កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ចិននឹងពង្រីកកម្មវិធីសាកល្បងផ្នែករូបិយបណ្ណឌីជីថលដំបូងរបស់ខ្លួន ដែលនឹងមានរួមបញ្ចូលទីក្រុងធំៗទាំងអស់។
មកទល់នឹងពេលនេះ កម្មវិធីសាកល្បងដែលដឹកនាំដោយធនាគារជាតិចិន កំពុងតែដំណើរការនៅទីក្រុងចំនួនបួន និងទីតាំងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅក្រុងប៉េកាំង។ នៅក្នុងការប្រកាសកាលពីថ្ងៃសុក្រ គម្រោងផ្តួចផ្តើមដំបូងដែលនឹងដាក់ដំណើរការប្រព័ន្ធបង់ថ្លៃអេឡិចត្រូនិកនឹងគ្របដណ្តប់នៅក្នុងខេត្តក្រុងចំនួន ២៨ នៅប្រទេសចិន ដែលរួមមាន ក្រុងប៉េកាំង និងក្រុងសៀងហៃ ក៏ដូចជា ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ដែលស្ថិតនៅក្បែរនោះផងដែរ។
ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា គម្រោងនេះ «នឹងដាក់ដំណើរការកម្មវិធីសាកល្បងរូបិយបណ្ណឌីជីថល RMB នៅតំបន់ក្រុងប៉េកាំង ក្រុង Tianjin និងក្រុង Hebei តំបន់ដីសណ្ដទន្លេយ៉ាងសេ តំបន់ Greater Bay រវាងខេត្ត Guangdong ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ហើយនិងតំបន់សាកល្បងមួយចំនួនទៀតនៅភាគកណ្តាល និងភាគខាងលិច អាស្រ័យតាមលក្ខខណ្ឌដែលអាចធ្វើបាន»។
ប្រទេសចិន ក៏ដូចជាប្រទេសដទៃទៀតនៅលើពិភពលោកដែរ ពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធបង់ប្រាក់ជាដុល្លារ នៅពេលធ្វើកិច្ចព្រមព្រៀងលក្ខណៈអន្តរជាតិ ដែលការណ៍នេះធ្វើឲ្យចិនងាយរងនូវការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ រដ្ឋាភិបាលចិនកំពុងតែធ្វើការស្រាវជ្រាវ និងបង្កើតរូបិយបណ្ណឌីជីថលចាប់តាំងពីឆ្នាំ ២០១៤ មក ដើម្បីជាផ្នែកមួយនៃមធ្យោបាយងាកចេញពីលុយដុល្លារអាមេរិក និងរំលងផុតពីប្រព័ន្ធរូបិយបណ្ណអន្តរជាតិ ដែលស្របនឹងច្បាប់របស់សហរដ្ឋអាមេរិក។
ហានិភ័យដែលថា ធនាគារចិនអាចរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក កំពុងតែជិតនឹងកើតឡើងជាក់ស្ដែង បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មទៅលើមន្រ្តីចិនដីគោក និងមន្រ្តីក្រុងហុងកុងចំនួន ១១នាក់ ពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេនៅក្នុងការគាបសង្កត់សេរីភាពនៅទីក្រុងហុងកុង។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋលោក Pat Toomey ដែលជាអ្នកផ្ដួចផ្ដើមគំនិតម្នាក់នៅក្នុងការរៀបរៀងច្បាប់ដាក់ទណ្ឌកម្មទៅលើមន្រ្តីចិនចំពោះការរំលោភបំពានឯករាជ្យភាពរបស់ទីក្រុងហុងកុង បាននិយាយកាលពីខែឧសភាថា៖ «សេដ្ឋកិច្ចចិននៅថ្ងៃអនាគតនឹងត្រូវតែពឹងផ្អែកលើការទិញដូរដោយប្រើប្រាក់ដុល្លារអាមេរិក»។
កាលពីប៉ុន្មានខែថ្មីៗនេះ ក្រុមមន្រ្តី និងអ្នកសេដ្ឋកិច្ចចិនបាននិយាយច្រើនពីលទ្ធភាពដែលរដ្ឋបាលលោកប្រធានាធិបតី ត្រាំ នឹងជ្រើសយកជម្រើសដែលគេហៅថា «ជម្រើសនុយក្លេអ៊ែរ» និងកាត់ផ្តាច់ប្រទេសចិនពីប្រព័ន្ធបង់ប្រាក់ជាដុល្លារ។ លោក Fang Xinghai អនុប្រធានគណៈកម្មការនិយ័តកម្មសន្ដិសុខចិន បាននិយាយថា ចិនត្រូវ តែត្រៀមខ្លួន«មែនទែន មិនមែនត្រៀមតែផ្នែកចិត្តសាស្រ្តប៉ុណ្ណោះទេ»។ លោក Fang បានលើកឡើងដូចនេះនៅក្នុងវេទិកាមួយ ដែលរៀបចំឡើងដោយបណ្តាញផ្សព្វផ្សាយ Caixin របស់ចិន។
លោក Yu Yongding អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាលាបណ្ឌិតវិទ្យាសាស្រ្តសង្គមចិន ដែលជាវិទ្យាស្ថានសិក្សាគោលនយោបាយមួយរបស់រដ្ឋាភិបាលចិន បាននិយាយថា សេណារីយ៉ូមួយគឺថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មមកលើធនាគារចិន ដូចដែលខ្លួនបានធ្វើកាលពីឆ្នាំ ២០១២ ទៅលើធនាគារចិន Kunlun ដែលផ្តល់ប្រាក់កម្ចីក្នុងតំបន់សម្រាប់កិច្ចព្រមព្រៀងផ្នែកហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់អីចឹងដែរ។
លោក Yu បាននិយាយថា សហរដ្ឋអាមេរិកប្រហែលជាមិនអាចឈានដល់ចំណុចមួយ ដែលខ្លួនចង់ដកចិនចេញពីប្រព័ន្ធ SWIFT នោះទេ។ SWIFT គឺជាប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយ ដែលផ្ដល់ជាបណ្តាញមួយ សម្រាប់ឲ្យធនាគារនានានៅលើពិភពលោក បញ្ជូន និងទទួលព័ត៌មានអំពីការផ្ទេរប្រាក់។
លោក Yu ក៏បានលើកឡើងនៅក្នុងកម្មវិធីមួយរៀបចំដោយបណ្តាញផ្សព្វផ្សាយរបស់រដ្ឋនៅក្នុងប្រទេសចិនថា៖ «ប៉ុន្តែចិនត្រូវចាត់វិធានការ និងត្រៀមខ្លួនជាមុនដើម្បីការពារពីហានិភ័យនានា»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះកាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនមានគោលដៅ «សម្របទៅតាមការផ្លាស់ប្តូរដ៏ខ្លាំងក្លា និងស្មុគស្មាញនៅក្នុងបរិបទក្នុងស្រុក និងអន្តរជាតិ» និង «រក្សាជំហរផ្ទាល់ខ្លូន ក៏ដូចជាទប់ស្កាត់ និងគ្រប់គ្រងហានិភ័យផ្សេងៗផងដែរ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា