លើក​ទីមួយ​ហើយ​នៅក្នុង​ពិភពលោក ដែល​យើង​បាន​ធ្វើតេស្ត​គំរូ​ទៅ​លើ​សត្វ​ទាំង​នេះ ដើម្បី​ពិនិត្យ​មើល​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នោះ ដែល​សម្ព័ន្ធភាព CEPI បាន​ផ្តល់​ថវិកា​ឧបត្ថម្ភ»។

ការសាកល្បង​ធ្វើ​តេស្ត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ របស់​ប្រទេស​អូស្រ្តាលី​នេះ គឺ​ជា​ការធ្វើ​តេស្ត​លើក​ដំបូង​ទៅ​លើ​សត្វ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ព្រឹត្តិការណ៍​សំខាន់​ខ្លាំង​ណាស់។

មាន​ការជំរុញ​ជា​សកល​ដើម្បី​ស្វែងរក​វិធី​ព្យាបាល​ជំងឺ​កូវីដ​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​គ្រាដែល​ជំងឺ​នេះ បន្ត​ឆក់​យក​ជីវិត​មនុស្ស​នៅក្នុង​ប្រទេស​ជាច្រើន។

កិច្ចសហការ​អន្តរជាតិ​មាន​កម្រិត​ខ្ពស់ ហើយ​ការស្រាវជ្រាវ​នៅតែ​បន្ត​ក្នុង​ល្បឿន​យ៉ាងលឿន។ យ៉ាងហោចណាស់ មាន​វ៉ាក់សាំង​ចំនួន ២០ ប្រភេទ​ កំពុងត្រូវ​បាន​ផលិត​ឡើង​នៅ​ទូទាំង​ពិភពលោក។

ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​បាន​និយាយ​ថា ជា​ធម្មតា​ពួកគេ ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​ពីរ​ឆ្នាំ ដើម្បី​ឈាន​ដល់​ចំណុច​នៃ​ការធ្វើតេស្ត​ទៅ​លើ​សត្វ។ លើក​នេះ ពួកគេ បាន​ចំណាយ​ពេល​តែ​ពីរ​ខែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​អ្នកជំនាញ​ជឿ​ថា ទោះបីជា​មាន​ការជឿនលឿនក៏ដោយ ក៏​ទម្រាំ​តែ​មាន​វ៉ាក់សាំង​មួយ ប្រហែល​ជា​នឹង​នៅ​ឆ្នាំ ២០២១ ឯណោះ ដោយសារតែ​ពួកគេ​ត្រូវ​ចំណាយ​ពេល​វេលា ដើម្បី​ឲ្យ​ការព្យាបាល​ថ្មី​នេះ ត្រូវ​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG